ពលករកម្ពុជានឹងត្រូវបញ្ជូនទៅធ្វើការនៅប្រទេសប៉ូឡូញជាលើកទី១មុនឆ្នាំ២០២៣ បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកមួយដែលនាំពលករទៅធ្វើការនៅក្រៅប្រទេសបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមកពីប្រទេសប៉ូឡូញកាលពីសប្តាហ៍មុន។
លោក ឯល រ៉ូហ្សែត អគ្គនាយកក្រុមហ៊ុន អាយអាយអេស (IIS Company) មានប្រសាសន៍ថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនលោកជ្រើសរើសពលករទៅធ្វើការនៅប្រទេសប៉ូឡូញតាំងពី ឆ្នាំ២០២០ប៉ុន្តែត្រូវខកខានដោយសារជំងឺរាតត្បាត។ លោក រ៉ូហ្សែត បន្តថា អីឡូវនេះក្រុមហ៊ុនលោកមានពលករខែ្មរចំនួន១៥នាក់ ត្រៀមចេញទៅធ្វើការនៅប្រទេសប៉ូឡូញមុនឆ្នាំ២០២៣។
អគ្គនាយកក្រុមហ៊ុន អាយអាយអេស ឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនលោកត្រូវការពលករខ្មែរជាង១ពាន់នាក់ដើម្បីទៅធ្វើការនៅប្រទេសប៉ូឡូញក្នុងមួយឆ្នាំ។
លោកបន្តថា ក្រុមហ៊ុន អាយអាយអេស សម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន អឹមភីឡា (MPillar Human Resources) នៅប្រទេសប៉ូឡូញ ដោយយល់ថា ក្រុមហ៊ុនមួយនេះមានបទពិសោធន៍នាំចេញពលករតាមបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ទៅធ្វើការនៅប្រទេសប៉ូឡូញប្រកបដោយការយកចិត្តទុកដាក់។
លោក រ៉ូហ្សែត បន្ថែមថា ក្រុមហ៊ុន អឹមភីឡា នឹងផ្គត់ផ្គង់ពលករខ្មែរដែលទៅធ្វើការនៅប្រទេសប៉ូឡូញដូចជា កន្លែងស្នាក់នៅ ថ្លៃទឹក ថ្លៃភ្លើង ថ្លៃហ្គាស ការធ្វើដំណើរទៅវិញទៅមកពីកន្លែងធ្វើការ ដោយពួកគេគ្រាន់តែចំណាយលើម្ហូបអាហារដោយខ្លួនឯង។
លោក បន្តថា ថ្លៃម្ហូបអាហារមួយឆ្ងាញ់សម្រាប់ពលករខ្មែរចំណាយត្រឹមតែជាង១០០ដុល្លារក្នុងមួយខែ ក្នុងនោះមានទាំងត្រី សាច់ បន្លែជាដើម។ ពលករខ្មែរនឹងធ្វើការក្នុងរោងចក្រប្រភេទ វេចខ្ចប់ ម្ហូបសាច់ បន្លែ ផ្លែឈើ។ ចំពោះការស្នាក់នៅគឺតម្រូវឱ្យពលករចំនួន១៣នាក់សម្រាកក្នុងផ្ទះមួយរួមគ្នាដែលមាន៥បន្ទប់។
លោក រ៉ូហ្សែត ថ្លែងថា៖ «ដោយខ្ញុំបានពិនិត្យមើលក្រុមហ៊ុនគាត់(អឹមភីឡា)ច្បាស់ ក្រុមហ៊ុនគាត់ មានគោរពច្បាប់នៅប្រទេសប៉ូឡូញ ការបង់ពន្ធ។ អ្វីដែលសំខាន់គាត់មានបទពិសោធន៍ច្រើនឆ្នាំការទទួលពលករពីឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ហើយខ្ញុំបានឃើញអត្ថប្រយោជន៍ដែលគាត់បានផ្ដល់ឱ្យពលករយើងវាមានច្រើន សូម្បីតែថ្លៃភ្លើង ថ្លៃទឹក ថ្លៃហ្គាស»។
លោក រ៉ូហ្សែត ប្រាប់ថា ប្រជាពលរដ្ឋខ្មែរមានបំណងចង់ធ្វើការនៅប្រទេសប៉ូឡូញអាចទាក់ទងមកក្រុមហ៊ុន អាយអាយអេស ដែលមានទីតាំងនៅបុរីពិភពថ្មី ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក រ៉ូហ្សែត គូសបញ្ជាក់ថា ពលរដ្ឋខ្មែរដែលមានអាយុចន្លោះ១៨ ដល់ ៤៥ឆ្នាំ និងមានកម្រិតវប្បធម៌ចាប់ពីអនុវិទ្យាល័យ អាចដាក់ពាក្យទៅធ្វើការនៅប្រទេសប៉ូឡូញបាន ទាំងអ្នកមានជំនាញនិងអត់ជំនាញ។ យ៉ាងណាលោកបញ្ជាក់ថា ករណីពលរដ្ឋមានកម្រិតវប្បធម៌ទាបជាងលក្ខខណ្ឌតម្រូវ ពួកគេនៅតែអាចដាក់ពាក្យបាន ដោយក្រុមហ៊ុននឹងធ្វើតេស្តលើភាពវៃឆ្លាតរបស់ពួកគេផងដែរ។ បន្ទាប់ពីដាក់ពាក្យជាប់ ក្រុមហ៊ុននឹងធ្វើការបង្រៀនមូលដ្ឋានគ្រឹះភាសាអង់គ្លេសបន្ថែមរយៈពេល១ខែទៅ៣ខែ អំឡុងពេលរត់ឯកសារ។
លោក រ៉ូហ្សែត ឱ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសប៉ូឡូញអាចបន្តទិដ្ឋាការដើម្បីធ្វើការនៅទីនោះរហូតទាល់តែពួកគេចង់ត្រឡប់មកវិញ។ ហើយបន្ទាប់ពីត្រលប់មកវិញ ពួកគេអាចមានជំនាញមួយច្បាស់លាស់ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
លោក រ៉ូហ្សែត បានគូសបញ្ជាក់ថា ដើម្បីចៀសវាងពលករមានបញ្ហាណាមួយ ក្រុមហ៊ុនលោកតែងខលទៅកាន់ពួកគេរៀងរាល់៣ខែម្ដង ដើម្បីសួរនាំពីស្ថានភាពធ្វើការនិងការរស់នៅ។
បើតាមលោក លោក ឯល រ៉ូហ្សែត ឱ្យដឹងថា សព្វថ្ងៃនេះ មានពលករខ្មែរកំពុងធ្វើការស្របច្បាប់នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន និងសឹង្ហបុរី។ ក្នុងនោះធ្វើការនៅប្រទេសថៃចំនួន១លាន២សែននាក់ កូរ៉េជាង៥ម៉ឺននាក់ ជប៉ុន១ម៉ឺននាក់ និងសឹង្ហបុរីជាង១ពាន់នាក់។ ដោយឡែកប្រទេសម៉ាឡេស៊ីពុំមានទិន្ន័យច្បាស់លាស់ ដោយមានការផ្អាកជាច្រើនឆ្នាំ និងតំបន់អារ៉ាប់ការបញ្ជូនពលករខ្មែរពុំបានជោគជ័យដោយសារប្រាក់ខែប្រហែលនៅកម្ពុជា។
លោក ការ៉ាន់ ហ្សា តំណាងក្រុមហ៊ុន អឹមភីឡា នៅប្រទេសប៉ូឡូញ មានប្រសាសន៍ថា ពលករខ្មែរនឹងធ្វើការនៅតាមបណ្ដារោងចក្រមួយចំនួនដូចជា រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រសាច់មាន់ជាដើម។ លោកបន្តថា ថ្ងៃធ្វើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រនឹងអាចមានការថែមម៉ោងផងដែរ។ ចំណែកប្រាក់ខែគោល បន្ទាប់ពីកាត់ថ្លៃពន្ធ និងធានារ៉ាប់រង់រួច ពលករអាចទទួលប្រាក់ប្រហែល១ពាន់ដុល្លារក្នុងមួយខែ។
លោក ហ្សា បន្ថែមថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានមកទីនេះក្នុងប្រទេសកម្ពុជាយើងជ្រើសរើសកម្មករខ្មែរដែលមានជំនាញ និងគ្មានជំនាញ។ [យើងក៏ត្រូវការ]កម្មករផលិតកម្មមួយចំនួនក៏ជាកម្មករជំនាញដូចជា ជាងកាត់ដេរ ជាងដែក ជាងឈើ ជំនាញនេះយើងក៏រួមបញ្ចូលផងដែរ»។
ពលករខ្មែរដែលត្រៀមចេញទៅធ្វើការនៅប្រទេសប៉ូឡូញខាងមុខ ដោយគ្រាន់តែរង់ចាំការធ្លាក់ទិដ្ឋាការពីស្ថានទូតប៉ូឡូញ បានប្រាប់សារព័ត៌មានខេមបូចាថា ពួកគេបានចំណាយប្រាក់អស់ ៤ ៩០០ដុល្លារក្នុងម្នាក់សម្រាប់ដាក់ពាក្យនិងរត់ឯកសារនានាដើម្បីបានទៅធ្វើការនៅប្រទេសប៉ូឡូញទៅឱ្យក្រុមហ៊ុន ដោយទាន់មិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះ។ ដោយទទួលបានប្រាក់ខែគោលចន្លោះ៩៥០ដុល្លារទៅជាង១ពាន់ដុល្លារ និងកុងត្រារយៈពេល២ឆ្នាំ។ ពួកគេបន្តថា ការដាក់ពាក្យតម្រូវឱ្យមានអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន រូបថត និងសញ្ញាបត្រផងដែរ។
លោក ម៉ែម ឌី អាយុ៣៥ឆ្នាំ នៅភូមិអន្លុងសាន ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល
ជាពលករខ្មែរមួយរូបត្រៀមចេញទៅធ្វើការនៅប្រទេសប៉ូឡូញខាងមុខ និយាយថា ក្រុមហ៊ុនតម្រូវឱ្យបង់ប្រាក់៧០០ដុល្លារក្នុងការរត់ឯកសារនានា ហើយបន្ទាប់ពីទទួលបានឯកសាររួចរាល់គឺបង់ប្រាក់បន្ថែមចំនួន៤ ២០០ដុល្លារទៀត។
លោក ឌី ឱ្យដឹងថា គោលបំណងទៅធ្វើការនៅប្រទេសប៉ូឡូញគឺដើម្បីចង់ផ្លាស់ប្ដូរបទពិសោធន៍ និងមានជំនាញមួយច្បាស់លាស់បន្ទាប់ពីត្រឡប់មកកម្ពុជាវិញ។ លោក ឌី បន្តថា ក្រុមហ៊ុនផ្ដល់ឱកាសឱ្យរើសយកការងារជាជំនាញមួយក្នុងចំណោមជំនាញចំនួន៦ផ្សេងៗគ្នា ប៉ុន្តែលោកពុំច្បាស់ថាជាជំនាញអ្វីខ្លះដោយរង់ចាំទៅដល់ប្រទេសប៉ូឡូញសិន។
លោក ឌី ឱ្យដឹងថា៖ «ក្រុមហ៊ុនប្រាប់ថាចាកចេញមុនចូលឆ្នាំថ្មី។ ចង់ទៅ២ឆ្នាំយកបទពិសោធន៍សិនបើការងារទៅមុខបន្តទៀត។ ចង់ឱ្យក្រសួងការងារសម្រួលជាមួយកុងស៊ុល ធ្លាក់វីសា និងពេលមានបញ្ហាការងារចង់ឱ្យសម្រួលពួកខ្ញុំជាមួយក្រុមហ៊ុន»។
អ្នកស្រី អ៊ំ សុផាន់ណា វ័យ៣៧ឆ្នាំ រស់នៅភូមិ១០ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និយាយថា អ្នកស្រីដាក់ពាក្យទៅធ្វើការផ្នែវេចខ្ចប់នៅប្រទេសប៉ូឡូញ។
អ្នកស្រី សុផាន់ណា ថ្លែងថា៖ «បងដាក់ខាងវេចខ្ចប់ ប៉ុន្តែទៅដល់នោះគេសួរយើងថាធ្វើការផ្នែកអី គេអត់បង្ខំយើងដាក់ពាក្យនេះធ្វើការនេះទេ។ កុងត្រា២ឆ្នាំ បើស្រួលបន្ត។ ប្រាក់ទាំងថែមម៉ោង ១ ៥០០ដុល្លារឡើង»។
លោក ស សារិន កុងស៊ុលកិត្តិយសនៃស្ថានកុងស៊ុលសាធារណៈរដ្ឋប៉ូឡូញប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសប៉ូឡូញគឺជាការឆ្លើយតបតម្រូវការនៃប្រទេសទាំងពីរ។
លោក សារិន និយាយថា៖ «ជាការពិតណាស់ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ គឺជាការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការប្រទេសទាំងពីរ ខណៈដែលយើងជឿជាក់ថា ការធ្វើចំណាកស្រុកកម្លាំងពលកម្មបានរួមចំណែកយ៉ាងធំធេងដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅ»។
លោក សួង សង្វាវុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ ថ្លែងថា ការចុះហត្ថលេខាលើភាពជាដៃគូរវាងក្រុមហ៊ុន អាយអាយអេស និងក្រុមហ៊ុន អឹមភីឡា គឺដើម្បីផ្ដល់ឱកាសការងារស្របច្បាប់ដល់ពលករខែ្មរទៅបម្រើការងារនៅប្រទេសប៉ូឡូញ ដោយមានការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋប៉ូឡូញ។
លោក សង្វាវុទ្ធី បន្តថា លោកនឹងជួយសម្របសម្រួលទៅកាន់ស្ថានទូតប៉ូឡូញ ឱ្យពលករខ្មែរទទួលបានទិដ្ឋាការការងារស្របច្បាប់តាមរយៈកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋប៉ូឡូញប្រចាំកម្ពុជា។
លោក សង្វាវុទ្ធី និយាយថា៖ «ខ្ញុំតំណាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងធ្វើការ
ជួយជ្រោមជ្រែងលើការស្នើសុំវីសារបស់ពលករ ដែលបានដាក់ពាក្យរួចនិងរង់ចាំទទួលវីសាការងារស្របច្បាប់ ទៅកាន់ស្ថានទូតប៉ូឡូញ»។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក មានប្រសាសន៍ថា ផ្អែកលើការកត់សម្គាល់ ទោះបីមានការចុះអនុស្សរណៈក៏ដោយ ប៉ុន្តែនៅតែកើតមានបញ្ហាមួយចំនួនលើពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស។
លោក សែនករុណា និយាយថា៖ «ជាទូទៅកន្លងមកយើងឃើញមានការជួញដូរគាត់(ពលករខ្មែរ)ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ បាត់ដំណឹងបាត់អ៊ីចឹងទៅខ្វះការទំនាក់ទំនងត្រឡប់មកគ្រួសារជាដើម ជាហេតុឱ្យគាត់មានការជួញដូរបន្ត រំលោភលើពលកម្ម អ្នកខ្លះឈានដល់ការបាត់ខ្លួន ពិបាកក្នុងការរកក្រុមគ្រួសារមកប្ដឹងយើងជាដើម»។
លោក សែនករុណា ជំរុញឱ្យរដ្ឋាភិបាល បង្កើនទីផ្សារការងារជាមួយប្រាក់បៀវត្សសមរម្យដើម្បីកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋខ្មែរទៅកាន់ប្រទេសដ៏ទៃទៀត ដែលនាំឱ្យបាត់បង់ធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គម៕