សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សត្វព្រៃច្រើនប្រភេទប្រឈមបាត់ទីជម្រក ដោយសារព្រៃមេត្តាធម្មជាតិរងការកាប់បំផ្លាញ

សកម្មភាពកាប់ឈើជុំវិញវត្តព្រៃមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ
សកម្មភាពកាប់ឈើជុំវិញវត្តព្រៃមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

សត្វព្រៃជាច្រើនប្រភេទប្រឈមនឹងការបាត់បង់ទីជម្រក ដោយសារតែតំបន់ព្រៃមេត្តាធម្មជាតិកំពុងរងការកាប់បំផ្លាញ និងឈូសឆាយទាំងយប់ទាំងថ្ងៃជាច្រើនហិកតាពីប្រជាពលដ្ឋ និងក្រុមគ្រួសាររបស់ទាហានរថក្រោះ។

បើតាមព្រះតេជគុណ ព្រំ សុជាតិ ជាព្រះសង្ឃដែលគង់នៅវត្តក្នុងតំបន់ព្រៃមេត្តាធម្មជាតិ មានសង្ឃដីកាថា ព្រៃមេត្តាធម្មជាតិ​​ ឬព្រៃឧត្តមស្រែខ្ពស់​ ស្ថិតក្នុងភូមិ​ពោធិ៍មាស​ ឃុំ​ត្រពាំងជោរ ​ស្រុក​ឱរ៉ាល់ កំពុងរងការកាប់បំផ្លាញយ៉ាងសកម្ម។ ព្រះសង្ឃ និងប្រជាសហគមន៍ មានការសោកស្ដាយនិងបារម្ភ ដោយសារតែសត្វព្រៃច្រើនប្រភេទមានដូចជា សត្វស្វា ទោចម្កុដ ​ ​ក្ងោក ​និង​ឈ្លូស​ជាដើម​ បាន​ផ្អើល​ទៅ​រស់​នៅ​ទីតាំងផ្សេង។

ព្រះតេជគុណមានសង្ឃដីកាបន្តថា នៅជុំវិញតំបន់ដែលជាអាស្រមរបស់ព្រះសង្ឃថែរក្សារយៈពេលជាង២០ឆ្នាំមកនេះ គឺមានមានប្រជាពលរដ្ឋជាច្រើនមកកាប់ឆ្ការព្រៃទាំងថ្ងៃត្រង់។ ចំណែកឯពេលយប់គឺមានស្នូរកាំភ្លើងបរបាញ់សត្វ និងសំឡេងរណាយន្តរំលំដើមឈើ។​

ព្រះតេជគុណ សុជាតិ មានថេរៈដីកាថា៖«មណ្ឌលដែលនៅជុំវិញវត្តអារាមកន្លែងអាស្រមឋាននេះ ប៉ុន្មានថ្ងៃនេះកើតជាកលយុគកាប់ឈើ ឮសូរតែសំឡេងខ្ទរខ្ទារកងរំពងរណាយន្ត គោរយន្ត  និងកាំភ្លើង»។

ព្រះតេជគុណបន្តថា៖«សត្វនៅក្នុងហានិភ័យនៃការតាមប្រមាញ់ ប៉ុន្តែអ្នកកាប់គួរដឹងថាកន្លែងនេះជាកន្លែងថែរក្សា សត្វស្អីៗក៏ទាក់ចាប់ដែរ កាប់ច្រើនពេកទៅសូម្បីតែសត្វប្រើសក៏រត់មកពួនក្បែរបន្ទប់ទឹកលោក ឯក្ងោកវិញរត់អស់ហើយ»។

ចំណែកលោក សយ សាត ជាប្រជាសហគមន៍ការពារនៅព្រៃមេត្តាធម្មជាតិ​  បានសម្ដែងការសោកស្ដាយ ខណៈព្រៃដែលសហគមន៍ខំការពារទុកជាតំបន់អភិរក្សត្រូវរងការកាប់បំផ្លាញ។ លោកបន្តថា ពីមុនព្រៃមេត្តាធម្មជាតិគឺមានប្រមាណ៨៧៧ហិកតា បូករួមទាំងទីតាំងវត្តអារាម តែមកទល់ពេលនេះគឺរងការកាប់បំផ្លាញពីក្រុមទាហាន ដែលរដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ចដល់គ្រួសាររបស់ពួកគេ។

លោកសាត បានរៀបរាប់ថា៖«ការកាប់បំផ្លាញគឺ [ទាហាន] ង ៧០ តែម្ដងដែលកាប់បំផ្លិចបំផ្លាញឈូសឆាយមានគ្រឿងយន្ត ម៉ាស៊ីន ដើម្បីអាឈើក្នុងតំបន់ឧត្តមស្រែខ្ពស់ គឺនាយទាហាន ពលទាហានតែម្ដង»។

ប្រជាសហគមន៍រូបនេះបញ្ជាក់ថា លោកសុខចិត្តប្តូរជីវិតដើម្បីការពារព្រៃធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ជាជាងឱ្យលោកមើលឃើញពីសកម្មភាពកាប់បំផ្លាញព្រៃឈើស្រស់ៗបែបនេះ​ ព្រោះអាជ្ញាធរហាក់មិនមានចំណាត់ការសោះ។

លោកថ្លែងថា៖«បើសិនណាសម្លាប់ខ្ញុំចោលទៅ ហើយទុកព្រៃឈើប្រសើរ ជាងឱ្យខ្ញុំមើលឃើញការបាត់បង់ធនធានធម្មជាតិដែលខ្ញុំការពារជាង២០ឆ្នាំទៅហើយណាក្មួយ។ បើស្លាប់ទៅល្អជាងនៅរស់ ព្រោះយើងនិយាយអ្វីមិនបាន ធនធានដែលមានហើយគេបំផ្លិចបំផ្លាញ»។

មិនខុសពីលោកសាត អ្នកស្រី ឈួន សុំ អាយុ៥៩ឆ្នាំ ជាពលរដ្ឋក្នុងភូមិពោធិ៍មាស បានលើកឡើងស្រដៀងគ្នាថា អ្នកស្រីពិតជាស្ដាយស្រណោះព្រៃធម្មជាតិដែលខំការពារជិត២០ឆ្នាំ រងការកាប់បំផ្លាញ ពិសេសអាណិតសត្វព្រៃកំពុងបាត់បង់ទីជម្រក។

អ្នកស្រីថ្លែងថា៖ «ខ្ញុំបារម្ភ បារម្ភខ្លាំងមែនទែន បាត់បង់ព្រៃធម្មជាតិ បាត់បង់សត្វព្រៃគ្នាគ្មានកន្លែងនៅ។ ហើយទៅហាមឃាត់គេដែរទៅគ្នា១០នាក់អីដែរ តែគេមិនស្ដាប់ នៅតែឈូសឆាយ»។

សកម្មភាពកាប់ឈើជុំវិញវត្តព្រៃមេត្តាធម្មជាតិ ហៅវត្តផ្កាឈូក នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រូបភាពថតនៅថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

ចំណែកលោក ទេព ណែម មេឃុំត្រពាំងជោរ បានឱ្យដឹងថាសកម្មភាពចូលទៅកាប់ឈើនៅជុំវិញព្រៃវត្តមេត្តាធម្មជាតិនេះមិនមែនទើបតែកើនឡើងទេ ពោលគឺមានចាប់តាំងពីខែ មករា ឆ្នាំ ២០២២មកម្ល៉េះ។

ទោះជាយ៉ាងណា មេឃុំត្រពាំងជោរបានប្រាប់សារព័ត៌មានខេមបូចាថា ដីដែលរងការកាប់ទន្រ្ទាននេះមិនមែនជាដីសហគមន៍ទេ គឺជាដីរបស់គ្រួសារកងទ័ពដែលរដ្ឋាភិបាលបានចែកជូន។ ដូច្នេះគ្រួសារកងទ័ពទាំងនោះបានចូលទៅកាប់ដីព្រៃរបស់ពួកគេតែប៉ុណ្ណោះ។ 

ដោយឡែក ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ​ឱម ម៉ាកធារី បានលើកឡើងថា ជុំវិញបញ្ហាការកាន់កាប់ដីព្រៃរបស់កងទ័ពនេះ គឺសហគមន៏ចេះតែផ្សព្វផ្សាយ និងបំផុសបំផុល ហើយជួនកាលសហគនម៍តែងតែទៅប្រឆាំងជាមួយរដ្ឋាភិបាលដែលបានបែងចែងដីនោះឱ្យក្រុមទាហានក៏មានដែរ។

លោកបាននិយាយថា៖«ដីនោះមិនមែនដីសហគមន៍ទេ ហើយផែនទីដីសហគមន៍ និងផែនទីដី ស..ណ ក៏មិនមែនជាន់គ្នាដែរ។ រដ្ឋាភិបាលគេមាន ស.ជ.ណ ឱ្យទៅទាហានដោយចែងដីឱ្យក្រុមគ្រួសារទាហានដើម្បីឱ្យមានដីរស់នៅ»។

លោកអះអាងថា ប្រសិនបើលោករកឃើញថាកងទ័ពនៅទីនោះ មានការកាន់កាប់ដីធ្លីមិនមានច្បាប់ និងមិនមានឯកសារត្រឹមត្រូវ លោកនឹងចាត់វិធានការហើយ មិនបណ្ដោយឱ្យកងទ័ពទាំងនោះទៅប្រព្រឹត្តបទល្មើសទេ។

ទាក់ទិននឹងករណីនេះ មន្រ្តី​គម្រោង​តស៊ូមតិនៃសមាគមបណ្ដាញយុវជន​កម្ពុជា (CYN)​ ​លោក​សាន ម៉ាឡា មានការសោកស្ដាយជាខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ដីព្រៃធម្មជាតិទាំងនេះ​ទៅឱ្យគ្រួសារកងទ័ព ត្បិតថាព្រៃមេត្តាធម្មជាតិជាតំបន់ដែលព្រះសង្ឃ និងពលរដ្ឋការពារអភិរក្សធនធានធម្មជាតិយូរឆ្នាំមកហើយ។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថារដ្ឋយើងមិនខ្វះដីនោះទេ ហើយព្រៃដែលមានសារៈប្រយោជន៍សម្រាប់សត្វ និងបម្រើដល់កិច្ចការសាសនារដ្ឋមិនគួរកាប់បំផ្លាញបែបនេះទេ»។

មន្រ្តីតស៊ូមតិរូបនេះ បន្តថា កន្លងមកលោកបានឮពីប្រជាពលរដ្ឋថា ទំនងអាចជាការឃុបឃិតគ្នា ដើម្បីទទួលបានដីពីរដ្ឋាភិបាល ហើយយកទៅលក់ឱ្យអ្នកដទៃ។ ហើយលោកទទូច ឱ្យរដ្ឋាភិបាល បើកព័ត៌មានឱ្យទូលាយដល់ពលរដ្ឋ និងតាមដានថាដីទាំងនោះក្រុមយោធិនពិតជាសាងសង់លំនៅដ្ឋានពិតប្រាកដ ឬគ្រាន់តែកាប់ឆ្កាដើម្បីយកទៅលក់បន្ត។

កាលពីឆ្នាំ២០០២ ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់ ឬ​ហៅ​ថា ព្រៃ​មេត្តា​ធម្មជាតិ ត្រូវបានចុះបញ្ជីទទួលស្គាល់ថាជាព្រៃអភិរក្ស ព្រោះតំបន់នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់។​

ប៉ុន្តែកាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយសម្រេចកាត់ដីទំហំ២៦២,២៤ហិកតា ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់ជាកម្មសិទ្ធិជូនគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុប៤១គ្រួសារ សម្រាប់កសាងលំនៅឋាន និងបង្កបង្កើនផល។

ថ្វីបើមានអនុក្រឹត្យកាត់ដីឱ្យគ្រួសារយោធាមែនពិត តែលោកសាត អះអាងថា ក្រុមទាហានដែលមកកាន់កាប់ដីព្រៃសហគមន៍នេះ​គឺព្យាយាមបំប៉ោងព័ត៌មានទៅថ្នាក់ដឹកនាំ ​ថាបានកាប់កាប់ដីនេះតាំងពីឆ្នាំ២០០២ ហើយថ្នាក់ដឹកនាំមិនដឹងទើបកាត់ដីសហគមន៍នេះទៅឱ្យទាហាន។

លោកសាត បានបន្តថា លោកនិងប្រជាសហគន៍នៅតែបន្តការពារព្រៃនេះ ដោយស្វែងរកអន្តរាគន៍ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី៩ ខែឧសភា លោកនិងប្រជាពលរដ្ឋប្រមាណ៥០០នាក់ បាននាំគ្នាមកដាក់ញត្តិនៅក្រសួងដែនដី។ មន្ត្រីក្រសួងបានទទួលញត្តិនិងសន្យាថា នឹងឆ្លើយតបវិញក្នុងរយៈពេល២សប្តាហ៍ ៕

1,628 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម