សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជនជាតិដើមភាគតិចក្រីក្រ និងចាស់ជរាមួយចំនួនក្នុងខេត្តមណ្ឌលគិរី ជួបការលំបាកក្នុងការព្យាបាលជំងឺ

អ្នកស្រី ងេល ងោះ ស្ត្រី វ័យ ៥៧ឆ្នាំ ជាជនជាតិដើមភាគតិចពូនង កំពុងអង្គុយដាំបាយ ក្នុងរោងបាយរបស់គាត់ ស្ថិតក្នុងភូមិ​ពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ)
អ្នកស្រី ងេល ងោះ ស្ត្រី វ័យ ៥៧ឆ្នាំ ជាជនជាតិដើមភាគតិចពូនង កំពុងអង្គុយដាំបាយ ក្នុងរោងបាយរបស់គាត់ ស្ថិតក្នុងភូមិ​ពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ)

មុនទៅដល់ផ្លូវបំបែកទៅកាន់តំបន់ព្រៃកប់សពនៃសហគមន៍ជនជាតិដើមភាគតិចពូនង មានផ្ទះសង់ផ្ទាល់ដីប្រក់ដំបូលស័ង្កសី ដែលនៅដាច់ស្រយាលពីគេឯង នោះជាផ្ទះរបស់ជនជាតិដើមភាគតិចពូនង គឺលោក ខ្លៀវ យ៉ាង់ ដែលមានវ័យ ៦៩ឆ្នាំ។

លោក ខ្លៀវ យ៉ាង់  បានប្រាប់ សារព័ត៌មានខេមបូចា ថា លោករស់នៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាំងតែពីធំដឹងក្ដីមកហើយបច្ចុប្បន្ននេះ លោករស់នៅតែម្នាក់ឯងគ្មានទីពឹងនោះទេ ព្រោះប្រពន្ធ និងកូនរបស់លោកបានបាត់បង់ជីវិតដោយសារតែជំងឺ កាលពីអំឡុងឆ្នាំ២០២១មកម៉្លេះ។

ខ្យល់បក់រំភើយៗ កំពុងតែអង្គុយនៅលើអង្រឹង ក្បែរគុម្ពឫស្សី ដែលកំពុងតែយោលយោក​ប៉ះទង្គិចគ្នានៅឯចំហៀងផ្ទះ លោក ខ្លៀវ យ៉ាង់ បានរៀបរាប់ពីក្ដីបារម្ភរបស់លោកនៅថ្ងៃអនាគតថា «មិនដឹងដែរ តែងាប់ខ្លួនឯងងាប់ទៅ អត់មានពីណាមើល» បើសិនជានៅថ្ងៃខាងមុខទៀតលោកធ្លាក់ខ្លួនឈឺដូចជាប្រពន្ធរបស់លោកនោះ លោកមិនដឹងថាមានអ្វីសម្រាប់ទីពឹងនោះទេ ព្រោះទ្រព្យក៏គ្មាន សាច់ញាតិក៏គ្មាន ហើយអាយុរបស់លោកក៏កាន់តែច្រើន មិនអាចធ្វើដំណើរថ្មើរជើងទៅមន្ទីរពេទ្យ ដែលមានចម្ងាយឆ្ងាយដូចកាលពីមុនៗនោះបានទេ។

រឿងរ៉ាវរបស់ លោក ខ្លៀវ យ៉ាង់ ស្រដៀងនឹងចាស់ជរាដែលជាជនជាតិដើមភាគតិចផ្សេងទៀត​ក្នុងខេត្តមណ្ឌលគិរី ដែលបានប្រឈមនឹងការលំបាកក្នុងការទៅទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព អាចព្យាបាលតែជំងឺស្រាលៗ ដូច្នេះ​ពួកគាត់ត្រូវធ្វើដំណើរទៅក្រុង ឬខេត្តផ្សេងដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរដូចជាការវះកាត់ ឬជំងឺមហារីកជាដើម។

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលផ្ទៃដីធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីចំនួន ១៤ ២៨៨គីឡូម៉ែត្រក្រឡា ហើយខេត្តនេះស្ថិតនៅក្នុងចំណោមខេត្តដែលដាច់ស្រយាលដោយត្រូវបានបែងចែកជាក្រុងចំនួន១ និងស្រុកចំនួន៤ ដែលរួមមាន ៤សង្កាត់ និង១៧ឃុំ។

សម្រាប់ពលរដ្ឋ ឬជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីដែលចង់ធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែលស្ថិតនៅឯក្រុងសែនមនោរម្យ​មានចម្ងាយពី ៥០គីឡូម៉ែត្រ ទៅជាង១០០គីឡូម៉ែត្រ។ បើតាមស្ថិតិរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៩កន្លងទៅ ខេត្តនេះមានជនជាតិដើមភាគតិចរហូតដល់ជាង៤ម៉ឺននាក់។

ជនជាតិដើមភាគតិចពូនងរូបនេះបន្តទៀតថា នៅពេលប្រពន្ធរបស់ខ្លួនធ្លាក់ខ្លួនឈឺដំបូងៗ លោកបាននាំទៅព្យាបាលនៅប៉ុស្តិ៍សុខភាពនៅក្នុងភូមិ តែជំងឺរបស់ប្រពន្ធលោកមិនបានធូរស្រាលនោះទេ។ លោក ខ្លៀវ យ៉ាង់ បន្តថា បើទោះបីគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺប្រពន្ធរបស់លោកយ៉ាងណាក៏ដោយ តែនៅទីនោះមិនមានថ្នាំ និងសម្ភារគ្រប់គ្រាន់ឡើយ។

លោក ខ្លៀវ យ៉ាង់ និយាយថា៖ «គេយកចិត្តទុកដាក់ដែរតែមិនជាទៀត។ មិនមែនថាគេមិនយកចិត្តទុកដាក់ទេ គេឱ្យថ្នាំអី ថ្នាំកម្លាំង ឱ្យទាំងអស់ តែនៅតែអត់ដដែលមិនបានធូរទេ»។

នៅពេលប្រពន្ធ លោក ខ្លៀវ យ៉ាង់ ធ្លាក់ខ្លូនឈឺដំបូងៗ ខ្លួនមិនបាននាំប្រពន្ធទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗនោះឡើយ ដោយសារតែកត្តាជីវភាពខ្វះខាត មិនមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃព្យាបាល និងមធ្យោបាយធ្វើដំណើរ​ ព្រោះគ្រួសារលោកមិនមានមុខរបរអ្វីនោះទេក្រៅពីដាំចេក និងដំឡូង នៅលើដីជុំវិញផ្ទះដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ លោកបន្តថា បើសិនជាចង់ទៅមន្ទីរពេទ្យដែលនៅក្នុងក្រុងម្ដងៗ គ្រួសារលោកតែងតែធ្វើដំណើរថ្មើរជើងដោយផ្ទាល់ ពីផ្ទះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានចម្ងាយប្រហែលជាង១០គីឡូម៉ែត្រនោះ។

លោក ខ្លៀវ យ៉ាង់ បានលើកឡើងថា៖ «ពេទ្យថាខ្វះជាតិទឹកហើមខ្លួន។ ទៅសម្រាកនៅពេទ្យខេត្ត។ ទៅតែម្ដងទេ តែម្ដងទេស្លាប់ហ្មង។ វាអត់មានម៉ូតូជិះ ដើរជើង។ ពិបាកណាស់ ពិបាករក [មធ្យោបាយធ្វើដំណើ] ។ បើគេអាណិតទើបគេមកយកយើង»។

លោក ខ្លៀវ យ៉ាង់ ជាជនជាតិដើមភាគតិចពូនង ដែលមានវ័យ ៦៩ឆ្នាំ កំពុងឈរនៅមុខផ្ទះរបស់គាត់ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ ​)

បើទោះបីជាថ្មីៗនេះ លោក ខ្លៀវ យ៉ាង់ ទើបតែទទួលបានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ដែលជាកម្មវិធីជាតិជំនួយសង្គមក៏ដោយក្ដី តែលោករៀបរាប់ថា ថវិកាដែលរដ្ឋបានឧបត្ថម្ភឱ្យលោកក្នុងមួយខែ ៦២ ០០០រៀលនេះ «អត់គ្រប់គ្រាន់ទេ [ប្រាក់ឧបត្ថម្ភពីបណ្ណសមធម៌]» គឺមិនគ្រប់គ្រាន់​សម្រាប់ការចំណាយប្រចាំថ្ងៃដើម្បីទ្រទ្រង់សុខភាពលោកនោះទេ ហើយនៅពេលលោកមានជំងឺ លោកមិនមានថវិកាគ្រប់គ្រាន់ក្នុងការចំណាយលើថ្លៃធ្វើដំណើរដើម្បីទៅមន្ទីរពេទ្យនោះឡើយ។

កំពុងអង្គុយនៅលើគ្រែនៅក្នុងផ្ទះឈើសង់ផ្ទាល់ដី ដែលមានសភាពងងឹតព្រៀលៗ និងមានពន្លឺតិចៗ អ្នកស្រី ងេល ងោះ បានរៀបរាប់ទាំងសំឡេងស្រាលៗ និងយឺតៗ ថានៅប៉ុស្តិ៍សុខភាពប្រចាំភូមិរបស់អ្នកស្រី មិនមានសម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ដើម្បីពិនិត្យ និងព្យាបាល​ជំងឺអ្នកស្រីនោះទេ។ អ្នកស្រីបន្តថា អ្នកស្រីតែងតែទទួលបានថ្នាំបញ្ចុះកម្ដៅនៅពេលទៅព្យាបាលនៅទីនោះម្ដងៗ បើទោះបីអ្នកស្រីប្រាប់ថាខ្លួនមានអាការៈមិនស្រួលខ្លួន និងចង់បានការពិនិត្យព្យាបាល និងចង់រករោគវិនិច្ឆ័យជំងឺរបស់ខ្លួនយ៉ាងណាក៏ដោយ។

អ្នកស្រី ងេល ងោះ ឱ្យដឹងថា៖ «ឈឺមាន ​[មានជំងឺ] តែត្រង់ហ្នឹង [ប៉ុស្តិ៍សុខភាព] អត់មានថ្នាំ និយាយទៅ។ ទៅរហូតហ្នឹង [ប៉ុស្តិ៍សុខភាព] មានតែប៉ារ៉ា។ អត់មាន គេថាមានតែប៉ារ៉ា [ពេទ្យ​​ឱ្យតែថ្នាំត្រជាក់]»។

លើសពីនេះ ស្ត្រី វ័យ ៥៧ឆ្នាំរូបនេះ បានបន្តថា ខ្លួនបានទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី តែនៅតែមិនអាចរករោគវិនិច្ឆ័យជំងឺរបស់ខ្លួនឡើយ ហើយក្រុមគ្រូពេទ្យបានប្រាប់អ្នកស្រីថា ខ្លួនមិនមានជំងឺនោះទេ ហើយគ្រូពេទ្យស្នើឱ្យអ្នកស្រីត្រឡប់មកផ្ទះវិញ។

អ្នកស្រី ងេល ងោះ បានបញ្ជាក់ថា៖ «វាអត់ឃើញអីៗហ្នឹងណា គេថាអត់មានជំងឺ។ ទៅពេទ្យរដ្ឋគេថាអត់ឃើញជំងឺ។ នៅយូរអត់មានលុយបង់សេវា គេក្រុមគ្រូពេទ្យគេថា យាយសុំចេញទៅ សុំសំបុត្រចេញទៅ កុំនៅយូរនាំតែឆ្លងរោគគេ យាយអត់មានរោគទេ យាយអត់មានជំងឺទេ»។

ដោយសារតែខ្លួនមានជំងឺដែលត្រូវព្យាបាល ហើយស្ថានភាពជីវភាពកាន់តែអន់ថយទៅៗ ខ្វះខាតប្រាក់ដើម្បីចំណាយលើការព្យាបាល អ្នកស្រី ងេល ងោះ ប្រាប់ថា ខ្លួនបានស្នើសុំចុះឈ្មោះ​ធ្វើបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីអ្នកស្រីអាចទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋផ្សេងទៀតដោយមិនអស់ថ្លៃព្យាបាល តែយ៉ាងណាមិញ ជាច្រើនឆ្នាំមកហើយ «[ស្នើបណ្ណសមធម៌] ជិតពីរឆ្នាំហើយ» គ្រួសារអ្នកស្រីនៅមិនទាន់ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល ឬបណ្ណសមធម៌ណាមួយនោះទេ។

អង្គុយនៅលើកំណាត់ឈើ ក្រោមម្លប់ដើមអំពិលយ៉ាងត្រឈឹងត្រឈៃ អ្នកស្រី រើម ​ក្រាក់ ដែលជាជនជាតិដើមភាគតិចពូនង រស់នៅក្នុងភូមិជាមួយគ្នានោះ បានរៀបរាប់ថា ខ្លួនមានជំងឺប្រចាំកាយរ៉ាំរ៉ៃ អស់រយៈពេល១០ឆ្នាំមកហើយ។ អ្នកស្រីបន្ថែមថា ប៉ុស្តិ៍សុខភាពនៅក្នុងភូមិអ្នកស្រី មិនមានថ្នាំគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺរបស់អ្នកស្រីនោះទេ ដូចនេះអ្នកស្រីត្រូវទៅមន្ទីរពេទ្យបង្អែកខេត្តដែលមានចម្ងាយឆ្ងាយដើម្បីព្យាបាលជំងឺ និងបើកថ្នាំជារៀងរាល់ខែ «អត់ទទួល [ព្យាបាលជំងឺ] ថាឱ្យទៅខេត្តអ៊ីចឹងទៅ។ អត់មានអីវ៉ាន់ច្រើន ថ្នាំអីឱ្យលេប»។

អ្នកស្រី រើម ​ក្រាក់ វ័យ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចពូនង  កំពុងអង្គុយកើបថ្នាំបុរាណឫសឈើ នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ រូបភាពថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ)

ស្រ្តីវ័យ ៦០ឆ្នាំ ម្នាក់នេះបន្តថា ​ក្នុងមួយខែៗខ្លួនត្រូវចំណាយលើថ្លៃថ្នាំពេទ្យអស់ជាច្រើនប្រហែល «១ខែហ្នឹង ថ្នាំគេហ្នឹង ម្ដង១០ម៉ឺន»។អ្នកស្រី រើម ក្រាក់ និយាយថា ដោយសារតែអាយុកាន់តែច្រើន ហើយមិនមានមុខរបរ និងប្រាក់ចំណូលប្រចាំថ្ងៃដើម្បីទុកសម្រាប់ព្យាបាលជំងឺនោះទេ កន្លងមកអ្នកស្រីបានទទួលប្រាក់ពីកូនៗ របស់អ្នកស្រីដែលគេផ្ដល់ឱ្យដើម្បីបើកថ្នាំពេទ្យប្រចាំខែតែប៉ុណ្ណោះ។ ដើម្បីជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ អ្នកស្រីតែងតែប្រើប្រាស់ថ្នាំបុរាណឫសឈើ និងថ្នាំពេទ្យរួមគ្នាដើម្បីព្យាបាលជំងឺដែលខ្លួនមាននេះប្រចាំថ្ងៃផងដែរ។

អ្នកស្រី រើម ​ក្រាក់ បានបន្ថែមថា៖ «ចង់ដែរតែអត់សូវមានប្រាក់។ អត់គេឱ្យទទេនោះទេឥឡូវនេះ។ ចូលពេទ្យម្ដងៗអស់លុយច្រើនដែរ តែជួនកាលទៅជាបានតែមួយភ្លែតៗ ទៅឈឺវិញទៀត»។

ប្រធានប៉ុស្តិ៍សុខភាពពូលូង នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក ខ្លេង សំអូន រៀបរាប់ថា សម្រាប់ប៉ុស្តិ៍សុខភាព គឺគ្រាន់តែជាកន្លែងដែលផ្ដល់សេវាដំបូង និងព្យាបាលជំងឺដែលស្រាលៗ តែប៉ុណ្ណោះ ដូចជាបញ្ហាជំងឺក្អក ផ្ដាសាយ និង បញ្ហារាគជាដើម។ ហើយប៉ុស្តិ៍សុខភាព «គ្រាន់តែផ្ដល់ថ្នាំ ឱ្យគាត់លេបនៅផ្ទះគាត់»។ លោក សំអូន បានបន្តទៀតថា សម្រាប់មនុស្សចាស់ជរាដែលគ្មានទីពឹង និងគ្មានសាច់ញាតិ ឬប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ពួកគាត់មានការលំបាក និងមិនសូវទៅទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យដែលនៅឆ្ងាយៗនោះទេ ព្រោះថាសម្រាប់ចាស់ជរាគឺ «គាត់ពិបាកធ្វើដំណើរណាស់ ពិបាកជិះទៅ»។ជាមួយគ្នានេះដែរ លោកថា ពួកគាត់ក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើថ្លៃធ្វើដំណើរ  និងថ្លៃព្យាបាលនោះទេ។

លោក ខ្លេង សំអូន លើកឡើងថា៖ «គាត់ថាអត់លុយ ទាល់តែឈឺងើបលែងរួចបានគាត់ ឧទាហណ៍បើគាត់មានគោ លក់គោហ្នឹង ឬលក់ក្របីហ្នឹង ហើយគាត់ទៅទិញថ្នាំ ឬសម្រាកពេទ្យ គាត់គិតថាពីរថ្ងៃបីថ្ងៃទៀតខ្ញុំហ្នឹងធូរវិញហើយអត់អីទេៗ គាត់គិតថាអញ្ចឹង តាមពិតទៅគាត់ឈឺធ្ងន់ធ្ងរ»។

ប្រធានមណ្ឌលសុខភាពមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកស្រី ហាច ស៊ីថាត បានរៀបរាប់ថា សម្រាប់មណ្ឌលសុខភាព គឺមានផ្ដល់សេវាចុះតាមមូលដ្ឋាន ទៅជួបផ្ទាល់សម្រាប់តែស្ត្រីមានផ្ទៃពោះដើម្បីផ្ដល់ជាថ្នាំជាតិដែក និងពិនិត្យខ្លះៗតែប៉ុណ្ណោះ តែសម្រាប់មនុស្សចាស់ជរា អ្នកស្រីថា «ដូចជាអត់មានក្រុមគោលដៅទេ» នៅក្នុងគោលការណ៍ដែលតម្រូវឱ្យគ្រូពេទ្យចុះតាមមូលដ្ឋានផ្ទាល់នោះ មិនបានកំណត់ក្រុមមនុស្សចាស់ជរា ជាក្រុមគោលដៅនោះទេ។ អ្នកស្រីបន្តថា សម្រាប់ចាស់ជរាដែលគាត់គ្មានទីពឹង និងមានជីវភាពខ្វះខាតមិនមានលុយគ្រប់គ្រាន់ ខាងមណ្ឌលសុខភាពផ្ដល់សេវា និងថ្នាំដោយឥតគិតថ្លៃ បើទោះបីពួកគាត់មានបណ្ណក្រីក្រ ឬមិនមានក៏ដោយ លុះត្រាតែនៅទីនេះមិនមានថ្នាំគ្រប់គ្រាន់ នោះតម្រូវឱ្យគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តបន្តទៀត។

អ្នកស្រី ស៊ីថាត  លើកឡើងថា៖ «បើសិនជាគាត់អត់មានពិតប្រាកដមែនមណ្ឌលសុខភាពលើកលែងថ្លៃសុទ្ធសាធ ទោះជាគាត់អត់មានបណ្ណក៏ពួកខ្ញុំផ្ដល់សេវាឱ្យគាត់ដែរ។ យើងដឹងព្រោះអីដោយសារក្នុងជារៀងរាល់ខែ មណ្ឌលសុខភាព ត្រូវការចុះសេវាមូលដ្ឋានហ្នឹងយើងដឹងហើយថាខ្នងផ្ទះណាក្រីក្រ ខ្នងផ្ទះណាមិនក្រីក្រយើងដឹង។ ថ្នាំជំងឺទឹកនោមផ្អែមភាគច្រើនបើខ្ញុំនិយាយទៅដូចជាបើកនៅនេះច្រើនជាង។ ប៉ុន្តែបើអត់មានថ្នាំតម្រូវឱ្យគាត់ទៅបើកនៅទីរួមខេត្ត»។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី លោក ទុយ ស្រស់ បានប្រាប់ សារព័ត៌មានខេមបូចា ថា សម្រាប់ប្រជាជនក្រីក្រ និងមានជីវភាពខ្វះខាត ហើយមានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ខាងមន្ទីរពេទ្យរដ្ឋ ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម ព្យាបាលដោយអត់គិតថ្លៃនោះទេ ហើយសម្រាប់ប្រជាជនណាដែលគ្មានបណ្ណទាំងនោះ នៅពេលមកព្យាបាលជំងឺខាងមន្ទីរពេទ្យមានការសម្ភាសន៍ជាមួយអ្នកជំងឺដោយផ្ទាល់ ដើម្បីផ្ដល់ការព្យាបាលដោយឥតគិតថ្លៃផងដែរ។

លោក ទុយ ស្រស់ លើកឡើងថា៖ «ទីមួយអ្នកមកប្រើប្រាស់គាត់មានបណ្ណក្រីក្រី អាហ្នឹងយើងអត់មានត្រូវឱ្យនេះទេ អញ្ចឹងហា៎ រដ្ឋបង់ជួស ហើយទីពីរ ប.ស.ស អាហ្នឹងរដ្ឋបង់ជួសដែរ។ បើអត់មានយើងមានការសម្ភាសន៍ សម្ភាសន៍ទៅ វាមានក្រ ក្រមួយ ក្រពីរ អញ្ចឹងយើងលើកលែងថ្លៃ យើងលើកលែងថ្លៃជូនគាត់»។

លោកបន្តថា ក្នុងករណីប្រជាពលរដ្ឋដែលគាត់មានបញ្ហាជំងឺធ្ងន់ធ្ងរតម្រូវឱ្យបញ្ជូនទៅព្យាបាលបន្ត ហើយខាងមណ្ឌលខុសភាពក៏មានផ្ដល់សេវាបញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃ ព្រោះខាងមណ្ឌលសុខភាពមានមូលនិធិសមធម៌សម្រាប់ប្រជាជនដែលខ្វះខាត និងក្រីក្រផងដែរ។

លោក ទុយ ស្រស់ បានថ្លែង៖ «ទីមួយគាត់ទៅមណ្ឌលខុសភាពអញ្ចឹងហា៎  មណ្ឌលសុខភាពគេមានសេវា។ បើសិនជាជំងឺហ្នឹងស្រាលទេ អាចព្យាបាលនៅមណ្ឌលបាន អញ្ចឹងគាត់ពិនិត្យ​ហើយបើកថ្នាំឱ្យទៅផ្ទះ តែបើអត់មានលទ្ធភាពទេ ដូចជាសង្គ្រោះបន្ទាន់អី ហ្នឹងគេមាន អំប្លង់អញ្ចឹងហា៎ រថយន្តសង្គ្រោះបញ្ជូនបន្ត។ អាហ្នឹងអាអាស្រ័យនៅខាងមណ្ឌល នៅមណ្ឌលមានគណៈកម្មការ គេទ្រទ្រង់មណ្ឌលសុខភាព អញ្ចឹងវាមានមូលនិធិសមធម៌ ប.ស.ស មានការលើកលែងថ្លៃហ្នឹងដូចគ្នាអញ្ចឹងណា៎»។

មន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលថតនៅថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២៦។ (ខេមបូចា / ម៉ិច​ ជូឡាយ)

ទាក់ទងនឹងបញ្ហានេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ​ មានប្រសាសន៍ថា ​​រដ្ឋាភិបាល​គួរ​តែ​​កំណែទម្រង់ទៅ​លើ​វិស័យ​សុខាភិបាល​​ជា​ពិសេស​​សម្រាប់​​ខេត្តដាច់ស្រយាល​ ឬ​តំបន់​ដែល​មាន​ជនជាតិ​ដើម​ភាគតិចរស់​នៅ​​ដូច​ជា​ខេត្ត​មណ្ឌលគិរី​​ជាដើម​។ ក្នុង​ន័យនេះ​ លោក​ថា ​រដ្ឋាភិបាល​​​​គួរ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​មណ្ឌលសុខភាព​នៅ​តំបន់​ទាំង​នោះ​​អាច​ព្យាបាល​​ជំងឺ​ទូទៅ​​ដើម្បី​ឱ្យ​ពលរដ្ឋ​ និង​ជនជាតិ​ដើម​ភាគតិច​​ងាយ​ស្រួល​ និង​អាច​ទៅ​ទទួល​សេវា​ព្យាបាល​បាន​ទាន់​ពេល​វេលា។

លោក សន ជ័យ លើកឡើង៖ «សម្រាប់​តំបន់​ដែល​មាន​ជនជាតិ​ដើមភាគតិច​រស់នៅ ​ការ​ផ្ដល់​​សេវា​សុខាភាព​គួរ​តែ​បង្កើត​លក្ខណៈ​ពិសេស​ៗមាន​ន័យ​ថា​បង្កើត​កម្រិត​នៃ​ការ​ផ្ដល់​សេវា​នៅ​មណ្ឌលសុខភាព​ឱ្យបានប្រសើរជាង​គេ​»។

អភិបាលរងខេត្តមណ្ឌលគិរី លោក ស៊ន សារុន មិនអាចផ្ដល់ចម្លើយដល់ សារព័ត៌មានខេមបូចា នោះទេ ហើយលោកបានបង្វែរសំណួរឱ្យសួរទៅខាងអភិបាលក្រុង និងស្រុកផ្សេងៗនៃខេត្តមណ្ឌលគិរីវិញ។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានលើកឡើងថា មន្ទីរពេទ្យ និងឃុំសង្កាត់ មាន «សម្រាប់អាជ្ញាធរខាងឃុំសង្កាត់ហ្នឹងគាត់មានសេវាសង្គម» កញ្ចប់មូលនិធិសេវាសង្គម ឬកម្មវិធីជំនួយសង្គម សម្រាប់ប្រជាជនក្រីក្រ ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃផងដែរ។ លោកបន្តថា បើសិនមិនមានបណ្ណក្រីក្រ ឬបណ្ណសមធម៌ បុគ្គលនោះក៏មិនមែនជាគ្រួសារក្រីក្រ ឬមានជីវភាពខ្វះខាតដែរ។

លោកបានបន្តថា ក្នុងករណីប្រជាសហគមន៍ដែលគាត់ជួបការលំបាក ជនចាស់ជរា អ្នកដែលមានជីវភាពខ្វះខាត អាចស្នើសុំបណ្ណក្រីក្រ ឬបណ្ណសមធម៌នេះទៅអាជ្ញាធរដែលនៅក្នុងមូលដ្ឋានរបស់គេផ្ទាល់បាន។

លោក ហៀក សុផាន លើកឡើងថា៖ «ធម្មតាបើគាត់អត់មានបណ្ណក្រីក្រ អត់មានបណ្ណសមធម៌ វានេះគាត់មិនក្រីក្រទេអាហ្នឹង។ ឱ្យតែគាត់ក្រ អាជ្ញាធរចុះទៅសម្ភាសន៍ជាក់ស្ដែង ឱ្យតែគាត់ថាខ្វះខាត គាត់ស្នើសុំ ឬផ្ដល់ព័ត៌មានមកអាជ្ញាធរមក គេនឹងចុះទៅសម្ភាសន៍ហើយ»។

សម្រាប់ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅតំបន់របស់លោក សំអូន តែងតែស្នើសុំឱ្យប៉ុស្តិ៍សុខភាពរបស់លោកមានផ្ដល់សេវា និងថ្នាំព្យាបាលជំងឺឱ្យបានច្រើនជាងនេះ «គាត់ទាមទារឱ្យយើងហ្នឹងឱ្យមានថ្នាំចាក់អីអ៊ីចឹង គាត់ទាមទារឱ្យយើងមានថ្នាំល្អៗមក» ព្រោះដោយសារជីវភាពរបស់ប្រជាសហគមន៍មានភាពខ្វះខាត ហើយពួកគាត់ពិបាកក្នុងការធ្វើដំណើរផ្លូវឆ្ងាយ និងត្រូវចំណាយថវិកាច្រើនលើថ្លៃធ្វើដំណើរ។

អ្នកភូមិពូលូង អ្នកស្រី រើម ​ក្រាក់ ប្រាប់ថា នៅពេលដល់ថ្ងៃណាត់ជួបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តម្ដងៗ អ្នកស្រីមានការពិបាកក្នុងការធ្វើដំណើរជាខ្លាំងព្រោះដោយសារតែអ្នកស្រីមានបញ្ហាជំងឺ «ឈឺចង្កេះ ឈឺជើងដៃ និងចុករោយជើងដៃ» ដែលធ្វើឱ្យអ្នកស្រីពិបាកក្នុងការជិះម៉ូតូទៅមក។

ក្រៅពីមិនមានសម្ភារៈ និងថ្នាំគ្រប់គ្រាន់ដើម្បីពិនិត្យព្យាបាលជំងឺ អ្នកស្រី ងេល ងោះ ថា «ពួកកូនចៅពេទ្យថាអត់មានថ្នាំ» ជនចាស់ជរាដែលជាជនជាតិដើមភាគតិចនៅក្នុងភូមិពូលូងត្រូវបង្ខំចិត្តខ្ចីប្រាក់ពីធនាគារដើម្បីចំណាយលើថ្លៃធ្វើដំណើរទៅតំបន់ផ្សេងទៀតដើម្បីព្យាបាល​ជំងឺ​។

ជាអកុសល សម្រាប់ លោក ខ្លៀវ យ៉ាង់ ដោយសារជីវភាពខ្វះខាតខ្លាំងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបញ្ជូនប្រពន្ធរបស់ខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅរាជធានីភ្នំពេញដើម្បីព្យាបាលជំងឺបន្តនោះទេ ទើបបណ្ដាលឱ្យប្រពន្ធរបស់គាត់ធ្លាក់ខ្លួនឈឺធ្ងន់ទៅៗរហូតដល់ស្លាប់។

លោក ខ្លៀវ យ៉ាង់ អ្នកស្រី ងេល ងោះ និងប្រភពផ្សេងទៀតស្នើសុំឱ្យមានបណ្ណសមធម៌ ឬបណ្ណមូលនិធិសមធម៌សុខាភិបាលដែលអាចជួយសម្រួលដល់ចាស់ជរានៅតំបន់ដាច់ស្រយាល ដែលមានជីវភាពខ្វះខាតដើម្បីព្យាបាល ហើយ «ចង់បន្ថែមដែរណា៎» ស្នើសុំឱ្យផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ឬផ្ដល់ជាថ្លៃមធ្យោបាយធ្វើដំណើរសម្រាប់ជនចាស់ជរាដើម្បីទៅមន្ទីរពេទ្យដោយមិនមានការព្រួយបារម្ភលើការចំណាយទាំងនោះ។

បន្ថែមពីនេះពួកគាត់ ចង់ឱ្យមានមណ្ឌលសុខភាពនៅជិតតំបន់ដែលខ្លួនរស់នៅដើម្បីជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងផ្ដល់ភាពងាយស្រួលសម្រាប់សហគមន៍ ព្រោះការធ្វើដំណើរឆ្ងាយគឺ «ពិបាកណាស់ ពិបាករក [មធ្យោបាយធ្វើដំណើ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម