សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជិត៣០០គ្រួសារ គ្រោងដាក់ញត្តិនៅខុទ្ទកាល័យលោក ហ៊ុន សែន ពាក់ព័ន្ធទំនាស់ដីព្រៃជាមួយទាហាន

ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការតវ៉ានៅពេលដែលទាហានយកគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍របស់ពួកគេ។ រូបភាពថតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។រូបភាពផ្តល់ឲ្យ
ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការតវ៉ានៅពេលដែលទាហានយកគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍របស់ពួកគេ។ រូបភាពថតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។រូបភាពផ្តល់ឲ្យ

ប្រជាពលរដ្ឋប្រមាណជិត ៣០០គ្រួសារ រស់នៅក្នុងឃុំត្រពាំង​ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គ្រោងនឹងយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យ​ជួយអន្តរាគមន៍ បន្ទាប់ពី​ទាហានមួយក្រុម​បានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃក្នុងសហគមន៍របស់ពួកគេ។

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកាត់ដី​ព្រៃចេញពី​ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ចំនួន ២៦២ហិកតា​ ប្រគល់ឱ្យ​យោធាចំនួន ៤១គ្រួ​​សា​រ​ដែលកំពុងប្រចាំការនៅក្នុងតំបន់នោះ ដើម្បីសង់លំនៅឋាន និងធ្វើចម្ការ។ ប៉ុន្ដែប្រជាពលរដ្ឋនៅទីនោះប្រមាណ ២០០នាក់ កាលពីថ្ងៃទី ១៩ និង ២០ ខែតុលា បានប្រ​មូ​ល​​ផ្ដុំតវ៉ា ខណៈទាហានកំពុងដាក់គ្រឿងចក្រឈូសឆាយ។

លោក ឃន សារិទ្ធ ជាសមាជិកសហគមន៍បានឱ្យដឹង​ថា ប្រជាពលរដ្ឋប្រមាណជិត ៣០០គ្រួ​សា​រ​ម​ក​ពី ៣ភូមិរួម​មាន ភូមិពោធិ៍មាស ភូមិត្រពាំងគ្រង និងភូមិច្រកទាក នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានឯកភាពគ្នាសរសេរញត្តិមួយ ដោយគ្រោងនឹង​យកដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យលោកជួយអន្តរាគមន៍ពាក់ព័ន្ធការឈូសឆាយដីព្រៃ។

លោកបន្តថា ដីព្រៃសហគមន៍ដែលបានអ្នកភូមិហៅថា «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោ ត្រូវ​អាជ្ញាធរដាក់​គ្រឿងចក្រឈូសឆាយរយៈពេល ២ថ្ងៃ។ លោក​ថា ​ភ្លាមៗនោះ ប្រជាពលរដ្ឋជិត ២០០នាក់ ​បាននាំគ្នាប្រមូលផ្ដុំតវ៉ា និងហាមឃាត់ការឈូសឆាយបន្តទៀត។

លោកបញ្ជាក់ថា៖ «ប្រសិន​ព្រៃសហគមន៍មួយនេះត្រូវឈូសឆាយអស់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការអាស្រ័យរបស់​ពលរដ្ឋក្នុងមូលដ្ឋានយើងនេះ ជាពិសេសវាធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វព្រៃជាច្រើនប្រភេទនៅទីនោះ​ដែរ។ ពួកខ្ញុំបានសរសេរញត្តិមួយរួចហើយ ឥឡូវកំពុងដើរផ្ដិតមេដៃរកអ្នកគាំទ្រ ដើម្បីយកដាក់នៅរយៈពេល ៤ ឬ៥ថ្ងៃខាងមុខនេះ»។

អ្នកស្រី ម៉ៃ ខន សមាជិកសហគមន៍មួយរូបទៀតឱ្យដឹង​ថា ដើមឡើយ «ព្រៃមេត្តាធម្មជាតិ» មានផ្ទៃដីសរុបជាង ២ ០០០ហិកតា ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុនឯកជនមួយបានរំលោភយកអស់ជាច្រើ​ន​ហិ​កតា ដោយបច្ចុប្បន្ននៅសល់ប្រហែល ៨០០ហិកតា​ប៉ុណ្ណោះ។ ហើយពេលនេះ អាជ្ញាធរបានបើកដៃឱ្យមន្រ្តីយោធា​ឈូសឆាយយកដី​ចំនួន​ជាង ២៦២ហិកតា​ទៀត ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន ៤១គ្រួសារ។

អ្នកស្រីបានលើកឡើងថា អាជ្ញាធរបានដាក់គ្រឿងចក្រមួយគ្រឿងសម្រាប់​ការឈូសឆាយ​ដី អមដោយកម្លាំងទាហាន និងមន្ត្រីបរិស្ថានប្រមាណជាង ១០នាក់នៅ​ចាំការពារ។ អ្នកស្រីថា ក្នុងរយៈពេល២ថ្ងៃ ដីព្រៃប្រមាណ១,៥ហិកតា​ត្រូវបានឈូសឆាយ។

អ្នកស្រីបន្ត​ថា ពេល​ដែល​ប្រជាសហគមន៍​មកតវ៉ាច្រើន អ្នកឈូសឆាយ​បានផ្អាកសកម្មភាព ប៉ុន្តែពេល​ដែល​ប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ ពួកគេបានធ្វើសកម្មភាពឈូសឆាយបន្តទៀត​។

អ្នកស្រី ម៉ៃ ខន និយាយថា៖ «ពួកខ្ញុំជាប្រជាពលរដ្ឋបានពិភាក្សាគ្នារួចហើយ គឺយើងនៅតែតវ៉ា និងរារាំង​ការឈូសឆាយដីព្រៃសហគមន៍យើងនេះ ព្រោះពួកយើងបានថែរក្សាការពារវាជាង ២០ឆ្នាំ​ហើយ»។ ដោយអ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវឱ្យអាជ្ញាធរ និងមន្រ្តីជំនាញពិចារណាឡើងវិញចំពោះការឈូសឆាយ​ដីព្រៃនេះ ដើម្បីទុកបម្រើឱ្យប្រយោជន៍រួមក្នុងសហគមន៍»។

សមាជិកសហគមន៍ម្នាក់ទៀត​លោក សុខ ឃឿន បាន​បង្ហាញការ​បារម្ភពីការបាត់បង់ដីព្រៃស​ហ​គម​ន៍ ដោយលោកថា ប្រសិន​មិនមាន​ការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទេ ទាំងដីរដ្ឋ ទាំងព្រៃឈើ និង​សត្វព្រៃ នឹងត្រូវបាត់បង់ទាំងស្រុង។

លោកបន្តថា គិតមកដល់ពេលនេះ ពលរដ្ឋសហគមន៍ «ព្រៃមេត្តាធម្មជាតិ» មាន​ជម្លោះដីធ្លីជាមួយក្រុមទាហានចំនួន ​២លើករួចមកហើយ ដោយលើកទី១ មានជម្លោះជាមួយ​ក្រុមទា​ហា​ន​ «ង៧០» បានបាត់បង់ដីព្រៃសហគមន៍អស់ ៧៨ហិកតា និងលើកទី២នេះ​ បាត់បង់ដីជាង ២៦២​ហិកតា​ទៀតឱ្យទៅក្រុមទាហានមួយក្រុមផ្សេងទៀត។

លោកនិយាយថា៖ «ពលរដ្ឋ​សហគមន៍ក្នុងឃុំត្រពាំងជោ បានអាស្រ័យផលធ្វើជាកន្លែងសម្រាប់ឃ្វាលគោក្របី បោចវល្លិ៍ រកផ្សិត បន្លែ និងរកអនុផលព្រៃឈើផ្សេងទៀត។ លើសពីនេះ គឺព្រៃសហគមន៍នេះក៏ជាកន្លែងជម្រកសត្វព្រៃច្រើនប្រភេទផងដែរ»។

ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការតវ៉ានៅពេលដែលទាហានយកគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍របស់ពួកគេ។ រូបភាពថតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។រូបភាពផ្តល់ឲ្យ
ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការតវ៉ានៅពេលដែលទាហានយកគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍របស់ពួកគេ។ រូបភាពថតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។រូបភាពផ្តល់ឲ្យ

លោក ភោគ ជុំ មេភូមិពោធិ៍មាស នៃឃុំត្រពាំងជោបានឱ្យដឹងថា ​គ្រួសារកងទ័ព​ ពិត​ជា​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​សុំកាត់ដីនៅតំបន់នោះជាង ២៦២ហិកតា ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពចំនួន ៤១គ្រួសារ​ប្រាកដមែន ដោយមាន​ការឯកភាពពីក្រសួងបរិស្ថាន និងរដ្ឋាភិបាលផងដែរ។

លោក​បន្តថា៖«កន្លងមកខ្ញុំធ្លាប់​បានពន្យល់ និងបង្ហាញឯកសារឱ្យពួកគាត់​បាន​ដឹង​ឮហើយ ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមស្ដាប់ខ្ញុំ​ឡើយ ដោយពួកគេចង់រក្សាដីព្រៃនោះទុក​ជាដីសហគមន៍វិញ»។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនទាន់អាចទាក់ទង​សុំ​ការបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេ។

ចំណែកលោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក៏​មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា លោកបានទទួលដំណឹងពីការតវ៉ារបស់ប្រជាពលរដ្ឋ។ លោកថាដីនេះត្រូវបានរាជរដ្ឋាភិបាលធ្វើអនុប្រយោគកាត់ចេញពីដីរបស់រដ្ឋ ហើយ​ប្រគល់ទៅឱ្យក្រុមគ្រួសារ​ទាហាន​រថ​ក្រោះចំនួន​ ៤១គ្រួសាររួចរាល់ហើយ។

លោកបន្តថា ចំពោះការតវ៉ារបស់ពលរដ្ឋកន្លងមកនេះ លោកបានចាត់ឱ្យមន្រ្តីជំនាញចុះទៅ​សម្រប​សម្រួលជាមួយពួកគាត់រួចរាល់ហើយ ប៉ុន្ដែលោកមិនទាន់​បាន​ទទួលចម្លើយ​ពីប្រជាពល​រដ្ឋ​ថា តើបញ្ឈប់​ការតវ៉ាត្រឹមនេះ ឬពួកគាត់នៅចង់បានអ្វីថែមទៀត។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថា យើងជាប្រទេសនីតិរដ្ឋ អ៊ីចឹងប្រជាពលរដ្ឋ ត្រូវតែស្ដាប់ការសម្រេច​របស់ថ្នាក់ដឹកនាំយើង ព្រោះការសម្រេចរបស់ថ្នាក់ដឹកនាំវាទាក់ទងនឹងបច្ចេកទេស គឺទាក់ទងការ​អភិរក្ស និងការអភិវឌ្ឍ ត្រូវតែដើរទន្ទឹមគ្នា។ ក្នុងនោះក៏មានរឿងរាវច្រើ​នទៀត ដែលប្រជាពលរដ្ឋមួយ​ចំនួន ចេះតែដើរអះអាងកន្លែងនេះជាដីគាត់ កន្លែងនោះជាដីគាត់»។

លោក វ៉ី សំណាង បន្ថែមថា តំបន់ដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ដីឱ្យគ្រួសារកងទ័ពនេះ ជាតំបន់ព្រៃរបោះតូចៗ ដោយមិនមែនជាតំបន់ព្រៃឈើស្រោងធំៗនោះទេ។ ម្យ៉ាងទៀត តំបន់នេះ​ជាទីតាំងដែលកងទ័ពធ្លាប់គ្រប់គ្រង ប៉ុន្ដែក្រោយមកក៏ត្រូវបានផ្លាស់ប្ដូរទីតាំងបន្ទាយថ្មី​។

លោក រ័ត្ន ថាវី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធមនុស្សនៃសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ​បានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះមិនចង់ឱ្យបាត់បង់ព្រៃឈើ និងដីរបស់រដ្ឋ​ទេ ហើយ​ពួកគាត់ក៏នឹងមិនឯកភាពឱ្យមានការឈូសឆាយដែរ។ លោកបារម្ភករណីនេះអាច​រីក​ធំ​ថែម​ទៀត ប្រសិនបើអាជ្ញាធរគ្មានមធ្យោបាយល្អដោះស្រាយជាមួយពលរដ្ឋទេនោះ។

លោកបន្តថា ព្រៃឈើក្នុងសហគមន៍នេះ ត្រូវបានពួកគាត់ថែរក្សាជាច្រើនឆ្នាំហើយ ដោយ​ពួក​គាត់នាំគ្នាចុះល្បាតជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃ​។

លោកនិយាយថា៖ «ខ្ញុំគិតថា បើសិនជាអាជ្ញាធរគ្មានមធ្យោបាយណាល្អដោះស្រាយទេ អ៊ីចឹង​រដ្ឋាភិបាលគួរតែរក្សាតំបន់នោះឱ្យនៅដដែល ហើយយកដីដែលរដ្ឋាភិបាលបាន​រឹបអូសពីក្រុមហ៊ុនឯកជនដែល​ល្មើសច្បាប់កន្លងមក ហើយយកមកចែកជូនកងទ័ពវិញ»។

គួររំឭកថា រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយ ដោយសម្រេចកាត់ដីទំហំ ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប ៤១គ្រួសារ សម្រាប់កសាងលំ​នៅ​ឋាន និងបង្កបង្កើនផល៕

635 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម