លោកស្រី ស៊ឹង សុធី អង្គុយក្នុងបន្ទប់តូចមួយនៅផ្ទះស្ត្រីម្នាក់ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកស្រី សុធី មានប្រសាសន៍ថា ស្ត្រីម្នាក់នេះមានជីវភាពក្រីក្រ និងមើលថែកូនស្រីដែលមានជំងឺ។
លោកស្រី សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី ផ្តល់ពាក្យលើកទឹកចិត្តដល់ស្ត្រីជាម្តាយ និងផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាជូនស្ត្រីរូបនោះមុនពេលចាកចេញទៅវិញ។
លោកស្រីមានប្រសាសន៍ទៅកាន់ស្ត្រីជាម្ដាយថា៖ «បន្តទៅមុខកុំចុះចាញ់»។
លោកស្រី សុធី មានប្រសាសន៍ថា ការជួបជាមួយពលរដ្ឋដែលមានមធ្យោបាយសេដ្ឋកិច្ចមានកម្រិតបានជួយតម្រែតម្រង់ទស្សនៈនយោបាយរបស់គាត់ ជាពិសេសនៅក្នុងការប្រាស្រ័យទាក់ទងជាមួយស្ត្រីមកពីគ្រួសារនៅតំបន់ជនបទ។
បន្ទាប់ពីចាកចេញពីផ្ទះស្ត្រីរូបនោះ លោកស្រី សុធី មានប្រសាសន៍ថា៖ «ខ្ញុំចង់ឱ្យស្ត្រីទាំងអស់ក្រោកឈរ ហើយកុំគិតថា ខ្លួនទន់ខ្សោយ ត្រូវនៅចាំផ្ទះ ហើយពឹងផ្អែកលើប្ដី»។ លោកស្រីបន្តថា៖ «ដោយសារទំនៀមទម្លាប់ប្រពៃណី ស្ត្រីគិតថា តួនាទីរបស់ពួកគាត់គឺគ្រាន់តែជាស្ត្រីមេផ្ទះប៉ុណ្ណោះ ដែលជាហេតុផលមួយក្នុងចំណោមហេតុផល ដែលធ្វើឱ្យពួកគេបាត់បង់កម្លាំងរបស់ខ្លួន»។
គណបក្សស្ត្រីដើម្បីស្ត្រីមានឈ្មោះថ្មី ប៉ុន្តែគណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយមានឈ្មោះថា គណបក្សកួរស្រូវ ជាគណបក្សនយោបាយមួយដែលត្រូវបានបង្កើតឡើង ដើម្បីកែលម្អសិទ្ធិទទួលបានការអប់រំ បញ្ចប់អំពើពុករលួយ និងជួយកុមារកំព្រា និងមនុស្សចាស់។
គណបក្សកួរស្រូវបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០០៣ ហើយបានជាប់ចំណាត់ថ្នាក់លេខ៥ ដោយទទួលបានសំឡេងតិចជាង៧ម៉ឺនសំឡេង គឺតិចជាងចំនួនសន្លឹកឆ្នោតសរុបរបស់គណបក្ស សម រង្ស៊ី ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាឆ្ងាយណាស់។
លោកស្រី សុធី បានមានប្រសាសន៍ថា ប្រធានគណបក្សកួរស្រូវមុនមានវ័យចំណាស់ហើយ ហើយត្រៀមនឹងសម្រាកពីការងារនេះ ដោយជ្រើសរើសលោកស្រីជាមេដឹកនាំថ្មី។ លោកស្រីបានសម្រេចចិត្តផ្លាស់ប្តូរឈ្មោះគណបក្សកាលពីពីរខែមុន ហើយបានបង្វែរការយកចិត្តទុកដាក់របស់គណបក្សទៅលើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ស្ត្រី។
លោកស្រីចង់ឱ្យស្ត្រីចូលរួមកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាសង្គម ហើយមានអារម្មណ៍ថា ស្ត្រីត្រូវបានផ្តល់តម្លៃទាប ខ្វះការអប់រំ និងឱកាសការងារ។ នៅពេលសង្កត់ធ្ងន់ថា តើលោកស្រីនឹងផ្តល់អំណាចដល់ស្ត្រី និងដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ពួកគេដោយរបៀបណា លោកស្រី សុធី បានមានប្រសាសន៍ថា ប្រសិនបើលោកស្រីជានាយករដ្ឋមន្ត្រី លោកស្រីនឹងកសាងសហគមន៍មួយដែលងាយចូលទៅកាន់ទីផ្សារ ដែលជួយលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
គេមិនច្បាស់ថា តើការធ្វើបែបនេះជួយស្ត្រីកម្រិតណានោះទេ ប៉ុន្តែលោកស្រី សុធី បានបន្ថែមថា លោកស្រីចង់អប់រំស្ត្រីឲ្យបានច្រើនបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ គណបក្សនេះបានរក្សាពាក្យសន្យារបស់ខ្លួននិងបានតែងតាំងស្ត្រីភាគច្រើនបំផុតឱ្យឈរឈ្មោះជាបេក្ខជន ក្នុងចំណោមគណបក្សទាំង១៨ នៅក្នុងការបោះឆ្នោតជាតិខែកក្កដានេះ។ គណបក្សនេះនឹងចូលរួមប្រកួតប្រជែងក្នុងខេត្តចំនួន១៨ និងដាក់បេក្ខជនចំនួន៦៨រូប ក្នុងនោះ៨០% គឺជាស្ត្រី នេះបើយោងតាមប្រភពទិន្នន័យកំណត់ត្រា។
នយោបាយកម្ពុជារងការរិះគន់ជាយូរណាស់មកហើយដោយសារមានការចូលរួមពីបេក្ខភាពជាស្ត្រីតិចតួច ហើយគណបក្សធំៗដែលប្រកួតប្រជែងក្នុងខែកក្កដានេះ បានបង្ហាញពីការកែប្រែតិចតួច។ គណបក្សហ៊្វុនស៊ិនប៉ិចនឹងមានបេក្ខភាពជាស្ត្រីតែ៥%ប៉ុណ្ណោះក្នុងខែកក្កដា ចំណែកគណបក្សប្រជាជនកម្ពុជាមានបេក្ខភាពជាស្ត្រី១៣% ហើយគណបក្សខ្មែររួបរួមជាតិមានបេក្ខភាពជាស្ត្រី១៥% ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា បានទទួលស្គាល់ថា គណបក្សមានបេក្ខភាពជាស្ត្រីតែប្រហែល១៣% នៅឆ្នាំនេះ ប៉ុន្តែលោកមានប្រសាសន៍ថា អំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ បេក្ខជនគណបក្សពី២០% ទៅ៣០% គឺជាស្ត្រី។
លោក សុខ ឥសាន បានមានប្រសាសន៍ថា វាពិបាកក្នុងការស្វែងរកស្ត្រីដែលមានលក្ខណៈសម្បត្តិខ្ពស់ ដើម្បីឈរឈ្មោះសម្រាប់តំណែង។ លោកក៏បានគូសបញ្ជាក់ថា ការធ្វើជាតំណាងរាស្រ្ត គឺជាការងារឯកទេស ហើយត្រូវការមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ការងារនេះ។
លោក សុខ ឥសាន បានបញ្ជាក់ថា៖ «ក្នុងការអនុវត្តជាក់ស្តែងយើងឃើញហើយ ស្ត្រីមួយ ចំនួនគាត់មានកម្រិតវប្បធម៌វានៅទាប ការយល់ដឹងផ្នែកនយោបាយក៏មានកម្រិត ហើយកម្លាំងពលំមួយចំនួនក៏វាមានកម្រិតដែរ ចឹងការបម្រើសេវាសាធារណជូនប្រជាពលរដ្ឋហ្នឹង ក៏វានៅមានកម្រិតដែរ»។
លោក សុខ ឥសាន មិនបារម្ភថា ចំនួនបេក្ខភាពស្ត្រីរបស់គណបក្សតិចនឹងធ្វើឱ្យគណបក្សបាត់បង់ប្រជាប្រិយភាពនោះទេ ព្រោះលោកយល់ឃើញថាមានគណបក្សផ្សេងទៀត មានអាត្រាបេក្ខជនស្ត្រីតិចជាងគណបក្សប្រជាជនកម្ពុជាផង។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានអះអាងថា គណបក្សនេះមានបេក្ខភាពជាស្ត្រីចំនួន២៩នាក់ ក្នុងចំណោមបេក្ខជនចំនួន១២៥រូប។ ប៉ុន្តែឯកសារ គ.ជ.ប បង្ហាញថា គណបក្សនេះ មានបេក្ខភាពស្ត្រីតែ៨នាក់ប៉ុណ្ណោះក្នុងបញ្ជីបេក្ខជនពេញសិទ្ធិ និងស្ត្រី២១នាក់ផ្សេងទៀតក្នុងចំណោមបេក្ខជនបម្រុង១៥៣នាក់។
លោកបានថ្លែងថា គណបក្សបានអនុវត្តតាមនីតិវិធីរបស់ខ្លួនក្នុងការជ្រើសរើសបេក្ខជន និងបានចង្អុលទៅអនុប្រធានជាស្ត្រីម្នាក់ គឺលោកស្រី រតនា ទេវី ក្នុងគណបក្សនេះ។ ជាថ្មីម្តងទៀត លោកមិនបារម្ភថា កង្វះបេក្ខភាពស្ត្រីនឹងប៉ះពាល់ដល់ក្តីសង្ឃឹមរបស់គណបក្សឡើយ។
លោកមានប្រសាសន៍ថា៖ «ទោះបីគណបក្សនេះមានស្ត្រីតិចតួច ក៏វាមិនប៉ះពាល់ប្រជាប្រិយភាពគណបក្សដែរ»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា គណបក្សដែលនិយាយថា ខ្វះបេក្ខភាពស្ត្រីដែលមានសមត្ថភាពគឺគ្រាន់តែជាលេសប៉ុណ្ណោះ។
លោកស្រីបានមានប្រសាសន៍ថា៖ «នៅត្រង់ចំណុចនេះ សមត្ថភាពរបស់ស្ត្រីមិនមែនជាកត្តាកំណត់នោះទេ។ ប្រសិនបើគាត់នៅតែនិយាយអំពីបញ្ហាអសមត្ថភាព នោះវាអាចដោយសារតែបញ្ហាប្រព័ន្ធរបស់ពួកគាត់ច្រើនជាង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A Party Focusing on Women Draws Attention to Their Low Levels of Political Participation