អង្កគារយូណេស្កូ (UNESCO) និងស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា បានប្រជុំប្រឹក្សាយោបល់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកចំនួន៣៣ស្ថាប័ន ដើម្បីចង្អុលបង្ហាញក្នុងការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា ក្នុងគោលបំណងដើម្បីការពារ និងលើកកម្ពស់វិជ្ជជីវៈអ្នកសារព័ត៌មាន ព្រមទាំងដោះស្រាយរាល់បញ្ហាទាំងឡាយដែលពាក់នឹងស្ថាប័នអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈការថ្លែងនៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ការពិភាក្សាបង្កើតក្រុមប្រឹក្សាសារព័ត៌មាននេះឡើង គឺដើរស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រដ្ឋាភិបាល ដែលផ្តោតលើការពង្រឹងសិទ្ធិទទួលបានព័ត៌មាន និងការការពារសិទ្ធិរបស់អ្នកសារព័ត៌មាន។ លោកបន្តថា ក្រុមប្រឹក្សាសារព័ត៌មាននេះ ក៏ជាកន្លែងកសាងសមត្ថភាពអ្នកសារព័ត៌មាន ឱ្យក្លាយជាអ្នករាយការណ៍ព័ត៌មានអាជីព និងមានវិជ្ជាជីវៈត្រឹមត្រូវ។
ដោយឡែកលោកក៏បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគ្រប់រូប ត្រូវប្រុងប្រយ័ត្នចំពោះការចុះផ្សាយអត្ថបទសារព័ត៌មានផ្សេងៗរបស់ខ្លួន ត្រូវធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់ ចំពោះមូលដ្ឋាននៃទិន្នន័យ សុចរិតភាពនៃសាច់រឿង និងត្រូវមានកាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មុននឹងចុះទៅយកព័ត៌មាន ជាពិសេសបញ្ចៀសឱ្យបាននៃការសូកប៉ាន់ពីប្រភពអ្នកផ្តល់ព័ត៌មាន។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ថា គំនិតមួយដ៏ល្អ ដើម្បីធ្វើអ្វីមួយប្រកបដោយប្រសិទ្ធភាព វាទាមទារឱ្យអ្នកសារព័ត៌មានខ្លួនឯង ត្រូវប្រកបដោយវិជ្ជាជីវៈ និងមានភាពប្រាកដប្រជាក្នុងអាជីពរបស់ខ្លួន។ នឹងត្រូវមានស្ថាប័ន ដែលទទួលស្គាល់ដោយច្បាប់ ហើយមុននឹងចុះទៅយកព័ត៌មាន អ្នកសារព័ត៌មានត្រូវមានកាតសម្គាល់ខ្លួន»។
យ៉ាងណាមិញ លោករំពឹងទុកថា កិច្ចពិភាក្សា ដែលមានការចូលរួមពីសមាសភាពអ្នកសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក និងតំណាងក្រសួងសារព័ត៌មានផងនោះ នឹងជំរុញឱ្យក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា អាចបង្កើតរូបរាងឆាប់ៗខាងមុននេះ។ តែយ៉ាងណាលោកថា វាអាស្រ័យលើអ្នកសារព័ត៌មានខ្លួនឯងមានឆន្ទៈ និងរួបរួមគ្នាកម្រិតណា ព្រោះអង្គការយូណេស្កូ ជាភាគីផ្តល់ការគាំទ្រ និងធាតុចូលផ្សេងៗផងដែរ។
លោកបានបន្ថែមថា៖ «ក្រុមប្រឹក្សាសារព័ត៌មាន និងច្បាប់ព័ត៌មានមួយល្អ នៅក្នុងប្រទេសកម្ពុជា គឺទាមទារឱ្យមានកភាពឯករាជ្យ»។
ស្របជាមួយគ្នានេះ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សា និងប្រធានស្ថានទូតស៊ុយអែត ការិយាល័យប្រចាំប្រទេសកម្ពុជា បានផ្តល់ការរំពឹងទុកថា កិច្ចពិភាក្សានេះ នឹងជំរុញឱ្យវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរឡើង នៅពេលណាពួកគេមានស្ថាប័នមួយ ចាំជួយបណ្តុះបណ្តាល ប្រឹក្សាយោបល់ តាមដាន និងវាយតម្លៃ និងផ្តល់ការការពារ ក្នុងការអនុវត្តអាជីពរបស់ខ្លួន។
ទន្ទឹងនឹងនេះ លោកស្រីក៏បានប្រៀបធៀបវិស័យសារព័ត៌មាននៃប្រទេសស៊ុយអែត និងប្រទេសកម្ពុជាផងដែរ ដែលវត្តមានក្រុមប្រឹក្សាសារព័ត៌មាននៃប្រទេសស៊ុយអែត បានជួយដោះស្រាយ និងរកយុត្តិធម៌ជូនអ្នកសារព័ត៌មាន និងជនរងគ្រោះ ដោយអ្នកសារព័ត៌មាន។ ហើយជាបន្តបន្ទាប់ទៅមុខទៀតប្រទេសស៊ុយអែត និងអង្គការ UNESCO នៅតែសហការគ្នា ដើម្បីលើកកម្ពស់វិស័យសារព័ត៌មានក្នុងប្រទេសកម្ពុជា។
លោកស្រីថ្លែងថា៖ «កម្មវិធីនេះផ្តល់ឱកាសប្រកបដោយវិជ្ជជីវៈ ដើម្បីពិភាក្សាគ្នា ដើម្បីរកផ្លូវណាល្អប្រសើរ ដើម្បីជំរុញឱ្យបរិយាកាសសារព័ត៌មានកម្ពុជាកាន់ល្អប្រសើរ។ វគ្គបណ្តុះបណ្តាលផ្សេងៗ ជាពិសេសអ្នកសារព័ត៌មានខ្មែរជាច្រើន បានឆ្លងកាត់ក្នុងការបណ្តុះបណ្តាលដោយស៊ុយអ៊ែត និងUNESCO»។
ដោយឡែក លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏ទទួលស្គាល់ថា ការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដែលផ្តោតទៅលើការលើកកម្ពស់ក្រមសីលធម៌អ្នកសារព័ត៌មានឱ្យបានល្អប្រសើរ និងបង្កើនគុណភាពនៃការផលិតព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ។ ដែលនេះអាចផ្តល់ទាំងចំណេះដឹងដល់ប្រជាពលរដ្ឋ និងជាបច្ច័យវិជ្ជមានចូលរួមចំណែកដល់ការថែរក្សាសុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។
លោកបន្តថា៖ «ក្រុមប្រឹក្សាសារព័ត៌មាននេះ នឹងអាចមានតួនាទីចូលរួមក្នុងការដោះស្រាយ នៅរាល់បញ្ហា និងការប្រឈមនានា ដែលអ្នកសារព័ត៌មានយើងនឹងជួបប្រទះនៅពេលដែលបំពេញភារកិច្ចរបស់ខ្លួន។ ដូច្នេះខ្ញុំគិតថាវាកត្តាល្អ ដែលចូលរួមចំណែក ក្នុងកិច្ចខិតខំរបស់រដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ទដទៃទៀត នៅក្នុងវិស័យសារព័ត៌មាន»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាសារព័ត៌មាននេះ គឺជារឿងសំខាន់ណាស់ ដែលជាកន្លែងអាចបង្កើនគុណតម្លៃនៃអ្នកសារព័ត៌មានក្នុងស្រុក តាមរយៈការពង្រឹងគោលការ និងក្រមសីលធម៌រួម ដើម្បីអនុវត្តទាំងអស់គ្នា ទាំងស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន។
លោកបន្តថា៖ «យើងគិតថាក្រុមប្រឹក្សាហ្នឹង គឺជាស្ថាប័នមួយដែលឯករាជ្យ ដែលមានសមត្ថភាព ហើយមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការងារទាំងអស់ហ្នឹង។ ដើម្បីជំរុញឱ្យមានការអនុវត្ត ប្រកបដោយសេរី ប្រកបដោយត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន»។
ជាមួយគ្នានេះ ដើម្បីឱ្យក្រុមប្រឹក្សាសារព័ត៌មាននេះ មានភាពឯករាជ្យ និងបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ លោក ណុប វី បន្ថែមថា លុះត្រាតែមានសមាសភាពពីអ្នកសារព័ត៌មានដែលមានបទពិសោធន៍ច្រើន ឬថាសាស្ត្រាចារ្យនៃវិស័យសារព័ត៌មាន និងអ្នកកំពុងប្រកបអាជីពសារព័ត៌មានក្នុងស្ថាប័នឯករាជ្យ ឬមកពីអ្នកតំណាងអង្គការ ឬស្ថាប័នដែលកំពុងធ្វើ ឬតាមដានស្រាវជ្រាវលើវិស័យសារព័ត៌មាន ឬមកពីអ្នកឯកទេស ដែលមានជំនាញផ្នែកសិក្សាស្រាវជ្រាវ ឯកទេសផ្នែកយេនឌ័រ និងផ្នែកសិទ្ធិមនុស្សជាដើម ដែលពួកគាត់អាចចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា។
យ៉ាងណាក្តី លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា បានរំលឹកប្រវត្តិដើមដំបូងនៃការបង្កើតក្រុមប្រឹក្សាសារព័ត៌មានបន្តិចថា គំនិតនៃការបង្កើតក្រុមប្រឹក្សានេះ យើងមានទស្សនៈវិស័យតាំង២៣ឆ្នាំមុន ក្នុងអំឡុងឆ្នាំ២០០០ ដែលដូចនឹងការបង្កើតក្លិបអ្នកកាសែតកម្ពុជាបច្ចុប្បន្ននេះដែរ។ ដែលគំនិតផ្តួចផ្តើមនោះ ផ្តោតសំខាន់ទៅលើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែដំណើរនោះប្រឈមនឹងបញ្ហាមួយចំនួន ខណៈពេលនោះក្លិបអ្នកកាសែតកម្ពុជាកំពុងកៀរគរសមាគមផ្សេងៗ ដើម្បីចូលរួមពិភាក្សាគ្នា ក៏បង្ហាញចេញនូវគំនិតខ្វែងគ្នា ពាក់ព័ន្ធនឹងខ្លាចបាត់បង់តួនាទី នៅពេលចូលរួមនៅក្នុងក្រុមប្រឹក្សាសារព័ត៌កម្ពុជានេះ។
ម្យ៉ាងវិញទៀត ក៏ទាមទារការស្រុះស្រួលគ្នា ដែលតម្រូវឱ្យមានការទទួលស្គាល់ពីសមាគមផ្សេងៗ ភាគីពាក់ព័ន្ធនិងក្រសួង ក្នុងទម្រង់ទូលំទូលាយ ទើបអាចដំណើរការទៅបានក៏ជាបញ្ហា។
លោកបន្តថា៖ «សមាគមផ្សេងៗហ្នឹងតែងគិតថា គាត់ធ្វើបែបរបស់គាត់ គឺអាចជួយមួយជ្រុងទៅ ហើយគិតថាក្លិបធ្វើមួយបែបទៅ ជួយមួយជ្រុងទៅ ចឹងគិតថាដូចជាមិនទាន់មានភាពចាំបាច់(បង្កើតក្រុមប្រឹក្សា)ប៉ុន្មានដែរ»។
ទោះបីយ៉ាងណាក៏ដោយ អ្នកកាសែតជើងចាស់រូបនេះ ក៏នៅតែផ្តល់តម្លៃ និងទស្សនៈវិជ្ជមានចំពោះការផ្តួចផ្តើមពិភាក្សាគ្នា ក្នុងការបង្កើតក្រុមប្រឹក្សាសារព័ត៌មានកម្ពុជានេះ ព្រោះកន្លងមករូបលោកក៏បានចូលរួមជាបន្តបន្ទាប់ ដើម្បីផ្តល់ជាធាតុចូលផ្សេងៗ ធ្វើយ៉ាងណា ជំរុញឱ្យក្រុមប្រឹក្សាសារព័ត៌មានកើតជារូបរាងឆាប់ៗនេះ។
លោក ពុយ គា បន្ថែមថា៖ «គ្រប់ស្ថាប័ន គ្រប់អង្គការ គេគិតគួរទៅដល់ថាចង់ចូលរួមចំណែកនៅក្នុងការជជែកពិភាក្សាលើក្រមសីលធម៌លើវិជ្ជាជីវៈ ឬក៏ការបង្កើតក្រុមប្រឹក្សាសារព័ត៌មានកម្ពុជានេះ គឺយើងតែងចូលរួម»៕