ក្រសួងអប់រំ និងមន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មាធិការមួយ និងចាត់តាំងមន្ត្រីបីរូបដើម្បីគ្រប់គ្រងបណ្តោះអាសន្ន និងស៊ើបអង្កេតករណីចោទប្រកាន់ពីការកិបកេងថវិកា និងអំពើពុករលួយ ពាក់ព័ន្ធនឹងនាយកនិងនាយករងនៃវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាអស់រយៈពេល៣ខែពីសំណាក់គ្រូបង្រៀន ៦៧នាក់ ដែលបានស្នើឱ្យក្រសួងអប់រំពន្លឿនការស៊ើបអង្កេតនិងដកតំណែងនាយកនិងនាយករងសាលាទាំងពីររូបចេញ ។ លោកគ្រូអ្នកគ្រូបានធ្វើពហិកាមិនបង្រៀនបីដងដើម្បីតវ៉ាដោយមានអមទាំងបដាទៀតផង ។
អ្នកគ្រូ ចាំង ចាន់ហួត បង្រៀននៅវិទ្យាល័យ ឈូកវ៉ា បាននិយាយថា លោកគ្រូអ្នកគ្រូពហិកាមិនបង្រៀនសិស្សដើម្បីដាក់សម្ពាធទៅលើថ្នាក់លើឱ្យធ្វើអន្តរាគមន៍ឱ្យបានឆាប់រហ័ស ។ ប៉ុន្តែ ការបដិសេធមិនព្រមបង្រៀនសិស្សទាំងបីដងនេះបាននាំឱ្យមានកិច្ចអន្តរាគមន៍ពីមន្ទីរអប់រំរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ហើយបន្ទាប់ពីកិច្ចអន្តរាគមន៍នេះ លោកគ្រូអ្នកគ្រូក៏បានវិលត្រឡប់មកបង្រៀនវិញតាមធម្មតា ដោយដាក់មន្រ្តីមកដាក់នាំជំនួសបណ្តោះអាសន្ន ។
អ្នកគ្រូ ចាន់ហួត បាននិយាយថា៖ «យើងពិបាកណាស់នៅពេលដែលតំណាងមន្ទីរអប់រំមកដោះស្រាយបញ្ហា ប៉ុន្តែ នៅតែមិនទាន់មានដំណោះស្រាយដែលអាចទទួលយកបាន ។ ពួកគេនិយាយតែពីច្បាប់ និងមិនអនុញ្ញាតឱ្យយើងចែករំលែកហេតុផលរបស់ពួកយើងទេ ។ អ្វីដែលយើងចង់បាន គឺសុំឱ្យដកនាយកនិងនាយករងចេញ»។
ប៉ុន្តែ អ្នកគ្រូជឿជាក់ថា មន្ទីរនឹងចាត់វិធានការនិងដោះស្រាយបញ្ហាអំពើពុករលួយនៅក្នុងប្រព័ន្ធអប់រំឱ្យបានឆាប់រហ័សនិងមានតម្លាភាព ពីព្រោះប្រសិនបើមិនផ្លាស់ប្ដូរនាយកទេ សាលានឹងមិនរីកចម្រើនឡើយ ហើយនឹងគ្មានសាមគ្គីភាពទេ ។ ទៅអនាគត លោកគ្រូអ្នកគ្រូអាចនឹងចាកចេញ ហើយសិស្សនឹងផ្លាស់ទៅរៀននៅសាលាផ្សេង ។
អ្នកគ្រូ ចាន់ហួត បានរៀបរាប់រំឭកឡើងវិញថា នាយកសាលា លោក ប៊ុន មុនី កាលពីមុន បានប្រាប់លោកគ្រូអ្នកគ្រូឱ្យរៃអង្គាសមូលនិធិពីអាណាព្យាបាលនិងសិស្សានុសិស្សជាចំណូលបន្ថែមសម្រាប់សាលា ប៉ុន្តែ អ្នកគ្រូមិនយល់ស្របនឹងគំនិតនេះទេ ។
អ្នកគ្រូ ចាន់ហួត បាននិយាយថា៖ «គាត់[ប៊ុន មុនី] បាននិយាយថា លោកគ្រូអ្នកគ្រូគួរតែដឹងពីរបៀបរកស៊ីនិងធ្វើទីផ្សារដើម្បីរកលុយឱ្យសាលា ប៉ុន្តែ យើងមិនព្រមធ្វើសកម្មភាពខុសច្បាប់បែបនោះទេ ។ទស្សនៈរបស់ខ្ញុំ គឺថា គ្រូបង្រៀនមិនមែនជាអ្នករៃអង្គាសប្រាក់ទេ»។
អ្នកគ្រូបាននិយាយថា ប្រសិនបើបញ្ហាដោះស្រាយមិនបានត្រឹមត្រូវទេ វាអាចប៉ះពាល់ដល់ក្រសួង ព្រមទាំងបង្កើតជាគំរូមិនល្អដល់សាលាផ្សេងទៀត និងជះឥទ្ធិពលអវិជ្ជមានដល់ការអប់រំរបស់ក្មេងៗ ។
អ្នកគ្រូ ចាន់ហួត បាននិយាយថា៖«ខ្ញុំត្រូវការយុត្តិធម៌ ។ បើយើងឃើញអំពើពុករលួយ ហើយបង្រៀនក្មេងៗឱ្យធ្វើ[ពុករលួយដែរ] សង្គមយើងនឹងមិនរីកចម្រើនទេ ។ ដូច្នេះ ខ្ញុំស្នើសុំក្រសួងពន្លឿននីតិវិធីដោយដកតំណែងនាយកសាលាចេញ»។
មិនមែនជាបញ្ហាតូចទេ
គ្រូបង្រៀនមួយរូបទៀត អ្នកស្រី សឹង សុវណ្ណ អាយុ ៤៥ឆ្នាំ បាននិយាយថា បន្ទាប់ពីលោកគ្រូអ្នកគ្រូបានតវ៉ាពីរដង និងមិនបង្រៀនសិស្សបីពេល មន្ទីរអប់រំបានចុះមកសម្រុះសម្រួលជាមួយលោកគ្រូអ្នកគ្រូឱ្យបង្រៀនសិស្សជាបន្ត ។
កន្លងមក មានតែសមាជិកគណៈកម្មាធិការមួយរូបទេដែលបានមកសាលា ហើយគ្មានការចេញលិខិតផ្លូវការណាមួយដើម្បីព្យួរការងារនាយក ឬការសម្រេចណាមួយថាតើនាយកសាលានឹងត្រូវដកចេញ ឬយ៉ាងណានោះទេ ។
អ្នកគ្រូ សុវណ្ណ បាននិយាយថា៖ «ក្នុងពេលបីខែខាងមុខ ពួកគេនឹងរកឃើញពីទង្វើមិនត្រឹមត្រូវរបស់នាយកសាលាដែលស្របគ្នានឹងបណ្ដឹងរបស់ពួកយើង។ នៅពេលកិច្ចប្រជុំរបស់មន្ទីរអប់រំរកឃើញថា ការគ្រប់គ្រងរបស់ ប៊ុន មុនី ពុំមានតម្លាភាព គេនឹងអនុវត្តនីតិវិធីដើម្បីមានចំណាត់ការទៅតាមច្បាប់»។

អ្នកស្រី សុវណ្ណ មិនគិតថាបញ្ហានេះជាបញ្ហាតូចតាចនោះទេ និងបានទទូចថា មន្ទីរអប់រំត្រូវដោះស្រាយ«ភាពមិនប្រក្រតី»នេះឱ្យមានតម្លាភាព ។ ប្រសិនបើអ្នកគ្រូលោកគ្រូមិនអាចទទួលយកចំណាត់ការដែលគេអនុវត្តបានទេនោះ ពួកគេនឹងបន្តធ្វើពហិកា ។ សិស្សានុសិស្សក៏អាចនឹងផ្ទេរចេញទៅសាលាផ្សេង ដោយសារអាណាព្យាបាលជាច្រើនមិនពេញចិត្តនឹងការដឹកនាំរបស់នាយកសាលា ។
អ្នកគ្រូ សុវណ្ណ បាននិយាយថា៖«[អ្វីដែលខ្ញុំចង់បាន] គឺដកនាយកទាំងពីរនាក់ចេញ ពីព្រោះពួកគេបានរកឃើញកំហុសជាច្រើនរួចមកហើយ ។ ប្រសិនបើមន្ទីរមិនចាត់វិធានការទេ មានន័យថា មន្ទីរកាន់ជើងជនដែលពុករលួយហើយ ហើយយើងនឹងធ្វើពហិកាមិនបង្រៀនជាបន្ត»។
គ្មានភស្តុតាងពីអំពើពុករលួយ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានប្រាប់ ខេមបូចា ថា ក្រសួងបានចេញលិខិតទៅសាលារាជធានីភ្នំពេញដើម្បីរៀបចំយន្តការមួយចំនួន ។ អ្វីៗកំពុងដោះស្រាយស្របទៅតាមនីតិវិធីរបស់មន្ទីរអប់រំ ។
មន្ទីរបានបង្កើតគណៈកម្មាធិការមួយដែលបានចាត់តាំងសមាជិកបីរូប ដើម្បីតាមដានការគ្រប់គ្រងរបស់សាលា ដោយក្នុងនោះ តួនាទីនិងសិទ្ធិសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលត្រូវបានព្យួរបណ្ដោះអាសន្ន ។
លោក ស៊ីណារ៉េត បាននិយាយថា៖ «ខ្ញុំបានប្រាប់លោកគ្រូអ្នកគ្រូឱ្យបើកទូលាយចិត្ត និងកុំធ្វើហួសអ្វីដែលត្រូវបានហាមឃាត់ ដែលនឹងធ្វើឱ្យខូចដល់វិធានការដែលគណៈកម្មាធិការកំពុងអនុវត្ត ។ ដូច្នេះ នៅពេលដែលគេបង្កើតគណៈកម្មាធិការរួចហើយ ហើយបើការរំលោភបំពាននៅតែមានជាបន្តទៀត នោះលោកគ្រូអ្នកគ្រូអាចធ្វើការតវ៉ាជាថ្មីបាន ។ គ្មានអ្នកណាម្នាក់អាចបង្ខំពួកគេក្នុងការអនុវត្តសិទ្ធិរបស់ពួកគេបានឡើយ»។
ប៉ុន្តែ លោកបារម្ភថា លោកគ្រូអ្នកគ្រូអាចនឹងលាយឡំគ្នារវាងបញ្ហាផ្ទាល់ខ្លួន និងការចោទប្រកាន់ទៅលើនាយកសាលា ។ លោកបានបញ្ជាក់ថា ភស្តុតាងនៃអំពើពុករលួយដូចដែលលោកគ្រូអ្នកគ្រូបានអះអាង គឺ«គ្មានមូលដ្ឋាន»ឡើយ ។ លោកបាននិយាយថា «វាមិនមែនជាអំពើពុករលួយទេ» ។
លោក ស៊ីណារ៉េត បាននិយាយថា៖«លោកគ្រូអ្នកគ្រូបានចោទប្រកាន់នាយកសាលាពីអំពើពុករលួយ ប៉ុន្តែ យើងមិនឃើញដូច្នោះទេ»។ លោកបានបន្ថែមថា៖ «នាយកសាលាបានចំណាយថវិកាដើម្បីធ្វើអ្វីមួយ ប៉ុន្តែ អត់មានវិក្កយបត្រ ហើយយើងក៏បានធ្វើការណែនាំពួកគាត់»។
លោកបានសង្កត់ធ្ងន់ថា លោកប្រកាន់ខ្ជាប់នូវវិធាននានា ដោយមិនកាន់ជើងភាគីខាងណាទេ ប៉ុន្តែ លោកបានបញ្ចេញទស្សនៈថា ការតវ៉ានិងបដាទាមទារឱ្យផ្លាស់ប្ដូរនាយកសាលាបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រង ។ លោកបាននិយាយថា៖ «ជាទូទៅ យើងបានស្នើសុំទៅក្រសួង និងសាលារាជធានីភ្នំពេញដើម្បីចាត់វិធានការបន្ត» ។ លោកបានបន្តថា៖ «ពួកគេមិនទាន់ឈានដល់កម្រិតនៃការដកនាយកនៅឡើយទេ»។
យើងមិនអាចធ្វើការសម្រេចចិត្តបានទេ
លោក យ៉ើ លាង នាយករងវិទ្យាល័យ ឈូកវ៉ា ដែលត្រូវបានចោទប្រកាន់ជាមួយនឹងលោក ប៊ុន មុនី ដែរ បានច្រានចោលការចោទប្រកាន់ ដោយនិយាយថា ពួកគាត់មិនបានធ្វើអំពើពុករលួយទេ ។ លោកបាននិយាយថា លោកបានបន្តធ្វើការនៅក្នុងសាលាដូចសព្វមួយដង ។
ប៉ុន្តែ នៅពេលគណៈកម្មាធិការបានចុះមកស៊ើបអង្កេត លោកនិងក្រុមប្រឹក្សាភិបាលដទៃទៀតនឹងក្លាយជាសមាជិកនៃគណៈកម្មាធិការនោះ ប៉ុន្តែលោកពុំមានសិទ្ធិសម្រេចចិត្តលើកិច្ចការសាលាទេ ។
លោកបានបដិសេធមិនផ្ដល់អត្ថាធិប្បាយជុំវិញការចោទប្រកាន់របស់លោកគ្រូអ្នកគ្រូមកលើរូបលោកទេ ដោយកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារលើបញ្ហានេះហើយ ។
លោក លាង បាននិយាយថា៖ «ក្រសួងអប់រំនិងមន្ទីរអប់រំបានប្រជុំគ្នាកាលពីសប្ដាហ៍មុន ។ គេនឹងរៀបចំបង្កើតគណៈកម្មាធិការរួមមួយដើម្បីគ្រប់គ្រងកិច្ចការសាលាជំនួសពួកយើង ។ មនុស្សប្រាំនាក់ក្នុងនោះមានខ្ញុំដែរ នឹងធ្វើត្រឹមតែជាសមាជិកប៉ុណ្ណោះ ។ យើងមិនអាចធ្វើការសម្រេចចិត្តអ្វីបានទេ យើងនឹងធ្វើត្រឹមតែជាសមាជិកប៉ុណ្ណោះ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានប្រាប់ ខេមបូចា ថា អំពើពុករលួយនៅក្នុងវិស័យអប់រំ ជាពិសេស ការកិបកេងមូលនិធិ មិនគួរកើតមានទេ ។ នេះដោយសារតែស្ថាប័នអប់រំរដ្ឋគឺជាកន្លែងអភិវឌ្ឍន៍ធនធានមនុស្ស តម្លាភាព និងសុចរិតភាពនៅក្នុងសង្គម ។
លោកយល់ឃើញថា ក្រសួង ឬមន្ទីរពាក់ព័ន្ធគួរចាត់វិធានការតឹងរ៉ឹងស្របទៅតាមច្បាប់ និងបង្កើតជាគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតបញ្ហានេះ ។
លោក ច័ន្ទរឿន បាននិយាយថា៖«ក្រសួងគួរបង្កើតគណៈកម្មាធិការរួមមួយដើម្បីស៊ើបអង្កេតនិងធានាយុត្តិធម៌ បើមិនដូច្នេះទេ វានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រសួង»។
កាលពីខែកុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍មួយថា ការរៃអង្គាសថវិកាដើម្បីទ្រទ្រង់ប្រតិបត្តិការសាលារៀនរបស់រដ្ឋត្រូវបានហាមឃាត់ដាច់ខាត ។ យោងតាមក្រសួង សាលារដ្ឋបានទទួលថវិកាជាមធ្យម ១៦លានរៀលក្នុងមួយឆ្នាំៗសម្រាប់បម្រើដល់កិច្ចប្រតិបត្តិការរបស់សាលា រដ្ឋបាល និងការបង្រៀន ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two Chhouk Va High School Directors Suspended, Pending Investigation of Embezzlement Following Protests