សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បន្ទាប់ពីខកខានពីរឆ្នាំ កម្ពុជាកំពុងរៀបចំពិធីចូលឆ្នាំឡើងវិញ

និស្សិតកំពុងលេងល្បែងប្រជាប្រិយអបអរឆ្នាំថ្មី ដែលនឹងត្រូវធ្វើឡើងជាផ្លូវការនៅពាក់កណ្ដាលខែមេសា។ រូបភាពថតកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
និស្សិតកំពុងលេងល្បែងប្រជាប្រិយអបអរឆ្នាំថ្មី ដែលនឹងត្រូវធ្វើឡើងជាផ្លូវការនៅពាក់កណ្ដាលខែមេសា។ រូបភាពថតកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ខណៈការ​អបអរ​ឆ្នាំ​ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​ ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​បង្ហាញ​ពី​ចេតនា​ចង់​រៀប​ចំពិធី​មួយ​នេះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខក​ខាន​អស់​រយៈពេល​ពីរ​ឆ្នាំ​ដោយសារតែ​ការ​រាត​ត្បាត​ជំងឺ​កូវីដ-១៩​។​

យ៉ាងណា ក៏​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​​បានប្រាប់ ខេមបូចា​ ​ថា​ពួកគេ​ក៏​មាន​កង្វល់​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ-១៩ អំឡុង​ពិធី​ចូល​ឆ្នាំ​នេះ​ផង​ដែរ​។ អ្នក​ខ្លះ​ថា​ពួកគេ​មិន​សូវ​ហាន​ចំណាយ​ច្រើន​ទេ ដោយសារតែ​ពេល​ផ្ទុះ​វិបត្តិ​កូវីដ-១៩ ពួកគេ​បាន​ប្រឈម​បញ្ហា​ថវិកា​ខ្លាំង​មក​ហើយ​។​

អ្នកស្រី ពៅ ភក្ដី​ អ្នក​រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ក្នុង​រាជធានី​ភ្នំពេញ​ ដែលកាលពី​ឆ្នាំ​២០២១ ​គឺ​ជា​តំបន់​ក្រហម និង​ត្រូវ​បិទខ្ទប់​ផង​នោះ​ លើក​ឡើង​ថា អ្នក​ស្រី​សប្បាយ​ចិត្ត​ដែល​រដ្ឋាភិបាល​សម្រេច​ចិត្ត​ឲ្យ​មាន​ការ​រៀប​ចំពិធី​បុណ្យ​ចូល​ឆ្នាំ​ឡើង​វិញ​​នៅ​ឆ្នាំនេះ​។​​

អ្នកស្រីឲ្យ​ដឹង​ថា៖ «​បើ​និយាយ​ពី​អារម្មណ៍ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ពីព្រោះ​ប្រ​ជា​ពល​រដ្ឋ​មាន​ភាព​ធុញ​ថប់​ជាង​ពីរ​ឆ្នាំ​មក​ហើយ​តាំង​ពី​មាន​វិបត្តិ​កូវីដ១៩ ពីព្រោះ​អ្នក​ទាំង​នោះ​គិត​ច្រើន មុខ​របរ​រក​ស៊ី​ក៏​ពិបាក​ ចំណូល​ក៏​តិច ហើយ​ការ​ចំណាយ​វិញ​ក៏​ខ្ពស់»។ ដោយអ្នកស្រីបន្ថែមថា៖ «​អ្នក​ខ្លះបាត់​បង់​ការងារ និង​អ្នក​ខ្លះទៀត​កាន់​តែ​ពិបាក​ខ្លាំង​ដោយសារជំពាក់​ធនាគារ​។ ពេល​គាត់[នាយក​រដ្ឋមន្ត្រី] ប្រកាស​បើក​ឡើង​វិញ ប្រ​ជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាន​ជួប​សាច់ញាតិ និងកាត់​បន្ថយ​ភាព​តាន​តឹង​ខ្លះ»។​

ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រីថា អ្នកស្រី​ក៏​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ដែរ​។ ជាមួយ​នឹង​តម្លៃ​ប្រេង​សាំង​កើន​ឡើង និង​តម្លៃ​ទំនិញ​ចាំ​បាច់​ផ្សេង​ទៀត អ្នកស្រី​ថា គ្រួសារ​អ្នកស្រី​ត្រូវ​គិត​គូរ​ឲ្យ​បាន​ហ្មត់​ចត់​លើ​ការ​ចំណាយ​ក្នុង​ដំណើរ​កម្សាន្ត ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​។​

អ្នកស្រី​ក៏​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ​។​

អ្នកស្រីបន្ថែម​ថា៖ «បញ្ហា​(កូវីដ១៩) គឺ​ពិបាក​ចៀស ប៉ុន្តែ​​ប្រ​ជា​ពល​រដ្ឋ​​ត្រូវ​តែ​ដឹងថា​​យើង​បាន​រស់​នៅ​ជាមួយ​កូវីដពីរ​ឆ្នាំ​មក​ហើយ។ យើង​ត្រូវ​តែការពារ​ខ្លួន​យើង»។ អ្នកស្រី ក៏​បាន​ជំរុញ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ផ្សេង​ទៀត​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ដូច​ជា​រក្សា​គម្លាត និង​ពាក់​ម៉ាស​ជា​ដើម​។​

ទោះបី​ជា​អ្នកស្រី និង​គ្រួសារមិន​មាន​ផែនការ​ធំដុំ​អ្វី​សម្រាប់​ពិធី​ចូល​ឆ្នាំ តែថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ទទួល​ទេពតា​​ឆ្នាំ​ថ្មី។

កម្មករកំពុង​រៀបចំតុបតែង​រូប​សំណាក​សត្វ​​ខ្លាធ្វើពីឫស្សី​នៅរមនីយដ្ឋាន​វត្តភ្នំ។ ខ្លា គឺជា​សត្វ​តំណាង​របស់​ឆ្នាំ​ថ្មី​នេះ។ រូប​ភាព​ថត​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រ​ជា​ពល​រដ្ឋ​ផ្សេង​ទៀត​ប្រាប់​ខេមបូចា ថា​ពួកគេ​មាន​អារម្មណ៍​រំភើប​សម្រាប់​ការ​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​។​

លោក ធូ វុន វ័យ​ ៥៥​ឆ្នាំ ធ្វើ​ការ​ជា​កម្មករ​សំណង់​ជាង​ប្រាំពីរ​ឆ្នាំ​មក​ហើយ​នោះ ឲ្យ​ដឹង​ដែរ​ថា លោកពេញ​ចិត្ត និង​ត្រេកអរ​ចំពោះ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយសារថា​លោក​មិន​បាន​ទៅ​លេង​ស្រុក​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយសារ​តែមាន​បញ្ហាកូវីដ-១៩​។​

លោកនិយាយ​ដោយ​សំដៅ​ដល់​ឆ្នាំ​មុន​​ថា៖ «ពួកគេ(រដ្ឋាភិបាល)មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ស្រុក​ទេ​នៅពេល​នោះ ដូច​នេះ​ខ្ញុំ​ត្រូវ​នៅ​ធ្វើ​ការ​ធម្មតា…ដោយសារ​ពួកយើង​មិន​បាន​ជួប​គ្នា​ជាង​ពីរ​ឆ្នាំ​មក​ហើយ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ដែល​បាន​ទៅ​ជួប​ជុំ​សាច់ញាតិ ហើយ​ខ្ញុំ​ក៏​អា​ច​ទៅ​វត្តយក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​បានដូច​​ធម្មតា»។​

ចំពោះបញ្ហា​ប្រាក់​ទៅ​លេង​ស្រុក លោកថា មិន​មែន​ជា​បញ្ហា​ប្រឈម​ខ្លាំង​របស់​លោក​ទេ។ លោក​ថា ក្នុង​ពេល​វិបត្តិ​កូវីដ-១៩ ជាង​ពីរ​ឆ្នាំ​មក​នេះ​លោក​នៅទទួល​បាន​ប្រាក់​ខែ​ជាប្រចាំ ដែល​ថា​អាច​ឲ្យ​លោក​ចាត់​ចែង​ទៅ​ស្រុក​ជួប​សាច់ញាតិ​បាន។ មិន​ខុស​ពី​អ្នកស្រី​ ភក្ដី​ ដែរ លោក វុន ក៏​បាន​ជំរុញ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ចេះការពារ​ខ្លួន បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។​

លោកបន្ថែមថា៖ «​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្នការពារ[ខ្លួនយើង] ហើយ​គួរ​ណែ​នាំ​កូន​ក្មួយ​ឲ្យ​ចេះ​ការពារ​ដែរ ដូច​ជាពាក់​ម៉ាស ក៏​ដូច​ជា​លាង​សម្អាត​ដៃ​ឲ្យ​បាន​ទៀង​ទាត់»។​

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ចោម​ចៅ​ថា ប្រ​ជាពល​រដ្ឋ​កម្ពុជា​នឹង​ប្រារព្ធពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ​ក្នុង​ឆ្នាំ​២០២២​ នេះ​។​

ក្រសួង​សុខាភិបាល​ក៏​បាន​រំឭក​ជា​ថ្មីពី​វិធានការ​សុខាភិបាល​​ពេល​ដែល​បើក​ប្រទេស​ឡើងវិញ​នេះ ដោយ​ត្រូវ​បន្ត​អនុវត្ត​វិធានការ «​បីកុំ និង​បីការពារ»។

វិធានការ​របស់​ក្រ​សួង​នេះ​ក៏​រួម​មាន​ទាំង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​រហ័ស​ពេល​សង្ស័យ​ថា​ឆ្លងកូវីដ-១៩ ពាក់​ម៉ាស លាង​សម្អាត​ដៃ និង​រក្សាគម្លាត​សុវត្ថិភាព​ជា​ដើម​។ ក្រ​សួង​សុខាភិបាល ក៏​បាន​ណែ​នាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ជ្រើស​រើស​មធ្យោបាយ​ធ្វើ​ដំណើរ​ណា​ដែល​មាន​សុវត្ថិ​ភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ​ឆ្លង​ជំងឺ​កូវីដ-១៩ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

ព្រះតេជគុណ ម៉ុក ពុទ្ធិកា ព្រះ​ចៅ​អធិការវត្ត​កំពង់គរ ក្នុង​ឃុំ​កំពង់គរ ខេត្ត​ក្រចេះ​ មាន​សង្ឃដីកាថា ព្រះ​អង្គ​មាន​ចិត្ត​រីក​រាយ​ដែល​បាន​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​។

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា៖ «អាត្មា​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​នាយក​រដ្ឋមន្ត្រី​បាន​បើក​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​រៀបចំបុណ្យ​ចូល​ឆ្នាំ​ថ្មី ពិសេស​សាច់ញាតិ​បាន​ជួប​ជុំ​គ្នា…ការ​សម្រេច​នេះ​បានធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​អាចប្រារព្ធពិធីតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង»។​

ព្រះ​អង្គ​ប្រាប់​ខេមបូចាថា នៅ​វត្ត​របស់​ព្រះ​អង្គ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​បាន​រៀបចំតុប​តែង​វត្ត​សម្រាប់​ទទួល​ឆ្នាំ​ថ្មី​តាំងពី​២០​ថ្ងៃមុន​ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់។ ព្រះ​អង្គ​ក៏​បាន​កត់​សម្គាល់​ដែរថា ប្រជា​ពល​រដ្ឋ​សប្បាយ​រីករាយ​ពេល​ឃើញ​ព្រះ​សង្ឃ​រៀបចំ​តុបតែង​វត្ត​សម្រាប់​បុណ្យ​ប្រពៃណីជាតិ និង​បាន​ចួល​រួម​បច្ច័យ និង​អ្នក​ខ្លះ​ស្ម័គ្រ​ចិត្ត​ជួយ​ផង​ដែរ។​

និស្សិត​កំពុង​រាំងលេង​កម្សាន្ត​ក្នុង​សាកលវិទ្យាល័យ​របស់​ខ្លួន ដើម្បី​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរនៅ​សប្ដាហ៍​នេះ។ រូបភាព​ថតថ្ងៃទី៨ ខែមេសា ឆ្នាំ​២០២២។ ខេមបូចា/ព្រីង សំរាំង

អ្នកនាំពាក្យ​ក្រ​សួងទេសចរណ៍ លោក តុប សុភ័ក មាន​ប្រសាសន៍​ថា ក្រ​សួង​បាន​ប៉ាន់ស្មាន​ថា​នឹង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅ​នានា​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំនេះ។

លោកប្រាប់​ខេមបូចាថា ជាទូទៅក្នុង​ខេត្ត​នីមួយៗ​គឺ​បាន​ត្រៀម​រួចរាល់ក្នុង​ការ​ទទួល និង​រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ថ្វីបើ​មិន​មាន​រៀបចំអង្គរសង្ក្រាន្ត​នៅខេត្តសៀមរាបក្ដី លោក​ថា ក៏នៅ​មាន​​ការ​រៀបចំ​ការលេង​ល្បែង​ប្រជា​ប្រិយ និងការ​រាំ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ដែរ​។​

លោកបន្ថែម​ថា៖ «​ទោះបីស្ថិតនៅក្នុងស្ថានភាព​កូវីដ១៩ នៅ​ក្នុង​ប្រទេស រាជរដ្ឋាភិបាលបានគ្រប់គ្រងស្ថានភាពល្អប្រសើរ។ ដូច្នេះ ភ្ញៀវទេសចរទាំងអស់ អាចចេញដើរលេងបានគ្រប់គោលដៅទេសចរណ៍ទាំងអស់ប្រកបដោយសុវត្ថិភាព…​អ្វី​ដែល​សំខាន់​ គឺ​មិន​ត្រូវភ្លេច​អនុវត្ត​វិធានការ​សុខាភិបាល»។​

លោកបញ្ជាក់​ដែរថា៖ «ក្រៅពី​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​សុវត្ថិភាព​ទេសចរណ៍ យើង​ក៏​ផ្ដោត​សំខាន់​ក្នុង​ការ​រក្សា​ចំនួន​មនុស្ស​មិន​ឲ្យ​ច្រើនពេក​ដែរ»។​

លោកឲ្យ​ដឹងថា ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​ទេស​ចរណ៍​ឲ្យ​យក​ចិត្ត​ចំពោះ​ការ​ណែ​នាំ​នេះ​។

នៅថ្ងៃពុធ ​ក្រ​សួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ថ្មី​ចំនួន​ ១៨​ករណី បញ្ជាក់​ដោយ​ម៉ាស៊ីន CPR ហើយ​ក៏មាន​អ្នក​ជាសះស្បើយ​ចំនួន​២៣​នាក់ និង​មិន​មាន​អ្នក​ស្លាប់​នោះទេ​។ គិត​មក​ដល់​ថ្ងៃពុធ​នេះ កម្ពុជា​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ចំនួន ១៣៥ ៩៩៨​ករណី អ្នក​ស្លាប់​មាន​ ៣ ០៥៥​នាក់ និង​អ្នក​ជាសះស្បើយពី​កូវីដ-១៩ មានចំនួន​ ១៣២ ៦៨៩​នាក់។​

ព្រះតេជគុណព្រះគុណ ពុទ្ធិកា មាន​សង្ឃដីកា​ដែរ​ថា ព្រះ​អង្គ​បាន​រៀបចំ​ឲ្យ​ព្រះសង្ឃ​​រៀបចំវិធានការពារ​ការ​ឆ្លង​កូវីដ-១៩ នេះដែរ ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​។​

ព្រះអង្គមាន​សង្ឃដីកា​បន្ថែមថា៖ «អាត្មាបាន​រៀបចំក្រុម​ព្រះសង្ឃ​ឲ្យ​ចាំ​បាញ់​អាល់កុល និង​មាន​ម៉ាស​ នៅ​ចាំ​ត្រង់​ខ្លោង​ទ្វារ ដើម្បីចែក​ម៉ាស បើ​សិនជា​ពុទ្ធបរិស័ទ​មិន​មាន​ម៉ាស​ពេល​ចូល​មក​លេង​ក្នុង​វត្ត»។ ព្រះអង្គ​បន្ត​ថា ក្រុម​ព្រះសង្ឃក៏​នឹង​រៀបចំ​ផ្សព្វ​ផ្សាយ​ពី​ការ​យល់​ដឹង​ជំងឺ​កូវីដ-១៩ ក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ​។​

ព្រះអង្គមាន​សង្ឃដីកា​ទៀត​ថា យុវជន​គួរតែ​ចៀស​វាង​លេង​ល្បែង​ដែល​ហាមឃាត់ នាំ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ និងថា​ព្រះ​អង្គ​បាន​រៀបចំល្បែង​ប្រជា​ប្រិយ​ខ្មែរ​សម្រាប់​ប្រ​ជាពល​រដ្ឋ​ផង​ដែរ​។​

ព្រះអង្គឲ្យ​ដឹង​ថា៖ «ល្បែង​ប្រជា​ប្រិយ​ដែល​យើង​គ្រោងនឹងរៀបចំលេង ​គឺមាន​លោត​បាវ​ ​ វាយ​ក្អម ផ្លុំ​ម្សៅ បូមទឹកដាក់ដប និង​ទាញព្រ័ត្រ»។

និស្សិត​កំពុង​លេង​ល្បែង​ប្រជា​ប្រិយអបអរ​ឆ្នាំ​ថ្មី ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ខែ​មេសា​។ រូបភាព​ថត​កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After two years without, Cambodians prepare Khmer New Year celebrations

371 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម