លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈគាំទ្រកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាអនាគតបេក្ខភាពស្នងតំណែងបន្តពីលោកជានាយករដ្ឋមន្ត្រី។ លោកបានអះអាងថា ការប្រកាសនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្នករិះ គន់ដែលបានចោទប្រកាន់លោកជាយូរមកហើយថា បានត្រួសត្រាយផ្លូវឲ្យកូនប្រុសរបស់លោកឡើងកាន់តំណែងជាមេដឹកនាំបន្ទាប់របស់កម្ពុជា។
កន្លងមក លោក ហ៊ុន សែន ធ្លាប់បានលើកឡើងពីលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ជាអនាគតបេក្ខភាពម្នាក់សម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។ ទោះជាយ៉ាងនេះក្តី អ្នករិះគន់នៅតែបន្តជឿថា លោក ហ៊ុន ម៉ាណែត នៅតែជាបេក្ខភាពសំខាន់សម្រាប់អ្នកស្នងតំណែងពីឪពុករបស់លោក ដោយសារតែលោកត្រូវបានដំឡើងឋានៈជាបន្តបន្ទាប់នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា រួមទាំងការតែងតាំងលោកជាមេបញ្ជាការកងទ័ពជើងគោក កាលពីឆ្នាំ២០១៨។
លោក ម៉ាណែត ក៏ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមយុវជននៃគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាចផងដែរ។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធទើបអភិវឌ្ឍន៍ថ្មីតម្លៃជាង៣០០លានដុល្លារនៅខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងសុន្ទរកថារយៈពេលជាងពីរម៉ោងពោរពេញទៅដោយពាក្យសម្តីធ្ងន់ៗប្រឆាំងនឹងក្រុមអ្នករិះគន់និងគណបក្សប្រឆាំងដែលត្រូវបានរំលាយហើយនោះ លោក ហ៊ុន សែន បានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ។
លោកបានមានប្រសាសន៍ថា៖ «អញប្រកាសថ្ងៃនេះតែម្តងគាំទ្រកូនឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅការបោះឆ្នោតទេ។ និយាយឲ្យច្បាស់នៅថ្ងៃនេះតែម្តងទៅ! ហ៊ុន ម៉ាណែត គឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយ [ខ្ញុំ] គាំទ្រពេញលេញ» ។
កាលពីចុងខែវិច្ឆិកា លោក ហ៊ុន សែន បានប្រកាសថា លោកនឹងបន្តធ្វើជានាយករដ្ឋ មន្ត្រីរហូតដល់លោក សម រង្ស៊ី ដែលជាគូប្រជែងរបស់លោកនិងកំពុងរស់នៅនិរទេសនោះស្លាប់។
លោក សេង សារី ជាអ្នកឃ្លាំមើលសង្គមមានប្រសាសន៍ថា ការប្រកាសរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសញ្ញាវិជ្ជមានសម្រាប់ការផ្លាស់ប្តូរនយោបាយនាពេលអនាគតរបស់ប្រទេសនេះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា យ៉ាងហោចណាស់ វាគឺជាសញ្ញាល្អសម្រាប់គណបក្សផ្សេងទៀតដែលចង់ប្រកួតប្រជែងដណ្តើមអំណាចជាមួយគណបក្សប្រជា ជនកម្ពុជា»។
លោកបានបន្ថែមថា៖ «នេះគឺជាសារច្បាស់លាស់ដែលកម្ពុជានឹងមានមេដឹកនាំផ្លាស់ប្តូរតាមរយៈការបោះឆ្នោត។ ទោះបីជាយ៉ាងនេះក្តី ការបោះឆ្នោតសកលដោយសេរីត្រឹមត្រូវ និងតម្លាភាព ត្រូវតែទទួលយកបានដោយគ្រប់ភាគី ទន្ទឹមនឹងនោះ ក្រុមប្រឆាំងក៏ត្រូវរៀបចំអ្នកស្នងតំណែងរបស់ខ្លួនដែរ ដើម្បីប្រកួតប្រជែងជាមួយឯកឧត្តម ហ៊ុន ម៉ាណែត»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ខេមបូចាថា បេក្ខ ភាពនាយករដ្ឋមន្ត្រីរបស់គណបក្សត្រូវតែឆ្លងកាត់គណៈកម្មាធិការកណ្តាលរបស់គណបក្ស ហើយបន្ទាប់មកត្រូវបានជ្រើសរើសដោយសម្ងាត់ដោយមហាសន្និបាត។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមិនហ៊ាននិយាយថា គាត់ [ហ៊ុន ម៉ាណែត] គឺជាបេក្ខជនដ៏មានសក្តានុពលតែម្នាក់គត់នៅក្នុងគណបក្សនោះទេ ប៉ុន្តែខ្ញុំគិតថា សម្តេច ហ៊ុន សែន ក្នុងនាមលោកជាឪពុកតែងតែគាំទ្រកូនប្រុសរបស់លោក ដែលជារឿងធម្មតា»។ ដោយលោកបន្ថែមថា៖ «កន្លងមក លោកក៏ធ្លាប់និយាយពីការគាំទ្រកូនប្រុសលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរ ប៉ុន្តែការសម្រេចនឹងធ្វើឡើងអាស្រ័យលើគណៈកម្មាធិការកណ្តាលរបស់គណបក្សតែប៉ុណ្ណោះ» ។
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមានអាយុ៤៤ឆ្នាំ បានចូលបម្រើកងទ័ពក្នុងឆ្នាំ១៩ ៩៥ ហើយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា West Point នៅសហរដ្ឋអាមេរិក។
លោក មាស នី ជាអ្នកវិភាគសង្គមមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលនឹងការប្រ កាសរបស់លោកនាយករដ្ឋមន្ត្រីទេ ដោយលោកមានប្រសាសន៍ថា គំរូនៃការស្នងតំ ណែងពីឪពុកទៅកូន គឺជារឿងធម្មតានៅទូទាំងពិភពលោក សូម្បីតែប្រទេសប្រជាធិបតេយ្យក៏មានដែរ។
លោកបានមានប្រសាសន៍ថា៖ «ទោះបីលោកនិយាយដោយកំហឹងក៏ដោយ ក៏លោកប្រើពាក្យគាំទ្របេក្ខភាព មិនមែនតែងតាំងទេ ដូច្នេះមានន័យថា គាត់គ្រាន់តែមានសិទ្ធិគាំទ្របេក្ខភាពកូនប្រុសគាត់តែប៉ុណ្ណោះ»។ ទោះបីជាយ៉ាងណា លោក មាស នី បានមានប្រសាសន៍ថា សារគាំទ្រកូនប្រុសរបស់លោកជាអនាគតមេដឹកនាំនេះ នឹងត្រូវផ្សាយទៅកាន់សមាជិកភាពផ្ទៃក្នុងរបស់គណបក្សផងដែរ។
លោកមានប្រសាសន៍ថា៖ «នេះគឺជាការទទួលខុសត្រូវរបស់គណបក្សដោយខ្លួនឯង ប៉ុន្តែអ្វីដែលសំខាន់គឺថា តើការស្នងអំណាចនេះនឹងនាំប្រទេសទៅរកភាពរុងរឿង នីតិរដ្ឋ និងយុត្តិធម៌សង្គម ឬក៏គ្រាន់តែបម្រើដល់បុគ្គល និងក្រុមគ្រួសារ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen backs oldest son to be the next country’s leader