អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រេចព្យួរតំណែងអនុប្រធានអង្គភាពរបស់ខ្លួន និងមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំគឺលោក ស៊ាន បូរ៉ាត់ បន្ទាប់ពីមានការស៊ើបអង្កេតរកឃើញថា លោក និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារជាមួយអគ្គនាយកក្រុមហ៊ុន Brilliant City លោកស្រី ឡេង ចាន់ណា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសនៅថ្ងៃអង្គារនេះថា លោក បូរ៉ាត់ ត្រូវបានព្យួរពីតំណែងហើយតម្រូវឱ្យរាយការណ៍សកម្មភាពទៅអង្គភាពជាប្រចាំ។
កាលពីខែធ្នូ ឆ្នាំ២០២៤ តុលាការខេត្តសៀមរាបបានសាកសួរលោក បូរ៉ាត់ និងលោក ថាវី ក្នុងនាមសាក្សីក្នុងគម្រោងឆបោកដីធ្លីក្នុងទំហំទឹកប្រាក់ ២០០ លានដុល្លារ ដែលធ្វើឱ្យពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្តសៀមរាប និងខេត្តដទៃទៀតបានបាត់បង់ប្រាក់បន្ទាប់ពីវិនិយោគលើគម្រោងអចលនទ្រព្យ Brilliant City នេះ។ បន្ទាប់មកលោក បូរ៉ាត់ និងលោក ថាវី ត្រូវបានប្រកាសជាជនសង្ស័យក្នុងសំណុំរឿងនេះ។
ដោយឡែក តុលាការបានបញ្ជូនសំណុំរឿងចំនួន ៣២ ដែលពាក់ព័ន្ធនឹងឧកញ៉ា ឡេង ចាន់ណា និងសហការី ក្រុមហ៊ុនBrilliant City ទៅ ACU បន្ទាប់ពីធ្វើការលើសំណុំរឿងនេះអស់រយៈពេលជិត ២ ឆ្នាំ។
ឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីប្រជាពលរដ្ឋនៃខេត្តសៀមរាបរាប់ពាន់គ្រួសារ រួមទាំងពលករខ្មែរជាង ១០០ នាក់នៅក្នុងប្រទេសកូរ៉េ បានបាត់បង់ប្រាក់យ៉ាងច្រើននៅក្នុងគម្រោងឆបោក «គម្រោងភាគលាភខ្ពស់» ក្នុងរយៈពេលពីរឆ្នាំ។
លោក បូរ៉ាត់ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ខណៈលោក ថាវី បដិសេធមិនឆ្លើយសំណួរពេលអ្នកសារព័ត៌មានខេមបូចាទាក់ទងតាមទូរសព្ទ។
អ្នកដាក់លុយវិនិយោគម្នាក់គឺលោក ឃុន ចាន់សាវុធ រស់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បាននិយាយថា គាត់បានយកកម្ចីធនាគារជិត២ម៉ឺនដុល្លារ ទៅវិនិយោគជាមួយ ក្រុមហ៊ុន Brilliant City។ ដោយមិនមានផលចំណេញពីការវិនិយោគ ជាងឈើរូបនេះបានជួបការលំបាកក្នុងការបង់ការប្រាក់ជាងមួយលានរៀល (២៥០ ដុល្លារ) ក្នុងមួយខែ ដោយរកបានតែប្រាក់ចំណូលប្រចាំថ្ងៃដែលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោកសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយករណីឆបោកនេះ ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះ ដូច្នេះពួកគេអាចទទួលបានសំណងខ្លះដើម្បីបង់សងធនាគារ និងជំរុញឱ្យធនាគារពន្យារការបង់ការប្រាក់ប្រចាំខែ។ ជាមួយគ្នា លោកថ្លែងអំណរគុណដែលតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ បានចាត់វិធានការ ប៉ុន្តែសង្ឃឹមថា ធនាគារនឹងផ្តល់ដំណោះស្រាយចំពោះកម្ចីធនាគាររបស់ពួកគេ។
លោក ចាន់សាវុធ និយាយថា៖ «ខ្ញុំសប្បាយចិត្តជាមួយនឹងនីតិវិធីកន្លងមក ប៉ុន្តែខ្ញុំក៏ចង់បានប្រាក់មកវិញដែរ ដើម្បីសងត្រឡប់ទៅធនាគារវិញ។ ទោះសំណុំរឿងគង់តែនឹងដោះស្រាយ ខ្ញុំនៅតែជំពាក់ធនាគារ ហើយដាច់ខាតត្រូវតែសងវិញតាមការកំណត់»។
ដោយសារគាត់មិនមែនជាជនអន្តោប្រវេសន៍ ឬជនភៀសខ្លួន គាត់បាននិយាយថា គាត់មិនមានសិទ្ធិសម្រាប់ការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី ឬការលើកលែងបំណុលដែលផ្តល់ជូនដល់អ្នកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននោះទេ ហើយថែមទាំងបានផ្តល់ឱ្យធនាគារនូវបណ្ណកម្មសិទ្ធិដីធ្លីរបស់គាត់ផងដែរ ដោយសារតែគាត់គ្មានលុយបង់សងវិញ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានប្រាប់អ្នកសារព័ត៌មានខេមបូចាថា ACUបានសម្រេចចិត្តព្យួរតំណែងលោក បូរ៉ាត់ បន្ទាប់ពីការស៊ើបអង្កេតបានបង្ហាញព័ត៌មានលម្អិតមួយចំនួន។
លោក ច័ន្ទវិចិត្រ មានប្រសាសន៍ថា៖ «គិតត្រឹមថ្ងៃនេះ ករណីនេះស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ»។ លោកបន្ថែមថា លោកមិនអាចបញ្ជាក់ព័ត៌មានណាមួយអំពីអ្នកដែលពាក់ព័ន្ធនឹងលោក បូរ៉ាត់បាននៅឡើយទេ ដោយសារការស៊ើបអង្កេតមិនទាន់ចប់។ លោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីដំណើរការនៃសំណុំរឿងនេះដែរ ដោយសារតុលាការកំពុងដោះស្រាយ។
រឿងអាស្រូវវិនិយោគបានជាប់ពាក់ព័ន្ធនឹងឥស្សរជនកម្ពុជាដ៏លេចធ្លោក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងប្រជាពលរដ្ឋរាប់រយគ្រួសារដែលដាក់ពាក្យបណ្តឹងអំពីការឆបោកដីធ្លី ក្នុងចំណោមនោះគឺជាករណីពាក់ព័ន្ធនឹងឧកញ៉ា ហ៊ី គឹមហុង។
បុគ្គលចំនួន៥រូប រួមមានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងមេធាវីមួយរូប ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងឆបោកពាក់ព័ន្ធនឹងការឃុំខ្លួនលោក លី សាម៉េត និងលោក ដួង តារា អតីតជំនួយការប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការពន្លឿនសំណុំរឿងព្រហ្មទណ្ឌនេះ គឺល្អព្រោះវាបានជួយរកដំណោះស្រាយជូនជនរងគ្រោះ ប៉ុន្តែពេលនេះពួកគេកំពុងស្វែងរកសំណងដើម្បីសងប្រាក់កម្ចីរបស់ពួកគេ។
លោកបានជំរុញឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជួយអន្តរាគមន៍ដោយស្នើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើតយន្តការមួយដើម្បីជួយជនរងគ្រោះក្នុងការសម្រាលបន្ទុកបំណុល ក៏ដូចជាធានាបាននូវយុត្តិធម៌សម្រាប់ពួកគេ។
លោកមានប្រសាសន៍ថា៖ «ប្រជាជនកំពុងប្រឈមមុខនឹងបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែការឆបោក ដែលបណ្តាលឱ្យមានបំណុលធនាគារ និងហានិភ័យនៃការបាត់បង់ដីធ្លី ឬផ្ទះសម្បែងរបស់ពួកគេ»។ ក្នុងនោះ លោកក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានឆាប់រហ័ស និងដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីផ្តល់សំណងដល់ជនរងគ្រោះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ACU Suspends Deputy Head Sean Borath Over $200M Brilliant City Fraud Case









