សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តំណាងសហជីពតវ៉ាប្រឆាំងអង្គការ​សង់ត្រាល់​ទាក់ទងនឹងរបាយការណ៍ស្ដីពី «ការរឹតត្បិត»​សេរីភាព​សហជីព

សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

សមាជិក​របស់​សហព័ន្ធសហជីព និង​សហជីព​ប្រហែល​៧០​នាក់​បាន​មក​តវ៉ា​នៅ​មុខ​ស្នាក់​ការ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថាសង់ត្រាល់ ក្នុង​រាជធានីភ្នំពេញ បន្ទាប់ពីស្ថាប័ន​មួយ​នេះ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​និយាយ​ពី​ការ​រឹតត្បិតលើ​សេរីភាព​របស់​តំណាង​សហជីព​។​

នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​ដាក់​ញត្តិ​​មួយ​​ទៅកាន់​អង្គការ​សង់ត្រាល់ ដោយ​និយាយ​ថា​របាយការណ៍​របស់​សង់ត្រាល់​ធ្វើឡើងដោយ «គ្មាន​មួលដ្ឋាន» និង «​មិន​បាន​ឆ្លុះ​បញ្ចាំងពីការពិតនៃ​ស្ថានភាព​របស់​សហជីព​នៅ​កម្ពុជា»។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​តវ៉ា​ដដែល​ក៏​បាន​ដាក់​ញត្តិ​មួយ​ទៅ​កាន់​ក្រ​សួង​មហាផ្ទៃដែរ។​

កាលពី​ថ្ងៃទី​៤ ខែមិថុនា អង្គការ​សង់ត្រាល់​បាន​ចេញ​របាយការណ៍​ដែល​ខ្លួនបាន​សិក្សា​រយៈពេល​មួយ​ឆ្នាំ ដោយមាន​ចំណងជើងថា«ឧបសគ្គរារាំង​ភាពជាតំណាង​៖ សេរីភាព​សហជីពក្នុងប្រទេសកម្ពុជា» ដែល​តំណាង​សហជីពមកពី​កន្លែងការងារចំនួន​១០​​ ក្នុង​ចំណោម​១៤ បាន​និយាយ​ថា​ពួក​គេ​ប្រទះឧបសគ្គរារាំងសម្រាប់​សេរីភាព​សហជីព​។​

អ្នក​ទាំង​នោះ​អះអាង​ថា​មាន​ទាំង​ការ​បំភិតបំភ័យ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ការយាយី ការ​បង្កជាឧបសគ្គក្នុងការ​ចុះបញ្ជីសហជីព ការ​រឹត្បិត​លើ​ការ​ធ្វើ​កូដកម្ម និង​គោលនយោបាយ​ចរចាសមូហភាព និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ ដែល​ថាទាំងនេះ​បានប៉ះពាល់ «យ៉ាងធ្ងន់ធ្ងរ» លើសមត្ថភាពរបស់ពួកគេក្នុងការបំពេញ​មុខងាររបស់ខ្លួន​។​

របាយការណ៍​សរសេរ​ថា៖ «សកម្មភាព​សហជីព​នៅ​កម្ពុជា​ គឺត្រូវបានលាក់បាំង ដោយសារតែ​ការ​ឈ្លបតាមដាន និង​តាមត្រួនពិនិត្យជាប្រចាំពីសំណាក់សហជីពដែលជាសម្ព័ន្ធភាពជាមួយ​ក្រុម​ហ៊ុន ព្រម​ទាំង​បរិយាកាសមិនទុក​ចិត្តគ្នាមានយ៉ាងសាយភាយ»។​

របាយការណ៍​ដដែល​បន្តថា៖ «យើងខ្ញុំ​សូមលើកទឹកចិត្តឱ្យ​ កម្មវិធីរោងចក្រ​កាន់​តែប្រសើរ (BFC) និង​ស្ថាប័នជាអ្នក​ពាក់ព័ន្ធ​របស់ BFC ត្រូវធានាឱ្យបានថា ការកែលម្អលក្ខខណ្ឌការងារ គឺនៅតែជាស្នូល​ដ៏សំខាន់ជាដាច់ខាតនៃ​រាល់កិច្ចខិតខំទាំងអស់​របស់ខ្លួន តាមរយៈ​ការផ្ដោត​ការយកចិត្ត​ទុកដាក់ជាពិសេស​លើសេរីភាព​សហជីព»។

ប្រធានសហព័ន្ធ ​សហជីពដើម្បីកម្មករ​កម្ពុជា លោក ហ៊ុយ សម្បត្តិ ប្រាប់​ខេមបូចាថា​សង់ត្រាល់​បាន​ចុះបញ្ជីជាមួយ​ក្រ​សួង​មហាផ្ទៃ ប៉ុន្តែ​ធ្វើ​ខ្លួន​ដូចជា «ស្ថាប័ន​សហជីព​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រ​សួង​ការងារ»។​

លោក​ថា៖ «​សង់ត្រាល់​បាន​ទទួល​ជំនួយ​ពី​បរទេស ប៉ុន្តែ​មិន​ដែល​ធ្វើ​របាយការណ៍​ដើម្បី​កម្មករ និង​សាធារណជន​នោះទេ​…​អង្គការ​តែង​តែ​ផ្ដល់​ព័ត៌មាន​បំភាន់​សាធារណជន និង​បំពាន​ទៅ​លើ​ការ​ដឹក​នាំ​របស់​ក្រ​សួង​ការងារ​»។​

លោក​បន្ថែមទៀត​ថា​អង្គការសង់ត្រាល់​មិនមែនជា​ប្រធានរបស់​សហជីព ឬ​សហព័ន្ធសហជីព​ណាមួយ​ទេ ប៉ុន្តែ​បាន​ដើរតួ​ខុសទៅ​​នឹងក្រម និង​លក្ខខណ្ឌរបស់​ក្រសួង​ការងារ «​ដោយ​បាន​ធ្វើទុក្ខបុកម្នេញ ​ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សហជីព និង​បាន​បំផ្លាញ​សមិទ្ធផល​របស់​ហសជីព»។​

លោក​បន្ថែម​ថាសហជីព​ពិតប្រាដក​មិន​និយាយ​ពី​នយោបាយ​ទេ ប៉ុន្តែ​សកម្មភាព​របស់​សង់ត្រាល់​មាន​ចរិត​នយោបាយ ដូចនេះ​លោក​ជំរុញ​ឲ្យ​សង់ត្រាល់ «កុំ​ជ្រៀតជ្រែក​កិច្ចការ​សហជីព ទម្លាក់តម្លៃសហជីព និង​លាបពណ៌សហជីព​ថាឯករាជ្យ ឬមិន​ឯករាជ្យ​»។​

លោក​លើក​ឡើង​ទៀតថា៖ «គ្មាន​នរណា​ម្នាក់​បញ្ជា​ពួក​យើង​ឲ្យ​មក​ទីនេះទេ ប៉ុន្តែ​វា​ឈឺចាប់  [ពេលឃើញ] សង់ត្រាល់​វាយ​ប្រហារសហជីព»។ លោក​បន្ថែម​ថា​របាយការណ៍​របស់​សង់ត្រាល់​មិន​បាន​ឆ្លុះបញ្ចាំងពី​ការពិត​នៃស្ថាន​ភាព​របស់​សហជីពក្នុង​ប្រទេស​កម្ពុជា​នោះទេ ដោយថា​វាគ្រាន់​តែជា​របាយការណ៍​ពី​រោងចក្រ​ចំនួន​១៤ ខណៈ​ដែល​រោង​ចក្រ «មាន​រាប់ពាន់» នៅ​ក្នុង​ប្រទេស។​

លោក​បន្ត​ថា៖ «សកម្មភាព​របស់​សង់ត្រាល់​មិន​មែន​ធ្វើ​ដើម្បី​កម្មករ​ទេ។ បើសិនជា​សង់ត្រាល់ ធ្វើ​ដើម្បី​កម្មករ ពួក​គេ​នឹង​ផ្ដល់​លុយ​ឲ្យ​កម្មករ​រាល់​ឆ្នាំ​ហើយ»។

តំណាង​សហជីព​ដាក់​ញត្តិ​ទៅ​ក្រ​សួង​មហាផ្ទៃ​ប្រឆាំង​នឹង​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤​។ (ខេមបូចា/​សុវណ្ណ ស្រីពេជ្រ)

បន្ទាប់ពីប្រមូល​ផ្ដុំ និង​លើកបដា​​នៅ​ស្នាក់​ការ​របស់អង្គការ​សង់ត្រាល់​រួច​មក ​តំណាង​សហជីពកម្មករ​កម្ពុជា​ចំនួន​១០​រូប​បាន​ធ្វើ​ដំណើរទៅ​កាន់​ក្រ​សួង​មហាផ្ទៃ​ដើម្បី​ដាក់ញត្តិ ស្នើ​ឲ្យ​ក្រ​សួង​ «ឃ្លាំមើល​សកម្ម​ភាព​របស់​អង្គការ​សង់ត្រាល់»។​

លោក យុន សុកសារិន ប្រធានសហព័ន្ធសហជីពកម្មករ​ខ្មែរ បានប្រាប់ខេមបូចាថា​ហេតុ​ផល​ដែល​មាន​ក្រុមសហជីព​មក​ដាក់ញត្តិ​នៅ​ក្រ​សួង​នហាផ្ទៃ​គឺ​ដើម្បី​ស្នើ​ឲ្យ​ក្រ​សួង​ពិនិត្យ​លើ​សកម្មភាព​របស់​អង្គការ​សង់ត្រាល់​។

លោក​មាន​អារម្មណ៍ថា​សង់ត្រាល់​បាន​ធ្វើ​សកម្មភាព «ផ្ទុយ»​ពី​អ្វី​ដែល​អង្គការ​នេះ​តម្រូវ​ឲ្យ​មាន​សម្រាប់​ការចុះបញ្ជី​នៅ​ក្រ​សូង​មហាផ្ទៃ និង​ថា​លោក​មាន​ការ​ខក​ចិត្ត​ទៅ​នឹង​របាយការណ៍​លើ​ស្ថាន​ភាព​សេរីភាព​របស់​សហជីព​នៅ​កម្ពុជា​​។​

លោក​បន្ត​ថា៖ «​ក្រ​សួង​មហាផ្ទៃ​ប្រៀបដូច​ជា​អាណាព្យាបាល​របស់​អង្គការ​សង់ត្រាល់ ដូច​នេះ​ខ្ញុំ​ស្នើ​ឲ្យ​ក្រ​សួង​ពិនិត្យ​លើ​សកម្មភាព​របស់​អង្គការ​មួយ​នេះ»។​

លោក​បន្ថែម​ថា៖ «ក្នុងនាម​ជា​ប្រធាន​របស់​សហព័ន្ធ​សហជីព ខ្ញុំ​មិន​សប្បាយចិត្តទេ ព្រោះ​ថា​សង់ត្រាល់​បាន​ចំណាយ​ពេលវេលា​ច្រើនធ្វើការ​ដោយ​គ្មាន​វិជ្ជាជីវៈ។ ពួក​យើង​ជា​ស្ថាប័នមាន​វីជ្ជាជីវៈ ខ្ញុំ​ធ្វើ​ការ​ដើម្បី​សិទ្ធិ​កម្មករ ប៉ុន្តែ​សង់ត្រាល់​មិនអ៊ីចឹង​ទេ។ ពួកគេ​បញ្ចេញ​របាយការណ៍​ដែល​មិន​មាន​ភាព​ច្បាស់លាស់»។​

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បាន​លើក​ឡើង​ពី​ការ​ប្រើ​ប្រាស់​កិច្ចសន្យាការងារ​មានថិរវេលាកំណត់ (FDCs)​ គឺ​ថា​វា​ «ជា​កង្វល់ធំមួយ» បើ​ធៀប​ទៅ​នឹង​កម្មករ​ដែល​មាន​កិច្ច​សន្យាការងារ​មិន​កំណត់ ដោយ​ថា​កិច្ច​សន្យាការងារ​ប្រភេទនេះ មិន​សូវ​ទទួល​បាន​ការ​ការពារ​នឹង​ការ​បញ្ឈប់ពីការងារ ហើយ​កម្មករបាត់​បង់​ប្រាក់​អតីតភាព​ការងារ​ផង​ដែរ។​

របាការណ៍​បាន​ផ្ដល់​អនុសាសន៍​ដល់​អង្គការ​អន្តរជាតិខាងការងារ សាជីវកម្មហិរញ្ញវត្ថុអត្តរជាតិ (IFC) កម្មវិធីការងារ​កាន់​តែប្រសើរ ​កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា​ «ដាក់របាយការណ៍​ភាព​អនុលោម​តាម​ច្បាប់ទម្រង់​ពេញដែល​មាន​ផ្ដល់​ជូន​សម្រាប់អ្នកបញ្ជាទិញជូនដល់សាធារណជន​ ជាពិសេស​កម្មករនិយោជិត និង​អ្នកតំណាង​របស់ខ្លួន ដើម្បីអាចទិញបាននៅក្រោម​គម្រោង​ការកំណត់​តម្លៃសមធម៌ និងលក្ខខណ្ឌការ​ទិញ​បែបសមធម៌​។

ក្នុង​របាយការណ៍​របស់​ខ្លួន អង្គការ​សង់ត្រាល់​ក៏បាន​ជំរុញ​ឲ្យ​អ្នក​បញ្ជាទិញ ម្ចាស់ម៉ាកយីហោ​​ដាក់ឱ្យមានការចូលរួមរបស់​កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា​របស់​អង្គការ​អន្តរជាតិខាង​ការងារ​ និង​ប្រទេស​ផ្គត់ផ្គង់​ទាំង​អស់​ដើម្បី​ជួយលើកកម្ពស់បរិយាបន្ន​កម្មករ និងអ្នក​តំណាង​កម្មករនិយោជិត​​ក្នុង​ដំណើរ​ការវាយតម្លៃដើម្បីធានឱ្យមានការអនុវត្តតាមនីតិវិធីត្រួតពិនិត្យត្រឹមត្រូវ។​

អង្គការ​សង់ត្រាល់លើកឡើងថា៖ «មាន​ភស្តុ​តាង​គ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញ​ឱ្យឃើញថា ការវាយតម្លៃ​របស់  BFC គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយពុំ​មានបរិយាបន្ន​សហជីពឯករាជ្យឱ្យបានពេញលេញ​ក្នុង​រោងចក្រ​នីមួយៗ។

សហជីព​ប្រហែល​៧០​នាក់​បាន​តវ៉ា​នៅ​ក្នុង​ស្នាក់​ការ​អង្គការ​សង់ត្រាល់​នៅ​រាជធានីភ្នំពេញ​ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា)

​មន្ត្រីសម្របសម្រួលកម្មវីធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​ខេមបូចា​ថា ការ​ប្រមូ​ល​ផ្ដុំ​តវ៉ា និង​លើក​បដានេះ គឺ​ជា​សិទ្ធិ​សេរីភាពនៃការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ​។​

យ៉ាងណា​លោក​ថា អ្នក​តវ៉ា​ទាំង​នោះ​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​លើ​របាយការណ៍​របស់​សង់ត្រាល់​ម្ដងទៀត​មុន​នឹង​ធ្វើការ​វាយ​តម្លៃ។ លោក​បន្ថែម​ថាអ្នក​ទាំង​នោះ «ប្រហែលជាមានការ​យល់ច្រឡំ» លើ​របាយការណ៍ ព្រោះ​ថា​វាផ្អែក​លើ​ការ​ប្រមូល​ទិន្ន័យ និង​ស្រាវ​ជ្រាវ​ពី​សហជីព និង​អ្ន​កជំនាញ​។​

លោក​ឲ្យ​ដឹងទៀតថា៖ «របាយការណ៍​របស់​យើង​មិនមាន​ចេតនាវាយ​ប្រហារ​ភាគីណាមួយ​ទេ។ វា​ជា​ការ​ផ្ដល់អនុសាសន៍​ទៅ​កាន់​ភាគី​ពាក់​ព័ន្ធ រដ្ឋាភិបាល អ្នក​បញ្ជាទិញ និង​អង្គការ​អន្តរជាតិខាងការងារ ឲ្យ​ពិនិត្យ​លើ​ឧបសគ្គ​ចំពោះ​សេរីភាពរបស់​សហជីព ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​បាន​ល្អ​ប្រសើរ​លើ​សិទ្ធិ​របស់​ហសជីព​នៅ​កម្ពុជាតែប៉ុណ្ណោះ»។​

លោក​ថា របាយការណ៍​មាន​លក្ខណៈ «វិទ្យាសាស្រ្ត» ជាមួយ​ទិន្ន័យ​ច្បាស់​លាស់​លើ​ឧបសគ្គ​នៅ​ក្នុង​រោង​ចក្រនានា​​ទាក់ទង​នឹង​ការ​ចង​ក្រង​សហជីព។ ជាមួយ​គ្នានេះ​ដែរ លោក​លើក​ទឹក​ចិត្ត​ឲ្យ​សហជីព​ស្នើ​រកទិន្ន័យ​បន្ថែម​ទៀត និង​ព័ត៌មាន​ពី​ក្រ​សួង​មហាផ្ទៃ និង​ក្រ​សួង​សេដ្ឋកិច្ច។​

លោក​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា​ពួក​គាត់​មាន​ការ​យល់​ច្រឡំអំពី​បេសកកម្ម និង​ចក្ខុវិស័យ​របស់​យើង ដូច​នេះ​បើ​សិន​ជាពួកគាត់​ចង់ដឹង​អំពី​បេសកកម្ម​របស់​យើង ឬ​ជំនួយ​របស់​យើង ពួកគាត់​គួរតែ​អាន​​អំពី​លក្ខន្តិកៈ​ដែល​មាន​នៅ​ក្រ​សួង​មហាផ្ទៃ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាំង​អស់​»។​

អ្នក​នាំពាក្យ​ក្រ​សួង​មាផ្ទៃ លោក ទូច សុឃៈ មាន​ប្រសាសន៍ថា​លោក​នឹង​ពិនិត្យ​លើ​បញ្ហានេះ ហើយ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ច្រើនជាង​នេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Representatives Protest Against CENTRAL For “Restrictive” Freedom of Association Report

393 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម