សភាអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង និងឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលនោះ ដំណើរការឡើងវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះបើតាមសេចក្តីសម្រេចមួយដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីសម្រេចនេះបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយនិងសកម្មជន បញ្ឈប់ការបំភិតបំភ័យសមាជិកបក្សប្រឆាំង និងឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសំឡេងប្រជាធិបតេយ្យ(VOD) ដែលត្រូវបានបិទនោះ ដំណើរការឡើងវិញ។
សេចក្តីសម្រេចនេះបានព្រមានថា ការព្យួរបន្ថែមទៀតនូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» របស់កម្ពុជាអាចកើតមាន «ប្រសិនបើការបោះឆ្នោតឆ្នាំ២០២៣ មិនស្របនឹងស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន»។
សេចក្តីសម្រេចរបស់សភាអឺរ៉ុបបានលើកឡើងថា៖ «[យើង] អំពាវនាវឱ្យអាជ្ញាធរបញ្ចប់រាល់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងការចោទប្រកាន់ពីបទឧក្រិដ្ឋដោយហេតុផលនយោបាយលើសមាជិកគណបក្សប្រឆាំង។ អនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយទាំងអស់ធ្វើយុទ្ធនាការបោះឆ្នោតដោយស្មើភាព សេរី និងតម្លាភាព ក្រោមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិដែលប្រកបដោយបរិយាប័ន្ននិងតម្លាភាពជាងមុន»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា កម្ពុជាមិនបានរំលោភសិទ្ធិមនុស្ស ឬធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរីនិងតម្លាភាពនោះទេ។
លោកមានប្រសាសន៍ថា៖ «ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្សមិនកើតឡើងនៅកម្ពុជាទេ ហើយកម្ពុជាអនុវត្តទៅតាមច្បាប់។ សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានធ្វើឡើងតាមនីតិវិធីច្បាប់ត្រឹមត្រូវ»។
លោក ម៉ាលីន បានថ្លែងថា ការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនឹងមិនប៉ះពាល់ដល់កម្ពុជាទេ។
លោកបានមានប្រសាសន៍ថា៖ «យើងមិនយកអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាប្តូរយកជំនួយនោះទេ។ ពួកគេ [សហភាពអឺរ៉ុប] បានដក EBA ២០ភាគរយរួចហើយ ហើយមិនមានអ្វីប៉ះពាល់ទេ»។
សភាអឺរ៉ុបក៏បានទទូចឱ្យក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តទណ្ឌកម្មជាគោលដៅ «ឲ្យទទួលខុសត្រូវ ចំពោះបុគ្គលទាំងឡាយណាដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយ និងការគាបសង្កត់ជាបន្តបន្ទាប់លើគណបក្សប្រឆាំងនៅកម្ពុជា»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាដោយប្រុងប្រយ័ត្នលើសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ពីព្រោះការមិនអើពើនឹងប៉ះពាល់ដល់ផលប្រយោជន៍ជាតិទាំងមូល។
លោកស្រីមានប្រសាសន៍ថា៖ «ដូចយើងដឹងហើយថា កម្ពុជាបានជួបការលំបាកដោយសារការដក EBA ហើយប្រសិនបើស្ថានភាព [ការរំលោភសិទ្ធិមនុស្ស] បន្តធ្លាក់ចុះទៀត វានឹងនាំឲ្យបាត់បង់ទាំងស្រុង។ ការមិនអើពើនឹងអនុសាសន៍ទាំងនេះ នឹងមិនផ្តល់ផលប្រយោជន៍ណាមួយដល់រដ្ឋាភិបាល ឬកម្ពុជាឡើយ»។
អ្នកនយោបាយគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយបានរងការគាបសង្កត់បន្ថែមទៀតនៅឆ្នាំនេះ ខណៈការបោះឆ្នោតខែកក្កដាខិតជិតមកដល់។
មេដឹកនាំកំពូលៗជាច្រើនរបស់គណបក្សភ្លើងទៀនត្រូវបានចាប់ខ្លួន ឬប្រឈមនឹងការពិន័យប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២៧ឆ្នាំនិងដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះកាលពីថ្ងៃទី៣ ខែមីនា បន្ទាប់ពីដំណើរការជំនុំជម្រះអស់រយៈពេលជាច្រើនឆ្នាំពីបទក្បត់ជាតិ។ ចាប់តាំងពីពេលនោះមក លោកត្រូវបានគេ បដិសេធមិនឲ្យជួបមេធាវីរបស់លោកទេ។
រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយ VOD កាលពីខែកុម្ភៈ។
កាលពីឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចចិត្តដក២០ភាគរយនៃកូតារអនុគ្រោះពន្ធរបស់កម្ពុជាចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបសម្រាប់ម្លៀកបំពាក់ ស្បែកជើងនិងសម្ភារធ្វើដំណើរ ដោយសារកង្វល់ខ្លាំងនិងជាប្រព័ន្ធទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក (GSP) ដែលអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកដោយឥតបង់ពន្ធនោះ ត្រូវបានទុកឲ្យអស់សុពលភាពកាលពីឆ្នាំ២០២០ហើយមិនទាន់ត្រូវបានបន្តឡើងវិញទេ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ថា រដ្ឋាភិបាលកម្ពុជានឹងមិនធ្វើតាមសំណើរបស់សភាសហភាពអឺរ៉ុបទេ ពាក់ព័ន្ធនឹងករណីលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា នេះជាសញ្ញាមួយដែលថា សហភាពអឺរ៉ុបកំពុងដាក់សម្ពាធកាន់តែខ្លាំងទៅលើគណបក្សកាន់អំណាចនិងរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «សហភាពអឺរ៉ុបកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអាចមានវិធានការជាក់ស្តែងមួយចំនួនបន្ទាប់ពីការបោះឆ្នោត»។ លោកបន្ថែមថា៖ «សក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនបរទេស និងការនាំចេញទៅកាន់សហភាពអឺរ៉ុបនឹងបាត់បង់ ប្រសិនបើ EBA ត្រូវបានដកចេញទាំងស្រុង ខណៈប្រជាជនកម្ពុជានឹងប្រឈមនឹងការបាត់បង់ការងារធ្វើ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ EU Parliament Urges End to Political Persecution, Calls for Free and Fair Elections