ពលករខ្មែរមួយគ្រួសារដែលមានម្តាយ និងកូនធ្លាក់ខ្លួនពិការត្អូញត្អែរថា ជីវិតរបស់ពួកគាត់ជួបការលំបាកក្នុងការស្វែងរកចំណូលចិញ្ចឹមជីវិត និងដេកទ្រាំជាមួយជំងឺច្រើនឆ្នាំមកហើយ ព្រោះមិនមានលុយទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ។
អ្នកស្រីប៉ែន ឡី វ័យ៤២ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃជាមួយប្តី និងកូន៣នាក់។ អ្នកស្រីឱ្យដឹងថា រូបគាត់មានជំងឺចុះខ្សោយកម្លាំងបន្តិចម្តងៗរហូតដើរលែងរួចហើយត្រូវអង្គុយលើរទេះរុញជិត២០ឆ្នាំមកហើយ។
អ្នកស្រី ប៉ែន ឡី រៀបរាប់ថា ពេលខ្លះរូបគាត់ឈឺចុកចាប់ចំណុចត្រគាក និងជើងរហូតដេកយំ ប៉ុន្តែមិនដឹងទៅរកការព្យាបាលនៅឯណា ព្រោះគ្មានលុយ។
អ្នកស្រី ប៉ែន ឡី បានប្រាប់ថា៖ «ដើរអត់កើតទន់ជង្គង់អស់។ លំបាកណាស់មិនដឹងមានអីមើលខ្លួនទេដើរមិនរួចរកអីមិនបានទេសព្វថ្ងៃនេះ»។
បងស្រីរបស់អ្នកស្រី ប៉ែន ឡី គឺអ្នកស្រី ប៉ែន ប៉ិច ជាពលករនៅប្រទេសថៃហើយរស់នៅក្បែរគ្នាថ្លែងថា ពីមុនគាត់តែងតែជួយដល់គ្រួសារប្អូន ប៉ុន្តែបច្ចុប្បន្នគាត់ក៏រកមិនសូវបានដែរ។ អ្នកស្រីបន្តថា រូបគាត់អាណិតប្អូន និងក្មួយដែលរងទុក្ខលំបាក ហើយសូមឱ្យសប្បុរសជនជួយដើម្បីបានទិញជាអាហារ និងថ្នាំពេទ្យខ្លះ។
អ្នកស្រី ប៉ែន ប៉ិច បញ្ជាក់ថា៖ «កូនក៏រកមិនបាន ប្តីគ្នាក៏រកមិនបាន សូមឱ្យមានការជួយថវិកាឱ្យគ្នាបន្តិចបន្តួចខ្លះមក ដើម្បីទិញអីហូប និងទិញថ្នាំពេទ្យផឹកខ្លះ»។
នៅក្នុងគ្រួសារនេះក្រៅពីអ្នកស្រី ប៉ែន ឡី ពិបាកមិនអាចធ្វើការងាររកចំណូលបាននោះ សមាជិកគ្រួសារផ្សេងទៀតក៏មិនរឹងមាំដែរគឺប្តីអ្នកស្រីមានជំងឺប្រចាំកាយសុខភាពមិនល្អ កូនទី១ អាយុ២៣ឆ្នាំគ្រោះថ្នាក់ចរាចរណ៍បាក់ជើង គឺមានតែកូនទី២អាយុ១៥ឆ្នាំ និងកូនទី៣អាយុ១០ឆ្នាំ នៅរឹងមាំ តែមានវ័យក្មេងពេកអាចស៊ីឈ្នួលគេរកលុយបានតិចតួច។ កូនទី២ និងទី៣ ក្រៅពីស៊ីឈ្នួលគេខ្លះក៏នេសាទត្រីតាមបឹងត្រពាំង ដើម្បីយកមកទទួលទានក្នុងគ្រួសារផងដែរ។
កូនទី១របស់អ្នកស្រី ប៉ែន ឡី គឺលោក យ៉ូត ឃុន អាយុ២៣ឆ្នាំ បានឱ្យដឹងថា ថ្ងៃមួយក្នុងឆ្នាំ២០១៩ លោកបានចេញពីធ្វើការជិះម៉ូតូទៅផ្ទះត្រូវឡានទ្រុងធំបុកពីក្រោយបណ្តាលឱ្យបាក់ជើងត្រង់ចំណុចភ្លៅខាងឆ្វេង។ យុវជន យ៉ូត ឃុន ត្រូវការឈើច្រត់២សម្រាប់អមសងខាង ដើម្បីទប់ខ្លួនឈរ និងដើរ ហើយនៅពេលមិនមានឈើច្រត់យុវជនរូបនេះ ត្រូវវារ ឬ រំកិលគូទ។
យុវជន យ៉ូត ឃុន បានឱ្យដឹងថា ពេទ្យបានណាត់ឱ្យរូបលោកទៅជួបដើម្បីពិនិត្យ និងយកដែកដាក់អបក្នុងឆ្អឹងចេញកាលពីឆ្នាំមុន ប៉ុន្តែដោយសារមិនមានលុយក៏មិនហ៊ានទៅពេទ្យទេ។ យុវជនរូបនេះបន្តថា ជាញឹកញាប់កន្លែងរបួសរបស់គាត់តែងឈឺហួលធ្វើឱ្យគាត់ដេកយំ។
យុវជន យ៉ូត ឃុន អំពាវនាវសុំឱ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃក៏ដូចជាអង្គការសប្បុរសជនផ្សេងទៀតជួយដល់រូបលោក បានឆាប់ជាសះស្បើយហើយអាចរកការងារធ្វើរកចំណូលបានដូចដើមវិញ។
លោក យ៉ូត ឃុន៖ «សុំឱ្យខាងខ្មែរជួយ ខាងអង្គការ ខាងស្ថានទូតជួយធ្វើម៉េចឱ្យអាចដើរបាន ដើម្បីឆាប់បានធ្វើការងារដូចដើមវិញ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា ករណីគ្រួសារពលករខ្មែរនេះពិតជាគួរឱ្យអាណិតអាសូរ។ លោក ជំរុញឱ្យស្ថាប័នពាក់ព័ន្ធពិសេសស្ថានទូតខ្មែរប្រចាំប្រទេសថៃជួយដោះស្រាយឱ្យបានទាន់ពេល។
លោក យង់ គិមអេង៖ «ស្ថានកុងស៊ុលដែលជាអ្នកធ្វើកិច្ចការហ្នឹងផ្ទាល់ជាមួយប្រជាពលរដ្ឋ។ អ៊ីចឹងអគ្គកុងស៊ុលហ្នឹងហើយដែលគាត់មានកាតព្វកិច្ចមើលការខុសត្រូវផ្សេងៗ។ ហើយស្ថានទូតគួរតែយកចិត្តទុកដាក់គិតគូរដល់គាត់។ ហើយខ្ញុំក៏សូមអំពាវនាវទៅដល់ស្ថានទូតប្រទេសខ្មែរយើងនៅស្រុកថៃហ្នឹងធ្វើម៉េចជួយគាត់ផង សូមជួយគាត់ឱ្យគ្នាមានក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតទៅថ្ងៃអនាគតទៀតបាន»។
ខេមបូចា បានព្យាយាមទាក់ទងតាមលេខទូរសព្ទ និងសារតាមហ្វេសប៊ុក ទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ប៉ុន្តែមិនមានការឆ្លើយតបទេ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា ពលរដ្ឋខ្មែរដែលទៅធ្វើការងារនៅក្នុងប្រទេសថៃមានបង់វិភាគទានចូលសេវាធានារ៉ាប់រងសង្គមដូច្នេះពេលមានជំងឺ ឬ គ្រោះថ្នាក់ផ្សេងៗត្រូវទទួលបានកញ្ចប់ថវិកានោះមកព្យាបាលវិញ។
លោក ឌីថេ ហូយ៉ា៖ «បើគាត់ធ្វើការងារនៅប្រទេសថៃក៏មានគេហៅថា របបគាំពារសង្គម ប្រកាន់សង្គម ឬធានារ៉ាប់រងសង្គមរបស់គេ ដែលត្រូវសម្របសម្រួលឱ្យគាត់ទទួលបានសេវាហ្នឹង។ ព្រោះធម្មតាគាត់ធ្វើការងារស្រុកគេគាត់បង់ប្រាក់ចូលធានារ៉ាប់រងសង្គមហើយចឹងពេលគាត់គ្រោះថ្នាក់ត្រូវទទួលបានសេវាហ្នឹង»។
បើតាមអ្នកស្រី ប៉ែន ឡី ឱ្យដឹងថា គ្រួសាររបស់អ្នកស្រីទៅធ្វើការងារនៅប្រទេសថៃប្រមាណ២០ឆ្នាំហើយ ដែលពីមុនឆ្លងដែនទៅមកកម្ពុជា និងថៃញឹកញាប់ ប៉ុន្តែប្រមាណ១០ឆ្នាំចុងក្រោយនេះគឺគ្រួសារអ្នកស្រីរស់នៅទីនោះរហូត។
ចំណែកអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ក៏មិនបានដឹងករណីពលករខ្មែរទាំងម្តាយនិងកូនរងទុក្ខលំបាកវេទនានៅប្រទេសថៃនេះដែរ។ លោក បញ្ជាក់ថា លោកនឹងប្រាប់ឱ្យក្រុមការងារក្រសួងនៅក្នុងប្រទេសថៃទាក់ទងទៅពលករមួយគ្រួសារនេះ។
លោក ហេង សួរ ថ្លែងថា៖ «អរគុណសម្រាប់ព័ត៌មាននេះ ខ្ញុំនឹងបញ្ជូនទៅក្រុមការងារទទួលបន្ទុកពលកររួមទាំងស្ថានទូត ដើម្បីស្វែងរកគាត់ និងដើម្បីអន្តរាគមន៍ឱ្យគាត់មកស្រុកខ្មែរវិញ»។
របាយការណ៍ក្រសួងការងារបង្ហាញថា ពលករខ្មែរកំពុងធ្វើការងារនៅក្រៅប្រទេសមាន១លាន៣សែននាក់ក្នុងនោះ១លាន២សែននាក់ធ្វើការងារនៅប្រទេសថៃ។ ចំណែករបាយការណ៍អង្គការសង់ត្រាល់ បង្ហាញថា ពលករខ្មែរធ្វើការងារនៅក្រៅប្រទេសមានជាង២លាន២សែននាក់ក្នុងនោះ២លាននាក់កំពុងធ្វើការងារនៅប្រទេសថៃ។
អង្គការសង់ត្រាល់បញ្ជាក់ទៀតថា ក្នុងចំណោម២លាននាក់នៅក្នុងប្រទេសថៃនេះប្រមាណពាក់កណ្តាលស្មើនឹង១លាននាក់មិនមានឯកសារស្របច្បាប់ដែលប្រឈមសមត្ថកិច្ចថៃចាប់ខ្លួន ត្រូវថៅកែកេងប្រវ័ញ្ច ឬពេលមានគ្រោះថ្នាក់ផ្សេងៗមិនមានអ្នកទទួលខុសត្រូវ៕