អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន អះអាងថា ជនបរទេសមួយរូបនឹងត្រូវបានឱ្យចាកចេញពីប្រទេសកម្ពុជានៅថ្ងៃពុធនេះ បន្ទាប់ពីអាជ្ញាធរឃាត់សួរនាំរយៈពេលជាច្រើនម៉ោងពាក់ព័ន្ធនឹងការចូលរួមជាមួយយុវជនស្រលាញ់បរិស្ថានក្នុងការធ្វើសកម្មភាពលក្ខណៈហាត់ប្រាណ និងលើកបដាដើម្បីជំរុញឱ្យអាជ្ញាធរដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ»។
ក្រុមយុវជនអះអាងថា អាជ្ញាធរបានដាក់កំហិតឱ្យជនបរទេសរូបនោះត្រូវចាកចេញពីកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈអាជ្ញាធរបានលើកឡើងផ្ទុយពីនេះថា ជនបរទេសនោះជាអ្នកស្ម័គ្រចិត្តត្រលប់ទៅកាន់ប្រទេសកំណើតវិញដោយខ្លួនឯង។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានបញ្ជាក់ថា ជនបរទេសដែលត្រូវអាជ្ញាធរហៅសាកសួរកាលពីថ្ងៃអាទិត្យជាមួយក្រុមយុវជនស្រលាញ់បរិស្ថាន នឹងចាកចេញពីកម្ពុជានៅថ្ងៃពុធ[ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤]នេះ វេលាម៉ោង៧យប់តាមផ្លូវអាកាស។
លោកយល់ថា ប្រសិនបើការសម្រេចចិត្តរបស់ជនបរទេសរូបនោះក្នុងការចាកចេញពីកម្ពុជាដោយសារមានសម្ពាធ វាជាករណីរំលោភលើសិទ្ធិរបស់គេ។ លោកបានបន្តថា សកម្មភាពរបស់ក្រុមយុវជន ជាការជួបជុំផ្សព្វផ្សាយក្នុងគោលបំណងការពារសម្បត្តិរបស់ជាតិ មិនគួរមានការហៅសួរនាំពីអាជ្ញាធរឡើយ។
លោកថ្លែងថា៖«សកម្មភាព [ក្រុមយុវជន] នេះយើងឃើញហាក់គ្មានអីប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈអីទេ ហើយប្រធានបទហ្នឹងក៏ជាប្រធានបទមួយដែលធ្វើឡើងក្នុងន័យការពារធនធានរបស់ជាតិដែរ របស់រដ្ឋដែរ។ ចឹងវាជាទិសដៅស្របគ្នា ខ្ញុំមិនយល់អំពីការចាត់វិធានការហ្នឹងទេ លុះត្រាតែការធ្វើវាមើលទៅមានលក្ខណៈធ្ងន់ធ្ងរវាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមអ៊ីចឹងទៅ ប៉ះពាល់ដល់សន្តិសុខជាតិដូចដែលច្បាប់ចែងទៅ វាជារឿងមួយដែលគួរចាត់វិធានការ ប៉ុន្តែរឿងនេះវាមិនសាកសមនឹងមានវិធានការបែបហ្នឹង»។
កាលពីថ្ងៃអាទិត្យ នៅពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងប្រារព្ធទិវា៧មករា ដោយរំលឹកពីការផ្ដួលរំលំរបបខ្មែរក្រហម មិនឆ្ងាយប៉ុន្មានពីទីលានប្រារព្ធពិធី អាជ្ញាធរខណ្ឌដូនពេញ បានឃាត់សកម្មជន និងយុវជនស្រឡាញ់បរិស្ថានចំនួន១២នាក់ និងជនបរទេសមួយរូបអំឡុងពេលពួកគេធ្វើការហាត់ប្រាណ និងលើកបដានៅសួនច្បារមាត់ទន្លេចតុមុខក្នុងគោលបំណងជំរុញឱ្យអាជ្ញាធរដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ» ។
ក្រុមយុវជនចំនួន១៣នាក់ ក្នុងនោះមានបុរសជនបរទេសម្នាក់ដែរ ពាក់អាវយឺតមានអក្សរកោះកុងក្រៅ និងរូបត្រីទឹកសមុទ្រ បានប្រមូលផ្ដុំគ្នាហាត់ប្រាណ និងកាន់បដា នៅតាមសួនច្បារមាត់ទន្លេចតុមុខ ក្នុងគោលបំណងស្នើឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ និងជំរុញឱ្យប្រជាពលរដ្ឋជាពិសេសយុវជនបានដឹងឮអំពីកោះកុងក្រៅ ក៏ដូចជាចូលរួមការពារធនធានធម្មជាតិ និងបរិស្ថាន តាមរយៈសកម្មភាពហាត់ប្រាណជាដើម។
នៅលើបដាដែលក្រុមយុវជនកាន់ បានសរសេរពាក្យថា «Sunday For Kohkong Island» និង «ថ្ងៃអាទិត្យដើម្បីកោះកុងក្រៅ»។ ក្រុមយុវជន បាននិយាយថា ពួកគេមានផែនការក្នុងការធ្វើសកម្មភាពនេះរយៈពេលមួយខែ និងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ ហើយនេះជាសប្ដាហ៍ទី១នៃសកម្មភាពសម្រាប់កោះកុងក្រៅ។
យុវតីវ័យ២០ឆ្នាំ កញ្ញា មាន លីសា ជាសកម្មជនចលនាមាតាធម្មជាតិ ឱ្យដឹងថា អាជ្ញាធរបានឃាត់ក្រុមរបស់នាងមាន១៣នាក់ ក្នុងនោះមាននារី៥នាក់ និងបរទេសម្នាក់ ដោយមូលហេតុពាក់អាវដោយភ្ជាប់នឹងពាក្យថា «កោះកុងក្រៅ» ថែមទាំងនាំក្រុមយុវជនទៅកាន់សាលាខណ្ឌដូនពេញ ក្រោមហេតុផលថា គ្រាន់តែបំភ្លឺរយៈពេលខ្លីអំពីគោលបំណងនៃការធ្វើលំហាត់ប្រាណនេះ។
ក្រុមយុវជនទាំង១៣នាក់ត្រូវបានអាជ្ញាធរឃាត់នៅវេលាម៉ោងប្រមាណ១០ព្រឹករហូតដល់ម៉ោងជិត៦ល្ងាចទើបត្រូវបានដោះលែងវិញ។ អំឡុងពេលនៅក្នុងសាលាខណ្ឌ យុវតី លីសា និយាយថា មន្រ្តីនៅទីនោះ បានសួរនាំយុវជនអំពីព័ត៌មានផ្ទាល់ខ្លួនពាក់ព័ន្ធនឹងឈ្មោះ ទីកន្លែងរស់នៅបច្ចុប្បន្ន ស្រុកកំណើត និងមុខរបរឪពុកម្ដាយជាដើម។ ប៉ុន្តែ លីសា បានបដិសេធក្នុងការរៀបរាប់ពីទីលំនៅបច្ចុប្បន្ន។
ជុំវិញការឃាត់ខ្លួននេះ កញ្ញា លីសា បន្តថា៖«វាប៉ះពាល់ទាំងផ្លូវកាយ ផ្លូវចិត្តរបស់យើង ព្រោះអ្នកខ្លះអត់សូវស្រួលខ្លួន ដូចខ្ញុំម្សិលមិញ ខ្ញុំផ្ដាសាយ ហើយខ្ញុំទៅនៅក្នុងបន្ទប់បិទជិតធ្វើឱ្យខ្ញុំក្ដៅខ្លួនខ្លាំងមែនទែន។ មកផ្ទះវិញគឺសឹងអត់សូវស្រួលខ្លួន ហើយខ្ញុំបានលេបថ្នាំសម្រាក»។ កញ្ញាបន្តថា៖ «យុវជនយើងផ្សេងទៀតដូចគ្នាប៉ះពាល់ផ្លូវអារម្មណ៍មែនទែន ដោយនៅក្នុងនោះត្រូវបានរងការគំរាមកំហែងសម្លុត ហាក់បីដូចជាអំពើមនុស្សព្រៃធ្វើមកកាន់ពួកយើង គ្រាន់តែយើងសុំចេញពីបន្ទប់បិទជិតហ្នឹងគឺសម្លុតយើងឡើងបាត់មាត់តែម្ដង»។
យុវតីរូបនេះ សង្កេតឃើញថា អាជ្ញាធរមានអប្បកិរិយាមិនសមរម្យក្នុងការធ្វើដាក់យុវជនជាពិសេសស្រ្តី ហើយយុវជនមួយចំនួនមានភាពតក់ស្លុតភ័យញាប់ញ័រនៅពេលមួយដែលពួកគេបានដើរចេញពីបន្ទប់តាមម៉ោងកំណត់ដែលត្រូវចេញពីសាលាខណ្ឌ ហើយអាជ្ញាធរបានស្រែកសម្លុតទៅកាន់ពួកគេឱ្យត្រលប់វិញ។ បន្ថែមពីលើនេះ កញ្ញាថា មន្រ្តីនៅទីនោះបានប្រាប់បុរសជនបរទេសឱ្យដោះអាវដែលមានអក្សរកោះកុងក្រៅទាំងក្នុងហ្វូងមនុស្សមានទាំងស្រ្តីទៀត។ ប៉ុន្តែយុវតីរូបនេះ បានជំទាស់ ហើយបានស្នើឱ្យជនបរទេសទៅដោះអាវនៅក្នុងបន្ទប់ទឹកវិញ។
កញ្ញាបន្ថែមថា៖«គ្រាន់តែយើងដើរចេញទៅបន្ទប់ទឹក៣នាក់ គាត់ថាយើងទៅបន្ទប់ទឹកម្ដងឡើង៣នាក់ យើងទទួលបានអារម្មណ៍ harassment (ការយាយី)ពីអាជ្ញាធរមែនទែន»។
កញ្ញាបន្តទៀតថា សមត្ថកិច្ចបានឱ្យបុរសបរទេសធ្វើកិច្ចសន្យាដោយថតជាវីដេអូ ដែលមានខ្លឹមសារថា ត្រូវបានក្រុមយុវជនបញ្ចុះបញ្ចូលនិងបង្ខិតបង្ខំឱ្យចូលរួមកម្មវិធីនេះ។ បើតាម កញ្ញា ឱ្យដឹងទៀតថា អាជ្ញាធរបានសម្រេចឱ្យជនបរទេសនោះចាកចេញពីប្រទេសកម្ពុជានៅក្នុងរយៈពេល៣ថ្ងៃទៀត [ថ្ងៃពុធ]។
យុវជនមួយរូបទៀតដែលចូលរួមក្នុងកម្មវិធីនេះផងដែរ លោក ហៀម ផេត បានអះអាងថា លោកនឹងនៅតែបន្តធ្វើសកម្មភាពនេះដើម្បីជំរុញឱ្យអាជ្ញាធរដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។
លោកនិយាយថា៖ «ខ្ញុំយល់ថាជារឿងមួយដែលមិនសមនឹងធ្វើ ទាំងដែលពួកយើងធ្វើសកម្មភាពហាត់ប្រាណ ជាសាធារណៈប៉ុន្តែពួកគាត់បែរជាឃាត់យើង ហើយហាមពួកយើង។ ចឹងវាជារឿងមួយដែលអយុត្តិធម៌សម្រាប់ពួកយើងមែនទែន ទាំងដែលពួកយើងអត់បានធ្វើខុសទៅលើលក្ខខណ្ឌណាមួយ គ្រាន់តែយើងធ្វើសកម្មភាពដែលពលរដ្ឋគាត់ធ្វើទូទៅគ្រាន់យើងមានអាវកោះកុងក្រៅ ហើយគាត់មកឃាត់ពួកយើង»។
ខេមបូចា មិនទាន់ទទួលបានការឆ្លើយតបតាមប្រព័ន្ធអ៊ីម៉ែលពីលោក Jannik Levin ជាជនបរទេសដែលអាជ្ញាធរឃាត់សាកសួរនៅឡើយទេគិតត្រឹមល្ងាចថ្ងៃអង្គារ ខណៈលោកបានបដិសេធក្នុងការផ្ដល់បទសម្ភាសភ្លាមៗនៅពេលដែលចេញពីសាលាខណ្ឌដូនពេញកាលពីល្ងាចថ្ងៃអាទិត្យ។ តែលោក Jannik Levin បានប្រាប់អ្នកកាសែតតាមទូរសព្ទដោយខ្លីថា លោកនឹងឆ្លើយតបជាមួយអ្នកកាសែតនៅពេលក្រោយ ហើយលោកនឹងនៅក្រៅប្រទេសកម្ពុជា។
ដោយឡែក ហ្វេសបុកផេកស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា បន្ទាប់ពីបញ្ចប់ការសាកសួរ ជនបរទេសរូបនោះបានធ្វើលិខិតសុំទោស រួចទទួលស្គាល់កំហុស និងបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញនៅថ្ងៃខាងមុខ។ សមត្ថកិច្ចបន្តថា ក្រុមយុវជនទាំងនោះបានធ្វើសកម្មភាពខុសច្បាប់ និងបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយសារមិនមានការជូនដំណឹងតាមច្បាប់ទៅកាន់សមត្ថកិច្ចជាមុនឡើយ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ថា អាជ្ញាធរគ្រាន់តែធ្វើការណែនាំដល់ក្រុមយុវជន ហើយជនបរទេសនោះបានស្ម័គ្រចិត្តត្រលប់ទៅប្រទេសកំណើតវិញដោយខ្លួនឯង។ លោកបានអះអាងថា ជនបរទេសនោះបានចាញ់បោកក្រុមយុវជនថា មកហាត់ប្រាណធម្មតា ដោយមិនបានដឹងអំពីសកម្មភាពទាមទារអ្វីនោះទេ។
លោកថ្លែងថា៖«តាមការសារភាពនៅចំពោះមុខសមត្ថកិច្ចក្រុមយុវជនបោកប្រាស់គាត់ [ជនបរទេស] ថាមកហាត់កីឡា ចឹងគាត់ស្មានតែក្រុមទាំងណុងមកហាត់កីឡា ក៏គាត់មកចូលរួម មិនដឹងថាក្រុមនោះមកទាមទារតវ៉ាអីរបៀបណាគាត់អត់ដឹងទេ ទាល់សមត្ថកិច្ចហៅសួរនាំបានគាត់ដឹង»។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ មានប្រសាសន៍ថា ការកាន់បដារបស់ក្រុមយុវជនបានធ្វើឱ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ហើយការសួរនាំជនបរទេសនោះជាកាតព្វកិច្ចរបស់មន្រ្តីក្នុងការអនុវត្តច្បាប់។ លោកបន្តថា សមត្ថកិច្ចបានសួរជនបរទេសនោះពាក់ព័ន្ធនឹងការងារ និងចូលមកកម្ពុជាបានយ៉ាងដូចម្ដេច ហើយមកកន្លែងធ្វើសកម្មភាពនេះមានគោលបំណងអ្វី។
លោកថ្លែងថា៖«ជនបរទេសតែចូលទៅប្រទេសណាក៏ដោយត្រូវតែគោរពច្បាប់ប្រទេសណុងហើយ គាត់ហ៊ានតែបំពាននៅពីក្រោយដែលហែហមទៅស្រែកអីៗ គេត្រូវហៅសួរចឹងហើយ អត់ខុសទេ សួរហើយចប់គេឱ្យគាត់ទៅវិញហើយ មានឃាត់មានអី»។
បន្ថែមពីលើការអះអាងរបស់សមត្ថកិច្ច អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាក់ថា ករណីនេះត្រូវបានដោះស្រាយរួចរាល់ហើយ ខណៈក្រុមយុវជនទាំងនោះមិនបានជូនដំណឹងពាក់ព័ន្ធនឹងយុទ្ធនាការនេះទៅកាន់អាជ្ញាធរមូលដ្ឋានឡើយ។
លោកមានប្រសាសន៍ថា៖«ខ្ញុំគ្រប់គ្រងមនុស្សយ៉ាងម៉េចទៅឥឡូវ បើគាត់ធ្វើអីអត់ជូនដំណឹងមកខ្ញុំផង សិទ្ធិគាត់វាហៀរប៉ះសិទ្ធិអ្នកដទៃ»។
ជុំវិញការប្រើពាក្យសម្ដីមិនសមរម្យណាមួយ លោកថា ក្រុមយុវជនអាចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការបានប្រសិនបើមានភស្តុតាង។
លោកបញ្ជាក់ថា៖«បើមានភស្តុតាងគាត់ប្ដឹងទៅតុលាការទៅ។ […] អាជ្ញាធរខ្ញុំក៏រៀន និងមានសុវជីវធម៌ដែរ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន ប្រាប់អ្នកសារព័ត៌មានសួរទៅកាន់អង្គភាពដែលឃាត់ខ្លួន។
លោកបញ្ជាក់ថា៖ «អង្គភាពណាឃាត់ខ្លួន? គួរសួរទៅអ្នកនាំពាក្យរបស់អង្គភាពនោះ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៏មិនបានឃាត់ទេ»។
នាយកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការហៅសាកសួរក្រុមយុវជនដែលឈឺឆ្អាលរឿងទ្រព្យសម្បត្តិជាតិនេះ គឺជាការរំលោភលើសេរីភាពក្នុងការជួបជុំរបស់ពលរដ្ឋ។ លោកយល់ថា ប្រសិនបើមិនមានការឃាត់សួរនាំទេ ជនបរទេសរូបនោះទំនងមិនចាកចេញពីកម្ពុជាឡើយ។
លោកថ្លែងថា៖«វាជាសេរីភាពរបស់ពលរដ្ឋជាមូលដ្ឋាន វាមិនមានបទល្មើសអីទេ ហើយនៅពេលដែលឃាត់យកទៅសួរនាំអីចឹង វាជាការគំរាមកំហែងបំភិតបំភ័យសម្រាប់យុវជនដែលគាត់ស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ ហើយកោះកុងដូចគាត់ទាមទារឱ្យមានការថែរក្សា ឬក៏ដាក់ជាឧទ្យានសមុទ្រជាតិ អាហ្នឹងវាជាទ្រព្យសម្បត្តិជាតិមែនជារបស់បុគ្គលណាមួយទេ»។
មួយថ្ងៃបន្ទាប់ពីការឃាត់ខ្លួនក្រុមយុវជន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចំអកដាក់មនុស្សមួយចំនួនរាប់ទាំងជនបរទេសថានឹងមិនហ៊ានចូលរួមការពារបរិស្ថាននោះទេ នៅពេលដែលស្រុកកើតសង្រ្គាម។
លោកបញ្ជាក់ថា៖ «បើគ្មានសន្តិភាពតំបន់ទាំងអស់នោះ សួរថាប្រជាពលរដ្ឋនៅទីនោះទៅរួចទេ អ្នកខ្លះឥលូវតាំងខ្លួនជាអ្នកស្រលាញ់ធម្មជាតិ ទាំងបរទេសអីចូលទៅធ្វើសកម្មភាព ថាខ្លួនការពារបរិស្ថាន តែបើកាលវាយគ្នាចាំតែចូលតើ ហើយម៉េចមិនចូលការពារបរិស្ថានពេលនោះ»។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា ហេង គឹមហុង អំពាវនាវឱ្យរដ្ឋាភិបាលបើកលម្ហសិទ្ធិសេរីភាពដល់យុវជនក្នុងការធ្វើការលើកកម្ពស់ធនធានធម្មជាតិ និងបរិស្ថានដែលជាផលប្រយោជន៍រួមរបស់ជាតិ ដោយស្របតាមបរិបទសង្គមប្រជាធិបតេយ្យផងដែរ។
លោកលើកឡើងថា៖«ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបើកលម្ហសិទ្ធិសេរីភាព ជាពិសេសគឺយុវជនដែលគាត់ជាអ្នកធ្វើការងារហ្នឹង លើវិស័យធនធានធម្មជាតិបរិស្ថាន វិស័យអីក៏ដោយ ជាផលប្រយោជន៍របស់ជាតិ ជំរុញនិងលើកទឹកចិត្តគាត់ទៅ ធម្មតាសង្គមប្រជាធិបតេយ្យ ត្រូវការពលរដ្ឋសកម្ម ត្រូវការពលរដ្ឋដែលជួយឆ្លុះបញ្ចាំងបញ្ហាសង្គម គេមិនដែលធ្វើការរឹតត្បិតចឹងទេ ហើយការរឹតត្បិតសិទ្ធិសេរីភាពនេះជាសញ្ញាព្រួយបារម្ភថា សិទ្ធិសេរីភាពផ្សេងៗទៀតដែលនឹងត្រូវបានអនុវត្តដោយប្រជាពលរដ្ឋអាចនឹងត្រូវបន្តការរឹតត្បិតផងដែរ»។
កាលពីដើមខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរខេត្តសៀមរាបបានរារាំងក្រុមអ្នកការពារសិទ្ធិមនុស្ស និងព្រះសង្ឃជិត២០អង្គ/នាក់ ដែលធ្វើធម្មយាត្រាដើរដោយថ្មើរជើងដើម្បីលើកកម្ពស់សេរីភាព និងយុត្តិធម៌សង្គម ដោយថា គ្មានសណ្ដាប់ធ្នាប់និងពុំបានសុំសហការជាមុន ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សបានបដិសេធចំពោះការចោទប្រកាន់នេះ ហើយថា បានធ្វើធម្មយាត្រាដោយមានរបៀបរៀបរយនិងបានជូនដំណឹងទៅកាន់អាជ្ញាធរ។
យោងតាមច្បាប់ស្ដីការធ្វើបាតុកម្មដោយសន្តិវិធី មាត្រា៣ បញ្ជាក់ថា ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់ការប្រមូលផ្ដុំគ្នា ឬ ការដង្ហែក្បួនធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែមិនអនុវត្តចំពោះ ការដើរហែក្បួនព្យុហយាត្រា ដើរហែសព និងការប្រមូលផ្ដុំគ្នាដទៃទៀតក្នុងគោលបំណងបម្រើសាសនា សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ និងសកម្មភាពផ្សព្វផ្សាយអប់រំ ដើម្បីផលប្រយោជន៍សង្គម៕