សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងក្នុងសំណុំរឿង«ញុះញង់»ប្រឆាំងនឹងមនុស្សចំនួន១០នាក់ពាក់ព័ន្ធការធ្វើបាតុកម្មរបស់កម្មករដែលទាមទារដំទ្បើងប្រាក់ឈ្នួល១៦០ដុល្លាកាលពីឆ្នាំ២០១៤ តែលើកលែងទោសផាកពិន័យជនជាប់ចោទ៤នាក់។
លោក ប្លង់ សំណាង ប្រធានចៅក្រមជំនុំជម្រះបានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ និងបដិសេធចោលការផាកពិន័យជនជាប់ចោទ៤នាក់ រួមមាន លោក វន់ ពៅ លោក ថេង សាវឿន លោក ច័ន្ទ ពុទ្ធិស័ក្ត និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ។
លោកបញ្ជាក់ថា៖ «សាលាឧទ្ធរណ៍ពុំអាចជឿជាក់ការអះអាងរបស់ជនជាប់ចោទទេ ពីព្រោះតាមរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ច និងចម្លើយជនរងគ្រោះមានភាពស៊ីចង្វាក់គ្នាដែលជនជាប់ចោទពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស
ជនជាប់ចោទ១០នាក់ក្នុងនោះរួមមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ច័ន្ទ ពុទ្ធិស័ក្ត អ្នកដឹកនាំសហគមន៍បឹងកក់ និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ ដាក់ក្នុងពន្ធនាគាររវាង៤ឆ្នាំទៅ៤ឆ្នាំ៦ខែពិន័យជាប្រាក់៨លានរៀល តែការអនុវត្តទោសរយៈពេល៥ខែក្នុងពន្ធនាគារ និងទោសដែលនៅសល់ត្រូវព្យួរ ពីបទអ្នកបផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
គួររំលឹកថា កាលពីខែមករា ឆ្នាំ២០១៤ កងកម្លាំងទាហានប្រដាប់អាវុធមកពីអង្គភាពបញ្ជាការពិសេស៩១១ បានវាយដំកម្មករ និងចាប់ខ្លួន ប្រធានសហជីពនិងកម្មករចំនួន១០នាក់ នៅខាងមុខរោងចក្រយាកជីន ក្នុងរាជធានីភ្នំពេញ យោងតាមសេចក្តីប្រកាសរបស់អង្គការ លីកាដូ។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ សាលាឧទ្ធរណ៍មិនទាន់បានផ្តល់យុត្តិធម៌សម្រាប់ការទទ្ទឹងរង់ចាំអស់រយៈពេលជិត១០ឆ្នាំក្រោមការចោទប្រកាន់ដោយអយុត្តិធម៌។
លោក វន់ ពៅ បញ្ជាក់ថា៖ «ខ្ញុំគិតថាមកដល់ពេលនេះខ្ញុំមិនទាន់បានទទួលយុត្តិធម៌នៅទ្បើយព្រោះសាលាឧទ្ធរណ៍ប្រកាសសាលដីកាបដិសេធតែការផាកពិន័យប៉ុណ្ណោះ»។ លោកបន្តថា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស៤ឆ្នាំ៦ខែពិន័យប្រាក់៨លានរៀល តែលោកអនុវត្តទោសពន្ធនាគាររយៈ៥ខែប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ខ្ញុំរងយុត្តិធម៌ជិត១០ឆ្នាំហើយខ្វះតែ៣ខែទៀតទេ…..វាជារឿងអយុត្តិធម៌ណាស់ដែលយើងជាអ្នករងគ្រោះគេវៃស្ទើរស្លាប់បាត់បង់ជីវិតហើយនៅតែមានទោសដដែល សាលាឧទ្ធរណ៍សំអាងទៅលើរបាយការណ៍របស់សមត្ថកិច្ចតែប៉ុណ្ណោះមិនបានយកអ្វីដែលជាការលើកទ្បើងរបស់យើងដែលជាអ្នករងគ្រោះ»។
លោក វន់ ពៅ និងអ្នកផ្សេងទៀតបានប្តឹងទាស់ចំពោះការមិនសុខចិត្តលើការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម ពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារកាលពីឆ្នាំ២០១៤។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យជនជាប់ចោទលើកទ្បើងថា លោកមានការសោកស្តាយដែលសាលាឧទ្ធរណ៍បានតម្កល់ការសម្រេចរបស់តុលាការថ្នាក់ក្រោម ហើយលោកនឹងពិភាក្សាជាមួយកូនក្តីចំពោះការប្តឹងសារទុក្ខទៅតុលាការកំពូល។
លោកបញ្ជាក់ថា៖ «មានការខកចិត្ត មេធាវីការពារក្តីសង្ឃឹមតុលាការនឹងផ្តល់យុត្តិធម៌ និងឱ្យកូនរួចផុតពីបទចោទ ដោយសារយើងមើលអង្គហេតុទាំងអស់គឺកូនក្តីមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ»។
នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែងថា វានៅតែជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ពីព្រោះអ្នកទាំងអស់ហ្នឹងគ្រាន់តែជាសកម្មជនសិទ្ធិមនុស្សដែលការពារផលប្រយោជន៍របស់កម្មករ។
លោក សំអាត បញ្ជាក់ថា៖ «ពួកគាត់បានទៅឃ្លាំមើលការធ្វើបាតុកម្មរបស់កម្មករតែទីបំផុតគាត់ត្រូវបានតុលាការចោទប្រកាន់បង្កឱ្យមានភាពវឹកវរក្នុងសន្តិសុខសង្គម ទោះបីជារឿងផាកពិន័យក៏ដោយ ប៉ុន្តែគាត់នៅតែជាអ្នកត្រូវបានតុលាការកាត់ឱ្យជាប់ទោសដដែលវាជារឿងមួយអយុត្តិធម៌ណាស់ ហើយវាជះឥទ្ធិពលអាក្រក់សម្រាប់ទៅដល់អ្នកការពារសិទ្ធិមនុស្សទាំងទ្បាយ»។
លោកកត់សំគាល់ថា រឿងបញ្ហាបរិស្ថាន សិទ្ធិមនុស្សពេលដែលសាលាដំបូងសម្រេចហើយ ទៅដល់ឧទ្ធរណ៍វាកម្រមានការកែប្រែណាស់ ឬកែប្រែតិចតួចបំផុត៕