ប្រជាកសិករមួយចំនួននៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អះអាងថា បន្លែរបស់ពួកគាត់ប្រមាណ៥០០០តោន ដែលដាំដុះលើផ្ទៃដី៥០០ហិកតា ប្រឈមនឹងត្រូវភ្ជួរចោលក្នុងរយៈពេល១០ថ្ងៃទៀត បើសិនជានៅតែមិនមានទីផ្សារ។
ម្ចាស់បន្លែដាំដុះលើផ្ទៃដី៣ហិកតា និងជាអ្នកលក់ជី និងថ្នាំកសិកម្មផងនោះ លោក តៃ សុង លើកឡើងថា សាឡាត់របស់លោកទើបតែភ្ជួរចោលអស់១០តោនកាលពីសប្តាហ៍មុន។ លោកបន្តថា ក្នុងរយៈពេលជាង១០ថ្ងៃខាងមុខ សាឡាត់របស់លោកចំនួន២៥តោនទៀត នឹងត្រូវភ្ជួរចោលទៀត។
លោក តៃ សុង អះអាងថា បន្លែដែលប្រឈមឈូសឆាយចោលពេលនេះគឺមិនមែនតែរបស់លោកនោះទេ គឺបើគិតទាំងបន្លែដែលប្រឈមឈូសឆាយចោលរបស់កសិករផ្សេងទៀតនៅក្នុងឃុំទឹកវិលនេះមានចំនួនប្រមាណ៥០០០តោន។
លោក តៃ សុង៖ «បើសិនជានៅតែរកច្រកចេញមិនរួចនៅតែបិទខ្ទប់ នៅតែមិនឱ្យចូលភ្នំពេញ មិនបើកដំណើរការវិញចឹង ប្រជាជនអត់មកទិញ អាជីវករអត់មកទិញគឺនៅតែឈូសឆាយចោលដដែលហ្នឹង មិនអាចមានជម្រើសអ្វីក្រៅពីឈូសឆាយចោល។ បើគិតជាសាឡាត់រាប់ពាន់តោន មិនក្រោមពី៤ទៅ៥ពាន់តោនទេ»។
អ្នកយកព័ត៌មានខេមបូចា បានទៅដល់កន្លែងដាំដុះក្នុងឃុំទឹកវិលស្រុកស្អាងនេះ ឃើញមានចំការបន្លែផ្សេងៗទៀតក្រៅពីសាឡាត់ ក៏មានដូចជា ប្រភេទស្ពៃ ខ្ទឹមស្លឹក និងអំពៅជាដើម នៅក្នុងចំការដែលគ្រប់អាយុក្នុងការប្រមូលផលហើយ តែមិនមានអ្នកទិញ។
កសិករម្នាក់ទៀត លោក ហ៊ី ប៊ុនលាភ ឱ្យដឹងថា លោកបានភ្ជួរសាឡាត់ចោលអស់១៥តោនកាលពី១៥ថ្ងៃមុន។ លោក ប៊ុនលាភ បញ្ជាក់ថា លោកខ្ចីលុយ ជាង៨លានរៀល ពីសាច់ញាតិមកដាំបន្លែនេះ ហើយថា បើត្រូវភ្ជួរចោលម្តងទៀត លោកអស់ដើមទុនធ្វើបន្តហើយ។
លោក ហ៊ី ប៊ុនលាភ៖ «ទៅលែងរួចហើយ ធ្វើតែមួយសារនេះទៀត បើអត់ទៀត ឈប់ធ្វើហើយ»។
កសិករម្នាក់ទៀត លោក ស៊ុង ម៉េង ថ្លែងថា ខ្ទឹមស្លឹករបស់លោកចន្លោះពី៣៥ទៅ៤០តោនលើផ្ទៃដីជាង១ហិកតា ប្រឈមជ្រុលចាស់លក់លែងកើតក្នុងរយៈពេល១០ថ្ងៃទៀត។ លោកថា ការចំណាយលើការដាំដុះនេះ អស់ជាង៩ពាន់ដុល្លារអាមេរិក។
លោក ស៊ុង ម៉េង ត្រៀមហើយថា នឹងយកសម្ភារកសិកម្មទៅផ្ទះវិញ ដោយថា មិនអាចបន្តការដាំដុះទៀតបានទេព្រោះអស់ដើមទុនហើយ។
លោក ស៊ុង ម៉េង៖ «អស់ដើមហើយ មួយសារហ្នឹងតែខ្ទឹមចេញអត់រួច ទៅលែងរួចហើយអាហ្នឹង យកសម្ភារទៅផ្ទះហើយ។ ចប់ហើយ។ ឥឡូវនេះ អស់ពីរហើយគឺអស់ទុន អស់អារម្មណ៍ដាំហើយគឺនៅសល់តែជីវិតទេ»។
តាមការអះអាងរបស់ក្រុមកសិករនៅក្នុងឃុំទឹកវិលគឺនេះជាលើកទី២ហើយ ដែលរងផលប៉ះពាល់ ដែលឆ្នាំមុនតម្លៃចុះថោកខ្លាំង ហើយឆ្នាំនេះមិនមានអ្នកទិញតែម្តង។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលលោក អោម ប៊ុនធឿន ថ្លែងថា លោកបានដោះស្រាយបញ្ហាជាមួយកសិករនៅស្រុកស្អាងនេះជាបន្តបន្ទាប់ប៉ុន្តែលោកថា កសិករទាំងនោះមិនធ្វើតាមការណែនាំទេ។
លោក អោម ប៊ុនធឿន៖ «ខ្ញុំបានចុះដោះស្រាយជារឿយៗហើយជាមួយ តៃ សុង ហ្នឹងនុ៎ះ»។ យើងណែនាំឱ្យធ្វើយ៉ាងម៉េចក៏អត់ធ្វើតាមដែរ។ គំនិតគាត់គឺគាត់ធ្វើតែចឹងតាម៉ង។ ធ្លាប់ដោះស្រាយហើយ ធ្លាប់នាំអាជីវករទៅទិញរបស់គាត់ហើយ។ ហើយយើងណែនាំថា ដាំដុះអីរកទីផ្សារហើយចាំដាំ ហើយគាត់ដាំចោល ដាំម្តងៗបន្លែសុទ្ធតែ២ទៅ៣ហិកតាឯណោះ»។
ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល លោក ប៊ុនទួន ស៊ីមូណា មិនបកស្រាយករណីនេះទេ ដោយលោកប្រាប់ឱ្យសួរទៅខាងមន្ត្រីស្រុកស្អាងវិញ។
តាមរបាយករណ៍មន្ទីរកសិកម្ម ខេត្តកណ្ដាល បានឱ្យដឹងថា នៅស្រុកស្អាងមានផ្ទៃដីដាំដុះបន្លែសរុបចំនួន៨១៦៩ហិកតា មាន១២សហគមន៍ ដែលក្នុងមួយថ្ងៃអាចផលិតបន្លែជាមធ្យមបានចំនួន ១១៥តោន។
អភិបាលស្រុកស្អាង លោក ញឹម វណ្ណឌិន មិនបានដឹងករណីនេះទេ ហើយលោកសង្ស័យថា នោះគឺជារឿងកសិករប្រឌិតឡើង។ ទោះយ៉ាងណាលោកថា នឹងចាត់មន្ត្រីឱ្យទៅពិនិត្យករណីនេះ។
លោក ញឹម វណ្ណឌិន៖ «ក្រុមណឹងស្អី កូនក្មួយឡៅម៉ុងហៃ។ អាពួកហ្នឹងចូលចិត្តធ្វើតែចឹង។ អាក្រុមមុននោះណា! ប្រឌិតរឿងខាងកសិកម្មគេចុះមកស្រាវជ្រាវទៅវាអត់ពិតទេ រឿងអាពួកខូចហ្នឹងណា។ បាទអរគុណហើយ ចាំមើលម៉េចៗខ្ញុំឱ្យមន្ត្រីចុះទៅមើល»។
លោក តៃ សុង អះអាងថា រូបលោក និងកសិករផ្សេងទៀតស្នើឱ្យមានដំណោះស្រាយបញ្ហាកសិផលនេះគឺជាបញ្ហាលក់បន្លែសុទ្ធសាធមិនពាក់រឿងអ្វីផ្សេងនោះទេ។ លោកស្នើឱ្យមន្ត្រីកសិកម្មចុះទៅពិនិត្យករណីនេះ ដល់កន្លែងដាំនឹងដឹងការពិតហើយ។
លោក តៃ សុង បញ្ជាក់ថា ករណីដែលមន្ត្រីមន្ទីរពាណិជ្ជកម្មថា ជួយអន្តរាគមន៍កន្លងមកនោះគឺមន្ត្រីជួបកសិករបានតែម្តង ហើយនាំក្រុមហ៊ុនឱ្យជួយទិញបានតែក្នុងទំហំតិចតួចប៉ុណ្ណោះក៏ផ្អាកវិញ។
លោក តៃ សុង៖ «គាត់ឱ្យដាំតាំងពីថ្ងៃ១ខែ២ តាំងពីដើមខែចឹងទៅគាត់ថា ដាំបណ្តាក់ចឹងទៅ គាត់ថា ជួយយករហូត១ថ្ងៃ៥០០គីឡូ។ ដល់ពេលបានប្រមូលផលគាត់ថា កូវីដហើយ លក់មិនចេញទេ ចឹងឱ្យខ្ញុំរកទីផ្សារទៀតទៅ»។
អ្នកជំនាញកសិកម្មលោក យ៉ង សាំងកុមារ លើកឡើងថា ក្នុងស្ថានភាពចំពោះមុខនេះ បើអាជ្ញាធររកឃើញថា ពិតជាមានការកកស្ទះបន្លែរបស់កសិករមែនគឺរដ្ឋអាចចេញមុខទិញដើម្បីយកទៅចែកដល់ពលរដ្ឋដែលកំពុងខ្វះខាតនៅក្នុងរាជធានីភ្នំពេញ។
លោក យ៉ង សាំង កុមារ៖ «អាហ្នឹងបើស្រួលបំផុតគឺរដ្ឋជួយទិញតែម្តង យកទៅចែកដល់ប្រជាជននៅក្នុងទីក្រុងដែលកំពុងជួបការលំបាក ចំនួន៥០០០តោនវាមិនច្រើនប៉ុន្មានទេ»។
បើតាមលោក តៃ សុង គឺកសិកររាប់ពាន់គ្រួសារកំពុងតែដាំដុះបន្លែចម្រុះនៅលើផ្ទៃដីប្រមាណ៥០០ហិកតា នៅឃុំទឹកវិល ស្រុកស្អាង។
លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញត្រូវការបន្លែប្រមាណ១០០០តោនក្នុង១ថ្ងៃ។
រដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ខែមេសា និងបានបន្តមួយសប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា។ កសិករដាំបន្លែនៅស្រុកស្អាងអះអាងថា ការបិទខ្ទប់នេះធ្វើឲ្យ បន្លែរបស់ពួកគាត់មិនមានអ្នកទិញ ហើយត្រូវបង្ខំចិត្តភ្ជួរចោល។
បើតាមក្រុមកសិករដែលផ្តល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានខេមបូចា បានអះអាងថា ពួកគាត់នៅឃុំទឹកវិលស្រុងស្អាងនេះជាង៩០ភាគរយដែលខ្ចីលុយពីបុគ្គលឯកជន និងធនាគារដើម្បីដាំដុះ។ ពួកគាត់ថា ដោយសារករណីមិនមានទីផ្សារលក់បន្លែនេះធ្វើឱ្យជីវភាពពួកគាត់កាន់តែលំបាកខ្លាំង មិនមានដើមទុនដាំបន្លែបន្ត និងក្លាយទៅជាអ្នកដែលជំពាក់បំណុលធ្ងន់ធ្ងររហូតមិនមានលទ្ធភាពសង។
តាមលិខិតបំភ្លឺមួយរបស់ក្រសួងកសិកម្មនៅថ្ងៃទី២១ខែមេសាឆ្នាំ២០២១បានបញ្ជាក់ថា កម្ពុជាត្រូវការបន្លែ១លានតោនក្នុង១ឆ្នាំ ហើយការដាំក្នុងប្រទេសផ្គត់ផ្គង់បាន៧៥ភាគរយ និង២៥ភាគរយទៀតនាំចូលពីបរទេស។ ក្រសួងបញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់ដើម្បីបង្ការមេរោគកូវីដនេះ ប៉ះពាល់ដល់ការលក់បន្លែរបស់កសិករនៅតំបន់ផ្សេងរួមទាំងនៅស្រុកស្អាង ខេត្តកណ្តាលផងដែរ៕