សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវជនអំពាវនាវឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាព និងសុវត្ថិភាពដល់ពួកគេដើម្បីចូលរួមការពារបរិស្ថាន

លោក ឌី្រសម៉ាន់ អ៊ីហ្គោរ៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងអ្នកចូលរួមបានថតរូបជុំគ្នាក្នុងទិវាអឺរ៉ុប(Europe Day) កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២។ (ខេមបូចា/ ពក ពន្លឺ)
លោក ឌី្រសម៉ាន់ អ៊ីហ្គោរ៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងអ្នកចូលរួមបានថតរូបជុំគ្នាក្នុងទិវាអឺរ៉ុប(Europe Day) កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២។ (ខេមបូចា/ ពក ពន្លឺ)

យុវជនប្រមាណជាងមួយរយនាក់ចូលរួមក្នុងទិវាអឺរ៉ុប (Europe Day) ដែលជជែកលើ​ប្រធាន​បទតួនាទី​ដ៏​សំខាន់​របស់យុវជនអំពីនិរន្តរភាពបរិស្ថាន និងការអប់រំ ពួកគេក៏បានអំពាវនាវឱ្យរដ្ឋាភិបាល​បើកលម្ហ​សេរីភាព​​​ឱ្យទូលាយ ហើយបង្កលក្ខណៈឱ្យពួកគេយល់ថា មានសុវត្ថិភាព និងមានការគាំទ្រក្នុងការ​ចូល​រួមការពារបរិស្ថាន។

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ ​​​បានប្រារព្ធ​ទិវាអឺរ៉ុប (Europe Day) ក្រោមប្រធានបទ «តួនាទីដ៏សំខាន់របស់យុវជនក្នុងការកាច់ចង្កូតឆ្ពោះទៅកាន់របៀបវារៈអំពីនិរន្តរភាព​បរិស្ថាន និងការអប់រំ» ដែលមានវាគ្មិន៥រូបចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និង​ទស្សន​វិស័យ​ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ក្នុងកិច្ចពិភាក្សានោះ ក៏មានការចូលរួមពីសាធារណជន និងយុវជន​ចម្រុះ​ប្រមាណ​ជាងមួយរយនាក់។

យុវជន សុទ្ធ ពៅសំណាង ជាវាគ្មិនមួយរូប បានលើកឡើងថា វាជាឱកាសដ៏ល្អដើម្បីបង្ហាញការព្រួយ​បារម្ភ និងក្តីកង្វល់ជុំវិញបញ្ហានានា ដូចជាវិសមភាពយេនឌ័រ បញ្ហាម្រែបម្រួលអាកាសធាតុ និង​អតុល្យភាព​រវាងអ្នកតំណាងឱ្យសហគមន៍ និងអ្នករស់នៅក្នុងសហគមន៍ ដើម្បីឱ្យអ្នកចូលរួមដែល​ជា​យុវជន​ជំនាន់ក្រោយបានឈ្វេងយល់ និងចូលរួមដោះស្រាយទាំងអស់គ្នា។

យុវជន ពៅសំណាង បន្តថា៖ «យុវជនខ្លួនឯង គួរតែរៀបចំខ្លួន ឬក៏ពង្រឹងខ្លួនធ្វើយ៉ាងម៉េច ឱ្យក្លាយ​ជា​ពលរដ្ឋ​សកម្ម ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ជាពិសេសបញ្ហាបរិស្ថាន ពីព្រោះ​បញ្ហាបរិស្ថានដូចយើងដឹងស្រាប់មួយរយៈចុងក្រោយនេះ ក្តៅខ្លាំង វាមិនមែនប៉ះពាល់តែអ្នកបង្កើត​គោលនយោបាយ(policy maker)ទេ ប៉ុន្តែវាប៉ះពាល់សម្រាប់សហគមន៍ទាំងមូល»

ជុំវិញបញ្ហាបរិស្ថាននេះ យុវជនរូបនេះក៏អំពាវនាវឱ្យរដ្ឋាភិបាលគួរតែបើកលម្ហ​សេរីភាពឱ្យ​ទូលាយ​ជាង​នេះ ដើម្បីឱ្យយុវជនអាចចូលរួមចំណែកក្នុងសកម្មភាពការពារបរិស្ថាន ហើយក៏ត្រូវធ្វើឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា សុវត្ថិភាព និងមានការគាំទ្រជាជាងការភ័យខ្លាច នៅពេលពួកគេធ្វើសកម្មភាព​ការពារ​បរិស្ថាន ស្របពេលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាមានយុវជនប្រហែលជា៦០ភាគរយដែល​ជាឱកាសដ៏ល្អក្នុងការអភិវឌ្ឃប្រទេសជាតិ។

យុវជន ពៅសំណាង បន្ថែមថា៖ «រដ្ឋាភិបាលគួរតែបើកលម្ហសេរីភាពឱ្យកាន់តែទូលាយជាងហ្នឹង​ ដើម្បី​ឱ្យ​យុវជនចូលរួមសកម្មភាពការពារបរិស្ថានឱ្យបានកាន់តែច្រើន ហើយឱ្យពួកគាត់មានអារម្មណ៍​ថា​សុវត្ថិភាព​​(safe and supportive) មានន័យថា គាត់ចូលរួមចំណែកហើយ គាត់មានអារម្មណ៍ថាគាត់ចូល​ដោយ​​សុវត្ថិភាព ហើយមានអារម្មណ៍ថាពួកគាត់មានការគាំទ្រ មិនមែនចូលដោយមានការភ័យខ្លាច»

វាគ្មិនមួយរូបទៀត យុវតី ម៉េង ម៉ូលីនណា ជាសិស្សវិទ្យាល័យ និងអ្នកបង្កើតមាតិកាឯករាជ្យ​ផ្តោតលើការ​អប់រំ និងសុខភាពផ្លូវចិត្តរបស់យុវជន យល់ឃើញថា នេះជាជំហានវិជ្ជមានមួយដែលសហភាពអឺរ៉ុប ប្រចាំ​​​ប្រទេសកម្ពុជាបានផ្តល់ឱកាសឱ្យយុវជន រួមមានក្មេងស្រីផងនោះ បានចូលរួមបង្ហាញ​អំពីទស្សន​វិស័យ និងកិច្ចការរបស់ពួកគេក្នុងការចូលរួមការពារ និងដោះស្រាយបញ្ហាបរិស្ថាន ដែលបញ្ហានេះ​ជា​ប្រធានបទ​ក្តៅមួយមិនមែនសម្រាប់តែប្រទេសកម្ពុជាទេ គឺពិភពលោកទាំងមូល។

យុវតី ម៉ូលីនណា លើកឡើងថា៖ «ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺមានការបញ្ចូលនូវក្មេងស្រីៗ ឬ​ស្ត្រី​ឱ្យ​ចូលរួមនៅក្នុងកម្មវិធីទាំងអស់ណុង ទោះយ៉ាងណា ដូចជាវាគ្មិនរបស់យើង គឺមានមនុស្សស្រី​ដែល​គាត់ជាអ្នកបង្កើតមាតិកា ជាសិស្សវិទ្យាល័យ វាជាអ្វីដែលធ្វើឱ្យខ្ញុំជំរុញលើកទឹកចិត្តខ្លាំងមែនទែន ព្រោះ​គេ​​គិតថា​ក្មេងស្រី គឺមិនសូវធ្វើអ្វីបានច្រើន តែមើលឥឡូវវិញ គឺថាក្មេងស្រីគាត់ចូលរួមបានច្រើន​ ហើយធ្វើ​ឱ្យ​សំឡេងរបស់គាត់ហ្នឹងឮ មិនត្រឹមដល់សហគមន៍ទេ តែដល់អន្តរជាតិទៀត»

តែយ៉ាងណា ដើម្បីអាចឱ្យយុវជនចូលរួមការពារ និងដោះស្រាយបញ្ហាបរិស្ថានឱ្យបានកាន់តែច្រើន ឬល្អ​ប្រសើរ និស្សិត នួន ចាន់លីម នៃសាកលវិទ្យាសាស្ត្របញ្ញាសាស្ត្រកម្ពុជា ដែលបានចូលរួមស្តាប់​កិច្ច​ពិភាក្សា យល់ឃើញថា រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលគួរបង្កើតសិក្ខាសាលា ឬ​វគ្គបណ្តុះ​បណ្តាល​​​អំពីបរិស្ថានទៅដល់សាធារណជន ឬយុវជន ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់អំពី​ផល​ប៉ះពាល់ ការការពារ និងរបៀបដោះស្រាយ។ និស្សិតរូបនេះបន្តថា បន្ទាប់ពីពួកគេបានចូលរួមសិក្សា និង​យល់​ដឹង​ហើយ រដ្ឋាភិបាលគួរតែបង្កើតគម្រោងផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ដើម្បីឱ្យពួកគេចូល​រួមការពារ និង​ថែ​រក្សា​បរិស្ថានដោយផ្ទាល់។

និស្សិត ចាន់លីម ឱ្យដឹងថា៖ «តួនាទីរបស់យុវជនចំពោះបរិស្ថានពិតជាសំខាន់ដោយសារយុវជន គឺ​មាន​​កម្លាំងកាយ ក៏ដូចជាកម្លាំងប្រាជ្ញា ដែលពួកគាត់អាចធ្វើការប្រើប្រាស់កម្លាំងទាំងអស់នេះ ទៅជួយ​នៅ​ក្នុង​សង្គម ហើយការចូលរួមរបស់យុវជននឹងធ្វើឱ្យបរិស្ថានរបស់យើងកាន់តែស្អាត»

ស្ថានទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានដាក់បង្ហាញផ្ទាំងរូបភាពធំៗ​ជាច្រើនជុំវិញ​ជញ្ជាំងស្ថាតទូត នៅក្នុងទិវាអឺរ៉ុប(Europe Day) កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២។ (ខេមបូចា/ ពក ពន្លឺ)

សកម្មជនបរិស្ថានវ័យក្មេង កញ្ញា ធួន ស្រីពៅ យល់ឃើញថា បច្ចុប្បន្នមានយុវជនចូលរួមការពារ និង​ដោះ​ស្រាយបញ្ហាបរិស្ថានច្រើនជាងមុនបន្តិច ប៉ុន្តែក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដូចក្រុមយុវជនខ្លះ​ចូលរួម​ការពារ​បរិស្ថានតាមរយៈសម្អាត ឬក៏រើសសំរាម និងក្រុមខ្លះទៀតមានយុទ្ធនាការ​ដាំដើមឈើ​ជាដើម។ តែយ៉ាង​ណា មានយុវជនតិចតូចណាស់ ដែលហ៊ាននិយាយ និងធ្វើសកម្មភាពចំបញ្ហាដែលកំពុងកើតមាន ឬក៏​ទីតាំង​ដែលព្រៃឈើកំពុងបំផ្លាញដោយជនទុច្ចរិត។

កញ្ញា ស្រីពៅ បន្តថា៖ «វាមានកត្តាច្រើនមែនទែន ដែលអាចជាកត្តារាំងស្ទះមិនឱ្យយុវជន គាត់អត់​សូវ​ហ៊ាន​ចូលរួមក្នុងកិច្ចការងារបរិស្ថាន ព្រោះយើងមើលឃើញទៅលើសង្គមរបស់យើងជាក់ស្តែង នរណាគេ​ដែលហ៊ាននិយាយការពិត នរណាគេដែលហ៊ានបកអាក្រាតពីផ្ទៃមុខអ្នកបំផ្លាញធនធានធម្មជាតិ និង​បញ្ហា​​ផ្សេងៗទៀត តែងតែទទួលរងនៃសម្ពោធ និងការគំរាមកំហែង ការបិទសិទ្ធិសេរីភាព ឬក៏រហូត​ដល់​គ្រោះថ្នាក់ប៉ះពាល់ទៅដល់រូបរាងកាយ ឬក៏ដល់អាយុជីវិត វាជាសកម្មភាពមួយដែលលងបន្លាច​ទៅ​កាន់យុវជន ដែលធ្វើឱ្យគាត់មិនហ៊ានក្នុងការនិយាយ និងចូលរួមការពារធនធានធម្មជាតិ»

ជុំវិញបញ្ហានេះ សកម្មជនបរិស្ថានវ័យក្មេងរូបនេះ ក៏ជំរុញឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន​បើកលម្លសិទ្ធិសេរីភាពឱ្យយុវជនចូលរួមការពារ និងដោះស្រាយបញ្ហាធនធានធម្មជាតិ​ដូចបណ្តា​ប្រទេស​ផ្សេងៗទៀតដែរ។ យ៉ាងហោចណាស់ រដ្ឋាភិបាលគួរបើកលម្លឱ្យយុវជន ឬសិស្ស​និស្សិត​បាន​ចូលទៅ​សិក្សា​ឈ្វេងយល់នៅក្នុងតំបន់ការពារធនធានធម្មជាតិ ឧទ្យានជាតិ និងតំបន់ដែនអភិរក្ស​ជាដើម​។ ជាឱកាស​ឱ្យពួកគាត់បានរៀនអំពីប្រវត្តិនៃតំបន់ទាំងនោះ យល់ដឹងអំពីរបៀបនៃការការពារធនធាន​ធម្មជាតិ និងចុះល្បាតជាមួយសហគមន៍ជាដើម ដែលកិច្ចការទាំងអស់នេះអាចលើកទឹកចិត្ត និង​បណ្តុះ​ឆន្ទៈ និងមនសិការរបស់ពួកគាត់ឱ្យស្រឡាញ់ និងការពារបរិស្ថាន។

កញ្ញា ស្រីពៅ បញ្ជាក់ថា៖​ «ប្រសិនបើរឿង(បញ្ហាបរិស្ថាន)នេះនៅតែបន្តកើតមានទៀត ខ្ញុំជឿថា សង្គម​ជាតិ​យើងនឹងជួបផលអវិជ្ជមានច្រើន យើងឃើញបញ្ហាឡើងកម្តៅផែនដីជាដើម»

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ឆ្លើយតបនឹងអ្នកសារព័ត៌មាន ខេមបូចា ថា «ចាំបន្តិច ខ្ញុំនឹងឆ្លើយតប» ប៉ុន្តែមិនឃើញលោកឆ្លើយតប រហូតដល់ថ្ងៃទី១៥បន្ទាប់ លោកឆ្លើយតបថារវល់។

យ៉ាងណាមិញ លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់ឃើញថា ដើម្បី​អាច​ឱ្យ​យុវជនកម្ពុជាចូលរួមការពារ និងដោះស្រាយបញ្ហាបរិស្ថានឱ្យបានកាន់តែច្រើន លុះត្រាតែយុវជនខ្លួនឯង​ត្រូវដឹងអំពីតួនាទីរបស់ខ្លួន ជាមួយគ្នានេះយុវជនត្រូវមានចំណេះដឹងឱ្យបានទូលំទូលាយអំពីវិធីការពារ និង​ដោះស្រាយបញ្ហាបរិស្ថានតាមបែបវៃឆ្លាត បន្ថែមពីនេះយុវជនត្រូវមានផ្នត់គំនិត ឬទម្លាប់វិជ្ជមាន​ក្នុង​ការ​រស់នៅក្នុងសង្គម។ លោកបន្តថា កត្តាដែលសំខាន់បំផុត គឺការបើកទូលាយឱ្យយុវជនចូលរួមការពារ និងដោះស្រាយបញ្ហាបរិស្ថាន ពីសំណាក់អាជ្ញាធររដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាអង្គការសង្គម​ស៊ីវិល និងវិស័យឯកជនជាដើម។

លោកបញ្ជាក់ថា៖ «ខ្ញុំជឿថាប្រសិនបើរដ្ឋាភិបាលមានគោលនយោបាយ ក៏ដូចជាច្បាប់ល្អនៅក្នុង​ការ​ការពារ និងដោះស្រាយបញ្ហាបរិស្ថាន ហើយមានការចូលរួមយ៉ាងសកម្ម និងជាប្រចាំពីយុវជនរបស់ខ្មែរ។ ខ្ញុំជឿថាបញ្ហាបរិស្ថាននឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធិភាព ហើយការការពារ​បរិស្ថាន​ក៏នឹងធ្វើ​ឡើង​ដោយមានឥទ្ធិពលខ្លាំងផងដែរ»

ដោយឡែកក្នុងពេលបារព្ធទិវាអឺរ៉ុប (Europe Day)នេះ ស្ថានទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ក៏​បាន​ដាក់បង្ហាញផ្ទាំងរូបភាពធំៗជាច្រើនជុំវិញជញ្ជាំងស្ថាតទូត ដែលផ្ទាំងរូបភាពទាំងនោះ បាន​រំលេច​អំពី​ទេសភាពវាលស្រែក្នុងរដូវវស្សា  ផ្ទះនៅលើទឹកដែលព័ទ្ធដោយព្រៃប្រឹក្សា និងសត្វហោះហើរ​នៅលើ​ព្រៃភ្នំ​ជាដើម​ ដែលរូបភាពទាំងនេះបានទាក់ទាញការចំណាប់អារម្មណ៍ និងការទស្សនា​ពី​អ្នក​ចូលរួម​ជា​ច្រើន​នាក់​​ផងដែរ។

ជាមួយគ្នានេះ លោក ឌី្រសម៉ាន់ អ៊ីហ្គោរ៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកកាសែតថា កាលប្រារព្ធទិវាអឺរ៉ុប ដើម្បីរំលឹកពីសន្តិភាព និង​ឯកភាព​ទូទាំងក្នុងទ្វីប ដែលជាថ្ងៃដ៏សំខាន់មានតាំងពីពាក់កណ្តាលសតវត្សទី២០ ដែលបានចាក់ឫស​បន្ទាប់​ពី​សង្គ្រាម​​​ជាច្រើន ហើយមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម​ក្នុង​ចំណោម​​ប្រជាជាតិអឺរ៉ុប។ លោកបន្តថា ទោះបីវាជាលើកដំបូងរបស់លោកក្នុងការបារព្ធទិវា​នេះនៅ​កម្ពុជា ប៉ុន្តែលោកចាត់ទុកបញ្ហាបរិស្ថាននៅជាប្រធានបទចម្បង មូលហេតុនេះបានសហភាពអឺរ៉ុប​ជ្រើស​រើស​តួនាទី​ដ៏សំខាន់របស់យុវជនអំពីនិរន្តរភាពបរិស្ថាន និងការអប់រំក្នុងឆ្នាំ២០២៤នេះ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា រលកកម្ដៅមិនធម្មតាដែលបានឆ្លងកាត់ប្រទេសកម្ពុជា ជាភស្តុតាងមួយទៀត​ដែលបង្ហាញថា ការប្រែប្រួលអាកាសធាតុអាចមានគ្រោះថ្នាក់​ដូចជាមិនមានទឹក គ្មានកសិកម្ម គ្មាន​អាហារ​​​សម្រាប់ប្រជាជន ហើយអ្នកដែលព្រួយបារម្ភបំផុត គឺមិនមែនតែមនុស្សចាស់ទេ ប៉ុន្តែមនុស្ស​វ័យក្មេង ហេតុ​​ដូច្នេះហើយយើងចង់ចូលរួមជាមួយពួកគេ ហើយនិងស្តាប់សំឡេងរបស់ពួកគេតាមរយៈ​កិច្ច​ពិភាក្សា​​»

យោងតាមទិន្នន័យស្រាវជ្រាវនៅសកលវិទ្យាល័យ Maryland និងការវិភាគលើរូបភាពផ្កាយរណប​របស់​អង្គការ Global Forest Watch ដែលកាសែតម៉ុងហ្គាបេ(Mongabay) យកមកចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានរកឃើញថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើអស់ ១២១ ០០០ហិកតា ក្នុងនោះ មានជាង​ពាក់​កណ្តាលជាព្រៃឈើដែលស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។

Global Forest Watch បង្ហាញថាព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់រងការកាប់បំផ្លាញ​ច្រើន​ជាងគេលំដាប់ទី១ ដែលមានទំហំ ១១ ៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែន​ជម្រកសត្វព្រៃ​បឹងពែរ​ដែលបាត់បង់អស់ ៧ ២៣២ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស​ដែល​បាត់បង់​អស់ ៦ ១២៥ ហិកតា។

ដោយឡែក តាមកាសែតម៉ុងហ្គាបេ(Mongabay) មានមូលដ្ឋានៅអាមេរិកផ្តោតលើ​បញ្ហាបរិស្ថាន​បាន​សរសេរ​ចោទថា ការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងឆ្នាំ២០២៣ គឺដោយសារការពង្រីក​អណ្តូង​រ៉ែ​មាស​គ្រប់គ្រងដោយចិន និងការបើកអណ្តូងរ៉ែដែកដែលជាកម្មសិទ្ធិរបស់ឈ្មួញឈើជាអ្នកឧកញ៉ាល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា៕

291 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម