ប្រជាពលរដ្ឋចំនួន២៥០គ្រួសាររស់នៅឃុំពង្រ និងឃុំចុងកាល់ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចោទប្រកាន់អាជ្ញាធរថា បានគំរាមកំហែងដកហូតដីចម្ការរបស់ពួកគេទុកជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីពលរដ្ឋបាននាំគ្នាតវ៉ាដើម្បីរារាំងគ្រឿងចក្រឈូសឆាយដីអ្នកភូមិ។
ការចោទប្រកាន់របស់ពលរដ្ឋនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានបដិសេធ ដោយអះអាងថា អាជ្ញាធរមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ពោលគឺអាជ្ញាធរចុះទៅសម្របសម្រួល និងការពារមិនឱ្យកើតមានអំពើហិង្សានៅក្នុងអំឡុងពេលពួកគេកំពុងប្រមូលផ្ដុំគ្នាតវ៉ា។
ពលរដ្ឋជាង៥០នាក់តំណាងឱ្យពលរដ្ឋជាង២៥០គ្រួសាររស់នៅក្នុងឃុំចុងកាល់ និងឃុំពង្រក្នុងស្រុកចុងកាល់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បាននាំគ្នាឈរតវ៉ាទាមទារឱ្យអាជ្ញាធរស្រុកផ្អាកសកម្មភាពឈូសឆាយកំណត់ព្រំដីនៅតំបន់ដីចម្ការកំពុងមានជម្លោះទំហំ ៥០០ហិកតាជាបណ្ដោះអាសន្ន ដើម្បីរកដំណោះស្រាយ។
លោក ថ្លៃ សាវ៉ៃ តំណាងពលរដ្ឋរស់នៅភូមិបាត់ថ្កៅនៃឃុំចុងកាល់ បាននិយាយថា អាជ្ញាធរឃុំស្រុក ក្នុងខេត្តឧត្ដរមានជ័យមួយចំនួន តែងតែគំរាមដកហូតដីបង្កបង្កើនផលរបស់អ្នកភូមិទុកជាសម្បត្តិរដ្ឋវិញដែលធ្វើឱ្យពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចបាត់បង់ដីចម្ការរបស់ខ្លួន។
លោកបន្តថា ដីចម្ការទំហំ ៥០០ហិកតានេះ ត្រូវបានពលរដ្ឋជាង ២៥០គ្រួសារបានអាស្រ័យផលចាប់ពីឆ្នាំ២០០១មកម៉្លេះ។ លុះរហូតដល់ឆ្នាំ២០១៥ អាជ្ញាធរបានប្រកាសកាត់ឆ្វៀលឱ្យទៅក្រុមគ្រួសារអតីតយុទ្ធជនធ្វើជាភូមិ ហើយដោះដូរកាត់ដីនៅកន្លែងផ្សេងឱ្យពួកលោកវិញ។ ដីដែលអាជ្ញាធរដោះដូរឱ្យនោះ នៅឆ្ងាយពីភូមិ មិនអាចបង្កបង្កើនផលដំណាំបានទេ ព្រមទាំងមានព្រៃឈើដែលពិបាកនឹងកាប់គាស់។
លោក សាវ៉ៃ បានបញ្ជាក់ថា៖ «មកទល់ពេលនេះ គឺអាជ្ញាធរបានផ្អាកការឈូសឆាយកាយដីហើយ ព្រោះយើងនាំគ្នាតវ៉ា និងឃ្លាំមើលសកម្មភាពឈូសឆាយជាប្រចាំ ប៉ុន្តែពួកខ្ញុំសូមស្នើឱ្យអាជ្ញាធរពន្លឿនផ្តល់ដំណោះស្រាយជម្លោះដីធ្លីនេះឱ្យជ្រះស្រឡះដើម្បីឱ្យពួកខ្ញុំចូលទៅបង្កបង្កើនផលរកប្រាក់ចំណូលចិញ្ចឹមជីវិតដោយគ្មានការភ័យខ្លាច»។
លោក សាវ៉ៃ បានបន្តថា ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្តឹងទៅសាលាខេត្តឧត្តរមានជ័យចំនួនពីរដងហើយ គឺក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨ ដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ សព្វថ្ងៃប្រជាពលរដ្ឋរងចាំមើលដំណោះស្រាយពីអាជ្ញាធរមូលដ្ឋានវិញម្តង។
លោកបន្ថែមថា៖ «ខ្ញុំធ្លាប់ដាំដំឡូងមីលើដីនោះ បើសិនខ្ញុំមិនមានដីហ្នឹងទេ ជីវភាពខ្ញុំនឹងជួបការលំបាក ដោយសារខ្ញុំមានដីស្រែតិចតួចប៉ុណ្ណោះ»។ លោកឱ្យដឹងទៀតថា៖ «បើសិនជាអាជ្ញាធរយកគ្រឿងចក្រមកឈូសឆាយដីហ្នឹង យើងនឹងហាមឃាត់បន្តទៀត»។
លោក ឆាង ឈី តំណាងពលរដ្ឋរស់នៅភូមិស្រះកែវ ឃុំពង្រ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានថ្លែងថា ពួកលោកបានព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរស្រុក និងក្រុមអ្នកមានលុយ មានអំណាច បន្តរំលោភយកដីបង្កបង្កើនផលរបស់ពួកលោករាប់រយហិកតា ដើម្បីធ្វើជាកម្មសិទ្ធិបុគ្គល ខណៈដែលដីទាំងនោះពួកលោកបានកាន់កាប់ និងអាស្រ័យផលជិត៣០ឆ្នាំមកហើយ។
លោកបន្តថា ដីប្រជាពលរដ្ឋទាំង ៥០០ហិកតានេះ មានមួយចំនួនមានប័ណ្ណកម្មសិទ្ធិ ត្រឹមត្រូវ ប៉ុន្ដែមួយចំនួនទៀតមិនទាន់មានលិខិតសម្គាល់កម្មសិទ្ធិនៅឡើយ។ អាជ្ញាធរបានឈូសឆាយដីរបស់ពលរដ្ឋកំពុងកាន់កាប់នេះប្រគល់ទៅឱ្យក្រុមគ្រួសារអតីតយុទ្ធជនធ្វើជាភូមិ ដោយអាជ្ញាធរមិនបានគិតគូពីផលប៉ះពាល់ដីពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនដឹងច្បាស់ទេថា អាជ្ញាធរយកដីពួកខ្ញុំហ្នឹងទៅឱ្យក្រុមគ្រួសារទាហាន ហើយម្យ៉ាងទៀត ពួកខ្ញុំក៏បារម្ភខ្លាចថា គេយកឈ្មោះទាហានមកប្រើ ដើម្បីបិទបាំង ប៉ុន្ដែក្រោយមកក៏យកដីហ្នឹងទៅលក់ឱ្យក្រុមហ៊ុនវិញ ខ្ញុំបារម្ភរឿងហ្នឹង។ ពួកខ្ញុំមិនចង់បានអ្វីទេ គឺចង់ស្នើសុំយកតែដីរបស់ពួកខ្ញុំមកវិញតែប៉ុណ្ណឹងទេ»។
លោក ជា ចាន់ឌី មេភូមិស្រះកែវ ឃុំពង្រ បានថ្លែងថា អាជ្ញាធរមូលដ្ឋានមិនបានគំរាមកំហែងពលរដ្ឋដកហូតដីពីពួកគាត់ទេ ដោយគ្រាន់តែប្រាប់ឱ្យពួកគាត់បញ្ឈប់សកម្មភាពតវ៉ាទាមទារដីនោះបន្តទៀត ព្រោះវាជាដីធ្លីរបស់រដ្ឋ ហើយគ្មាននរណាម្នាក់យកមកធ្វើជាកម្មសិទ្ធិបុគ្គលបានទេ។
លោកបន្តថា រាជរដ្ឋាភិបាលបានប្រកាសកាត់ដីទាំងអស់នោះឱ្យក្រុមគ្រួសារកងទ័ពដែលមានភារកិច្ចការពារតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែប្រជាពលរដ្ឋមូលដ្ឋានទាំងអស់នេះបាននាំគ្នាទៅរំលោភទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា៖ «អាជ្ញាធរគ្មាននរណាគេទៅគំរាមកំហែងអ្វីពួកគាត់ទេ យើងគ្រាន់តែណែនាំកុំឱ្យគាត់នាំគ្នាមកតវ៉ាបែបនេះ គឺវាខុសច្បាប់។ កន្លងមកអាជ្ញាធរយើងក៏មិនដែលប្រើអំពើហឹង្សា ឬក៏សូម្បីតែប្រើពាក្យសម្ដីធ្ងន់ៗអី្វដាក់ពួកគាត់នោះ ក៏យើងមិនដែលធ្វើដែរ»។
លោក ប៉ាន់ ឃាន់ មេឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យបានថ្លែងថា ទីតាំងដីដែលកំពុងមានទំនាស់នេះ គឺដំបូងឡើយជាដីព្រៃសុទ្ធសាធ។ លុះដល់ឆ្នាំ២០០០ រាជរដ្ឋាភិបាល បានធ្វើសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីដាំដំណាំកៅស៊ូ ប៉ុន្ដែក្រោយពេលឈូសឆាយសម្អាតដីរួចរាល់ ក្រុមហ៊ុននោះបែរជាបានសម្រេចចិត្តប្រគល់ដីនេះជូនរដ្ឋវិញ។
លោកបន្តថា បន្ទាប់មកប្រជាពលរដ្ឋមូលដ្ឋានឃើញដី ត្រូវបានគេសម្អាតស្អាត ហើយមានវាលគួរឱ្យចាប់អារម្មណ៍ ក៏នាំគ្នាទៅដាំដំណាំផ្សេងៗនៅដីនោះ ប៉ុន្ដែភ្លាមៗនោះអាជ្ញាធរមិនបានហាមឃាត់ទេ ព្រោះចង់ឱ្យពលរដ្ឋមូលដ្ឋានបង្កបង្កើនផលជាបណ្ដោះអាសន្នសិន។
លោកបញ្ជាក់៖ «ដំបូងឡើយ យើងអនុញ្ញាតឱ្យធ្វើចម្ការបណ្ដោះអាសន្នសិនទេ ប៉ុន្ដែយើងមិននឹកស្មានថា រហូតមកដល់ពេលនេះ ពួកគាត់ចាត់ទុកដីនេះជាដីរបស់ពួកគាត់ពេញសិទ្ធិទៅវិញ។ ដីហ្នឹង អត់មានលិខិតកាន់កាប់ជាកម្មសិទ្ធិបុគ្គលស្របច្បាប់អ្វីទេ ព្រោះជាដីរបស់រដ្ឋ»។
លោក រិទ្ធី បាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានថ្លែងថា អាជ្ញាធរបានព្យាយាមសម្របសម្រួលជាមួយពលរដ្ឋក្នុងមូលដ្ឋានជាច្រើនលើករួចមកហើយ ប៉ុន្ដែពួកគាត់នៅតែស្ដាប់តាមអាជ្ញាធរទេ។ ក្រៅពីអប់រំណែនាំ អាជ្ញាធរបានដោះដូរដីនៅកន្លែងផ្សេងជូនពួកគាត់ថែមទៀត តែពួកគាត់នៅបន្តនាំគ្នាទាមទារយកដីនៅតំបន់នោះដដែល។
លោកបន្តថា ទីតាំងដីនេះមិនមានពាក់ព័ន្ធអ្វីជាមួយនឹងប្រជាពលរដ្ឋទេ ប៉ុន្ដែពលរដ្ឋនាំគ្នាទៅនៅលើដីនោះ ព្រមទាំងអះអាងថា ជាកម្មសិទ្ធិរបស់ពួកគាត់ទៀត។ បច្ចុប្បន្នដីនេះ រាជរដ្ឋាភិបាលបានសម្រេចធ្វើដីសម្បទានសង្គមកិច្ច ដោយបញ្ជាឱ្យមន្រ្តីជំនាញឈូសឆាយ និងចុះទៅវាស់វែង ដើម្បីកាត់បែងចែកជូនទៅក្រុមគ្រួសារអតីតយុទ្ធជន ពលរដ្ឋក្រីក្រ ពលរដ្ឋគ្មានទីពឹង និងទុគ៌តជននៅក្នុងមូលដ្ឋាន។
លោក រិទី្ធ បាក់ បញ្ជាក់ថា៖ «ដីហ្នឹងយើងទុកសម្រាប់បែងចែកជូនអតីតយុទ្ធជន និងពលរដ្ឋក្រីក្រ ហើយបើសិនជាពួកគាត់គិតថា ពួកគាត់ក្រីក្រ គឺពួកគាត់ក៏អាចដាក់ពាក្យស្នើសុំដីហ្នឹងបានដែរ»។ លោកបន្តថា៖ «ខ្ញុំគិតថា ពួកគាត់ដែលទាមទារដីហ្នឹង មិនមែនជាអ្នកក្រីក្រអីទេ ព្រោះពួកគាត់បានទទួលដីស្រែ ដីចម្ការពីអាជ្ញាធររួចរាល់ហើយ ខ្ញុំអត់យល់សោះថា ពួកគាត់នៅទាមទារដីថែមទៀត?»។
លោក ស្រី ណារ៉េន មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុក(ADHOC)ខេត្តឧត្តរមានជ័យ បានថ្លែងថា អាជ្ញាធរគួរតែជជែកជាមួយក្រុមពលរដ្ឋឱ្យច្បាស់លាស់ជាមុនសិន ដើម្បីរកដំណោះស្រាយរួមប្រកបដោយយុត្តិធម៌ និងតម្លាភាព ដោយមិនគួរប្រើគ្រឿងចក្រឈូសឆាយដីដែលកំពុងមានជម្លោះនោះទេ។
លោកបន្តថា ប្រសិនបើអាជ្ញាធរប្រើអំណាចរដ្ឋរំលោភយកដីចម្ការរបស់ពលរដ្ឋមកធ្វើជាទ្រព្យឯកជនគឺ ជាទង្វើប្រឆាំងនឹងច្បាប់រដ្ឋរំលោភសិទ្ធិពលរដ្ឋ។ ភាគីខាងអាជ្ញាធរគួរតែកំណត់ពេលវេលាណាមួយសមរម្យដាក់បញ្ហានៅលើតុ ហើយធ្វើការដោះស្រាយជាមួយគ្នាដោយមានអង្គការឯករាជ្យចូលរួមផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា បើសិនជាអាជ្ញាធរមិនព្រមព្យាយាមរកដំណោះស្រាយឱ្យចប់ មុនពេលយកគ្រឿងចក្រទៅឈូសឆាយទេ គឺពលរដ្ឋនៅតែមិនព្រមអនុញ្ញាតឱ្យឈូសឆាយ»។ លោកបន្ថែមថា៖ «លើសពីនេះ បើគ្រឿងចក្រនៅបន្តឈូសឆាយ ហើយពលរដ្ឋក៏នាំគ្នាបន្តតវ៉ា ពេលនោះអាចនឹងមានបាតុភាពកើតឡើង ហើយឈានដល់ការប្រើប្រាស់អំពើហិង្សាទៀតផង។ អ៊ីចឹងទេ គឺគួរតែដោះស្រាយឱ្យចប់សិន បើទោះបីជាភាគីខាងណាជាអ្នកខុសច្បាប់ក៏ដោយ»។
គួររំឭកថា កាលពីខែមិថុនាឆ្នាំ២០២១ ពលរដ្ឋជាង ១០០នាក់បានលើកគ្នាតវ៉ានៅខាងមុខសាលាស្រុកចុងកាល់ ដើម្បីទាមទាររកដំណោះស្រាយជម្លោះដីធ្លីនេះ។ ក្នុងពេលតវ៉ាមន្ត្រីសាលាស្រុកបានប្រាប់ពលរដ្ឋថា អាជ្ញាធរបានបញ្ជូនក្រុមការងារជំនាញចុះដោះស្រាយរឿងនេះហើយ។
ដោយអាជ្ញាធរសម្រេចថា នឹងចែកដីនៅទីតាំងផ្សេងឱ្យពលរដ្ឋទំហំក្បាល៥០ម៉ែត្របណ្ដោយ១០០ម៉ែត្រក្នុងមួយគ្រួសារ ព្រោះពលរដ្ឋបានចូលទៅកាប់រុករានដីព្រៃសាធារណៈរបស់រដ្ឋ និងដីចំណីមាត់អូរ បំពានច្បាប់ ប៉ុន្តែពលរដ្ឋបានបដិសេធនឹងដំណោះស្រាយនេះ៕