ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីពេទ្យឯកជនចំនួនបី ទទួលព្យាបាលជំងឺកូវីដ១៩ ជាផ្នែកមួយដើម្បីសម្រាលបន្ទុកពេទ្យរដ្ឋ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវការកន្លែងសម្រាកព្យាបាលកាន់តែច្រើនឡើង។
អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បញ្ជាក់ថា ការសម្រេចផ្តល់សិទ្ធិព្យាបាលដល់ពេទ្យឯកជននេះ ដោយផ្អែកលើតម្រូវការជាក់ស្ដែងនៃស្ថានភាពវិវត្តន៍នៃការឆ្លងរីករាលជំងឺកូវីដ១៩។
វេជ្ជបណ្ឌិត ហុក គឹមចេង៖«មានបងប្អូនយើងមានលទ្ធភាពគាត់ចង់សម្រាកនៅមន្ទីរពេទ្យឯកជន អីចឹងហើយវាក៏ជួយសម្រាលបន្ទុក(មន្ទីរពេទ្យរដ្ឋ)ក្នុងការព្យាបាលជំងឺកូវីដ១៩ដែរ ដូច្នេះការអនុញ្ញាតនេះមានសារៈសំខាន់ណាស់នៅក្នុងស្ថានភាពនេះ»។
សម្រាប់រយៈពេលបីសប្ដាហ៍នេះចំនួនឆ្លងកូវីដ១៩នៅកម្ពុជា គិតជាមធ្យមមានប្រហែល៥០០ទៅ៦០០ករណីក្នុងមួយថ្ងៃៗ។ នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលប្រកាសរកឃើញ៥៥៨ ករណីបន្ថែមទៀត។
គិតត្រឹមថ្ងៃទី០៧ ខែឧសភា អ្នកឆ្លងជំងឺកូវីដ១៩មានកើនឡើងរហូតដល់ ១៨ ១៧៩នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួនជាង១ម៉ឺននាក់ និងអ្នកស្លាប់កើនដល់១១៤នាក់។
លោក ហុក គឹមចេង បន្ថែមថា អាជ្ញាធរនឹងអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនជាទូទៅអាចប្រើប្រាស់តេស្តរហ័សដើម្បីញែកអ្នកជំងឺបង្ការកុំឱ្យជំងឺកូវីដឆ្លងរីករាលដាលនៅតាមមន្ទីរពេទ្យ។
កាលពីថ្ងៃទី០៤ខែឧសភា ក្រសួងសុខភិបាលចេញប្រកាសអនុញ្ញាតឱ្យមន្ទីរពេទ្យចំនួន៣ព្យាបាលកូវីដ១៩ រួមាន មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មន្ទីរពហុព្យាបាលវិសាលសុខ។
ក្រសួងសុខាភិបាលបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ៖«មន្ទីរពេទ្យទាំងបីទីតាំងនោះមានសិទ្ធិពិនិត្យ ថែរទាំនិងព្យាបាល និង មានសិទ្ធិធ្វើតេស្តរហ័សរកមេរោគកូវីដ១៩»។
ការអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនព្យាបាលជំងឺកូវីដ១៩ ធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាលបានចេញសេចក្ដីសម្រេចមួយដោយរៀបចំឱ្យមានការព្យាបាលជំងឺកូវីដ១៩នៅតាមផ្ទះ។លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាស ការរៀបចំឱ្យអ្នកជំងឺព្យាបាលតាមផ្ទះ គឺដើម្បីសម្រាលបន្ទុកមន្ទីរពេទ្យនានាដែលផ្ទុកអ្នកជំងឺច្រើនលើសសមត្ថភាពព្រោះមន្ទីរពេទ្យរដ្ឋត្រូវព្យាបាលជំងឺផ្សេងទៀតក្រៅពីកូវីដ១៩។
កាលពីថ្ងៃទី២៥ខែមេសាក្រសួងសុខាភិបាលបានប្រកាសឱ្យមន្ទីរពេទ្យឯកជនដាក់ពាក្យ សុំផ្ដល់សេវាព្យាបាលជំងឺកូវីដ១៩ ប៉ុន្តែមន្ទីរពេទ្យត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺកូវីដ។ មន្ទីរពេទ្យទាំងនោះ ត្រូវមាន៖ ទីតាំងល្អ មានផ្លូវនិងចំណតរថយន្ដ រថយន្ដសង្គ្រោះបំពាក់ឧបករណ៍ បន្ទប់សម្រាក បន្ទប់សង្គ្រោះបន្ទាន់ គ្រូពេទ្យនិងបុគ្គលិក បន្ទប់ពិសោធន៍វេជ្ជសាស្ត្រទូទៅ ប្រព័ន្ធគ្រប់គ្រង់បង្ការការចម្លងមេរោគ ប្រព័ន្ធគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងត្រូវធ្វើរបាយការណ៍ជាចាំបាច់ផ្ដល់ទៅក្រសួងសុខាភិបាល។
ទោះជាយ៉ាងណាក្ដីមន្ទីរពេទ្យ២ក្នុងចំណោមមន្ទីរពេទ្យទាំងបី មិនទាន់រៀបចំរួចរាល់សម្រាប់ទទួលធ្វើតេស្តរកមេរោគ និងព្យាបាលជំងឺកូវីដ១៩នៅឡើយទេ គិតត្រឹមថ្ងៃទី០៧ខែឧសភា។
បុគ្គលិកផ្នែកផ្ដល់ព័ត៌មានអតិថិជន មន្ទីរពេទ្យសង់ត្រាល់ដែលមិនប្រាប់ឈ្មោះឱ្យដឹងថា មន្ទីរពេទ្យនេះមានទទួលធ្វើតេស្ដរកមេរោគប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន។
បុគ្គលិកផ្នែកផ្ដល់ព័ត៌មានមន្ទីរពេទ្យសង់ត្រាល់ និយាយថា៖«មន្ទីរពេទ្យសង់ត្រាល់កំពុងរៀបចំបន្ទប់សម្រាប់ព្យាបាល តែយើងមានផ្ដល់សេវាតេស្តរ៉ាប់ភីតតេស្តហើយ តម្លៃគឺ១៣០ដុល្លារក្នុង១លើក។ យើងនឹងជម្រាបព័ត៌មានលម្អិតតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យបើសិនជារៀបចំរួចរាល់ »។
បុគ្គលិកផ្នែកផ្ដល់ព័ត៌មានអតិថិជនមន្ទីរពហុព្យាបាលវិសាលសុខ ក៏មិនបានប្រាប់ឈ្មោះដែរដោយគ្រាន់តែបញ្ជាក់ថាមន្ទីរពេទ្យរបស់ខ្លួនមិនទាន់រៀបចំរួចរាល់ដើម្បីទទួលអ្នកជំងឺនៅឡើយនោះទេ។
បុគ្គលិកមន្ទីរពហុព្យាបាលវិសាលសុខ និយាយថា៖ « ខាងពេទ្យយើងកំពុងរៀបចំ យើងមិនទាន់ទទួលផ្ដល់សេវាកូវីដ១៩ហ្នឹងទេ ទាំងតេស្តទាំងព្យាបាល»។
ការអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនព្យាបាលជំងឺកូវីដ១៩ បង្កក្ដីបារម្ភដល់អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជាពីការធ្លាក់ចុះនៃគុណភាពសេវាព្យាបាលដែលទទួលបន្ទុកដោយរដ្ឋ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គីមអេង មិនគាំទ្រចំពោះការសម្រេចរបស់ក្រសួងសុខាភិបាលឡើយ។លោកស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញដើម្បីលុបចោលការសម្រេចនេះ។
លោក យង់ គីមអេង មានប្រសាសន៍ថា៖«ឱ្យឯកជនរកស៊ីបែបនេះមិនមែនជារូបភាពល្អទេ ជារូបភាពមិនគួរនិងមិនគួរឱ្យចង់ដឹងចង់លឺ។រដ្ឋាភិបាលត្រូវបញ្ឈប់សេចក្ដីសម្រេចនេះ បើមិនអ៊ីចឹងទេលោតែមានជំងឺកូវីដ ហើយពេទ្យរដ្ឋរុញទៅឯកជន ឯកជនរុញទៅរដ្ឋហ្នឹងវីវរធំហើយ។ខ្ញុំនៅតែចង់ឃើញការព្យាបាលជំងឺកូវីដ១៩ដោយមិនគិតប្រាក់ »។
អ្នកស្រាវជ្រាវបញ្ហាសង្គម លោក មាស នី មានប្រសាសន៍ថា ការអនុញ្ញាតឱ្យពេទ្យឯកជនព្យាបាលជំងឺកូវីដ១៩នេះអាចជាការដោះបន្ទុកមួយរបស់មន្ទីរពេទ្យរដ្ឋ ប៉ុន្តែត្រូវធានាថាអ្នកជំងឺនឹងមិនត្រូវបានបង្ខំឱ្យទៅព្យាបាលដោយបង់ប្រាក់ឡើយ។
លោក មាស នី មានប្រសាសន៍ថា៖«បើអ្នកជំងឺស្ម័គ្រចិត្តសុំទៅព្យាបាលនៅពេទ្យឯកជនដោយខ្លួនឯងជារឿងមួយ តែបើសិនជាមានការបញ្ជូនដោយបង្ខំណាមួយនោះ ជារឿងមួយដែលមិនអាចទទួលយកបាន»។
លោក មាស នី បន្ថែម៖ «ជំងឺក្រៅពីកូវីដពេទ្យខ្លះបញ្ជូនអ្នកជំងឺឱ្យគ្នាដោយពេទ្យធ្វើការនៅរដ្ឋបំភ័យថា អត់ឧបករណ៍អត់មានអីចឹងដល់ពេទ្យឯកជនទើបមាន ជាដើម ដូច្នេះរដ្ឋាភិបាលត្រូវពិនិត្យការពារកុំឱ្យបញ្ហានេះកើតឡើងទៀត»។
បច្ចុប្បន្នមន្ទីរពេទ្យរបស់រដ្ឋដែលព្យាបាលជំងឺកូវីដ១៩ធ្ងន់ធ្ងររួមមាន មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែ មជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេងហង់ស៊ិន សណ្ឋាគារហ្គ្រេដឌូកភ្នំពេញ មន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីពេទ្យរដ្ឋជាច្រើនទៀតនៅតាមបណ្ដាខេត្តនានា។ នៅភ្នំពេញអ្នកជំងឺស្រាលត្រូវបានដាក់ឱ្យសម្រាកនៅតាមមណ្ឌលព្យាបាលមួយចំនួន រួមមានអគារកោះពេជ្រ អគារសាលកីឡាក្នុងពហុកីឡដ្ឋានជាតិ និងសាលរៀបអាពាហ៌ពិពាហ៌ផ្សេងៗទៀត៕