ពលករខ្មែរទៅកូរ៉េមួយចំនួនបានលើកឡើងថា សំបុត្រយន្ដហោះដែលក្រសួងការងារយកហាក់ថ្លៃមួយគុណនឹងពីរដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ ខណៈដែលតម្លៃសេវាផ្សេងៗបានយករួចហើយ។ ការចំណាយនេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបំណុលបន្ថែមទៀត។
លោក ចេង ពិសិដ្ឋ អាយុ៣២ឆ្នាំ ជាពលករកំពុងបម្រើការងារក្នុងប្រទេសកូរ៉េ បានឱ្យខេមបូចា ដឹងថា ពលករដែលមានបំណងចង់មកបម្រើការងារនៅប្រទេសកូរ៉េ ដោយសារតែបញ្ហាជីវភាព និងភាពក្រីក្រ ទើបពួកគាត់ត្រូវចំណាកស្រុកមកធ្វើការស្រុកគេ។ លោកបន្តថា មុននឹងបានមកធ្វើការក្នុងប្រទេសកូរ៉េត្រូវរៀនប្រឡងឱ្យជាប់ ហើយត្រូវរង់ចាំថៅកែកូរ៉េរើសបន្ដទៀត ដូច្នេះពលករភាគច្រើនត្រូវដើរខ្ចីលុយគេ ដើម្បីចំណាយលើសេវាផ្សេងៗ។
លោកបន្តថា ពេលមកដល់ក្រសួងការងារត្រូវបង់ថ្លៃសេវាផ្សេងៗដើម្បីបានមកប្រទេសកូរ៉េ ប៉ុន្ដែលោកថាសេវាផ្សេងៗមិនមែនជាបញ្ហាចោទនោះទេ តែបញ្ហាធំនោះគឺថ្លៃសំបុត្រយន្ដហោះមានតម្លៃរហូត ១ ១០០ដុល្លារក្នុងម្នាក់ ហើយក្រសួងការងារមិនបានបកស្រាយថាចំណាយលើអ្វីឱ្យបា្រកដ។
លោក ពិសិដ្ឋ បន្ដថា៖ «ខ្ញុំចង់ដាក់ជាសំណួរសួរទៅក្រសួងដែរថាការដំឡើងសំបុត្រយន្ដហោះនេះ ឡើងដោយសារកត្ដាអី? ឬវាឡើងដោយសារកូវីដ១៩ យើងក៏ចង់ដឹងដែរបង ព្រោះវាជាការកើនឡើងដ៏ខ្លាំងដែរបង»។ លោកបន្ថែមថា៖ «វាធ្វើឱ្យពលករយើងមានការលំបាក អ្នកខ្លះគាត់ជំពាក់គេ ខ្ចីគេ លក់នេះ លក់នោះ ដើម្បីបានលុយមកទិញសំបុត្រយន្ដហោះ ដូច្នេះវាបន្ទុកសម្រាប់ពួកគាត់វិញ ខ្ញុំមកធ្វើការនៅកូរ៉េនេះក៏ខ្ចីគេដែរបងដោយសារបញ្ហាទាំងអស់ហ្នឹង ហើយត្រូវធ្វើការសងគេ៣ទៅ៤ខែទើបរួច»។
យ៉ាងណាលោកបន្ថែមថា ក្នុងនាមជាពលករចំណាកស្រុកម្នាក់លោកស្នើសុំដល់ក្រសូងការងារ មេត្ដាគិតគូរពីបញ្ហាទាំងអស់ហ្នឹងឡើងវិញ ដើម្បីកុំឱ្យជាបន្ទុកដល់ពលករក្រីក្រដែលគ្មានលទ្ធភាពក្នុងការបង់ថ្លៃសំបុត្រយន្ដហោះទាំងអស់ហ្នឹង។ លោកថា ក៏មានករណីខ្លះកើតឡើងច្រើនដែរពេលដែលពួកគាត់បានមកដល់ប្រទេសកូរ៉េហើយ ស្រាប់តែមានបញ្ហាសុខភាពដោយមិនអាចធ្វើការបាន ពួកគាត់ត្រូវត្រឡប់ទៅស្រុកខ្មែរវិញ ដូច្នេះពួកគាត់ត្រូវចំណាយបន្ថែមទៀតលើអ្វីដែលក្រសួងការងារបានយក វារឹតតែជាបន្ទុកថែមទៀតសម្រាប់ពលករ។
ពលកររូបនេះបន្ថែមថា៖ «មកដល់កូរ៉េហើយ បែរជាត្រូវត្រឡប់ទៅវិញដោយសារសុខភាព ពួកគាត់ត្រូវខ្ចីគេបន្ថែមទៀត។ សុំក្រសួងគិតគូររឿងនេះផង កុំឱ្យថ្លៃសំបុត្រយន្ដហោះជាបន្ទុកសម្រាប់ពលករអី»។
កាលពីថ្មីៗកន្លងទៅ ពលករដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េបាននាំគ្នាដាក់ជាសំណួរជាច្រើនពាក់ព័ន្ធនឹងក្រសួងការងារអំពីបញ្ហាថ្លៃសំបុត្រយន្ដហោះដែលក្រសួងកំណត់យក ១ ១០០ដុល្លារទាំងមិនបានបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ ដោយពួកគាត់លើកឡើងថា វាជាតម្លៃថ្លៃ ដោយតម្លៃជាទូទៅត្រឹមតែ៦០ម៉ឺនវ៉ុនជាលុយដុល្លារប្រមាណ៥០០ដុល្លារទាំងទៅទាំងមក ចំណែកក្រសួងការងារយក ១ ១០០ដុល្លារត្រឹមតែ១ជើង។
ក្នុងគណនីហ្វេសប៊ុកមួយរបស់ពលករកូរ៉េម្នាក់ដែលកំពុងបម្រើការងារក្នុងប្រទេសកូរ៉េបានសរសេរអំពីក្រសួងការងារដែលយកថ្លៃសេវាថា៖ «លក់ពាក្យក៏ឡើងថ្លៃ សំបុត្រយន្ដហោះគ្រាន់តែមកកូរ៉េ តែថ្លៃជាងគេទាំងទៅទាំងមកទៀត។ បើទិញក្រៅទាំងទៅទាំងមកអស់ហើយ៥០០ដុល្លារហ្នឹង»។
ស្រដៀងគ្នានេះដែរ លោក សាន គឹមហុង អាយុ២៨ឆ្នាំ ជាពលករកំពុងបម្រើការងារក្នុងប្រទេសកូរ៉េ បានប្រាប់ថា លោកហាក់មិនដឹងថាតម្លៃដែលក្រសួងការងារយក ១ ១០០ដុល្លារហ្នឹងយកទៅលើថ្លៃអ្វីខ្លះ ព្រោះតម្លៃផ្សេងៗយករួចអស់ហើយ។ លោកបន្តថា បើជារឿងត្រឹមត្រូវក្រសួងក៏គួរបញ្ជាក់ និងបង្ហាញដល់ពលករឱ្យបានច្បាស់លាស់ បើមិនដូច្នេះទេ ពលករនៅតែមានការសង្ស័យលើបញ្ហាអស់ហ្នឹង។
លោកបញ្ជាក់ថា៖ «យើងអត់ដឹងថាវាតម្លៃហ្នឹងពិតមែន ព្រោះគេអ្នកថា ជាការរត់ឯកសារ តែយើងអត់ដឹងដែរ បើថ្លៃសំបុត្រយន្ដហោះអត់ដល់ហ្នឹងទេ។ ពីមុនតម្លៃ៧១០ដុល្លារអីទេ ស្រាប់តែឥឡូវឡើងដល់ ១ ១០០ដុល្លារវាថ្លៃបង។ យើងត្រូវមកហើយទោះថ្លៃក៏យើងត្រូវដើរខ្ចីគេដែរ ព្រោះយើងត្រូវមកហើយ មិនថាអត់ឬមានត្រូវតែបង់»។
កាលពីថ្ងៃទី២៣ដល់២៥ ខែសីហា ឆ្នាំ២០២២ ក៏មានករណីមួយបានកើតឡើងគឺពលករខ្មែរធ្វើការនៅកូរ៉េបានសម្រុកចេញមកកម្ពុជាចំនួនជាង៤០០នាក់។ ពលករខ្មែរទាំងនោះខ្លះសុំច្បាប់ថៅកែថាឪពុកម្តាយឈឺធ្ងន់ និងខ្លះទៀតសុំច្បាប់ថៅកែឈប់មិនបានក៏ពួកគេសម្រេចចិត្តបោះបង់ការងារចោល និងត្រឡប់មកកម្ពុជាវិញដោយសារជឿលើការឃោសនាអកុសលបែបអបិយជំនឿ និងមិនសមហេតុផលរបស់លោក ខឹម វាសនា។
ចំណែកឯពលការិនីម្នាក់ទៀតត្រូវនឹងឡើងទៅប្រទេសកូរ៉េ ធ្វើការខាងផ្នែកកសិកម្ម កញ្ញា ថុល ស្រីស្រស់ អាយុ២៦ឆ្នាំ បាននិយាយថា ខ្លួនត្រូវឡើងទៅប្រទេសកូរ៉េក្នុងពេលឆាប់ៗខាងមុខនេះ តែបញ្ហាសំខាន់ថ្លៃសំបុត្រយន្ដហោះដែលខាងក្រសួងការងារតម្រូវឱ្យបង់ វាមានតម្លៃខ្ពស់ដែលធ្វើឱ្យខ្លួនត្រូវដើរខ្ចីលុយគេបង់។ កញ្ញាបន្តថា កញ្ញាក៏មានក្ដីព្រួយបារម្ភពីបញ្ហាទាំងអស់ហ្នឹងដែរ ពីព្រោះខ្លួនមិនមានលទ្ធភាពច្រើននោះទេ។
កញ្ញា ស្រីស្រស់ រៀបរាប់ថា៖ «រាងថ្លៃដែរបង ខ្ញុំត្រូវខ្ចីលុយគេបង់ ព្រោះយើងត្រូវបង់ហើយ បើយើងមិនបង់ ឡើងទៅកូរ៉េម៉េចកើតបង ក្រសួងគេតម្រូវចឹង។ វាប៉ះពាល់ហើយបង ព្រោះខ្ញុំគ្មានលុយឯណារាប់ពាន់ចឹងណា យើងអ្នកក្រ។ តែបើគាត់[ក្រសួងការងារ]គិតគូរឱ្យពលករបន្ដិចក៏វាល្អដែរ»។
ក្រៅតែអំពីពលករកូរ៉េ ក៏មានពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃមួយចំនួនបាននិយាយពីបញ្ហាថ្លៃសេវារបស់ក្រសួងការងារថាមានតម្លៃថ្លៃ និងចំណាយពេលយូរ ទើបម្នាក់ៗមិនចង់ប្រើប្រាស់ ដោយព្យាយាមចំណាកស្រុកទាំងខុសច្បាប់ បើទោះបីជាដឹងថាត្រូវប្រឈមមុខនឹងបញ្ហាច្រើនក៏ដោយ។
បើតាមអ្នកស្រី ស្រីណាក់ (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) ជាអ្នកលក់សំបុត្រយន្ដហោះសម្រាប់ពលករកូរ៉េ បានបញ្ជាក់ប្រាប់ថា សំបុត្រយន្ដហោះដែលអ្នកស្រីលក់ជាទូទៅចន្លោះពី៥០០ដុល្លារទៅ១០០០ដុល្លារតែជាតម្លៃទៅវិញទៅមក។ អ្នកស្រីថា បើសំបុត្រត្រឹមតែមួយជើងគឺធូរថ្លៃជាងហ្នឹងទៀត។
អ្នកស្រីបន្ដថា៖ «បើរដូវក្ដៅយើងហោះហើរទៅមកតម្លៃត្រឹមតែ៥០០ដុល្លារជាងអីទេ មិនសូវជាថ្លៃអីទេបង»។
ចំណែកឯ លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ បានមានប្រសាសន៍ថា កិច្ចការរឿងបញ្ជូនពលករទៅកូរ៉េគឺជាការទទួលខុសត្រូវរបស់លោក ហេង សួរ រីឯលោកមិនបានទទួលបន្ទុករឿងហ្នឹងឡើយដូច្នេះលោកមិនអាចឆ្លើយនឹងសំណួររបស់ខេមបូចាបានទេ។
លោកគ្រាន់តែបញ្ជាក់ថា៖ «ជាទូទៅឯកឧត្ដម ហេង សួរ គាត់អ្នកទទួលបន្ទុកហ្នឹងហើយ ប្អូនអាចទាក់ទងទៅអ្នកកាន់ការងារហ្នឹងបានដឹងរឿង បងអត់ទទួលបន្ទុករឿងហ្នឹងទេប្អូន»។
លោក ខេង គន្ធា ជាអ្នកទទួលបន្ទុកបញ្ជូនពលករទៅកូរ៉េនៃក្រសួងការងារ បានថ្លែងថា លោកមិនមានការបកស្រាយអ្វីទេចំពោះថ្លៃសំបុត្រយន្ដហោះ ពីព្រោះលោកថា នៅពេលដែលពលករឡើងមកបង់សំបុត្រយន្ដហោះខាងលោកតែងតែប្រាប់ថាចំណាយលើអ្វីខ្លះរួចហើយ តម្លៃ ១ ១០០ដុល្លារមិនមែនសម្រាប់តែថ្លៃសំបុត្រយន្ដហោះនោះទេ។ លោកបន្តថា ខាងលោកតែងតែឱ្យពលករដែលមានចម្ងល់សាកសួរ ប៉ុន្ដែគ្មាននរណាឡើងសួរនោះទេ។
លោក គន្ធា បន្ថែមថា៖ «ជាទូទៅពេលឡើងមកជួបខាងខ្ញុំ ខាងក្រុមការងារខ្ញុំតែងតែពន្យល់ប្រាប់ទៅគាត់ថាថ្លៃ ១ ១០០ហ្នឹងគឺចំណាយលើអីខ្លះ ពួកគាត់នៅយល់ថា ១ ១០០ ជាថ្លៃសំបុត្រយន្ដហោះ ប៉ុន្ដែជាក់ស្ដែងមិនមែនជាថ្លៃសំបុត្រយន្ដហោះទេ។ អ្នកថាចាំតែថាទេ ជួនកាលនៅពេលដែលមកផ្ទាល់ គេឱ្យសួរមានចម្ងល់អី ហេតុអីក៏មិនសួរ បើពួកគាត់ឆ្ងល់អាចឡើងមកសួរខាងខ្ញុំបាន»។
ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេ ប៉ុន្តែ លោក ហេង សួរ កន្លងមកធ្លាប់បញ្ជាក់ថា បច្ចុប្បន្នពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមានជាង៥ម៉ឺននាក់ និងកំពុងបញ្ជូនបន្ដទៀតដោយសារតែប្រទេសកូរ៉េកង្វះពលករខ្លាំង។
លោក មឿន តុលា នាយកប្រតិបត្ដិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) បានលើកឡើងថា មិនថាតែពលករទៅកូរ៉េឬទៅប្រទេសថៃទេ ក្រសួងគួរតែបង្ហាញពីតម្លាភាពរបស់ខ្លួនឱ្យបានជាក់លាក់ ដើម្បីឱ្យពលករបានដឹង។ លោកថា ការយកតម្លៃលើសលុបវាគឺជាបន្ទុកមួយសម្រាប់ពលករ ដោយដឹងថាគ្រប់ពលករទាំងអស់សុទ្ធតែក្រីក្រ មិនមានលទ្ធភាពច្រើនក្នុងការស្វែងរកការងារក្នុងស្រុកបាន ទើបពួកគាត់សម្រេចចិត្ដទៅធ្វើជាកម្មករស្រុកគេ ដូច្នេះក្រសួងក៏គួរគិតគូរពីបញ្ហាទាំងអស់ហ្នឹងសម្រាប់ពលរដ្ឋផង មិនមែនចេះតែឆ្លៀតឱកាសនោះទេ។
នាយកសង់ត្រាល់រូបនេះបន្ដថា៖ «គេមានបារ៉ែនរបស់គេ តែបើក្រសួងយកលើសមែន ជារឿងខុសឆ្គងហើយ។ គេហៅថាជាការកេងប្រវ័ញ្ចកម្លាំងរបស់ពលករ យើងដឹងហើយថាពលរដ្ឋយើង អ្នកដែលសម្រេចចិត្ដទៅក្រៅប្រទេសមិនមែនជាអ្នកសល់លុយទេ សុទ្ធតែអ្នកក្រីក្រ បានពួកគាត់ទៅស្រុកគេ។ ខ្ញុំយល់ថាក្រសួងគួរតែបង្ហាញតម្លៃជាក់លាក់ដល់ពលករ»។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំលោក មួន ជេអ៊ីន (Moon Jae-In) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េបង្កើនកូតានាំពលករកម្ពុជា និងបន្តយកចិត្តទុកដាក់ ចំពោះសុខមាលភាពរបស់ពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េ ខណៈជំនួបពិភាក្សាការងារជាមួយលោក មួន ជេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
យ៉ាងណាមិញលោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា តម្លៃផ្សេងៗក្រសួងខ្លះបានបញ្ជាក់ពីតម្លៃដែរ ប៉ុន្ដែសម្រាប់តម្លៃសំបុត្រយន្ដហោះគឺមិនមានការកំណត់ឱ្យបានច្បាស់លាស់នោះទេ វាអាស្រ័យលើក្រុមហ៊ុនឬក៏តម្លៃទីផ្សារ។ យ៉ាងណាលោកថា បើទោះបីមិនមានកំណត់តម្លៃជាក់លាក់ក៏ពិតមែន ប៉ុន្ដែកាលណាក្រសួងយកតម្លៃហួសហេតុពេកអាហ្នឹងក៏ជាអំពើពុករលួយមួយដែរ។
លោកបានបញ្ជាក់ថា៖ «បើសិនជាបងប្អូនពលករគាត់គិតថាតម្លៃដែលកំណត់ដោយក្រសួងវាថ្លៃពេក ពួកគាត់គួរតែតវ៉ា ពីព្រោះតម្លៃនៅក្រុមហ៊ុនអាកាសចរណ៍គេមានតម្លៃតាមរដូវ។ ខ្ញុំគិតថាក្រសួងមានពលករច្រើនដែលត្រូវឡើងជាប្រចាំ វាគួរតែថោកជាងគេ បែរជាថ្លៃជាងគេទៅវិញ អានេះវាជាភាពមិនប្រក្រតីមួយ ហើយក៏វាជាបន្ទុកមួយសម្រាប់បងប្អូនពលករផងដែរ»៕