បន្ទាប់ពីជាប់ឆ្នោតជាប្រធានសហជីព អ្នកស្រី រឿន កូលាប ត្រូវបានរោងចក្របញ្ឈប់ពីការងារ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ ដោយគិតមកទល់ពេលនេះ គឺមានរយៈពេលមួយឆ្នាំមកហើយ ចាប់តាំងពីអ្នកស្រី បានចាប់ផ្តើម និងបន្តស្វែងរកយុត្តិធម៌ និងទោះបីជាមានការអន្តរាគមន៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក៏ដោយ ក៏ភាគីរោងចក្របានបដិសេធយកអ្នកស្រី ឱ្យចូលធ្វើការដូចដើមវិញដែរ។
អ្នកស្រី កូលាប ត្រូវបានបណ្តេញចេញពីការងារដោយរោងចក្រកាត់ដេរឈ្មោះ Shengbo Garment (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ កាលពីខែមិថុនា ឆ្នាំ ២០២៣ ពោលគឺត្រឹមតែពីរថ្ងៃ បន្ទាប់ពីក្លាយជាប្រធានសហជីពរបស់រោងចក្រ។
បន្ទាប់ពីនោះ អ្នកស្រី កូលាប បានស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួង និងនាយកដ្ឋានវិវាទការងារឱ្យជួយអ្នកស្រី ហើយស្ថាប័នរដ្ឋនេះបានបញ្ជាឱ្យខាងរោងចក្រ Shengbo ទទួលយកអ្នកស្រី មកធ្វើការវិញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៣ ប៉ុន្តែខាងភាគីរោងចក្របានបដិសេធចំពោះការណែនាំរបស់ក្រសួងទៅវិញ។
អ្នកស្រី បានធ្វើកូដកម្មដោយខ្លួនឯងផ្ទាល់ដើម្បីប្រកាសថា រោងចក្រ Shengbo បំពានច្បាប់ការងារ និងជំរុញឱ្យបញ្ឈប់ការរើសអើងលើសហជីព ដែលការពារផលប្រយោជន៍កម្មកររោងចក្រ។ ស្របតាមការផ្តល់សច្ចាប័នរបស់កម្ពុជាលើអនុសញ្ញាលេខ ៨៧ និង ៩៨ របស់អង្គការពលកម្មអន្តរជាតិស្តីពីការការពារសិទ្ធិសហជីព និងការតវ៉ា។
ជាមួយគ្នានេះ អ្នកស្រី បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែការកាត់ក្តីត្រូវបានពន្យារពេលវិញ ដោយមូលហេតុ ចៅក្រម មានបញ្ហាសុខភាព មិនល្អនាពេលនោះ។
ការរើសអើងប្រឆាំងនឹង សហជីពឯករាជ្យ
អ្នកស្រី កូលាប ត្រូវបានជ្រើសរើសដោយផ្ទាល់ពីសំណាក់ក្រុមកម្មករ ឱ្យក្លាយជាប្រធានសហជីព កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ ខណៈការបោះឆ្នោតនោះធ្វើឡើងក្នុងលក្ខណៈវិជ្ជាជីវៈ ស្របតាមនីតិវិធីនៃច្បាប់ការងារ និងច្បាប់សហជីព ដោយមានការជូនដំណឹងដល់ ភាគីរោងចក្រ តាមរយៈប្រៃសណីយ៍កម្ពុជា។
ទោះយ៉ាងណាក៏ដោយ ពីរថ្ងៃក្រោយមក នៅពេលដែល អ្នកស្រី កូលាប ទៅកាន់ការិយាល័យគ្រប់គ្រងធនធនមនុស្សរបស់រោងចក្រ ដើម្បីដាក់ពាក្យសុំឈប់សម្រាក ហើយស្របពេលនោះអ្នកស្រី ក៏ទទួលបានលិខិតបញ្ឈប់ពីការងារ ដោយហេតុផលថាអ្នកស្រី «ធ្វើការមិនបានល្អ» តែម្តង។
យោងតាមអ្នកស្រី កូលាប ហេតុផលសម្រាប់ការបណ្តេញចេញនោះ គឺមិនស៊ីសង្វាក់គ្នាទៅនឹងលទ្ធផលការងារជាក់ស្តែងរបស់គាត់ទេ ជាពិសេសនៅពេលដែលអ្នកស្រី ទទួលបានប្រាក់លើកទឹកចិត្តប្រចាំខែសម្រាប់ការងាររបស់អ្នកស្រី ដូចកម្មករផ្សេងទៀតដែរ ហើយមិនត្រូវបានស្តីបន្ទោស ឬព្រមានអ្វីឡើយ។
អ្នកស្រី បាននិយាយថា៖ «ពេលខ្ញុំទៅសុំឈប់សម្រាក ខាងភាគីរោងចក្របានបើកប្រាក់ខែចុងក្រោយឲ្យខ្ញុំ បូកនឹង៥ភាគរយ នៃប្រាក់ខែបញ្ចប់កិច្ចសន្យា ដែលទទួលបានជាង ២០០ ដុល្លារ»។
អ្នកស្រី បានសម្តែងការខកចិត្តចំពោះរឿងនោះ បើទោះបីជាក្រសួងបានអន្តរាគមន៍ក៏ដោយ ក៏ពួកគេនៅតែបដិសេធមផ្តល់កិច្ចសន្យាការងារឱ្យគាត់ឡើងវិញដែរ ហើយមិនបានផ្តល់ហេតុផលច្បាស់លាស់នោះទេ។
អ្នកស្រី កូលាប បន្តថា៖ «ខ្ញុំគិតថារោងចក្ររើសអើង [ខ្ញុំ] ពេលខ្ញុំជាប់ឆ្នោតជាប្រធានសហជីព ព្រោះខ្ញុំធ្លាប់ឮថារោងចក្រនេះមិនទទួលយកសហជីពឯករាជ្យទេ»។

ដោយមើលឃើញថា រោងចក្ររំលោភសិទ្ធិកម្មករ និងរើសអើងសហជីព អ្នកស្រីសម្រេចដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ «បណ្ដេញ អ្នកស្រី ចេញពីការងារ ដោយគ្មានហេតុផល»។
ទោះជាយ៉ាងណាក៏ដោយ សវនាការរបស់ អ្នកស្រី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ កន្លងមកនេះ ត្រូវបានពន្យារពេលទៅវិញ ដោយសារចៅក្រម មានបញ្ហាសុខភាព។
អ្នកស្រី កូលាប បាននិយាយថា៖ «ចៅក្រម ឈឺនៅមុនថ្ងៃសវនាការមកដល់។ គាត់គួរតែប្រាប់ខ្ញុំកុំឲ្យមក»។ ដោយបន្ថែមថា៖ «ខ្ញុំគិតថាវាជាលេស។ ខ្ញុំតូចចិត្តណាស់ព្រោះខ្ញុំរំពឹងថាតុលាការនឹងដោះស្រាយរឿងនេះឲ្យខ្ញុំព្រោះខ្ញុំទើបរកការងារថ្មីបាន។ ប្រសិនបើខ្ញុំឈប់សម្រាកញឹកញាប់ រោងចក្រថ្មីអាចនឹងបណ្តេញខ្ញុំចេញពី ការងារផងដែរ»។
កាលពីខែកុម្ភៈ ឆ្នាំនេះ កម្មករកាត់ដេរជាង ១០០នាក់នៅរោងចក្រ Shengbo បានតវ៉ាទាមទារឲ្យ ទទួលយកកម្មករពីរនាក់ ត្រឡប់មកធ្វើការដូចដើមវិញ ខណៈដែលត្រូវបានបណ្ដេញចេញ បន្ទាប់ពីពួកគេបានជាប់ឆ្នោតជាមេសហជីពក្នុងរោងចក្រ។
កិច្ចសន្យារយៈពេលខ្លី កម្មករបាត់បង់អត្ថប្រយោជន៍
រោងចក្រ Shengbo ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិចិននោះ មានកម្មករសរុបជាង ៧០០ នាក់ បានបម្រើការងារឱ្យពួកគេ ហើយរោងចក្រនេះ បានផលិតសំលៀកបំពាក់ស្ត្រីសម្រាប់យីហោ MNG របស់ប្រទេសអេស្ប៉ាញ និង Calliope របស់អ៊ីតាលី ដើម្បីនាំចេញទៅកាន់តំបន់អឺរ៉ុប។ ខណៈរោងចក្រនេះ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅខែមីនា ឆ្នាំ២០២៣ ។
អ្នកស្រី កូលាប បានចូលធ្វើការឱ្យរោងចក្រនេះ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលកំណត់ ត្រឹមពីរខែ ដែលជាធម្មតាត្រូវបានបន្តឡើងវិញ ប៉ុន្តែអ្នកស្រីត្រូវបានបណ្តេញចេញពីការងារ ក្រោយបានបំពេញការងារនេះត្រឹមតែពីរខែ និងពីរថ្ងៃបន្ទាប់ពីអ្នកស្រី ត្រូវបានជ្រើសរើសជាប្រធានសហជីពឯករាជ្យថ្មី។
អ្នកស្រី ជឿថាការប្រើប្រាស់កិច្ចសន្យារយៈពេលមានកំណត់នៅតែជារឿងមួយ ដែលនិយោជកភាគច្រើន គិតថាជារឿងទូទៅ តែតាមពិតដូចជាការ «រារាំង ដល់ការរួបរួម» ជាមួយនឹងការមិនបន្តកិច្ចសន្យាថ្មី ហើយមើលទៅហាក់បីដូចជា ពួកគេកំពុងមានការរើសអើងដល់មេដឹកនាំសហជីពផងដែរ។
អ្នកស្រី កូលាប បន្តថា៖ «នេះជាបញ្ហា។ កម្មករមានការភ័យខ្លាចនៅពេលដែលពួកគេធ្វើការនៅក្នុងរោងចក្រដែលមានកិច្ចសន្យារយៈពេលខ្លី ដោយសារតែពួកគេងាយប្រឈមនឹង ការបណ្តេញចេញពីការងារ ពីសំណាក់ប្រធានរបស់ពួកគេគ្រប់ពេលវេលា។ ដូច្នេះ កន្លែងបែបនេះពិបាកសម្រាប់ពួកយើង ដើម្បីរកប្រាក់កម្រៃចិញ្ចឹមជីវិតណាស់»។
អ្នកស្រី បានរំលឹកថា ក្នុងអំឡុងពេលដែលអ្នកស្រី ត្រូវបានបណ្តេញចេញនោះ អ្នកស្រីប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយសារតែ គ្រប់កន្លែងដែលអ្នកស្រី ដាក់ពាក្យដើម្បីចូលធ្វើការ គេមិនទទួលអ្នកស្រី នោះទេ ព្រោះតែអ្នកស្រីមានប្រវត្តិជាអតីតមេដឹកនាំ
សហជីព។ ក្នុងនាមជាស្ត្រីមេម៉ាយមានកូនបីនាក់ និងគ្មានការងារធ្វើផងនោះ ជីវិតជួបការលំបាកខ្លាំងណាស់។ ការណ៍នេះធ្វើឱ្យអ្នកស្រី សោកសៅ ហើយមានជំងឺមកបៀតបៀនខ្លួនទៀតផង។
អ្នកស្រី កូលាប បន្ថែមថា ៖ «ខ្ញុំមានកូនបីនាក់ ពួកគេកំពុងរៀននៅភ្នំពេញ។ ខ្ញុំជួបការលំបាក អត់មានការងារធ្វើ ខ្ញុំមានជម្ងឺ ពេលខ្លះយំព្រោះមិនដឹងរកការងារនៅឯណា និងលុយសម្រាប់ការសិក្សារបស់កូន»។
ដោយមិនមានការបាក់ទឹកចិត្តនោះ អ្នកស្រីសង្ឃឹមថា ក្រសួងក៏ដូចជាតុលាការនឹងសម្រេចក្តី ឱ្យអ្នកស្រីឈ្នះ ដោយបញ្ជាឱ្យរោងចក្រព្រមទទួលយក អ្នកស្រីត្រឡប់ទៅវិញ និងផ្តល់សំណងសមរម្យ។
មិនគោរពច្បាប់
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា បញ្ហារបស់ អ្នកស្រី កូលាប គឺ «មិនមែនជាករណីរើសអើងសហជីពនោះទេ» វាគ្រាន់តែជា «ការអះអាងរបស់ អ្នកស្រី» ប៉ុន្តែធាតុពិតវាគឺជា «ការបង្កើតសហជីពដោយមិនបំពេញកាតព្វកិច្ចជូនដំណឹងអំពីការបង្កើតសហជីពទៅកាន់ភាគីរោងចក្រ» និង «ការចម្លងឯកសារ ពីក្រសួងមិនបានត្រឹមត្រូវតាមស្មារតីនៃច្បាប់ស្តីពីសហជីព»។
លោកបានបន្តថា៖ «នាយកដ្ឋានដោះស្រាយវិវាទការងាររបស់ក្រសួងបានសម្របសម្រួលការផ្សះផ្សា [រវាងភាគីរោងចក្រ និងអ្នកស្រី កូលាប]» ដោយបន្ថែមថា លទ្ធផលមិនទទួលបានផ្លែផ្កានោះទេ។ ផ្ទុយទៅវិញអ្នកស្រី កូលាប បានដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តកំពង់ស្ពឺ ហើយសំណុំរឿងនេះស្ថិតក្រោមយុត្ថាធិការ (ដែនសមត្ថកិច្ច) របស់តុលាការនៅពេលនេះ។
ក្រុមសង្គមស៊ីវិល រួមមានសហជីព សហព័ន្ធសហជីព និងអង្គការក្រៅរដ្ឋាភិបាល បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបណ្តេញ អ្នកស្រី កូលាប ដោយខុសច្បាប់របស់ រោងចក្រ Shengbo។ ពួកគេ បានចាត់ទុកការដកតំណែងមេសហជីពនេះថា ជាការរំលោភសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម យ៉ាងធ្ងន់ធ្ងរ និងការពារសិទ្ធិកម្មករស្របច្បាប់នៅកន្លែងការងារ។
អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រាប់ ខេមបូចា ថា ប្រសិនបើអ្នកស្រី កូលាប មិនបង្កើតសហជីពទេ រោងចក្រនឹងមិនបណ្តេញអ្នកស្រី ចេញពីការងារនោះទេ។
អ្នកស្រីនិយាយថា៖ «យើងសង្កេតឃើញថា បើសហជីពជាសហជីពរបស់រោងចក្រ គេការពារភាគីគេ ប៉ុន្តែបើជាសហជីពឯករាជ្យ គេរើសអើង»។
អ្នកស្រី ទូច សើ រំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់អ្នកស្រី ដូច្នេះ អ្នកស្រី អាចចូលធ្វើការនៅរោងចក្រ Shengbo វិញបាន ដោយបន្ថែមថា ថៅកែមិនគោរពច្បាប់ការងារ និងរើសអើងសហជីព។
នៅពេលបានទាក់ទង លោក អាំ មុន្នី អតីតប្រធានរដ្ឋបាលរោងចក្រ Shengbo នោះ លោកបាននិយាយថា លោកបានឈប់ធ្វើការនៅក្នុងរោងចក្រកាលពីប្រាំខែមុនមកម្ល៉េះ ហើយបញ្ជាក់ថា លោកមិនមានទំនាក់ទំនងអ្វីទៀតទេ ជាមួយរោងចក្រ ទាក់ទងនឹងបញ្ហានេះ។
លោក ផេង ស៊ីភ័ណ្ឌ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ មិនបានឆ្លើយតបទៅ ខេមបូចា ទេ នៅពេលបានទាក់ទងតាមទូរសព្ទ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A Year After Her Dismissal, Union Leader Roeun Kolap Demands Justice And Reinstatement