សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លទ្ធផលបោះឆ្នោតបណ្តោះអាសន្នពី គ.ជ.ប៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ខណៈគណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងលំដាប់ទី២

លោក ហ៊ុន ម៉ាណែត (ឆ្វេង) តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សកាន់អំណាចមួយរូបសម្រាប់រាជធានីភ្នំពេញ និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ (ស្តាំ) ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានគេរំពឹងថានឹងកាន់អាសនៈមួយក្នុងចំណោមអាសនៈចំនួនប្រាំរបស់គណបក្សនៅក្នុងសភា។ (ខេមបូចា/ ព្រីងសំរាំង)
លោក ហ៊ុន ម៉ាណែត (ឆ្វេង) តំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សកាន់អំណាចមួយរូបសម្រាប់រាជធានីភ្នំពេញ និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ (ស្តាំ) ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានគេរំពឹងថានឹងកាន់អាសនៈមួយក្នុងចំណោមអាសនៈចំនួនប្រាំរបស់គណបក្សនៅក្នុងសភា។ (ខេមបូចា/ ព្រីងសំរាំង)

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ទទួល​បាន​ជ័យ​ជម្នះ ខណៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ​ទី​ពីរ និង​ទី​បី​។ នេះ​បើ​តាម​លទ្ធផល​បណ្តោះអាសន្ននៃ​ការ​បោះ​ឆ្នោត​ដែល​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​អង្គារ។

គណបក្ស​ប្រជាជន​កម្ពុជា​ ​ទទួល​បាន​សំឡេង​ឆ្នោតគាំទ្រ​ចំនួន ៦ ៣៩៨ ៣១១សំឡេង ឬ ៧៧.៨៩​ភាគរយ​នៃ​សន្លឹក​ឆ្នោតសរុប​ចំនួន ៨ ២១៤ ៤៣០សន្លឹក។ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦ ៤៩០សំឡេង ឬ៨,៧២ភាគរយ ខណៈគណបក្សខ្មែររួបរួមជាតិ ១៣៤ ២៨៥សំឡេង ឬ១,៦៣ ភាគរយ។

គ.ជ.ប បានរាយការណ៍ពីចំនួនអ្នកទៅបោះឆ្នោត ៨៤,៥៨ភាគរយ ក្នុងចំណោមអ្នកចុះ​ឈ្មោះ​បោះឆ្នោត ៩ ៧១០ ៦៥៥នាក់ កើនឡើង​ពី៨៣,០២ភាគរយ ​ដែលបានរាយការណ៍ថា​មានអ្នក​ទៅបោះឆ្នោតក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលគណបក្សសង្គ្រោះជាតិ​ត្រូវបាន​រំលាយដោយ​តុលាការ ហើយមិនបានចូលរួមបោះឆ្នោតនៅពេលនោះ។

នៅក្នុងការបោះឆ្នោតឆ្នាំនេះ គ.ជ.ប បានរាយការណ៍ថា សន្លឹកឆ្នោតមានសុពលភាពចំនួន ៧ ៧៧៤ ២៧៦​សន្លឹក និងសន្លឹកឆ្នោតមិនបានការចំនួន ៤៤០ ១៥៤សន្លឹក ឬ៥,៣៦ភាគរយនៃ​សន្លឹក​ឆ្នោត​សរុប។ គ.ជ.ប មិនបានបែងចែករវាងសន្លឹកឆ្នោតដែលខូចដោយចេតនា​ដោយ​សារយុទ្ធនាការរបស់គណបក្សប្រឆាំងដែលភ្ជាប់ទៅនឹងការបោះឆ្នោតរបស់គណបក្សភ្លើង​ទៀន ហើយសន្លឹកឆ្នោតមិនបានការសម្រាប់ហេតុផលផ្សេងទៀត ដូចជាកំហុសដោយ​ចៃដន្យ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ ខេមបូចា នៅថ្ងៃអង្គារ​នេះ​ថា លោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈចំនួន១២០ នៃ​អាសនៈរដ្ឋសភាចំនួន១២៥ ខណៈអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ធ្លាប់បានបញ្ជាក់កាលពីមុនថា គណបក្សរបស់លោកប៉ាន់ស្មានថា ពួកគេនឹងទទួលបាន៥ អាសនៈ​ដែលនៅសល់។

លោក ឥសាន បានថ្លែងថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងចូលរួមក្នុងរដ្ឋាភិបាល ប៉ុន្តែ​ប្រហែល​ជា​មិនទទួលបានតំណែងរដ្ឋាភិបាលកម្រិតខ្ពស់ ឬទទួលបានតួនាទី​នៅក្នុងគណៈកម្មាធិការ​ណា​មួយនៃរដ្ឋសភានោះ​ទេ។

បច្ចុប្បន្ន​នេះ មាន​គណៈកម្មការ​ចំនួន​១០​ក្នុង​រដ្ឋសភា រាប់​ចាប់ពី​វិស័យ​អប់រំ សិទ្ធិមនុស្ស និង​គោលនយោបាយ​សេដ្ឋកិច្ច។

សុខ ឥសាន បញ្ជាក់ថា៖ «ខ្ញុំជឿថា គណបក្សហ៊្វុនស៊ិនប៉ិចមិនមានសមត្ថភាពឆ្កឹះឆ្កៀលទេ។ ពួកគេ​នឹងសម្របសម្រួលដើម្បីធ្វើការ»។ លោក ឥសាន បន្តថា៖ «ប្រសិនបើពួកគេអាច​សម្រប​សម្រួលបាន គណបក្សដែលទទួលបានសម្លេងតិងអាចចូលសមាសភាពជាមួយរដ្ឋាភិបាល ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដើម្បីបានប្រាក់ខែ»

លោក ញឿន រ៉ាដែន អ្នកនាំពាក្យនៃគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹងប្រើប្រាស់សន្លឹកឆ្នោតដែលខ្លួនទទួលបាន ដើម្បីនាំយកបញ្ហានានា ដូចជា​អំពើពុករលួយ និងភាពអយុត្តិធម៌ មកឱ្យសភាយកចិត្តទុកដាក់ បើទោះជាលោកមិន​បាន​បញ្ជាក់​​លម្អិតបន្ថែមក៏ដោយ។

លោក រ៉ាដែន លើកឡើងថា៖ «ទាក់ទងនឹងដំណែងផ្សេងៗក្នុងសភានិងរដ្ឋាភិបាល គណបក្ស​ពួកយើងមិនទាន់បានគិតនៅឡើយទេ»។ លោកបន្ថែមថា៖ «តែទោះជាគណបក្ស​ហ៊្វុនស៊ិនប៉ិច​ មិនទទួលបានតំណែងណាមួយក៏ដោយ ក៏វាមិនមែនជាបញ្ហាដែរ។ ពួកយើងនៅតែអាច​ធ្វើការ​បម្រើប្រជាជន»។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់ ខេមបូជា ថា ព្រះអង្គ​មិនចង់ឱ្យ​គណបក្សនេះ ត្រូវបានគេមើលឃើញថា ប្រឆាំងនឹងគណបក្សប្រជាជន​ដែលកំពុងកាន់អំណាចនោះទេ ហើយទ្រង់មានបន្ទូលថា ព្រះអង្គសង្ឃឹមថា នឹងធ្វើការ​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលអនាគត ដើម្បីធ្វើឱ្យប្រទេស​កាន់តែមានលទ្ធិ​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ មានប្រសាសន៍ថា គ.ជ.ប នឹងប្រកាសលទ្ធផល​បោះឆ្នោតផ្លូវការ​នៅថ្ងៃទី៥ ខែសីហា។

លោក សុវណ្ណារុំ ឱ្យដឹងថា៖ «ឥទ្បូវយើងប្រការលទ្ធផលបណ្តោះអាសន្ននៅថ្ងៃនេះ ហើយ​ទុក​ពេល​ឱ្យភាគីពាក់ព័ន្ធប្តឹង ហើយបើគ្មានបណ្តឹងទេនៅថ្ងៃទី៥ ខែសីហា យើងនឹងលទ្ធផល​ផ្លូវការ»

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក រ៉ាដែន ថ្លែង​ថា គណបក្ស​មិន​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង​ទេ។ អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ទិប ទាវ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

គណបក្សតូចៗចំនួន១២ ដែលបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពី ខេមបូចា កាល​ពី​សប្តាហ៍មុន បាននិយាយថា ពួកគេមិនបានដាក់ពាក្យបណ្តឹងណាមួយទៅកាន់ គ.ជ.ប អំពី​ដំណើរ​ការបោះឆ្នោតនោះទេ ទោះបីជាមានគណបក្សមួយចំនួនបាននិយាយថា ពួកគេសង្កេត​ឃើញភាពមិនប្រក្រតីក៏ដោយ។

គ្មានគណបក្សណាក្រៅពី CPP ដែលកំពុងកាន់អំណាចបានសង្កេតការណ៍នៅការិយាល័យ​បោះឆ្នោតភាគច្រើននោះទេ យ៉ាងហោចណាស់គណបក្សមិនបានសង្កេតការណ៍​ការិយាល័យ​បោះឆ្នោតណាមួយឡើយ មូលដ្ឋានទិន្នន័យ កំណត់ត្រា បានរកឃើញ—ដោយគណបក្ស​មួយ​ចំនួន​បាននិយាយថា នេះគឺដោយសារតែពួកគេខ្វះធនធានគ្រប់គ្រាន់។

លទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់ គ.ជ.ប បានបង្ហាញ៖

១. គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៦ ៣៩៨ ៣១១សំឡេង ២. គណបក្សហ៊្វុនស៊ិនប៉ិច បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៧១៦ ៤៩០សំឡេង

៣. គណបក្សខ្មែររួបរួមជាតិ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ១៣៤ ២៨៥សំឡេង

៤. គណបក្សយុវជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៩៧ ៤១២សំឡេង

៥. គណបក្សធម្មាធិបតេយ្យ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៨៤ ០៣០សំឡេង

៦. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៥២ ៨១៧ សំឡេង

៧. គណបក្សខ្មែរឈប់ក្រ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៤០ ០៩៦សំឡេង

៨. គណបក្សខ្មែរតែមួយ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៣៦ ៥២៦សំឡេង

៩. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ៣៥ ៤១៦សំឡេង

១០. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២៦ ០៩៣សំឡេង

១១. គណបក្សឯកភាពជាតិខ្មែរ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២៥ ២៦១សំឡេង

១២. គណបក្សសញ្ជាតិកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២៣ ១៩៧សំឡេង

១៣. គណបក្សស្ត្រីដើម្បីស្ត្រី បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២២ ៨៤៣សំឡេង

១៤. គណបក្សខ្មែរអភិរក្ស បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២០ ៩៦៨សំឡេង

១៥. គណបក្សសម្មុកឃ្មុំសង្គមប្រជាធិបតេយ្យ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ២០ ២១០សំឡេង

១៦. គណបក្សបំណងពលរដ្ឋ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ១៣ ៨៣១សំឡេង

១៧. គណបក្សកម្លាំងប្រជាធិបតេយ្យ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ១៣ ៧០៤សំឡេង

១៨. គណបក្សកសិករ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន ១២ ៧៨៦សំឡេង៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NEC Releases Preliminary Election Results: CPP’s Dominates, Funcinpec in Distant Second

308 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម