សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សប្រជាជនកម្ពុជាប្តឹងមន្ត្រីជាន់ខ្ពស់សមាគម​អាដហុក ក្រោយ​​​ធ្វើការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វ​ផ្សាយ

ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្ស​ប្រជាជនកម្ពុជា ​បាន​ដាក់​ពាក្យ​ប្ដឹងលោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ចោទ​ថា ​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​​បង្ក​​ចលាចល និង​​ញុះ​ញង់​​​ឲ្យ​មាន​ការស្អប់ រើសអើង​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមពាក្យបណ្តឹង ដែលចុះផ្សាយដោយសារព័ត៌​មាន​ Fresh News។

ក្នុង​បណ្តឹងដដែល​​នេះ គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ស្នើសុំ​​ឲ្យ​តុលាការ​ពិចារណា​លើ​សំណើ​របស់​ខ្លួន​ដើម្បីសម្រេច​​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​លោក ស៊ឹង សែនករុណា តាម​ច្បាប់។ គណបក្ស​ប្រជា​ជនកម្ពុជា​ក៏បាន​ទាម​ទារ​សំណង​ចំនួន២​ពាន់​លាន​រៀល (ប្រមាណ៥០​ម៉ឺន​ដុល្លារ) ផង​​ដែរ។

មុនដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គំរាម​ប្ដឹងលោក សឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​សារ​​ការធ្វើ​អត្ថាធិប្បាយ​ដែល​​​ចាត់​ទុក​ថា​ ជា​ការ​ប្រមាថចំពោះ​​គណបក្ស​ប្រជាជន។

លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​បាន​បង្ហោះ​លើ​ទំព័រ​​​ហ្វេសប៊ុក​របស់​លោក​កាលពី​​ថ្ងៃ​អាទិត្យ​ថា ​គ្មាន​​ការ​យោគយល់​​ចំពោះ​​អ្នក​ដែល​វាយ​ប្រហារ​មកលើ​​គណបក្ស​នោះ​ទេ។

លោក​សរសេរ​​ថា៖​ «​​ក្នុង​ការ​ចុះ​ផ្សាយ [ព័ត៌មាន] ក៏​មាន​ការ​និយាយ​ដោយ​​ ស៊ឹង សែនករុណា។ ខ្ញុំ​សូម​ឲ្យ​មេធាវី​របស់​គណបក្ស​សិក្សាផ្លូវ​​ច្បាប់ ​ដើម្បី​ប្តឹង​ម្នាក់​នេះទៀត ប្រសិន​បើ​​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ខាងផ្លូវ​ច្បាប់​​»

លោកបានបន្តថា៖ «យើង​សូម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ​មិន​ផ្តល់​ឱកាស​សម្រាប់​មនុស្ស​​ណា​ក៏ដោយ​​ប្រមាថ​មើលងាយ​គណបក្ស​តទៅទៀត​ទេ។ យើង​ត្រូវ​​រក​យុត្តិធម៌​សម្រាប់​ខ្លួន​យើង​តាម​ផ្លូវ​តុលាការ»

កាលពីថ្ងៃទី២ ខែកុម្ភៈ សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី ខ្មែរ បានចុះផ្សាយ​អត្ថបទមួយ​ដោយ​ និយាយ​ថា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន មិនមានលទ្ធភាពសងជំងឺ​ចិត្ត​​១លាន​ដុល្លារទេ។

សារពត៌មានបានដក​ស្រង់សម្តីរបស់លោក ស៊ឹង សែនករុណា ដែល​និយាយថា វិវាទ​របស់​អ្នកនយោបាយ​គួរ​បញ្ចប់​​​ដោយនយោបាយ មិនគួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ។

លោក សែនករុណា ​បាន​និយាយ​​ថា គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា «គណបក្ស​មួយ​ដែល​មាន​​ធនធាន​ថវិកា​ច្រើន» ដូច្នេះ​គណបក្ស​នេះគួរ «យោគយល់​​ដល់​​លោក សុន ឆ័យ»

លោក​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​បន្ថែម​ទៀតដែលនិយាយ​ថា គណបក្ស​កាន់​អំណាច «តែងតែ​យក​​តុលាការ​មក​ធ្វើ​ជា​របាំ​ង ​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោ​បាយ​ប្រឆាំងរបស់ខ្លួន»

លោក សែនករុណា តាម​ចោទ​បានអះអាង​ថា គណបក្សនយោបាយទាំង​អស់​គួរតែ​ប្រើ «វិធី​ចាស់​ទុំ ដើម្បី​ធ្វើ​ការ​ប្រកួតប្រជែងគ្នា» និង«គួរ​បញ្ឈប់នូវ​វប្បធម៌គំរាមកំហែងដៃគូ​នយោបាយ​របស់ខ្លួន​» ដើម្បីទុក​ជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។

លោក ស៊ឹង សែនករុណា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

ទោះបីជា​យ៉ាង​ណា​ លោក​បាន​បង្ហោះ​សារ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក ដោយ​បញ្ជាក់​​ថា បទសម្ភាសន៍​​​របស់​លោក «មិន​បម្រើបក្ស​នយោបាយណាមួយ​នោះទេ​ ហើយ​ថា​ លោក​គ្មាន​ចេតនា​ណាមួយ​វាយប្រហារ​បក្ស​នយោបាយ​ណា​មួយឡើយ​​»។ លោក​ថា បទសម្ភាសន៍​របស់​លោក​ក្នុង​​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស ច្បាប់ យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ។

លោកបាន​សរសេរ​ថា៖ «រាល់​ការ​សម្រង់សម្តី​របស់ខ្ញុំ ទៅ​បន្ថែមបន្ថយ​ បញ្ចេញបញ្ចូល​វាយ​ប្រហារ​ចំៗលើ​ឈ្មោះ​បក្ស​នយោបាយ​ណាមួយនោះ។ វាមិនមែនជា​ចេតនា និង​គោលបំណង​របស់ខ្ញុំ [ដើម្បីប្រមាថ] នោះទេ។ ដូច្នេះ​ខ្ញុំ​មិន​ទទួល​ស្គាល់ [អត្ថបទ​នេះ] ឡើយ​»

លោក គី តិច មេធាវី​រដ្ឋាភិបាល​បដិសេធ​មិន​និយាយ​លម្អិត​ ដោយ​បន្ថែម​ថា៖ «ខ្ញុំ​សុំទុកជាការ ​រក្សា​ការ​សម្ងាត់ [ដែល​ស្ថិត​នៅ​ក្នុង] ​វិជ្ជាជីវៈ​មេធាវី»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមានប្រសាសន៍ថា មេធាវីរបស់​គណបក្ស​​កំពុងធ្វើការលើបញ្ហានេះ ដើម្បីកំណត់ថា តើការលើកឡើងរបស់គាត់ជា​ «ការ​ប្រមាថចំពោះគណបក្ស ឬអត់»

លោកបានមានប្រសាសន៍ថា៖ «នេះមិនមែនជាការគំរាមកំហែង​ដល់សេរីភាព​នៃការ​បញ្ចេញ​មតិទេ» ដោយលើកឡើងពីមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ដែលចែង​ថា សេរីភាពក្នុងការបញ្ចេញ​មតិមិនគួររំលោភបំពានលើសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នក​ដទៃទេ​។

លោក សុខ ឥសាន បានថ្លែងថា៖ «អ្វីដែលគាត់និយាយ និងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ឬ​វិទ្យុ​បរទេសបានប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែល​ធ្វើឱ្យគណបក្ស​ចាំបាច់ត្រូវ​ស្វែងរកយុត្តិ​ធម៌​»

លោកបានមានប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជាមិន​អាច​អត់ឱន​ចំពោះ​ការ​ប្រមាថ និង​ការ​វាយ​ប្រហារ​ពី​អ្នក​ដែល​រំលោភលើ​​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ។

លោក អំ សំអាត នាយក​​ចាត់ការទូទៅនៃ​អង្គការ​​សិទ្ធិ​មនុស្ស​ លីកាដូ មាន​ប្រសាសន៍​ថា សង្គម​​ស៊ីវិល​តែងតែ​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​រិះគន់​ក្នុង​ន័យ​ស្ថាប​នា​។

លោក​បាន​ថ្លែង​ថា៖​ «​យើង​មាន​ការ​សោកស្ដាយ​ដែល​ពេល​ខ្លះ ​ពួក​គាត់​ [ប្រព័ន្ធ​ផ្សព្វផ្សាយ​] ដក​​ស្រង់​​សម្តី​មួយ​ផ្នែក​ឬ​កាត់​ឱ្យ​ខ្លី ដែល​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ»

លោក​បាន​កត់​សម្គាល់​ថា ការដកស្រង់សម្តី​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ​ដោយ​សារ​តែ​​ពេល​វេលា និង​ទំហំអត្ថបទកំណត់ការដស្រង់សម្តីខ្លះអាចមានការភាន់ច្រទ្បំ។

លោក សំអាត បន្ថែមថា លោក សែនករុណា ដែលធ្វើការលើសិទ្ធិមនុស្ស​អស់​រយៈពេល​២០ឆ្នាំ​មកទល់ពេលនេះ តែងតែផ្តល់បទសម្ភាសន៍ និងទស្សនៈបែប​ស្ថាបនាអំពីបញ្ហា​សិទ្ធិ​មនុស្ស បរិស្ថាន ព្រៃឈើ និងដីធ្លី។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន តុលាការ​កំពូល​បាន​តម្កល់​សេចក្តី​​សម្រេច​របស់​តុលាការ​ជាន់​​ទាប ​ដែល​​បាន​រក​ឃើញ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​​ភ្លើងទៀន​​មាន​ពិរុទ្ធភាព​​ពី​បទ​បរិហារ​កេរ្តិ៍​ ដោយសារ​ការ​បញ្ចេញ​មតិ ​ដែលពាក់ព័ន្ធនឹង​​គណ​បក្ស​​ប្រជាជន​កម្ពុជា។ តុលាការ​បាន​បង្គាប់​ឲ្យ​លោក សុន ឆ័យ ​​សង​ជំងឺ​ចិត្ត​ដល់គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​បួន​ពាន់​លាន​រៀល(១​លាន​ដុល្លារ)។

លោក សុន ឆ័យ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក ជូង ជូងី ជាមេធាវីរបស់​លោក។ លោក​មិន​ទាន់​ឃើញ​ដីកា​តុលាការ​ឲ្យ​បង់​ប្រាក់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ។

លោក ជូង ជូងី បានមានប្រសាសន៍ថា៖ «ខ្ញុំសូម​អភ័យទោស សេរីភាពនៃការបញ្ចេញមតិ​មាន​កម្រិត​នៅក្នុងស្រុកខ្មែរយើង ដូច្នេះខ្ញុំមិនអាចនិយាយច្រើនបានទេ»

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុកមិន​អាច​ទាក់​ទង​សុំ​ការ​​ការ​អត្ថាធិប្បាយ​​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former PM Hun Sen Threatens Adhoc’s Soeng Senkaruna With Lawsuit Following Comments in Media Report

297 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម