សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋមន្ត្រីកសិកម្មបានផ្អាកការងារប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន ដោយសារពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានចេញលិខិតផ្អាក​ការងារ លោក អ៊ី ម៉េងលាង ជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង បណ្តោះអាសន្ន បន្ទាប់ពីរក​ឃើញភស្តុតាងមួយចំនួនថាមានភាពមិនប្រក្រតីនៃការអនុវត្តការងារ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងលិខិតនោះបានសរសេរថា៖ «ត្រូវបានផ្អាកតួនាទី និងភារកិច្ចជាបណ្តោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចំពោះភាពមិន​ប្រក្រតី​នៃការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ»

ក្នុងលិខិតបន្ថែមថា លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ត្រូវបានចាត់តាំងជាប្រធាន​ទទួល​បន្ទុករួម​នៃមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

ក្នុងលិខិតដដែលបញ្ជាក់ថា៖ «អគ្គលេខាធិការ អគ្គាធិការ ប្រធាននាយកដ្ឋានបុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធានគ្រប់គ្រងអង្គភាព​ក្រោម​ឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្ត សេចក្តី​សម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់តាំងពីថ្ងៃចុះហត្ថលេខាតទៅ»

លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានប្រាប់ ខេមបូចា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ថា មូលហេតុដែលក្រសួងសម្រេចផ្អាកការងារលោក អ៊ី ម៉េងលាង ជាបណ្តោះអាសន្ន ព្រោះ​ក្រសួងបានប្រមូលភស្តុតាង និងរកឃើញតម្រុយមួយចំនួនដែលមើលឃើញថាមានភាពមិន​ប្រក្រតីពាក់ព័ន្ធនឹងការអនុវត្តការងាររបស់លោក ម៉េងលាង។

លោកស្រី រចនា បន្ថែមថា ភស្តុតាងដែលប្រមូលបាន គឺកំពុងស្ថិតក្នុងដៃក្រុម​អធិការកិច្ច​នៃ​ក្រសួង ហើយក្រសួងក៏កំពុងបន្តធ្វើការស៊ើបអង្កេតលើរឿងនេះដែរ ដូច្នេះលោកស្រីមិនទាន់​អាចបញ្ជាក់ប្រាប់ពីភស្តុតាងទាំងនោះបានទេ។ លោកស្រីបានបន្ថែមថា សាមីខ្លួនដែល​ពាក់​ព័ន្ធក្នុងរឿងនេះបានសារភាពថាពិតជាបានប្រព្រឹត្តដូចការលើកឡើង ឬព័ត៌មានដែលបាន​ផ្សព្វផ្សាយលើ​បណ្តាញសង្គម បន្ទាប់ពីការសួរចម្លើយរបស់ក្រសួង។

លោកស្រីបន្តថា ទន្ទឹមនឹងការផ្អាកការងារ ក្រសួងក៏បានរៀបចំបង្កើតឱ្យមានក្រុមប្រឹក្សា​មួយ​ដើម្បីពិនិត្យ និងវាយតម្លៃលើករណីមិនប្រក្រតីរបស់លោកប្រធានមន្ទីរកសិកម្មខេត្តកោះកុង។

លោកស្រីបានបន្តថា៖ «បើសិនជារកឃើញថាមានភាពមិនប្រក្រតី ឬមួយក៏បានប្រព្រឹត្ត​កំហុស​ដូចដែលតម្រុយយើងមាន ហើយនឹងភស្តុតាងដែលប្រមូលបានពិតមែននោះ ក្រុម​ប្រឹក្សានឹងដាក់វិន័យទៅតាមលក្ខន្តិកៈរបស់មន្រ្តីរាជការ​ ហើយទៅតាមកម្រិត​នៃទោស​កំហុស​ដែលបានប្រព្រឹត្ត»។ លោកស្រីបន្តថា៖ «យើងសូមធានាថាការដាក់វិន័យ ឬមួយក៏ដាក់ទោស​ទៅលើមន្រ្តីដែលប្រព្រឹត្តកំហុសគឺធ្វើឡើងឱ្យសាកសមទៅលើកំហុសដែលលោកបានប្រព្រឹត្ត ធ្ងន់ដាក់ធ្ងន់ ស្រាលដាក់ស្រាល»

លោកស្រី អ៊ឹម រចនា បានបន្ថែមទៀតថា ករណីដែលលោក អ៊ី ម៉េងលាង បានប្រព្រឹត្ត គឺមាន​ផល​ប៉ះពាល់ខ្លាំងដែលមិនអាចទទួលយកបានព្រោះលោក ម៉េងលាង បានយកតួនាទីទៅ​បម្រើ​ផល​ប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រសួងកសិកម្ម និងកិត្តិយស​របស់មន្រ្តីរាជការដែលសុចរិត​ ជាពិសេសគឺមានផលប៉ះពាល់ដល់ធនធានធម្មជាតិទៀតផង។

បន្ទាប់ពីមានការតវ៉ាច្រើនរបស់ប្រជានេសាទលោក អ៊ី ម៉េងលាង បានចេញលិខិត​បង្គាប់​​​ឱ្យ​លោក ព្រំ សុវណ្ណា ទៅបំពេញការងារនៅរដ្ឋបាលខណ្ឌជលផលកោះកុង​ជា​បណ្តោះ​អាសន្ន និងប្រគល់ភារកិច្ចឱ្យលោក ប៉ រ៉ានី នាយរងផ្នែករដ្ឋបាលជលផល បន្តការជំនួសជា​បណ្តោះ​អាសន្ន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ការសម្រេចនេះមុនពេល​រដ្ឋមន្ត្រី​កសិកម្ម សម្រេច​ផ្អាកការងារ លោក អ៊ី ម៉េងលាង ក្នុងថ្ងៃតែមួយ។

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងនាយផ្នែករដ្ឋបាលជលផល​បូទុមសាគរ​​មួយរូបទៀត គឺលោក ព្រំ សុវណ្ណា ត្រូវបានប្រជាពលរដ្ឋ​ក្នុងឃុំថ្មស​និង​សារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយលើបណ្តាញសង្គមថាបានចាប់ឡានដឹកខ្យងស និងទូកនេសាទខ្យងស ដើម្បីផាកពិន័យប្រាក់ ប៉ុន្តែមិនបានសរសេរវិក្ត័យបត្រ​ផាកពិន័យ​ដែល​បញ្ជាក់ថាបង់ពន្ធជូនរដ្ឋទេ។  

យោងតាមសារព័ត៌មានក្នុងស្រុកមួយបានផ្សព្វផ្សាយថា នាយផ្នែកជលផលលោក ព្រំ សុវណ្ណា បានហៅទូរសព្ទទៅថៅកែខ្យងសដោយប្រាប់ថា លោកប្រធានមន្ទីរកសិកម្ម​ខេត្ត​កោះកុង បានសុំប្រាក់ចំនួន១២លានរៀល ដើម្បីជាថ្នូរឱ្យអូសខ្យងសក្នុងសមុទ្រ ហើយថៅកែ​ខ្យងស ក៏បានវេរប្រាក់ទៅលោក ព្រំ សុវណ្ណា តាមរយៈធនាគារ ABA។

សារព័ត៌មានក្នុងស្រុកបន្ថែមថា មិនទាន់បានប៉ុន្មានថ្ងៃផង លោក ព្រំ សុវណ្ណា បានចាប់ឡាន​ដឹកខ្យងស​ម្តងទៀត និងបានលើកហេតុផលថាថៅកែខ្យងសមិនបានប្រាប់លោកមុន ហើយ​ថាមានថ្នាក់លើចុះមក។ សារព័ត៌មានដដែលបន្តថា ក្រៅពីការទារប្រាក់បទល្មើសខ្យងស មាន​បទល្មើសនេសាទជាច្រើនកន្លែងទៀត ទើបធ្វើឱ្យប្រជានេសាទ​នាំគ្នាតវ៉ាដើម្បីប្តឹង​ទៅ​លោក​ស្រី​​អភិបាល​ខេត្តកោះកុង ឱ្យដោះស្រាយលើករណីនេះ។

លោក ឃន ទាំង រស់នៅនៅឃុំថ្មស ស្រុកបូទុមសាគរ ជាប្រជានេសាទម្នាក់​ក្នុង​ចំណោម​ប្រជានេសាទ ជាង២០០នាក់ដែលបាននាំគ្នាទៅសាលាឃុំថ្មស បានប្រាប់ ខេមបូចា ថា សព្វ​ថ្ងៃ​​នេះលោក និងប្រជានេសាទដទៃទៀតមានការលំបាកខ្លាំងចំពោះការនេសាទ​តាម​សមុទ្រ ដោយការនេសាទមិនសូវបានច្រើនដូចមុន ហើយពួកគាត់មិនអាចដាក់មង​ដើម្បី​នេសាទ​បាន​ទេ ព្រោះមានទូកនេសាទធំៗជាច្រើនក៏ចូលនេសាទដែរ។ លោកថា ទូកធំទាំង​នោះបាន​បំផ្លិច​បំផ្លាញធនធានក្នុងសមុទ្រ និងធ្វើឱ្យប៉ះពាល់ដល់សម្ភារៈនិង​ឧបករណ៍​នេសាទ​របស់​ពួក​គាត់។

លោក ទាំង បញ្ជាក់ថា៖ «ប្រជាពលរដ្ឋរកស៊ីអត់បានទេ ដាក់ម៉ង ដាក់លប គេ(ទូកនេសាទធំ)​អូសកាច់ចោល…។ ហើយមកបំផ្លិចបំផ្លាញប្រជាពលរដ្ឋមិនអាចរកស៊ីបានទេ»

លោក ឃន ទាំង បានស្នើសុំដល់មន្ទីរកសិកម្មខេត្តកោះកុង ឬមន្រ្តីដែលពាក់ព័ន្ធ ឱ្យជួយ​ចុះ​បង្រ្កាបទូកធំៗដែលកំពុងនេសាទលើផ្ទៃសមុទ្រក្នុងខេត្តកោះកុង ដើម្បីឱ្យប្រជានេសាទ​ពួក​គាត់​អាចប្រកបរបរនេះបន្តទៀត និងអាចរកចំណូលបានច្រើនពីមុខរបរនេះដូចកាលពីមុន។

ចំពោះបញ្ហានេះ ខេមបូចា មិនអាចសុំការបញ្ជាក់បន្ថែមពីលោក អិក កួន ជាមេឃុំថ្មសបានទេ ដោយទូរសព្ទទៅមានអ្នកទទួលប៉ុន្តែមិនឮអ្នកនិយាយ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ថា បច្ចុប្បន្នលោកស្រី​បាន​ឱ្យ​មន្រ្តីជំនាញចុះទៅស្រាវជ្រាវការនេសាទខុសច្បាប់ ប៉ុន្តែអ្នកស្រីមិនទាន់ទទួលបាន​ព័ត៌មាន​ពីមន្រ្តីជំនាញវិញទេ។ លោកស្រីបន្តថា ដោយពេលថ្មីៗមានព្យុះនៅសមុទ្រដែលធ្វើឱ្យ​ទូក​ផ្អាក​ការនេសាទហើយចូលច្រាំងដែលធ្វើឱ្យមន្រ្តីជំនាញពិបាកក្នុងការចុះបង្រ្កាប។

លោកស្រី ភូថង ថ្លែងថា៖«ឥឡូវគេ(ទូកអ្នកនេសាទ)ចូលច្រាំងអស់ហើយមិនដឹងថាបង្រ្កាប​ម៉េច តែឱ្យអ្នកជំនាញគេបង្ការហើយ»

ចំពោះការផ្អាកតួនាទីរបស់លោក ម៉េងលាង លោកស្រី មិថុនា ភូថង ថ្លែងថានេះ គឺជាតួនាទី​របស់​រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលរដ្ឋមន្រ្តីមានសិទ្ធិផ្អាកនិងរៀបចំមន្រ្តីថ្មី។​

ចំណែកករណីរបស់លោក ព្រំ សុវណ្ណា នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ដែល​ប្រជាពលរដ្ឋចោទថាបានបើកដៃឱ្យអ្នកមានមួយចំនួនបោះបង្គោលយកដែននេសាទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន លោកស្រីបានឆ្លើយថា មិនដឹងពីព័ត៌មាននេះទេ។ លោកស្រីបន្ថែមថា៖ «ខ្ញុំអត់ដឹងព័ត៌មានគាត់ម៉េចដែរ»

ពាក់ព័ន្ធលើករណីនេះលោក ង៉ែត ស៊ីណាប់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ខេត្តកោះកុងថ្លែងថា ក្នុងនាមជាមន្រ្តីរាជការ និងជាមន្រ្តីជលផល ដែលទទួលប្រាក់ខែ​ពីរដ្ឋ គឺ​មានតួនាទីបម្រើរាស្រ្ត និងគោរពច្បាប់ទៅតាមលក្ខន្តិកៈនៃក្របខ័ណ្ឌក្រសួង មិនមែនដើម្បីម​ប្រើ​ផលប្រយោជន៍ផ្ទាល់ខ្លួនទេ។

លោកថ្លែងថា៖ «ក្នុងនាមជាមន្រ្តីជលផល ករណីនេះវាជាករណីមួយដែលខុសនឹងច្បាប់  ដែល​អត្តនោម័តិខ្លួនឯង ដើម្បីទាញយកផលប្រយោជន៍អ្វីយើងមិនអាចដឹងទេ គ្រាន់តែថា​រឿង​ហ្នឹងបើធ្វើចឹងមិនមែនផលប្រយោជន៍ផ្សេងទេ»។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ប្រជានេសាទប្រមាណ២០០គ្រួសារ​ស្ថិតនៅក្នុង​ភូមិថ្មស បាននាំគ្នាទៅសាលាខេត្តកោះកុងដើម្បីស្នើទៅលោកស្រី អភិបាលខេត្ត ឱ្យជួយ​ត្រួតពិនិត្យនិងដោះស្រាយពីបាតុភាពមិនល្អមួយចំនួនទាក់ទងនឹងវិវាទដែនសហគមន៍​នេសាទ​នៅតំបន់ឆ្នេរស្ថិតនៅឃុំថ្មស នេះបើយោងទៅតាមសារព័ត៌មានក្នុងស្រុក ដែលបាន​ផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ក្នុងវីដេអូជាង៨នាទីក្នុងបណ្តាញសង្គមថា ប្រជានេសាទមកពីភូមិស្រែថ្មី  និងភូមិស្រែត្រាវ ឃុំថ្មស បាននាំ​គ្នា​ដាក់ញត្តិ​សុំប្តឹងដកមន្ត្រីជលផល ឈ្មោះ ព្រំ សុវណ្ណា ដែលជានាយផ្នែក​រដ្ឋបាលជលផលបូទុមសាគរ ដែលប្រជានេសាទចោទថាលោកបានបើកដៃ​ឱ្យអ្នកមាន​មួយ​ចំនួន​បោះបង្គោល​យក​ដែននេសាទធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យដែន​សហគមន៍​នេសាទ​​មានការរួមតូច និង​ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់​នៅ​តំបន់​ឆ្នេរ​ឃុំថ្មស។

គួរបញ្ជាក់ថា ការផ្អាកការងារជាបណ្តោះអាសន្នរបស់លោក អ៊ី ម៉េងលាង ធ្វើឡើង​ក្រោយពី​មាន​ការ​ផ្សព្វផ្សាយពីសារព័ត៌មានមួយចំនួនថាលោក បានផាកពិន័យយកប្រាក់ពីឡានដឹក​ខ្យងស និងទូកនេសាទខ្យងស ប៉ុន្តែមិនបានសរសេរវិក្ត័យបត្រ​ផាកពិន័យ​ដែលបញ្ជាក់ថា​បង់​ពន្ធជូនរដ្ឋទេ។ បន្ទាប់ពីមានករណីនេះកើតឡើងក្រសួងកសិកម្មបានរកឃើញភស្តុតាង និង​តម្រុយ​ខ្លះៗទាក់ទងនឹងភាពអសកម្មនៃការអនុវត្តការងារ ទើបលោក ឌិត ទីណា សម្រេច​ចេញ​លិខិតផ្អាកការងារជាបណ្តោះអាសន្ន ហើយក្រសួងក៏កំពុងបន្តស៊ើបអង្កេតលើករណី​នេះ​ដែរ៕

277 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម