ចំណាត់ថ្នាក់អំពើពុករលួយរបស់ប្រទេសកម្ពុជាកាន់តែយ៉ាប់ក្នុងឆ្នាំ២០២៤ នេះបើយោងតាមសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ដែលបានបង្កើនការព្រួយបារម្ភអំពីអភិបាលកិច្ច និងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយ។ ខណៈដែលរដ្ឋាភិបាលទទួលស្គាល់ថាមានអំពើពុករលួយ តែបានចោទសួរអំពីតម្លាភាព និងភាពត្រឹមត្រូវនៃរបាយការណ៍នេះ។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ បានបង្ហាញថា កម្ពុជាទទួលបានពិន្ទុ២១ ក្នុងចំណោម១០០ ពោលគឺធ្លាក់ចុះមួយពិន្ទុធៀបនឹងឆ្នាំមុន ដោយឈរស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោម១៨០ប្រទេស និង នៅក្នុងតំបន់អាស៊ាន កម្ពុជាស្ថិតនៅជិតបាតតារាង ដោយនៅលើតែមីយ៉ាន់ម៉ាប៉ុណ្ណោះ។
នៅអាស៊ីប៉ាស៊ីហ្វិក កម្ពុជាស្ថិតក្នុងចំណោមប្រទេសពុករលួយបំផុត ដោយអាហ្គានីស្ថានបានពិន្ទុ ១៧ មីយ៉ាន់ម៉ា (១៦) និងកូរ៉េខាងជើង (១៥)។ របាយការណ៍នេះក៏បានបង្ហាញពីលទ្ធផលចម្រុះសម្រាប់សមាជិកអាស៊ាន ដូចជាវៀតណាម ដែលធ្លាក់ចុះពី៤១ដល់៤០ក ថៃ (៣៥ ដល់ ៣៤) និងហ្វីលីពីន (៣៤ ដល់ ៣៣)។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីបានឡើងពិន្ទុពី៣៤ទៅ៣៧ និងឡាវ (៣១ ទៅ ៣៣)។ ម៉ាឡេស៊ីមិនមានការប្រែប្រួលទេ ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលពុករលួយតិចបំផុតនៅទូទាំងពិភពលោក។
CPI ដែលជាសូចនាករសកលឈានមុខគេអំពីអំពើពុករលួយក្នុងវិស័យសាធារណៈចាប់តាំងពីឆ្នាំ១៩៩៥ សន្ទស្សន៍នេះផ្តល់ពិន្ទុដល់ប្រទេស និងដែនដីចំនួន១៨០ ជុំវិញពិភពលោក ដោយប្រើប្រាស់ទិន្នន័យពីប្រភពខាងក្រៅចំនួន១៣ រួមមានធនាគារពិភពលោក វេទិកាសេដ្ឋកិច្ចពិភពលោក ទីភ្នាក់ងារប្រឹក្សាហានិភ័យឯកជន ស្ថាប័នស្រាវជ្រាវ និងស្ថាប័នផ្សេងៗទៀត។
លទ្ធផល CPI ចុងក្រោយបំផុតបង្ហាញពីបញ្ហាប្រឈមផ្នែកអភិបាលកិច្ច និងភាពយឺតយ៉ាវនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ។ របាយការណ៍បានកត់សម្គាល់ថា ខណៈពេលដែលផ្នែកខ្លះបានឃើញការកែលម្អតិចតួច ភាពយឺតយ៉ាវក្នុងសុចរិតភាពរបស់ស្ថាប័ន ការអនុវត្ត និងការត្រួតពិនិត្យបន្តមានលើសពីវឌ្ឍនភាព ដោយបញ្ជាក់ពីតម្រូវការសម្រាប់គណនេយ្យភាពនយោបាយ និងនីតិរដ្ឋកាន់តែរឹងមាំ។ កម្សោយនៃយន្តការអនុវត្ត និងកង្វះនូវឆន្ទៈនយោបាយនៅតែជាឧបសគ្គដ៏សំខាន់។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានអះអាងថា ខ្លួនកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈកំណែទម្រង់ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប៉ុន្តែបានចោទសួរអំពីតម្លាភាព និងភាពជឿជាក់បាននៃការរកឃើញរបស់របាយការណ៍នេះ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (TIC) មានប្រសាសន៍ថា៖ «ការបន្តធ្លាក់ចុះរបស់កម្ពុជានៅក្នុងសន្ទស្សន៍ CPI បង្ហាញពីភាពចាំបាច់បន្ទាន់សម្រាប់ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ប្រឆាំងអំពើពុករលួយ និងការប្តេជ្ញាចិត្តកាន់តែមុតមាំក្នុងការដោះស្រាយអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធ និងទ្រង់ទ្រាយធំ»។ លោកបន្តថា៖ «ថ្វីត្បិតតែមានវឌ្ឍនភាពក្នុងវិស័យមួយចំនួនដូចជាការកៀរគរធនធាន និងសេវាសាធារណៈនៅថ្នាក់មូលដ្ឋានក្តី និន្នាការទូទៅចង្អុលបង្ហាញពីភាពរ៉ាំរៃនៃបញ្ហាដែលចាក់ឫសក្នុងអភិបាលកិច្ច ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់យ៉ាងឆាប់រហ័ស»។
TIC បានជំរុញឱ្យរដ្ឋាភិបាលបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយអនុវត្តវិធានការសំខាន់ៗដូចជា ផ្តន្ទាទោសរាល់អំពើពុករលួយ ពង្រឹងគណនេយ្យភាព និងការត្រួតពិនិត្យ ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់តម្លាភាព និងការត្រួតពិនិត្យសាធារណៈ និងកម្រិតនៃការប្រកួតប្រជែងសម្រាប់អាជីវកម្ម។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទទួលស្គាល់ថា មានអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការដោះស្រាយវាតាមរយៈកំណែទម្រង់ និង អង្គភាព ACU ។
លោកបានថ្លែងថា៖ «យើងមិនដែលបដិសេធថាប្រទេសយើងគ្មានអំពើពុករលួយទេ។ បើអត់មាន យើងចាំបាច់បង្កើតអង្គភាពប្រឆាំងអំពើពុករលួយ និងអនុវត្តកំណែទម្រង់ទាំងអស់នេះធ្វើអី?»។
លោកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលនាំឲ្យមានការបង្កើនតម្លាភាពនៅកម្ពុជា និងការធ្លាក់ចុះអំពើពុករលួយ។
លោក បូណា បានកត់សម្គាល់ថា ការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ គឺគ្រាន់តែជាការវាយតម្លៃរបស់អង្គការប៉ុណ្ណោះ ហើយរដ្ឋាភិបាលមិនមានការអត្ថាធិប្បាយទេ។ ទោះយ៉ាងណាក៏ដោយ លោកបានចោទសួរថា តើអង្គការទាំងនោះមាន «សុចរិតភាព និងតម្លាភាព» ដើម្បីផ្តល់ការវាយតម្លៃដែលអាចទុកចិត្តបានឬទេ?
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដោយមិនពឹងផ្អែកលើរបាយការណ៍របស់អង្គការខាងក្រៅណាមួយជាគោលនោះទេ។
លោកបានបន្តថា៖ «យើងកំពុងធ្វើការដោយឆន្ទៈរបស់យើងដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។
អ្នកនាំពាក្យ ACU លោក សយ ច័ន្ទវិចិត្រ បានច្រានចោលរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិថា គ្មានមូលដ្ឋាន ដោយបញ្ជាក់ថា វាមិនឆ្លុះបញ្ចាំងពីការពិតរបស់កម្ពុជា ប៉ុន្តែបានកត់សម្គាល់ថា អង្គភាពនៅតែចាត់ទុករបាយការណ៍នេះថាជាព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ កំពុងអនុវត្តវិធានការសំខាន់ៗចំនួនបី គឺការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ប្រឆាំងអំពើពុករលួយក្នុងចំណោមមន្ត្រីរាជការ ការពង្រឹងយន្តការបង្ការ និងការអនុវត្តច្បាប់ស្តីពីការបង្ក្រាបបទល្មើស។
លោកបានថ្លែងថា៖ «វិធានការចម្បងទាំងបីខាងលើ ក្នុងគោលដៅសម្រេចឲ្យបាននូវពាក្យស្លោក មិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ»។
កាលពីខែមករា ឆ្នាំមុន អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោក ខេង យាន អតីតអភិបាលក្រុងកែប បន្ទាប់ពីចោទប្រកាន់ពីបទរំលោភអំណាច និងលាងលុយកខ្វក់។ កាលពីខែវិច្ឆិកា មន្ត្រីបីរូបមកពីខេត្តតាកែវ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នពីបទប្រព្រឹត្តខុសច្បាប់ និងរំលោភអំណាច។
នៅដើមឆ្នាំ២០២៥ មន្ត្រីកងរាជអាវុធហត្ថពីរនាក់ត្រូវបានចាប់ខ្លួនពីបទទទួលសំណូកដើម្បីមើលរំលងការបង្រ្កាបគ្រឿងញៀនដែលពាក់ព័ន្ធនឹងគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់នៅចុងឆ្នាំ២០២៤។
យោងតាម CPI ឆ្នាំ២០២៤ កម្រិតអំពើពុករលួយសកលនៅតែខ្ពស់គួរឲ្យព្រួយបារម្ភ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើពុករលួយនៅតែមិនគ្រប់គ្រាន់។
លោក François Valérian ប្រធានអង្គការតម្លាភាពអន្តរជាតិ បានមានប្រសាសន៍ថា៖ «អំពើពុករលួយគឺជាការគំរាមកំហែងជាសកលលោកដែលបន្តវិវឌ្ឍបំផ្លាញការអភិវឌ្ឍប៉ុណ្ណោះទេ។ វាជាមូលហេតុចម្បងនៃការថមថយលទ្ធិប្រជាធិបតេយ្យ អស្ថិរភាព និងការរំលោភបំពានសិទ្ធិមនុស្ស។ សហគមន៍អន្តរជាតិ និងគ្រប់ជាតិសាសន៍ទាំងអស់ត្រូវតែដាក់ការដោះស្រាយអំពើពុករលួយជាអាទិភាពកំពូល និងយូរអង្វែង។ នេះជាកត្តាសំខាន់ក្នុងការរុញច្រានប្រឆាំងនឹងលរបបផ្តាច់ការ និងធានានូវពិភពលោកដែលមានសន្តិភាព សេរី និងនិរន្តរភាព»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s Corruption Ranking Declines in 2024, Government Questions Report’s Transparency