បញ្ហាមួយចំនួន ប្រសិនបើដោះស្រាយដោយប្រើយុទ្ធសាស្ត្រដដែលៗ មិនអាចដោះស្រាយបានទេ ។ នេះជាការលើកឡើងរបស់លោក សែស អរុណសក្ដា អាយុ ២៦ឆ្នាំ មកពី វេទិកាអនាគត ។ អ្នកស្រាវជ្រាវដែលផ្ដោតលើនគរូបនីយកម្មនិងការអភិវឌ្ឍ បាននិយាយថា យុវជនវ័យក្មេងដែលមានគំនិតប្រកបដោយច្នៃប្រឌិត មានសក្ដានុពលជាច្រើននិងសំខាន់សម្រាប់ការចូលរួមក្នុងការរៀបចំគោលនយោបាយ ។
លោក អរុណសក្ដា ជឿជាក់លើសក្ដានុពលរបស់យុវជនក្នុងការបញ្ជ្រាបឥទ្ធិពលទៅលើគោលនយោបាយនានាដែលគូសវាសអនាគត ដោយសារតែពួកគេមានភាពក្លាហាន និងជានិច្ចកាល តែងមានគំនិតថ្មីៗ ដែលមានន័យថា ពួកគេមិនប្រើប្រាស់វិធីដដែលៗដើម្បីដោះស្រាយបញ្ហានោះទេ ។
វិធីថ្មីនៃការចូលរួមនៅក្នុងគោលនយោបាយ
លោក អរុណសក្ដា បានចូលរួមកម្មវិធីអ្នកស្រាវជ្រាវវ័យក្មេងនៅឆ្នាំ២០២១ ដោយនៅក្នុងកម្មវិធីនោះ លោកបានរៀនសូត្រពីរបៀបធ្វើការងារស្រាវជ្រាវ សរសេរ តស៊ូមតិ និងស្វែងយល់ពីដំណើរការនៃគោលនយោបាយសាធារណៈ ។ លោកជឿជាក់ថា នៅពេលយុវជនវ័យក្មេងចេះពីរបៀបស្រាវជ្រាវនិងសរសេរ ពួកគេអាចសរសេរអត្ថបទខ្លីៗស្ដីពីខ្លឹមសារសង្ខេបរបស់គោលនយោបាយនានា ដែលបង្ហាញពីឫសគល់នៃបញ្ហានិងដំណោះស្រាយ ។
លោកយល់ឃើញថា នេះជាវិធីដ៏មានប្រសិទ្ធភាពសម្រាប់ឱ្យយុវជនវ័យក្មេងដូចរូបលោកចូលរួមចំណែកនៅក្នុងគោលនយោបាយសាធារណៈ ។ លោកបាននិយាយថា៖ «គេបង្រៀនយើងពីរបៀបប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗ ដែលខ្ញុំគិតថា វាក៏ជាទិដ្ឋភាពមួយដ៏សំខាន់បំផុតផងដែរ ។ មនុស្សភាគច្រើនបំផុតផ្តោតលើបញ្ហា ប៉ុន្តែ នៅពេលយើងចង់បង្ហាញពីគោលនយោបាយអ្វីមួយ គ្មានអ្នកណាម្នាក់ចង់ស្ដាប់ពីបញ្ហានោះទេ» ។
លោកបានពន្យល់ថា ការតាក់តែងគោលនយោបាយមួយមានន័យថាជាការស្វែងរកដំណោះស្រាយ ។ លោកនិយាយថា៖ «យើងមិនផ្ដោតលើបញ្ហាទេ ។ យើងផ្ដោតលើដំណោះស្រាយ ប៉ុន្តែ ចេញពីទស្សនទានជាលក្ខណៈប្រព័ន្ធ» ។
ទន្ទឹមនឹងនេះដែរ យុវជនត្រូវបង្ហាញពីអនុសាសន៍ដែលមានប្រសិទ្ធភាពនៅក្នុងអត្ថបទសង្ខេបគោលនយោបាយ ដោយស្វែងយល់ពីបរិបទសង្គមនិងឫសគល់នៃបញ្ហា ។
លោកបាននិយាយថា៖ «យើងត្រូវពិនិត្យមើលបរិបទនៃស្រុករបស់យើង ។ យើងមិនមានធនធានច្រើនទេ ដូច្នេះ នៅពេលយើងគិតឃើញពីអ្វីមួយ យើងត្រូវតែ[ធ្វើការ]ជាមួយនឹងធនធាននិងពេលវេលាមានកម្រិត» ។ ដោយលោកបន្ថែមថា៖ «នៅពេលណាដែលយើងសរសេរពីអនុសាសន៍អ្វីមួយ ចូរជ្រើសរើសមុំដែលនឹងមានផលជះខ្លាំង និងមានប្រសិទ្ធភាពខ្លាំង ។ វាក៏ពាក់ព័ន្ធនឹងការគិតគូរជាលក្ខណៈប្រព័ន្ធផងដែរ មានន័យថា យើងស្វែងយល់ពីបញ្ហាពីគ្រប់ជ្រុងគ្រប់មុំ» ។
លោក អរុណសក្ដា បាននិយាយថា ចំពោះបញ្ហាខ្លះ ព្យាយាមដោះស្រាយវាតាមវិធីដដែលៗ អាចនឹងមិននាំទៅរកដំណោះស្រាយទេ ដោយលោកលើកឡើងនូវឧទាហរណ៍អំពីការសាងសង់ស្ពានអាកាស ដែលអាចនឹងមានប្រយោជន៍តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែ ក្នុងរយៈពេលវែង វាបង្កការកកស្ទះចរាចរណ៍ដដែរ ។ លោកបាននិយាយថា នេះជាវិធីរបស់«អ្នកស្រាវជ្រាវជំនាន់មុន ហើយមិនងាយផ្លាស់ប្ដូរចិត្តគំនិតពួកគាត់បានទេ» ។
យុវជនក្មេងៗអាចជំទាស់នឹងដំណោះស្រាយនោះបាន ប្រសិនបើវាខុស ហើយគិតរិះរកដំណោះស្រាយអ្វីមួយដែលមានភាពច្នៃប្រឌិតជាង ។ វិធីសាស្ត្រគោលនយោបាយគួរតែខុសពីវិធីសាស្ត្រដែលធ្លាប់ប្រើពីមុន ហើយត្រូវជ្រើសរើសមុំណាដែលចំណាយអស់តិច តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្ដោតលើពេលវេលានិងធនធាន ។ លោកបានលើឡើងថា៖ «មូលហេតុនេះហើយ ទើបយើងត្រូវការយុវជន» ។
ទោះបីសំណេរខ្លះ (អត្ថបទសង្ខេបគោលនយោបាយ និងវិចារណកថា) មិនត្រូវបានគេយកទៅពិចារណានាពេលឥឡូវនេះក្ដី លោក អរុណសក្ដា ជឿជាក់ថា នៅពេលបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុងកើតឡើងនាពេលអនាគត រដ្ឋាភិបាល ឬវិស័យឯកជនអាចនឹងចាប់ផ្ដើមពិនិត្យមើលទៅលើអនុសាសន៍ទាំងឡាយដែលយុវជនបានផ្ដល់ ។
ដូច្នេះហើយ លោកជឿថា នៅពេលវិស័យជាក់លាក់ណាមួយស្វែងរកដំណោះស្រាយសម្រាប់បញ្ហានានា គឺយុវជនបានកំណត់និងរកឃើញដំណោះស្រាយទាំងនោះរួចជាស្រេចតាមរយៈការស្រាវជ្រាវរបស់ពួកគេ ដែលលោកចាត់ទុកថាជាឥទ្ធិពលដ៏សំខាន់មួយដែលចេញពីយុវជន ។
រៀងរាល់ពេលដែលលោកចេញផ្សាយអត្ថបទសង្ខេបគោលនយោបាយ លោកមិនរំពឹងថានឹងត្រូវគេយកទៅពិចារណាទេ ។ ប៉ុន្តែ ការចូលរួមតាមរយៈការសរសេរគោលនយោបាយ គឺជាដំណើរការមួយដែលអ្នកគ្រប់គ្នាចាំបាច់ត្រូវធ្វើការ និងរួមចំណែកទាំងអស់គ្នា ។ លោកបានបន្តថា៖ «យើងគិតក្នុងរយៈពេលវែង ពីព្រោះគោលនយោបាយដែលយើងបង្កើតនៅថ្ងៃនេះមិនមែនត្រូវបានគេយកទៅប្រើប្រាស់[ភ្លាមៗ]នោះទេ ។ វាត្រូវការពេលច្រើនឆ្នាំ» ។
កង្វះការវិភាគជាមូលដ្ឋាន
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយទៅកាន់យុវជនថា ពួកគេចាំបាច់ត្រូវរៀនសូត្រពីរបៀបវិភាគ ប៉ុន្តែនេះជាអ្វីដែលយុវជនខ្វះខាតតាំងពីចំណុចចាប់ផ្ដើមទៅ ។
លោថាគោលយោបាយសាធារណៈសំខាន់ណាស់ ជាពិសេស នៅពេលប្រជាជនយល់ពីការប្រើប្រាស់យន្តការជាលក្ខណៈប្រព័ន្ធដើម្បីដោះស្រាយបញ្ហាសង្គមជាតិ ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ពេលនិយាយដល់ការស្រាវជ្រាវដែលពឹងផ្អែកលើការវិភាគជាមូលដ្ឋានគ្រឹះ ចំណេះដឹងរបស់យុវជនគឺនៅមានកម្រិតនៅឡើយ ។
ការយល់ដឹងពីគោលនយោបាយសាធារណៈ គឺសំខាន់ណាស់ ។ វាពាក់ព័ន្ធនឹងគំនិត ការវិភាគ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលផ្អែកលើការរកឃើញនិងការសំអាងហេតុផល ឬភ័ស្តុតាងដែលផ្អែកលើព័ត៌មាននិងការវិភាគគ្រប់ជ្រុងជ្រោយ ។
លោក វីរៈ បាននិយាយថា៖ «ប៉ុន្តែ យើងខ្វះអ្វីៗទាំងនេះ ដូច្នេះ យើងខ្វះការចូលរួមតាំងពីដំបូងមកម្ល៉េះ ។ យើងឃើញមានបញ្ហាជាច្រើនដែលត្រូវបានលើកឡើង ប៉ុន្តែ ជារឿយៗ វាមិនមានលក្ខណៈពេញលេញទេ ហើយការលើកឡើងហ្នឹងគឺមិនបានឈានទៅដល់ការពិភាក្សារកដំណោះស្រាយដែលជាជម្រើសគោលនយោបាយសាធារណៈទេ» ។
ដើម្បីបំពេញចន្លោះខ្វះខាត ដូច្នេះជាយុទ្ធសាស្ត្រដើម្បីពង្រឹងសមត្ថភាពរបស់យុវជនក្នុងការស្វែងយល់និងមានជំនាញពិតប្រាកដ លោកគិតថា សំខាន់ គឺត្រូវឱ្យពួកគេក្លាយជាអ្នកដើរតួនាទីសំខាន់នៅក្នុងការលើកឡើងពីបញ្ហា ហើយបន្ទាប់មក ស្រាវជ្រាវ សិក្សា និងស្វែងរកដំណោះស្រាយ ។
អ្នកសង្កេតការណ៍បញ្ហាសង្គម ឬគោលនយោបាយមានច្រើន ប៉ុន្តែ មិនមានមនុស្សច្រើនទេដែលផ្ដោតលើការវិភាគបែបវិទ្យាសាស្ត្រ ។ ដោយមើលឃើញសក្ដានុពលរបស់យុវជនដែលអាចបង្កើតគំនិតថ្មីៗ លោក វីរៈ បានបង្កើតកម្មវិធីដើម្បីជួយយុវជនឱ្យក្លាយខ្លួនជាអ្នកគិតនិងអ្នកវិភាគប្រកបដោយភាពច្នៃប្រឌិត ។
លោកបាននិយាយថា៖ «ការគិតបែបច្នៃប្រឌិតនិងការគិតជាលក្ខណៈប្រព័ន្ធគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់យុវជនក្មេងៗ ។ ពួកគេត្រូវតែយល់គ្រប់ទិដ្ឋភាព[នៃបញ្ហា] និងគិតឆ្ពោះទៅមុខដើម្បីរកដំណោះស្រាយ» ។
ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើយុវជនចូលរួមក្នុងរយៈពេលខ្លី វាអាចនឹង«គ្រោះថ្នាក់» ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី លោកថា វាមិនមែនជាកំហុសរបស់ពួកគេទេ ពីព្រោះសង្គមផ្ដល់ទស្សនៈទាំងនេះដល់យុវជន ។
លោក វីរៈ បាននិយាយថា៖ «វាមិនមែនជាកំហុសរបស់ពួកគាត់ទេ ។ យើងមិនគួរបន្ទោសមនុស្សដែលកំពុងមានបញ្ហានោះឡើយ» ។ លោកបានបន្តថា ប្រសិនបើគេចង់ឃើញការផ្លាស់ប្ដូរ ជាពិសេស នៅក្នុងការចូលរួមរបស់យុវជននៅក្នុងគោលនយោបាយសាធារណៈ ចាំបាច់ត្រូវតែមានភាពបើកចំហ ។ ប្រសិនបើរដ្ឋាភិបាលអាចផ្ដល់លំហកាន់តែធំទូលាយ ពួកគេនឹងមានអារម្មណ៍មានទំនុកចិត្តច្រើនថែមទៀតដើម្បីចូលរួម និងមិនមានការភ័យខ្លាច ។
មិនមានយន្តការច្រើន
កញ្ញា លី ស្រីស្រស់ ជាអ្នកវិភាគវ័យក្មេង បាននិយាយថា មិនមានយុវជនច្រើនទេដែលចូលរួមនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ ដោយសារតែលំហសម្រាប់ការចូលរួមនៅមានកម្រិត ។
យោងតាមអង្គការតម្លាភាពអន្តរជាតិ ក្នុងចំណោមយុវជនកម្ពុជាដែលគេបានសម្ភាស មានតែ ២០% ទៅ ៣០%ប៉ុណ្ណោះ ដែលមានការយល់ដឹងពីគោលនយោបាយសាធារណៈ ដែលចំនួននេះ«មិនច្រើនទេ» ។
កញ្ញា ស្រីស្រស់ បាននិយាយថា របាយការណ៍អង្កេតតម្លាភាពថវិកាកម្ពុជាប្រចាំឆ្នាំ២០២៣ (Open Budget Survey Cambodia 2023) បានបង្ហាញថា ប្រទេសកម្ពុជាមានពិន្ទុនៃការចូលរួមជាសាធារណៈត្រឹមតែ «២ លើ ១០០ នៃឱកាសផ្លូវការ»ប៉ុណ្ណោះដែលត្រូវបានផ្ដល់ដល់សាធារណជនសម្រាប់ការចូលរួមប្រកបដោយអត្ថន័យនៅក្នុងដំណាក់កាលផ្សេងៗគ្នានៃដំណើរការថវិកា ។ ចំនួននេះរាប់បញ្ចូលទាំងយុវជនផងដែរ ។
ទោះបីជាពុំមានយន្តការច្រើនដើម្បីឱ្យយុវជនចូលរួមនៅក្នុងកិច្ចពិភាក្សាគោលនយោបាយសាធារណៈក្ដី ក៏ពួកគេនៅតែអាចរួមចំណែកបានដដែល តាមរយៈការសរសេរបទវិចារណកថា ឬអត្ថបទសង្ខេបគោលនយោបាយដោយផ្អែកលើការសង្កេតឬការវិភាគរបស់ពួកគេ ។
អ្នកវិភាគវ័យក្មេងរូបនេះបាននិយាយថា៖ «ផ្អែកតាមទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេ ការវិភាគ និងការអនុវត្តជំហានសំខាន់ៗ វាផ្ដល់ឱកាសដល់យុវជនដើម្បីធ្វើសេចក្ដីសម្រេចចិត្ត ឬអនុសាសន៍ផ្នែកនយោបាយ» ។
ការចូលរួមរបស់យុវជននៅក្នុងការតាមដានគោលនយោបាយ គឺជាការសំខាន់ ពីព្រោះវាអាចជះឥទ្ធិពលទៅលើអ្នកធ្វើគោលនយោបាយបាន ។ វាជាយន្តការមួយសម្រាប់ការជំរុញតម្លាភាពនៅក្នុងការធ្វើគោលនយោបាយ ព្រមទាំងការធ្វើសេចក្ដីសម្រេចចិត្ត និងកាត់បន្ថយនូវភាពមិនប្រក្រតីខ្លះនៅក្នុងការគ្រប់គ្រងគោលនយោបាយ ។
កញ្ញាបាននិយាយថា៖ «ប្រសិនបើគ្មានការចូលរួមជាសាធារណៈនិងការចូលរួមរបស់យុវជនច្រើននៅក្នុងកិច្ចពិភាក្សានិងការតាមដានលើការធ្វើគោលនយោបាយទេនោះ ខ្ញុំគិតថា សេចក្ដីសម្រេចចិត្តផ្នែកគោលនយោបាយនឹងមិនសូវមានតម្លាភាព» ។
កញ្ញាបានបន្តថា នៅក្នុងក្រសួងខ្លះ យុវជនត្រូវបានស្វាគមន៍ឱ្យចូលរួមនៅក្នុងកិច្ចពិភាក្សា ប៉ុន្តែ ពុំមានវិធីដើម្បីដឹងថាតើមតិយោបល់របស់ពួកគេត្រូវបានគេយកទៅពិចារណា ឬអត់ នោះឡើយ ដោយសារតែគ្មានយន្តការណាដើម្បីធានាថា មតិយោបល់ឬសំណើទាំងនោះត្រូវបានយកទៅពិភាក្សាបន្តទៀត ឬយ៉ាងណានោះទេ ។
កញ្ញាបាននិយាយថា៖ «ពេលខ្លះ វាជារូបភាពមួយដើម្បីធ្វើឱ្យ[ក្រសួង]ល្អមើលប៉ុណ្ណោះ» ។
លោក សួស យ៉ារ៉ា អនុប្រធានទី១នៃគណៈកម្មការទំនាក់ទំនងខាងក្រៅរបស់គណបក្សប្រជាជនកម្ពុជា (CPP) បានបដិសេធធ្វើអត្ថាធិប្បាយ ចំណែកឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពុំបានឆ្លើយតបនឹងសំណួរទេ ។
ធាតុផ្សំនៃការភ័យខ្លាចជះឥទ្ធិពលលើយុវជន
ស្របពេលជាមួយគ្នានេះ លោកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិនៃអង្គការ ក្លាហាន ដែលជាអង្គការធ្វើលើសិទ្ធិស្ត្រី បាននិយាយថា នៅថ្នាក់មូលដ្ឋាន ការប្រមូលផ្ដុំយុវជននៅមានកម្រិតនៅឡើយ ។
លោកស្រីបានបន្តថា៖ «ខ្ញុំគិតថា ការចូលរួមរបស់យុវជននៅក្នុងកិច្ចពិភាក្សាគោលនយោបាយ ឬការធ្វើផែនការអភិវឌ្ឍន៍នៅតាមភូមិឃុំនៅមានកម្រិតទាបនៅឡើយ» ។
ការចូលរួមរបស់យុវជននៅក្នុងគោលនយោបាយ គឺសំខាន់ ដោយសារតែពួកគេជាកម្លាំងស្នូលនៅក្នុងការអភិវឌ្ឍសង្គម ហើយអ្វីដែលគេគួរបំពេញនោះ គឺសេចក្ដីត្រូវការរបស់យុវជន ។
លោកស្រីបាននិយាយថា៖ «បញ្ហារបស់ពួកគេមានច្រើន ហើយសេចក្ដីត្រូវការរបស់ពួកគេក៏មានច្រើនដែរ ។ ប្រសិនបើកម្លាំងស្នូលមិនត្រូវបានគេគិតគូរពិចារណាទេ បញ្ហារបស់ពួកគេនៅក្នុងគោលនយោបាយនឹងមិនត្រូវបានលើកឡើងឡើយ ហើយតម្រូវការរបស់ពួកគេក៏នឹងមិនត្រូវបានបំពេញដែរ ដែលនេះធ្វើឱ្យការអភិវឌ្ឍមិនសូវរីកចម្រើនទៅមុខ» ។
បច្ចុប្បន្ន យុវជនមិនសូវចូលរួមនៅក្នុងកិច្ចពិភាក្សាគោលនយោបាយទេ លើកលែងតែយុវជនទាំងឡាយដែលខ្វល់ខ្វាយនឹងបញ្ហាបរិស្ថាន ឬយុវជនទាំងឡាយដែលសិក្សាផ្នែកច្បាប់ និងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែ សម្រាប់បញ្ហាគោលនយោបាយជាក់លាក់ លោកស្រី ម៉ាប់ បាននិយាយថា លោកស្រីមិនឃើញមានការចូលរួមច្រើននោះទេ ។
លោកស្រីថា នេះគឺដោយសារតែ«ពុំមានបរិយាកាសអំណោយផល»សម្រាប់ពួកគេចូលរួមនៅក្នុងកិច្ចពិភាក្សា ដែលវាក៏ទាក់ទងទៅនឹងចំណេះដឹងរបស់ពួកគេអំពីប្រធានបទនានា និង«ការគំរាមកំហែង» ផងដែរ ។
លោកស្រី ម៉ាប់ បាននិយាយថា យុវជនអាចនឹងរងឥទ្ធិពលដោយសារគំរូអាក្រក់ ។ លោកស្រីថា៖ «គំរូអាក្រក់ទាំងនេះ គឺនៅពេលដែលយុវជនដែលចូលរួមនៅក្នុងបញ្ហាសង្គមឬបរិស្ថានទទួលរងការគំរាមកំហែង ត្រូវបានចាប់ខ្លួន និងចាប់ដាក់ពន្ធនាគារ ។ វាធ្វើឱ្យយុវជនដទៃទៀតភ័យខ្លាច» ។
លោកស្រីក៏បានលើកឡើងផងដែរថា សង្គមគួរបង្កើតបរិយាកាសមួយឱ្យយុវជនចូលរួម ចំណែកឯយុវជនខ្លួនឯងត្រូវចាប់ផ្តើមពង្រឹងសមត្ថភាពផ្ទាល់ខ្លួន តាមដានព័ត៌មាន និងតាមដានការអភិវឌ្ឍនៅក្នុងប្រទេសនិងនៅក្នុងតំបន់ ។
លោកស្រី ម៉ាប់ បានបញ្ចេញមតិថា ការរួមចំណែកពីយុវជនដែលលើកឡើងពីបញ្ហានានា អាចជួយដល់អ្នកធ្វើគោលនយោបាយបាន ។ វាគួរតែចាប់ផ្ដើមចេញពីយុវជន និងអ្នកពាក់ព័ន្ធគួរតែបើកចំហ និងត្រៀមខ្លួនដើម្បីប្រមូលផ្ដុំយុវជន ។
កត្តាចំណេះដឹងកាត់បន្ថយការចូលរួម ប៉ុន្តែកត់សម្គាល់ឃើញមានកំណើន
កញ្ញា អ៊ឹម សុរចនា ដែលជាបុគ្គលិកគម្រោងមួយរូបនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បាននិយាយថា ការចូលរួមរបស់យុវជននៅក្នុងគោលនយោបាយសាធារណៈក៏ទាក់ទងផងដែរទៅនឹងថាតើបរិយាកាសនៃវិទ្យាល័យ ឬស្ថាប័នអប់រំណាមួយដែលបានផ្ដល់ឱកាសដល់យុវជនឱ្យចូលរួមនៅក្នុងកិច្ចពិភាក្សាសង្គមនិងនយោបាយ ។ ដូច្នេះហើយ យុវជនចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ជាពិសេស ពាក់ព័ន្ធនឹងការងារសង្គម និងដំណើរការ និងពិភាក្សាបញ្ហាសង្គម ។ ពួកគេត្រូវការព័ត៌មានមួយចំនួនជាចាំបាច់ នៅមុនពេលអាចចូលរួមនៅក្នុងដំណើរការអនុវត្តន៍ ។
សុរចនា បាននិយាយថា៖ «ដើម្បីឱ្យយុវជនមានលទ្ធភាពចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងកិច្ចពិភាក្សាគោលនយោបាយ ពួកគេចាំបាច់ត្រូវតាមដានដំណើរការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលកំពុងធ្វើសេចក្ដីព្រាងច្បាប់ដែលបម្រើដល់ផលប្រយោជន៍របស់ពួកគេ ឬអត់ ។ ប្រសិនបើពួកគេមិនតាមដានទេ ពួកគេនឹងបាត់បង់ឱកាស» ។
ទោះបីយ៉ាងណា បញ្ហាទាំងនេះកើតចេញពីកង្វះនៃសិទ្ធិទទួលបានព័ត៌មាននិងលំហ ព្រមទាំងបរិយាកាសមួយដែលពួកគេអាចចូលរួមដោយមានទំនុកចិត្ត ពាក់ព័ន្ធនឹងកិច្ចពិភាក្សាសង្គមនិងនយោបាយ ។
ដោយចែករំលែកទស្សនៈស្រដៀងគ្នានេះដែរ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានសង្កេតឃើញថា ការចូលរួមរបស់យុវជននៅមានកម្រិតនៅឡើយ ជាពិសេស ពាក់ព័ន្ធនឹងបញ្ហានានាដែលប៉ះពាល់ដល់ពួកគេ ដោយសារតែកង្វះសេរីភាព ។
លោកបាននិយាយថា៖ «ដើម្បីឱ្យយុវជនចូលរួមនៅក្នុងសកម្មភាពសង្គម ឬសេចក្ដីសម្រេចចិត្តនានាទាក់ទិននឹងបញ្ហាសង្គម ទាល់តែបើកលំហឱ្យយុវជនកាន់តែច្រើន ។ យុវជនត្រូវការឱកាសជាចាំបាច់ដើម្បីពិភាក្សាបញ្ហានានាស្ដីពីការអភិវឌ្ឍជាតិ ដើម្បីពួកគេអាចលើកឡើងពីក្ដីកង្វល់ តម្រូវការ និងភាពប្រឈម» ។
លោក សុធារ៉ាយុទ្ធ បានលើកឡើងថា យុវជនចូលរួមកាន់តែច្រើននៅក្នុងបញ្ហាសង្គម ប្រទេសជាតិនឹងកាន់តែអភិវឌ្ឍ ដោយសារតែពួកគេមានគំនិតថ្មីៗ ។
លោកថា នៅក្នុងគណបក្សភ្លើងទៀន មានគោលនយោបាយច្បាស់លាស់ដើម្បីលើកទឹកចិត្តយុវជនឱ្យចូលរួមនៅក្នុងបញ្ហាសង្គម-នយោបាយ និងនៅក្នុងដំណើរការនៃការធ្វើការសម្រេចចិត្ត ។
ផ្ទុយទៅវិញ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានប្រាប់ ខេមបូចា ថា មានការចូលរួមសកម្មពីយុវជននៅក្នុងការតាមដាននិងកិច្ចពិភាក្សាពីគោលនយោបាយសាធារណៈ ។
លោកបាននិយាយថា៖ «ជាទូទៅ ខ្ញុំបានសង្កេតឃើញថា មានការចូលរួមពាក់ព័ន្ធជាមួយច្បាប់ ដូចជា ការធ្វើសេចក្ដីព្រាងច្បាប់ ។ យុវជនបានចូលរួមយ៉ាងសកម្មនៅក្នុងច្បាប់នានា ដូចជា ច្បាប់សារព័ត៌មាន» ។ ដោយលោកបន្ថែមថា៖ «យុវជនក៏បានចូលរួមផងដែរ តាមរយៈសិក្ខាសាលានានារបស់អង្គការសង្គមស៊ីវិលដើម្បីប្រមូលធាតុចូល ដោយសារយុវជនមានសក្ដានុពលជាច្រើនដើម្បីចូលរួមជាផ្នែកមួយនៃ[ដំណើរការ]តាក់តែងច្បាប់» ។
លោក រ៉ាដែន បាននិយាយថា នៅពេលលោកចុះទៅមូលដ្ឋាន យុវជននៅមូលដ្ឋានក៏មានសេចក្ដីក្លាហានលើកឡើងពីបញ្ហាជាច្រើនដែលទាក់ទងនឹងតម្រូវការរបស់ពួកគេ ។ តម្រូវការទាំងនេះត្រូវបានកត់ត្រាដោយយកចិត្តទុកដាក់ជាសំឡេងមួយសម្រាប់អនាគត ។
លោកបានបន្តថា៖ «សំឡេងរបស់យុវជនតំណាងឱ្យសំឡេងរបស់ឪពុកម្ដាយពួកគេ ក៏ដូចជាសំឡេងនយោបាយ នៅក្នុងបរិបទសង្គមថ្មីមួយឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគត» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Navigating Challenges To Pave the Way for Youths To Participate in Policy Discussions