«អូរ១៧»ជាឈ្មោះសាលាបឋមសិក្សាមួយស្ថិតក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខុសពីសាលានៅទីប្រជុំជន ឬទីក្រុង។ សាលាអូរ១៧ សង់ពីរោងឈើ ដំបូលប្រក់សង្ក័សី មានសភាពធ្លុះធ្លាយ ព្រមទាំងខ្វះបង្គន់អនាម័យ អណ្ដូងទឹកស្អាត ខណៈសិស្សមួយចំនួនប្រឈមនឹងការឈប់រៀនទៅជួយរកលុយឪពុកម្ដាយ ដែលកត្តានេះទាមទារឱ្យមានការគំាទ្របន្ថែមពីភាគីរដ្ឋាភិបាល។
អង្គការយូនីសេហ្វ បានលើកឡើងថា ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់កុមារគ្រប់រូប និងកុមារដែលរស់នៅតំបន់ក្រីក្រនៅជនបទ និងទីប្រជុំជន គឺជាការផ្តល់ការគាំទ្រដែលមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឲ្យពួកគេអាចអភិវឌ្ឍន៍ខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ។
គ្រូបង្រៀននៅសាលាបឋមសិក្សាអូរ១៧អស់រយៈពេល៧ឆ្នាំ គឺលោក សាន់ សង្វាត ថ្លែងប្រាប់ ខេមបូចា ថា មានបញ្ហាមួយចំនួនដែលជាក្ដីបារម្ភរបស់លោកក្នុងនាមជាគ្រូបង្រៀន ទី១សាលាសង់ឡើងពីអគារឈើដែលមានសភាពចាស់ និងធ្លុះធ្លាយ បង្គន់អនាម័យមិនទាន់គ្រប់គ្រាន់ រីឯអណ្ដូងទឹកស្អាតមិនទាន់មានប្រើនៅឡើយ ព្រមទាំងបរិស្ថានជុំវិញនៅមានការកែលម្អជាច្រើនទៀត ដែលសាលាកំពុងត្រូវការជំនួយ។
លោក សង្វាត បន្ថែមថា ការអប់រំគឺជាវិស័យអាទិភាព ដែលក្រសួងអប់រំយកចិត្តទុកដាក់ ដូច្នេះការធានាឱ្យបាននូវការគាំទ្រលើការកែលម្អដំណើរការរបស់សាលារៀន អគារសិក្សា និងគ្រឿងបរិក្ខារនៅតាមសាលារៀនដែលខ្វះខាត និងកំពុងត្រូវការជំនួយ គឺជាការលើកកម្ពស់ និងជំរុញឱ្យសិស្សានុវសិស្សទទួលបានការអប់រំពេញលេញ ក៏ដូចជាកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារផងដែរ។
លោក សង្វាត និយាយថា៖ «សាលាយើងចាស់ដែរហើយ ខ្ញុំចង់បានអគារមួយខ្នងសម្រាប់ឱ្យសិស្សរៀនព្រោះពេលភ្លៀងមកទឹកលិច ជញ្ជាំងវិញកណ្ដៀស៊ីអស់ ស៊ីដល់មេ[ធ្នឹម]ខាងលើទៀត ហើយវស្សាមុនខ្យល់ខ្លាំងៗ បារម្ភដែរ។ យើងនៅខាងនេះខ្វះច្រើន បង្គន់មានតែមួយ ហើយមិនមានអណ្ដូងទឹកស្អាតប្រើទេ រាល់ថ្ងៃសុំទឹកពីពលរដ្ឋជិតខាង»។
លោកបន្តថា៖ «វិស័យអប់រំសំខាន់ ក្រសួងមានការយកចិត្តទុកដាក់ទៅលើសាលាតូចៗ មានឧបករណ៍ មានសម្ភារៈគ្រប់គ្រាន់ក្នុងការសិក្សា សិស្សគាត់អាចយល់បានលឿន»។
គ្រូបង្រៀនវ័យ៣១ឆ្នាំរូបនេះ លើកឡើងទៀតថា បញ្ហាទី២ នោះគឺអាណាព្យាបាលសិស្សភាគច្រើនជាអ្នកចម្ការ ហើយមានជីវភាពមិនសូវជាធូរធានោះឡើយ ដូច្នេះលទ្ធភាពក្នុងការឱ្យកូនមករៀន គឺមិនមានច្រើននោះទេ រហូតមានកូនសិស្សខ្លះសម្រេចចិត្តឈប់រៀន ទៅជួយធ្វើការងារឪពុកម្ដាយ សិស្សខ្លះទៀតត្រូវផ្លាស់ប្ដូរទីលំនៅញឹកញាប់តាមឪពុកម្ដាយគេ។ បើនិយាយពីទីតាំងភូមិសាស្រ្ត សិស្សមានការលំបាកក្នុងការធ្វើដំណើរមករៀន ព្រោះផ្លូវស្ងាត់ ហើយរដូវវស្សាមានភ្លៀង ធ្វើឱ្យផ្លូវរអិលជាដើម។
លោក សង្វាត និយាយថា៖ «ប្រជាជននៅទីនេះលំបាក [ជីវភាព] ហើយបញ្ហាប្រឈមរបស់សិស្សដែលគាត់នៅត្រើយម្ខាងពិបាកឆ្លងទឹក ហើយសិស្សខ្លះគាត់នៅផ្ទះឆ្ងាយពីសាលាគាត់ពិបាកក្នុងការធ្វើដំណើរ ហើយខែភ្លៀងពិបាកមធ្យោបាយធ្វើដំណើរដោយសារតែផ្លូវវាខូចខ្លាំង ស្អិត»។
ដោយសារតែមិនសូវមានអត្រាសិស្សមករៀនច្រើនកុះករដូចនៅទីក្រុង ឬទីប្រជុំជននានា សាលាអូរ១៧ មានត្រឹមតែថ្នាក់ទី១ ដល់ថ្នាក់ទី៥តែប៉ុណ្ណោះ និងមានសិស្សសរុបតែ៥៥នាក់ប៉ុណ្ណោះ ស្របពេលដែលគ្រូក៏ខ្វះ។ ចំណែកសិស្សដែលត្រូវឡើងទៅរៀនថ្នាក់ទី៦ គឺត្រូវទៅរៀននៅសាលាផ្សេង។
ច្បាប់ថវិកាជាតិឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសកាលពីចុងឆ្នាំ២០២២ ថាគ្រោងចំណាយថវិកាប្រមាណ ៩,៦ពាន់លានដុល្លារសម្រាប់ចំណាយនៅក្នុងឆ្នាំ២០២៣នេះ ដោយក្នុងនោះផ្តោតសំខាន់លើក្រសួងអប់រំ ក្រសួងសុខាភិបាល និងបន្ទាប់មកក្រសួងស្ថាប័នសំខាន់ៗមួយចំនួនទៀត។
លោក សង្វាត លើកឡើងថា ចំពោះថវិកាប្រចាំឆ្នាំដែលសាលាលោកទទួលបានពីក្រសួង គឺមិនទាន់សមស្របនឹងតម្រូវការក្នុងការកែលម្អ និងប្រើប្រាស់ចំពោះតម្រូវការចំពោះមុខនៅឡើយទេ។ ក្នុងមួយឆ្នាំសាលាលោក ទទួលបានថវិកាចន្លោះពី៧ ទៅ៨លានរៀលតែប៉ុណ្ណោះដូច្នេះពេលត្រូវការសាងសង់អ្វីមួយ គឺពឹងលើសប្បុរសជន។
លោកបន្ថែមថា៖ «ខ្ញុំគិតថាតម្រូវការវាមិនគ្រប់គ្រាន់ទេ ព្រោះថវិកានេះតាមចំនួនសិស្ស ដល់ពេលយើងយកមកអភិវឌ្ឍន៍កែលម្អសាលារៀនកញ្ចប់ថវិកាអត់គ្រប់ទេ។ ខ្ញុំចង់ឱ្យក្រសួងគាត់ចាត់ចែងឱ្យបានគ្រប់ មិនថាសាលាតូចសាលាធំ ដូចសាលាយើងនៅជនបទវាពិបាក»។
លោក នាក់ គឹម អាយុ៣៦ឆ្នាំ ជាអាណាព្យបាលមួយរូប ដែលមានកូនស្រីអាយុ៩ឆ្នាំរៀនថ្នាក់ទី៥ បានសម្ដែងក្ដីបារម្ភ អំពីអនាគតកូនៗរបស់លោក ខណៈជីវភាពគ្រួសារលោកមិនមានភាពល្អប្រសើរនោះទេ អាចត្រឹមតែឱ្យកូនរៀនត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បើសាលារៀនក្នុងសហគមន៍លោកនៅមានភាពខ្វះខាតដូច្នេះ វាក៏ជាកត្តាមួយដែលធ្វើកុមារប្រឈមនឹងការបោះបង់ការសិក្សាផងដែរ។
លោក គឹម បន្តថា លោកចង់ឃើញសាលាសង់អគារសិក្សាថ្មី មានទឹកស្អាត និងមានផ្លូវធ្វើដំណើរសមរម្យ ខណៈបច្ចុប្បន្ននៅមានភាពខ្វះមុនខ្វះក្រោយនៅឡើយ ដែលមិនទាន់បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឡើយ។
លោក គឹម បញ្ជាក់ថា៖ «សាលាយើងវាខ្វះខាតច្រើនកន្លែងមែន សាលាឈើពុកអស់ហើយហ្នឹង ចង់បានជាទីបំផុតគឺអគារសិក្សាកូនបានសិក្សានៅទីហ្នឹងត្រឹមទី៦ក៏គ្រាន់បើដែរ។ ពេលភ្លៀងសូម្បីតែជិះម៉ូតូហ្នឹងក៏ពិបាកដែរ»។
លោក គឹម ប្រាប់ឱ្យដឹងទៀតថា កូនស្រីរបស់លោកម្នាក់ទៀតអាយុ១៤ឆ្នាំបានឈមរៀនទៅធ្វើការតាមភោជនីយដ្ឋាន និងធ្វើចំការ ដោយសារតែលោកមិនមានលទ្ធភាពឱ្យកូនបន្តរៀនសូត្របាន ដូច្នេះលោកចង់ឃើញកូនទី២របស់លោកដែលកំពុងរៀននៅសាលាអូរ១៧ អាចបន្តរៀនទៅមុខទៀតបានដោយរលូន។
លោក គឹម បន្ថែមថា៖ «មូលហេតុគឺខ្វះខាត ម៉ាក់វាក៏ឧស្សាហ៍ឈឺ ឱ្យវាទៅធ្វើការស៊ីឈ្នួលគេអ៊ីចឹងទៅ។ កូនស្រីខ្ញុំអាយុ១៤ឆ្នាំ វារៀនគ្រាន់បើដែរ តែខ្វះខាតពេក»។
កញ្ញា សុខ ឡា អាយុ២៣ឆ្នាំ ជាបងស្រីមួយរូបដែលមានប្អូន២នាក់រៀននៅសាលាអូរ១៧ បានឱ្យដឹងថា ក្នុងនាមជាពលរដ្ឋមួយរូបចង់ឃើញសាលាកែប្រែរូបរាងពីរោងឈើ មកជាអគាថ្ម ដែលបង្កភាពងាយស្រួលដល់សិស្សានុសិស្សបានរៀនសូត្រសមរម្យ។
កញ្ញា ឡា និយាយថា៖ «សាលាហ្នឹងសង់ពីឈើ ចង់បានឱ្យល្អតែមិនដឹងធ្វើម៉េចអាចកែលម្អ។ សាលានេះបានត្រឹមតែថ្នាក់ទី៥ទេ ខាងខ្ញុំនេះខ្វះខាតមានតែឱ្យគាត់ឈប់ធ្វើចម្ការរៀនត្រឹមតែចេះអានអក្សរបានហើយ ធ្វើម៉េចបានយើងវាអត់»។
លោក លឹម វុទ្ធី អនុប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ លើកឡើងថា ខាងមន្ទីរមិនទាន់បានទទួលសំណើរពីខាងសាលានោះទេ ហើយមន្ទីរមិនមានកញ្ចប់ថវិកាជួយសាលានោះទេ។ មន្ទីរមានលទ្ធភាពក្នុងការដាក់សំណើរទៅក្រសួងអប់រំ និងរកជំនួយពីអង្គការដៃគូនានាដើម្បីជួយសាលាទៅតាមលទ្ធភាពជាក់ស្ដែង។
លោក វុទ្ធី ថ្លែងថា៖ «ទាក់ទងនឹងការសង់សាលារៀននៅស្រុកវាលវែង គឺមានការចូលរួមពីសហគមន៍ដែលនៅជុំវិញសាលាគាត់ជួយសង់។ មន្ទីរក៏មានរៀបចំសំណើរដែរ ដើម្បីសុំទៅក្រសួងបន្ត។ សាលានេះទើបតែកកើតដែរ អ៊ីចឹងវាពិបាកដែរ ត្រង់ថាបើសហគមន៍ជួយសិនទៅ មន្ទីរចេះតែដើររកដៃគូគេមានលទ្ធភាពយើងនាំគេទៅ គេឱ្យទៅ»។
អ្នកស្រី ចាន់ ធារ៉ា នាយិការអង្គការអ្នកអភិវឌ្ឍន៍មិត្តជនបទ យល់ឃើញថា គណៈកម្មការសាលា គួរតែប្រឹងឱ្យអស់លទ្ធភាព និងបង្ហាញពីឆន្ទៈក្នុងការដឹកនាំសាលាជាមុនសិន។
អ្នកស្រី ធារ៉ា បញ្ជាក់ថា៖ «វាអាស្រ័យទៅលើសាលា និងទឹកចិត្តរបស់គ្រូបង្រៀន។ សិស្សម្នាក់ទទួលបាន១ម៉ឺន២ពាន់រៀលតែការអនុវត្តរបស់គាត់មានការខ្វះចន្លោះ អ៊ីចឹងវាអាស្រ័យលើឆន្ទៈរបស់នាយកក្នុងការដឹកនាំ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង ធ្លាប់លើកឡើងថា សាលារៀននៅតំបន់ណាក៏ដោយត្រូវធានាបាននូវការគាំទ្រ និងផ្ដល់ឱ្យពីរដ្ឋដោយភាពស្មើគ្នា និងប្រើប្រាស់ថវិកាឱ្យបានទៅដល់សាលាដែលមានតម្រូវការពិតប្រាកដ។
ស្ថិតិគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទូទាំងប្រទេសក្នុងឆ្នាំ២០២១-២០២២ មានចំនួន ១ ៨១២ ក្នុងនោះមានអនុវិទ្យាល័យចំនួន ១ ២៥៣ មានសិស្ស៦៦២ ១០៦នាក់ និងវិទ្យាល័យចំនួន៥៥៩ មានសិស្ស ៣៦០ ៦១៧នាក់។
អង្គការយូនីសេហ្វ បានលើកឡើងថា កុមារនៅកម្ពុជា មូលហេតុដែលធ្វើឱ្យកុមារជាច្រើននាក់បោះបង់ចោលការសិក្សា គឺមានកត្តាជាច្រើនដូចជា៖ ការរៀនសូត្រមិនគ្រប់គ្រាន់នៅឆ្នាំដំបូងៗ ការមិនទទួលបានអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ ចំនួនគ្រូមានសមត្ថភាពមិនគ្រប់គ្រាន់ គុណភាពនៃបរិស្ថានរៀនសូត្រនៅមានកម្រិតទាប ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាបរិក្ខារអនាម័យ និងទឹកស្អាត នៅខ្វះខាតនៅឡើយ ដែលបង្កផលប៉ះពាល់ជាពិសេសដល់ក្មេងស្រីជំទង់ និងកុមារពិការ៕