សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងរបស់មន្ត្រីអាដហុក៥រូប ជុំវិញសំណុំរឿងសូកប៉ាន់

លោក ណៃ វង់ដា អតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកមកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការលើបណ្តឹងឧទ្ធរណ៍ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង
លោក ណៃ វង់ដា អតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកមកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការលើបណ្តឹងឧទ្ធរណ៍ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​បើក​សវនាការ​លើ​សំណុំរឿង «អាដហុក៥» របស់បុគ្គលិកនិងអតីតបុគ្គលិករបស់អង្គការសិទ្ធិមនុស្សនេះ ​ដែល​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បាន​តុលាការ​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​សូកប៉ាន់​ស្រី​កំណាន់​របស់លោក កឹម សុខា​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​។

តុលាការបានផ្តន្ទាទោសអ្នកទាំង៥ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែត្រូវបានដោះលែងវិញ ដោយតុលាការតម្រូវឲ្យអនុវត្តទោសត្រឹមរយៈពេល១៤ខែ ជាពេលវេលាដែលពួកគាត់ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នរួចហើយ ចំណែកទោសនៅសល់ព្យួរធម្មតា។ ការ​ចោទ​ប្រកាន់និង​ការ​ផ្ដន្ទាទោស​នេះ ត្រូវ​បាន​គេ​ជឿ​ជាទូទៅ​ថា​ ជារឿងនយោបាយ។

លោក ណៃ វង់ដា ជាទីប្រឹក្សាសិទ្ធិមនុស្សរួមជាមួយលោក នី សុខា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ដែលនៅបម្រើការងារជាមន្ត្រីជាន់ខ្ពស់សមាគមអាដហុមានវត្តមាននៅតុលាការ ចំណែកលោក នី ចរិយា ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​អវត្តមាន​ដោយសាររវល់​ការងារ​របស់​លោក​នៅ គ.ជ.ប.។

នៅក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍លោក សំ សុគង់ មេធាវីការពារក្តីរបស់លោក ចរិយា បានស្នើឲ្យចៅក្រមពន្យារពេលសវនាការដោយកត់សម្គាល់ថា សាក្សីសំខាន់ពីររូប ដែលបានចោទប្រកាន់អ្នកទាំង៥ពីរដំបូងនោះ មិនដែលបានផ្តល់សក្ខីកម្មនៅតុលាការជាន់ទាបទេហើយមិនត្រូវបានកោះហៅឲ្យចូលខ្លួនមកសាលាឧទ្ធរណ៍ដែរ។ អ្នកចោទប្រកាន់ទាំងពីរនាក់នេះគឺនាង ខុម ចាន់តារាទី ដែលតាមចោទថា ជា​ស្រី​កំណាន់ និង​លោកស្រី ទ្រី ឈួន អតីត​មេធាវី​សមាគមអាដហុក។

លោក​ សំ សុគង់ បាន​មាន​ប្រសាសន៍​ថា៖ «អវត្តមាន​របស់អ្នកទាំងពីរ [មាន​ន័យ​ថា​យើង] នឹង​មិនអាចស្វែង​រក​យុត្តិធម៌បានទេ ហើយ​ការ​ជំនុំ​ជម្រះ​នេះ​នឹង​គ្មានអ្វីប្រែប្រួលដែរ​ក្នុង​ករណី​នេះ​ ព្រោះ​ពួក​គេ​ជា​សាក្សី​សំខាន់»។  លោក ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះបាន​បដិសេធ​សំណើ​សុំ​ពន្យារ​ពេល​សវនាការ។

មន្ត្រីអាដហុកទាំងប្រាំរូបត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៦ ជុំវិញការចោទប្រកាន់ថា ពួកគេបានសូកប៉ាន់នាង ចាន់តារាទី ឲ្យនិយាយកុហកអំពីទំនាក់ទំនងស្នេហាដែលនាងកំពុងតែមានជាមួយលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង។

នាង ចាន់តារាទី ជាបុគ្គលិកហាងកែសម្ផស្សបានស្វែងរកជំនួយពីសមាគមអាដហុក ដោយសារនាងប្រឈមមុខនឹងមតិបែបបរិហាកេរ្តិ៍ និងការចោទប្រកាន់ផ្សេងៗ។ បន្ទាប់ពីសមាគមអាដហុកបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារដល់នាង ដើម្បីរ៉ាប់រងថ្លៃម្ហូបអាហារនិងថ្លៃធ្វើដំណើរ ដើម្បីចូលរួមការសាកសួររបស់មន្ត្រីតុលាការមក អង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ថវិកានោះគឺស្មើនឹងការសូកប៉ាន់។ សក្ខីកម្ម​របស់​នាង​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ចោទ​លោក កឹម សុខា ពីបទទិញពេស្យាចារ។

មន្ត្រីសមាគមអាដហុកទាំង៥រូប ត្រូវបានដោះលែងនៅក្រៅឃុំនិងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅក្នុងខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជាងមួយឆ្នាំ។

 ប្រធានសមាគមអាដហុក លោក នី សុខា (កណ្ដាល) និងលោក យី សុខសាន្ត (ខាងមុខ) មកដល់សាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

អំឡុងពេលសវនាការរយៈពេលបីម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមបានសាកសួរជនជាប់ចោទជុំវិញប្រាក់ចំនួន២០៤ដុល្លារដែលពួកគេបានផ្តល់ឲ្យនាង ចាន់តារាទី និងការអះអាងដែលថា ពួកគេបានសន្យាថា នឹងបញ្ជូននាងទៅក្រៅប្រទេស។

លោក នី សុខា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​អាដហុកបាន​ប្រាប់​តុលាការ​ថា ប្រសិនបើ​តុលាការមិនអាចកោះហៅ​នាង ចាន់តារាទី ​ជាម៼នុស្សដំបូងដែលចោទ​ប្រកាន់​អ្នក​ទាំង៥ទេ មិន​អាច​មាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​បាន​ឡើយ។

លោក​បានមានប្រសាសន៍ថា៖ «ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​តុលាការ​បាន​បដិសេធ​មិន​កោះ​ហៅ​សាក្សី​មក​សាកសួរ​ក្នុង​ពេល​សវនាការ»។

លោកបានបន្ថែមថា៖ «យើង​ចង់​ឲ្យ​ពួក​គាត់មកឆ្លើយ​ក្នុង​ពេល​សវនាការ» ។

កាលពី​ឆ្នាំ​២០១៦ ការ​សន្ទនាតាមទូរសព្ទ​ដែលគេលួច​ថត​​បាន​បែក​ធ្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​គេអះអាង​ថា ជា​ការសន្ទនារវាងលោក កឹម សុខា និងនាង ចាន់តារាទី ។ ដំបូងឡើយនាង ចាន់តារាទី ហៅស្រីមុំ បានបដិសេធថា មិនមែនជារូបនាងទេនៅក្នុងការសន្ទនាតាមទូរសព្ទនោះ ប៉ុន្តែនាងបានផ្លាស់ប្តូរចម្លើយ បន្ទាប់ពីត្រូវបានកោះហៅមកសាកសួរ ហើយនិយាយថា នាងគឺជាស្រីកំណាន់របស់លោក កឹម សុខា ជាការចោទប្រកាន់ដែលលោក កឹម សុខា បានបដិសេធ។

ក្រោយមកទៀត នាង​បាន​ដាក់​ពាក្យ​បណ្តឹងទាមទារ​ឲ្យ​លោក សុខា សងជំងឺចិត្ត​ចំនួន​៣០​ម៉ឺន​ដុល្លារ ដោយសារមិនគោរពពាក្យសន្យាថា ​នឹងទិញ​ផ្ទះ​ឲ្យ​នាងនិងផ្តល់​ប្រាក់ឲ្យ​នាង។

ដោយឡែក ​នៅពេលនេះលោក កឹម សុខា កំពុង​បន្ត​សវនាការដែលបោះជំហាន​យឺតៗ​លើ​បទ​ចោទ​ក្បត់ជាតិ​តាំងពី​ឆ្នាំ​២០១៧​មក​។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយមហាអំណាចបរទេសដែលតាមចោទថា ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។

លោក ង៉ែត សារ៉ាត់ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បានស្នើសុំក្រុមប្រឹក្សាឃុំខ្លួនមន្ត្រីអាដហុកទាំង៥រូបក្នុងពន្ធនាគារ ដោយកត់សម្គាល់ថា ពួកគេគ្មានភស្តុតាង ដែលផ្ទុយនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាបនោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​ពិចារណា​ដាក់​ទោស​បន្ថែម​ទៀត ដោយ​​ប្តូរ​ទោសដែលបាន​ព្យួរ​ទៅជា​ទោសជាប់​ពន្ធនាគារវិញ»។

លោក ឡោ ជុនធី មេធាវីការពារជនជាប់ចោទទាំងបួនរូបបានជំរុញឲ្យតុលាការប្រកាសមោឃភាពសាលក្រមរបស់តុលាការជាន់ទាប ព្រោះគ្មានភស្តុតាងដាក់បន្ទុកនិងគ្មានសាក្សីនៅក្នុងអំពើសូកប៉ាន់ណាមួយនោះទេ។

លោកមានប្រសាសន៍ថា៖ «ពួកគាត់​សូក​អ្នក​ណា? ពីព្រោះ ខុមចាន់តារាទី អត់មានឋានៈជាសាក្សីទេ» លោកបានបន្ថែមថា ចាន់តារាទី មកការិយាល័យអាដហុកស្វែងរកជំនួយក្នុងនាមជាជនរងគ្រោះ។

លោក ជុនធី បានមានប្រសាសន៍ថា ការចោទប្រកាន់របស់នាង ចាន់តារាទី មកលើមន្ត្រីសមាគមអាដហុក គឺកើតឡើងនៅពេលដែលនាងខ្លួនឯងរងការចោទប្រកាន់ថា ជាផ្នែកនៃបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយ ធី សុវណ្ណថា ជាអ្នកល្បីនៅលើបណ្តាញសង្គម។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «កូន​ក្តី​របស់​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​សូក​ប៉ាន់​ទេ ហើយ​ចៅក្រម​គួរ​តែ​បដិសេធ​សាលក្រម​របស់​តុលាការ​ជាន់ទាបនិងសម្រេចឲ្យរួចពីការចោទប្រកាន់»។

លោក ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​បាន​មានប្រសាសន៍​ថា​ សាលដីកា​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៣ ខែ​ឧសភា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Appeal trial held for ‘Adhoc 5’ over bribery case

1,120 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម