សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីជាន់ខ្ពស់មួយរូបទៀតត្រូវបានតុលាការសាកសួរក្នុងសំណុំរឿងឆបោកប្រាក់ជាង២០០​លានដុល្លារ

ពលរដ្ឋកំពុងលើកបដាតវ៉ាទាមទាឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា សងលុយត្រឡប់មកពួកគាត់វិញ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ ខណៈ​ពួកគាត់ធ្លាក់ខ្លួន​ជំពាក់បំណុលធនាគារវណ្ឌក។ (រូបភាពផ្ដល់ឱ្យ)
ពលរដ្ឋកំពុងលើកបដាតវ៉ាទាមទាឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា សងលុយត្រឡប់មកពួកគាត់វិញ កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤ ខណៈ​ពួកគាត់ធ្លាក់ខ្លួន​ជំពាក់បំណុលធនាគារវណ្ឌក។ (រូបភាពផ្ដល់ឱ្យ)

មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងអប់រំយុវជននិងកីឡាត្រូវបានសាកសួរជាសាក្សីនៅក្នុងសំណុំរឿងគម្រោងវិនិយោគដីធ្លីក្លែងបន្លំដែលបានឆបោកលុយជាង២០០លានដុល្លា បន្ទាប់​ពី​ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងខេត្តសៀមរាបបានបាត់បង់ប្រាក់យ៉ាងច្រើននៅក្នុងគម្រោង​អចលនទ្រព្យរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ឬអំពីភាគលាភខ្ពស់របស់ខ្លួន។ គាត់ត្រូវបាន​អនុញ្ញាត​ឱ្យត្រឡប់ទៅផ្ទះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

អ្នកនាំពាក្យតុលាការខេត្តសៀមរាប លោក យិន ស្រាង បានបញ្ជាក់ថា លោក ស៊ាន បូរ៉ាតបានបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរកាលពីថ្ងៃពុធហើយត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅផ្ទះវិញ។ ​លោកបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមជុំវិញ​ការសួរក្នុង​សំណុំ​រឿង​ឆបោកខាងលើនេះ។

ក្រៅពីដំណែងមន្ត្រីជាន់ខ្ពស់ក្នុងក្រមខណ្ឌរដ្ឋាភិបាលរបស់គាត់ គាត់ក៏មានដំណែងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ផងដែរ។ លោក បូរ៉ាត មិនបានលើកទូរសព្ទទេ ទោះបីជាមានការហៅតាមទូសព្ទជាច្រើនដងដោយអ្នកយកព័ត៌មាន ខេមបូចា។

កាលពីសប្តាហ៍មុន តុលាការបានសាកសួរ​ លោក  ស ថាវី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិជាសាក្សីពាក់ព័ន្ធនឹងករណីដូចគ្នាដែលទាក់ទងនឹងការសម្អាតប្រាក់ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងការរំលោភលើច្បាប់ប្រតិបត្តិការទូទាត់សងប្រាក់​។

អគ្គនាយិកាក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្តសៀមរាប រួមទាំងបុគ្គលិកកម្ពុជាជាង100នាក់ដែលធ្វើការនៅប្រទេសកូរ៉េ បានបាត់បង់ការវិនិយោគយ៉ាងច្រើននៅក្នុងការបោកប្រាស់ «គ្រោងការណ៍ភាគលាភខ្ពស់» ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោក ឡាយ សារ័ត្ន ដែលបានអះអាងថា ជាអ្នកតំណាងក្រុមចាញ់បោក រួមនឹងជនរងគ្រោះផ្សេងទៀតដែលបានកម្ចីឯកជនចំនួន ១១ ០០០ដុល្លារ ហើយបានវិនិយោគលើគម្រោងមួយនេះ បាននិយាយថា ពួកគាត់បាន​ជឿជាក់​លើ​លោក ស៊ាន បូរ៉ាត ដោយសារ​គាត់​ជា​មន្ត្រី​ជាន់ខ្ពស់ ហើយ​ជឿជាក់​ថា​ការ​ដឹកនាំ​របស់​គាត់​នឹង​ធ្វើឱ្យក្រុមហ៊ុន​ជោគជ័យ​។

លោក សារ័ត្ន បានឱ្យដឹងថា លោក បូរ៉ាត មានទំនាក់ទំនងជិតស្និទ្ធជាមួយ លោកស្រី ឡេង ចាន់ណា ព្រោះគាត់តែងតែអមដំណើរនាង ហើយគាត់ក៏មកពីសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីមនុស្សធម៌ផងដែរ។

លោកលើកឡើងថា៖ «យើងទាំងអស់គ្នាជឿជាក់លើពួកគាត់ [ការគ្រប់គ្រង] ដោយសារតែលោក ស៊ាន បូរ៉ាត គាត់ជាអ្នកធំ […] កាលពីមុនខ្ញុំមិនបានដាក់លុយដែរហ្នឹង ប៉ុន្តែបន្ទាប់ពី ស៊ាន បូរ៉ាត គាត់ចេះតែពន្យល់ពួកយើងពួកយើងឱ្យចូលរកស៊ីវិនិយោគជាមួយក្រុមហ៊ុន ហើយខ្ញុំក៏លង់ខ្លួនដាក់នឹងគេដែរទៅ ក៏ចាញ់បោកនឹងគេដែរ»។ លោក​បាន​បន្ត​ថា លោក សារ៉ាត បាន​ពន្យល់​ជា​បន្តបន្ទាប់​ដល់​សាធារណជន​អំពី​ការ​បង្កើន​ការ​វិនិយោគ។

លោក សារ័ត្ន បាននិយាយថា រាល់ពេលដែលលោក បូរ៉ាត ថ្លែងទៅកាន់វេទិកាសាធារណៈ និងកិច្ចប្រជុំជាមួយអ្នកវិនិយោគ គាត់តែងតែផ្សព្វផ្សាយការវិនិយោគដី ប្រ៊ីលាន ស៊ីធី ។ ការផ្សព្វផ្សាយរបស់គាត់ក៏បានផ្សព្វផ្សាយដល់ពលករខ្មែរនៅប្រទេសកូរ៉េផងដែរ។ គោលដៅចុងក្រោយគឺបង្កើនការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា។

ជាក់ស្តែង លោក បូរ៉ាត បានផ្តល់ការបំភ្លឺជុំវិញការចោទប្រកាន់របស់ជនរងគ្រោះ លោក សារ័ត្ន បាននិយាយថា ជនរងគ្រោះជាច្រើនក៏បានដាក់ពាក្យបណ្តឹងលោក បូរ៉ាត់ ផងដែរ។

លោកបញ្ជាក់ថា៖ «ខ្ញុំ​បាន​ឃើញ​គាត់ [ស៊ាន បូរ៉ាត] នៅ​រាល់​ការ​ប្រជុំ​ធំៗ។ ឡេង ចាន់ណា ក៏​បាន​និយាយ​ដែរ​ថា គាត់​ជា​អ្នក​ដឹក​នាំ​របស់​គាត់ ហើយ​គាត់​បាន​ផ្តល់​ការ​ពិគ្រោះ​យោបល់​ដល់​ក្រុមហ៊ុន»

លោកបន្តថា៖ «ការឆ្លើយបំភ្លឺយ៉ាងម៉េចនឹងក៏មិនដឹងដែរ ហើយបើតាមខ្ញុំគិត បើគាត់ចូលឆ្លើយបំភ្លឺ គាត់មិនចូលខ្លួនពាក់ពន្ធ័នោះទេប្រហែលជាគាត់ឆ្លើយដោះសារ»

មនុស្សជិត ៥ ០០០នាក់បានដាក់ពាក្យប្តឹង បើទោះបីជាវាមិនរាប់បញ្ចូលពលករនៅកូរ៉េ ថៃ និងជប៉ុន ដែលបានវិនិយោគក្នុងគម្រោងនេះក៏ដោយ។ លោក សារ័ត្ន បានបន្តទៀតថា ជីវភាព​របស់ពួកគេមិនមានភាពប្រសើរឡើងទេ ដោយសារការផ្តោតអារម្មណ៍របស់ពួកគេនៅតែផ្តោតលើការដោះស្រាយបំណុលធនាគារ។

គាត់បាន​ទួញសោក​ថា​៖ «​បើ​និយាយ​ពី​ជីវិត​របស់​យើង [​ជនរងគ្រោះ​] គ្មាន​អ្នក​ណា​មាន​ជីវិត​ប្រសើរ​ទេ មានតែ​ជំពាក់​បំណុល​គេ​ប៉ុណ្ណោះ​»​

លោកបានប្រមូលមតិរបស់អ្នកនៅក្នុងក្រុម ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសដើម្បីយកមកវិញនូវការវិនិយោគដើមទុនក្នុងអចលនទ្រព្យ និងស្នើសុំជំនួយពីតុលាការដើម្បីពន្លឿនដំណើរការនេះ ខណៈដែលជនរងគ្រោះមួយចំនួនប្រឈមមុខនឹងកាលៈទេសៈដ៏លំបាកបំផុត​។

ជនរងគ្រោះម្នាក់ទៀតឈ្មោះ យ៉ា សំអេង ដែលត្រូវបានក្រុហ៊ុនឆបោកចំនួន២ម៉ឺនដុល្លារ តាមរយៈ​កម្ចីឯកជនបានចែករំលែកថា គាត់បានស្តាប់ការពន្យល់របស់ ស៊ាន បូរ៉ាត និងទទួលបានការណែនាំពីគាត់អំពីការវិនិយោគ។

លោកបាននិយាយថា ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី តែងតែចាក់ផ្សាយវីដេអូ និងនិយាយអំពីលោក ស៊ាន បូរ៉ាត ដើម្បីផ្សព្វផ្សាយអំពីវត្តមានរបស់បុគ្គលមានអំណាចនៅក្នុងក្រុមហ៊ុន ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ដែលក្នុងនោះក៏មានការបង្ហោះតាមបណ្តាញសង្គមបង្ហាញពីការចូលរួមរបស់គាត់នៅក្នុងសកម្មភាពរបស់ក្រុមហ៊ុនផងដែរ។

លោក សំអេង បាន​ឱ្យដឹងថា៖ ​«រឿងពាក់ព័ន្ធ ឫមិនពាក់ព័ន្ធខ្ញុំអត់​បានស៊ីជម្រៅទេ ប៉ុន្តែបើរឿងសកម្មភាពផ្សេងៗ ខ្ញុំធ្លាប់ឃើញក្រុមការងារ​របស់​ពួកគេ​តែង​តែ​ផ្ញើ [ឃ្លីប​វីដេអូ] ឬ​បង្ហាញ​ឱ្យ​យើង​មើលដើម្បីនិយាយទាក់ទាញឱ្យយើងមាន​ទំនុកចិត្តហ៊ានយកលុយទៅដាក់ជាមួយក្រុមហ៊ុន»

លោកបានបន្តថា៖​ «ខ្ញុំឃើញគាត់ [ស៊ាន បូរ៉ាត] ចូលរួមគ្រប់សកម្មភាពជារឿយៗ ព្រោះអីក្រុមការងាររបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីតធី បានប្រាប់យើង ដើម្បីឱ្យយើងមានទំនុកចិត្តហ៊ានដាក់លុយជាមួយក្រុមហ៊ុន គេណែនាំប្រាប់យើងថា ពួកគេមានទំនួលខុសត្រូវ គេមានថ្នាក់ដឹកនាំល្អផងដែរ ទើបយើងមានទំនុកចិត្តក្នុងការវិនិយោគ»

លោក សំអេង បានបន្តទៀត​ថា៖ «ទី​២ ពួក​គេ​មាន​ខ្នងបង្អែករឹងមាំ​ ហើយឃើញ​សកម្មភាព​ឯកឧត្តម ស៊ាន បូរ៉ាត ចូលរួមរឿយៗ»

លោកបានចែករំលែកថា លុយដែលគាត់បានវិនិយោគគឺបានមកពីការខិតខំប្រឹងប្រែងអស់រយៈពេល៨ឆ្នាំ ប៉ុន្តែបន្ទាប់ពីត្រូវបានចាញ់បោកមក វានាំឱ្យមានបញ្ហារួមទាំងការខាតបង់ពេលវេលា និងកេរ្តិ៍ឈ្មោះរបស់គាត់។ អាជីវកម្មរបស់គាត់ប្រឈមនឹងហានិភ័យ ហើយគាត់តស៊ូជាមួយការចំណាយប្រចាំថ្ងៃ។ លើស​ពី​នេះ គាត់​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ខេត្ត​ផ្សេង​ដើម្បី​ធ្វើ​ការ។

លោកបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមបន្តិចបន្តួចដែរដោយសារតែលុយដែលយើងដាក់នៅខាងក្រមហ៊ុន យើងដាក់ពាក្យបណ្តឹងជាមួយមេធាវីរបស់សម្តេច [ហ៊ុន សែន] ហើយមេធាវី​​សម្តេច​ក៏ទម្លាក់មេធាវីការពារក្តីឱ្យជនរងគ្រោះ យើងមានក្តីសង្ឃឹតិចតួចនឹងអាចបានប្រាក់ពីក្រុមហ៊ុនវិញតិច ឬច្រើនដើម្បីបន្តប្រកបរបរអាជីវកម្ម» ដោយស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយរឿងរបស់លោកស្រី ឡេង ចាន់ណា ក្នុងករណីដើម្បីពន្លឿនដំណើរការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

វាចាំបាច់ណាស់ក្នុងការកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវ និងនាំពួកគេទៅកាន់យុត្តិធម៌​។ លោកបានបន្ថែមថា ប្រសិនបើករណីនេះនៅតែមិនអាចដោះស្រាយបាន វាអាចកំណត់បានថាជាគំរូដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យមានជនរងគ្រោះកាន់តែច្រើននាក់ ស្រដៀងទៅនឹងអ្វីដែលគាត់បានរងទុក្ខ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បដិសេធមិនផ្តល់ព័ត៌មានលម្អិតទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖ «ប្រទសមានច្បាប់ត្រូវអនុវត្តច្បាប់ដោយមិនលើកលែង»។ លោកបន្ថែមថា៖ «នេះជាដំណើរការធម្មតានៃនីតិរដ្ឋ»

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យនៃអង្គភាពប្រឆាំងអំពើពុករលួយមិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​។

ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)
ជនរងគ្រោះដែលចាញ់បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ប្រមូលផ្ដុំគ្នានៅមុខ​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បីទាមទារឱ្យមាន​ដំណោះស្រាយ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព​ផ្ដល់ឱ្យ)

លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយទេនៅពេលដែលអ្នកយកព័ត៌មានពី ខេមបូចា ទាក់ទងលោកតាមទូរសព្ទ។

ការបង្រ្កាបនេះហាក់ដូចជាផ្នែកនៃយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីបង្ហាញពីរូបភាពនៃអភិបាលកិច្ចល្អ ចំពេលមានការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងភាពល្បីល្បាញថ្នាក់ឧកញ៉ាចំពោះការរំលោភដីធ្លី និងការលាងលុយ។ អ្នកសង្កេតការណ៍អន្តរជាតិបានកត់សម្គាល់នៅពេលចាប់ផ្តើមនៃករណីនេះ។

រឿងអាស្រូវក្លែងបន្លំបានជាប់ពាក់ព័ន្ធនឹងឥស្សរជនកម្ពុជាដ៏លេចធ្លោក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងរាប់រយគ្រួសារដែលដាក់ពាក្យបណ្តឹងចោទប្រកាន់ការក្លែងបន្លំដីធ្លី ដែលមួយក្នុងចំណោមពួកគេប្រឆាំងនឹងឧកញ៉ា ហ៊ី គឹមហុង។

បុគ្គលចំនួន៥នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកជំនួញ ក៏ដូចជាមេធាវី ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទពុករលួយ និងការក្លែងបន្លំពាក់ព័ន្ធនឹងការកាត់ទោសដាក់ពន្ធនាគារអតីតជំនួយការពីររូបរបស់លោក ហ៊ុន សែន គឺលោក លី សាម៉េត និងលោក ដួង តារា។

ជាងនេះទៅទៀត តុលាការខេត្តកំពង់ឆ្នាំង បានរកឃើញថាលោក ព្រំ សុផល អតីតអភិបាលរងស្រុកកំពង់លែង មានទោសពីបទគប់គិត និងបំផ្លាញព្រៃលិចទឹក ហើយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ។ លោក លឹម ដានីន អតីត​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក និង​លោក ជួន តុំ ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​លិច​ទឹក ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន៤​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងសារអបអរសាទរទិវាជាតិ និងអន្តរជាតិ ប្រឆាំងអំពើពុករលួយ៩ធ្នូ បានអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធជំរុញស្មារតី «ប្រឆាំងអំពើពុករលួយ» គ្រប់ទម្រង់ និងពង្រឹងការអប់រំប្រឆាំងអំពើពុករលួយ។

លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល ដែលជាតំណាងជនរងគ្រោះបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែក្នុងសន្និសីទសារព័ត៌មានកាលពីខែតុលា ដែលបង្ហោះលើ Freshnews លោកមានប្រសាសន៍ថា មានជនរងគ្រោះចំនួន ៤ ៩២៩នាក់ ដែលស្ម័គ្រចិត្តស្នើសុំមេធាវីដើម្បីការពារសំណុំរឿងរបស់ពួកគេ។ ចំណែក​ពលករ​នៅ​បរទេស​វិញ ក្រុមការងារ​លោក​កំពុង​ចាត់ការ​តាម​នីតិវិធី​។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ប៉ិច ពិសី ស្វាគមន៍ចំពោះនីតិវិធីរបស់ ACU និងតុលាការខេត្តសៀមរាប ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីការក្លែងបន្លំវិនិយោគ និងសាកសួរសាក្សីបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា ដើម្បីឲ្យការវិនិយោគផ្ទាល់ក្នុងស្រុក និងបរទេសមានភាពរីកចម្រើន រដ្ឋាភិបាលគួរតែកាត់បន្ថយរបាំងនៃការធ្វើអាជីវកម្ម ដោយដោះស្រាយបញ្ហាអំពើពុករលួយដែលរីករាលដាល ភាពទន់ខ្សោយនៃនីតិរដ្ឋ និងកម្រិតនៃការប្រកួតប្រជែងក្នុងមុខជំនួញនៅក្នុងព្រះរាជាណាចក្រ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Another Senior Ministry Official Questioned Over $200 Million Land Investment Fraud

278 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម