សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឆ្នេរអូរឈើទាលមានក្លិនមិនល្អ ដោយសារមានការបង្ហូរទឹកស្អុយចូលសមុទ្រ

ទឹកស្អុយនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ បង្ហូរចូលទៅក្នុងសមុទ្រ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត
ទឹកស្អុយនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ បង្ហូរចូលទៅក្នុងសមុទ្រ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

ទឹក​ស្អុយ​ដែល​កំពុង​ហូរ​ចូល​ក្នុង​សមុទ្រ​នៅ​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះ​សីហនុ កំពុ​ង​ធ្វើ​​ឲ្យ​អ្នក​ទេសចរ​ដើរ​បិទ​ច្រមុះ ហើយ​អ្នក​លក់​ដូរ និង​មន្ត្រី​មន្ទីរទេសចរណ៍​ក៏​បានបង្ហាញ​កង្វល់​របស់​ខ្លួនទាក់​ទង​នឹង​ក្លិន​ស្អុយ​នេះ​ដែរ​ ដោយ​ថា​អាច​ធ្វើ​ឲ្យ​អ្នក​ទេសចរ​មិន​ចង់​មក​លេង​។​

ប្រ​ជា​ពល​រដ្ឋ​ចាប់​ផ្ដើម​ធុំក្លិន​ស្អុយ​ខ្លាំង​ពី​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ ដែល​ហូរ​ចូល​សមុទ្រមួយ​នេះ បន្ទាប់​ពីប្រព័ន្ធ​បង្ហូរទឹក​ថ្មី​បាន​សាងសង់​កាលពី​ដើម​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​លក់​ដូរ​ម្នាក់ដែល​ប្រាប់​ត្រឹម​ឈ្មោះថា មាន ដោយ​បារម្ភពីសុវត្ថិភាពមុខ​របរ​​។​

មាន បាននិយាយ​ថា៖ «​ភ្ញៀវ​តែង​តែសួរ​នាំ​ ថា​ក្លិន​នេះ​ចេញ​ពី​ខាង​ណាមក?ពេល​ពួកគេ​មកដល់ ហើយ​ខ្ញុំ​ប្រាប់​ថាវាចេញពី​លូបង្ហូរទឹក​ក្បែរ​នេះ ហើយ​ពួកគេ​ក៏​បាន​ឃើញ​ដែរ»។  

មាន​ បានបន្ថែម​ថា៖ «​ម្ដាយ​របស់​ខ្ញុំ​តែ​ងតែ​ប្រាប់​បញ្ហា​នេះ​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ដែល​ចុះ​មកពិនិត្យលូបង្ហូរទឹកនេះ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​ត្រឹម​តែធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ និង​មិន​ឃើញ​មាន​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ»។​

បើ​តាម​អ្នកនាង មាន ប្រព័ន្ធលូបង្ហូរទឹក​នេះ​បាន​សាងសង់​កាលពី​ខែ​មីនា ក្នុង​ឆ្នាំ​នេះ និង​ចាប់​ផ្ដើម​មាន​ក្លិន​ស្អុយ​ខ្លាំង​នៅ​ខែ​មិថុនា​។​

អ្នក​សារព័ត៌មាន​ខេមបូចាបានទៅ​ទីតាំង​នោះ​ម្ដងកាលពី​ខែ​តុលា ឆ្នាំ​២០២១ និង​បាន​ឃើញ​ដូចជា​កាក​សំណល់​ហូរ​ចេញពី​បង្គន់​សាធារណៈ​នៅ​ក្បែរ​នោះ​ចូល​ទៅ​ក្នុង​សមុទ្រដោយ​ផ្ទាល់​។ កាល​ពី​សប្ដាហ៍​មុន អ្នក​សារព័ត៌មាន​ខេមបូចា បាន​ទៅ​មើល​ទី​តាំង​ប្រព័ន្ធ​លូបង្ហូរទឹក​ដែល​បាន​កសាង​នៅក្បែរ​​បង្គន់​សាធារណៈ​នោះ និង​បាន​ធុំ​ក្លិន​ស្អុយ​ចេញ​ពី​ប្រព័ន្ធ​លូ​ដែល​ហូរ​ចាក់ទៅ​សមុទ្រ​នោះដែរ​។​

ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុជាតិគ្រឹស្នា ទទួល​ស្គាល់​ថា​ពិត​ជាមាន​បញ្ហា​បែបនេះ​​មែន​។ លោក​ថា ក្លិន​មិន​ល្អ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកទេសចរ បើ​សិន​ជាមិន​មាន​ការ​ដោះ​ស្រាយ​បាន​ល្អ​។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​បាន​ទទួល​របាយការណ៍​រឿង​នេះ​ពី​អ្នក​លក់​ដូរថា​មាន​ក្លិន​មិន​ល្អ​ចេញ​ពី​ប្រព័ន្ធ​លូ​ ហើយ​ខ្ញុំ​ក៏​បាន​រាយការណ៍​បញ្ហា​នេះ​ទៅ​កាន់​ថ្នាក់​លើ​ផង​ដែរ និង​សង្ឃឹម​ថា​បញ្ហា​នឹង​ត្រូវ​ដោះ​ស្រាយ​ឆាប់»។ លោក​ថាមន្ត្រី​មន្ទីរទេសចរណ៍​បាន​ត្រឹម​ជា​អ្នកសម្រប​សម្រួល​លើ​ការងារ​នេះ​ប៉ុណ្ណោះ​។​

លោក​ឲ្យ​ដឹង​ដែរថា៖ «​ខ្ញុំ​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស ដើម្បី​ឲ្យ​កិច្ច​ការនេះ​ចេញ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ប្រាកដ​ថាវាមិន​ប៉ះពាល់​ដល់​បរិស្ថាន ឆ្នេរ និង​ការទាក់ទាញ​ទេសចរ​»។​

ប្រ​ជា​ពល​រដ្ឋ​ទៅ​លេង​នៅ​ឆ្នេរអូរឈើទាល​​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ខេមបូចា/ ស៊ន សារ៉ាត

កាល​ពី​ប្រាំ​ឆ្នាំ​មុន​ទីក្រុង​ឆ្នេរ​សមុទ្រ​មួយ​នេះ បាន​ប្រែ​ក្លាយ​ទៅ​ជាបណ្ដុំ​កាស៊ីណូ​ ដូ​ច​ជាមាន​អគារ​ខ្ពស់ដុះ​ដាល​ជាច្រើន ព្រម​ជាមួយ​នឹង​លំហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន និង​អ្នក​វិនិយោគ​ចិន​។ ប៉ុន្តែ​ក្រោយ​មក​នៅ​ឆ្នាំ២០១៩ រដ្ឋាភិបាល​បាន​ហាមឃាត់​ល្បែង​អនឡាញ ព្រម​ជាមួយ​នឹង​វិបត្តិកូវីដ-១៩ ផ្ទុះ​ឡើង​ផង ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ដែល​មក​កម្ពុជា​ដើម្បី​ធ្វើ​ការ​លើ​ល្បែង​អនឡាញ និង​វិស័យ​ទេសចរណ៍ បាន​ចាកចេញពី​ក្រុង​ព្រះសីហនុ និង​បានបន្សល់ទុក​ឲ្យ​ក្រុង​មួយ​នេះ​នូវភាព​មិន​ច្បាស់​លាស់​ផ្នែក​សេដ្ឋកិច្ច និង​អគារ​រាប់ពាន់​ផ្សេង​ទៀត​មិន​ទាន់​សាងសង់​រួច​។​

ក្រុម​អ្នក​រិះ​គន់​លើក​ឡើង​ថា​នៅ​ពេល​មួយ​ដែល​ការ​រីក​ដុះ​ដាល​វិស័យ​អចលនទ្រព្យ និង​កាស៊ីណូ ព្រម​ទាំង​ចំនួន​ប្រជា​ជន​កើន​ឡើង​យ៉ាងគំហុកក្នុង​ក្រុង​មួយ​នេះ គឺ​បានធ្វើ​ឲ្យ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ដើរ​មិន​ទាន់ ដែល​ជា​ហេតុ​នាំឲ្យ​មាន​បញ្ហា​ស្ទះចរាចរណ៍ និង​ទឹកជន់លិចជា​ដើម។​

ប៉ុន្តែ​អំឡុងពេល​មាន​វិបត្តិកូវីដ-១៩ ហើយ​វិស័យ​ទេសចរណ៍​ហាក់​ស្ងប់​ស្ងាត់​ដែរនោះ ក្រុង​ព្រះព្រះសីហនុ​បាន​ចាប់​ផ្ដើម​កសាងហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​។ នៅ​តាម​បណ្ដោយ​ឆ្នេរ រដ្ឋាភិបាល​បាន​សាងសង់​បង្គន់​សាធារណៈ​ជា​ច្រើន​កន្លែង និង​ហាង​ថ្មីៗ​ជាច្រើន​ជំនួស​ឲ្យ​កន្លែង​ចាស់ៗ​ពី​មុន​។​

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បដិសេធថាមាន​ការ​បង្ហូរទឹក​ស្អុយ​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​សមុទ្រ និង​ថា​មន្ត្រី​កំពុង​ធ្វើ​ការ​លើ​បញ្ហា​ប្រព័ន្ធ​បង្ហូរទឹក​នេះ។​

លោក​បន្ថែម​ថា៖ «​នៅពេល​ប្រព័ន្ធបង្ហូរ​ទឹក​ស្អុយ​ស្ទះ វា​ក៏​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង និង​ហូរ​ចូលទៅក្នុង​សមុទ្រ​»។ លោក​បន្ត​ថា៖ «ពេល​នេះ​យើង​កំពុង​ភ្ជាប់​ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ​ទៅ​នឹង​អាង​ចម្រោះ​ទឹកកខ្វក់ ប៉ុន្តែយើង​កំពុង​ជួប​បញ្ហា​បច្ចេក​ទេស​បន្តិច​បន្តួច»។​

លោក​ឲ្យ​ដឹង​ទៀតថា​ អាជ្ញាធរ​កំពុង​ធ្វើ​ការ​បែងចែកប្រព័ន្ធ​បង្ហូរទឹក​ជា​ពីរ​ផ្នែក​ផ្សេង​គ្នា ដោយ​មួយ​សម្រាប់​ប្រព័ន្ធ​លូ​បង្ហូរទឹក​ភ្លៀង និង​មួយ​ទៀត​ប្រព័ន្ធបង្ហូរកាកសំណល់ ដែល​នឹង​ត្រូវ​ហូរ​ទៅ​កាន់​ស្ថានីយចម្រោះទឹកកខ្វក់។​​

ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ចំនួន​ពីរ​បាន​ដំណើរ​ការ​នៅសង្កាត់​៣ ក្នុង​ក្រុង​ព្រះ​សីហនុ ជាមួយ​នឹង​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ ១២ ៤០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ការ​ឡើក​ឡើង​របស់​មន្ត្រី​ខេត្ត​ដដែល​។​

លោក​​ឲ្យ​ដឹងថា​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ទី​បី​កំពុង​សាងសង់នៅ​សង្កាត់​៤ និង​មាន​សមត្ថភាព​ច​ម្រោះទឹក​កខ្វក់​បាន​ ២០ ០០០​ម៉ែត្រគូប​បន្ថែមទៀត​។​

លោកថា នៅពេល​ដែល​ស្ថានីយ​ទាំង​បីបាន​ដំណើរ​ការពេញលេញ ទឹក​កខ្វក់​នៅ​ក្នុង​ក្រុង​មួយ​នេះ​នឹង​ត្រូវ​បាន​ចម្រោះ តែ​លោក​ថា​លោក​មិន​ទាន់​ដឹង​ច្បាស់ពី​ពេល​វេលា​ជាក់លាក់​ពី​ការ​សាងសង់បញ្ចប់​ស្ថានីយ​ទី​បី​នៅឡើយ​។​

ទឹក​ស្អុយនៅឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ ​បង្ហូរចូល​ទៅ​ក្នុង​សមុទ្រ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ខេមបូចា/ស៊ន សារ៉ាត

មន្ត្រី​តស៊ូមតិជាន់ខ្ពស់​របស់​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា លោក សាន ម៉ាឡា មាន​ប្រសាសន៍ថា ខណៈ​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​នេះ​ជា​ច្រើន​កំពុង​ស្ថាបនា ទឹកកខ្វក់ និង​កាកសំណល់​ជាច្រើន​បាន​កើត​ឡើង នាំឲ្យ​មាន​ការ​បំពុល​បរិស្ថាន ទោះបីជា​អាជ្ញាធរ​បានសន្យា​ការពារ​បរិស្ថាន​យ៉ាងណា​ក៏ដោយ​។​

លោក​ឲ្យ​ដឹង​ថា៖ «​ពីមុន​អាជ្ញាធរបាន​សន្យាថា​ឈប់​បង្ហូរទឹកស្អុយ​ចូល​ក្នុង​សមុទ្រ…​ហើយ​អាជ្ញាធរ​ក៏បាន​សាងសង់ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​ធានាថារាល់ទឹកកខ្វក់​ទាំង​អស់​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថានីយ​ចម្រោះទឹកកខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ ប៉ុន្តែ​មកដល់ពេលនេះ នៅតែមាន​ករណី​បង្ហូរទឹក​កខ្វក់ចូល​ក្នុង​សមុទ្រ ដែលនេះជា​ការបរាជ័យ​របស់អាជ្ញាធរ» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ At a Sihanoukville Beach, Stinky Wastewater Flows Into the Sea

546 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម