សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការខេត្តបាត់ដំបងសម្រេចឃុំខ្លួនអគ្គនាយកក្រុមហ៊ុនចិញ្ចឹមសត្វដែលពាក់ព័ន្ធនឹងការបោកប្រាស់ប្រជាពលរដ្ឋ

បុរសម្នាក់កំពុងជិះម៉តូចេញពីសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសពីរនាក់ផ្សេងទៀតកំពុងជជែកជាមួយមន្ត្រីប៉េអឹមម្នាក់ខាងក្រៅរបងតុលាការខេត្ត។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
បុរសម្នាក់កំពុងជិះម៉តូចេញពីសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសពីរនាក់ផ្សេងទៀតកំពុងជជែកជាមួយមន្ត្រីប៉េអឹមម្នាក់ខាងក្រៅរបងតុលាការខេត្ត។ រូបថតថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

តុលាការខេត្តបាត់ដំបងបានសម្រេចចោទប្រកាន់និងឃុំខ្លួនអគ្គនាយកក្រុមហ៊ុននិងប្អូនបង្កើត​របស់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនចិញ្ចឹមសត្វអានស៊ីន អាវី សែនជ័យ​ នៅដើមខែកញ្ញា​នេះ​ នៅពេលដែលពួកគេបានបោកប្រាស់ប្រាក់ប្រជាពលរដ្ឋជាង២​លាន​ដុល្លារ។

បុរសពីរនាក់ដែលតុលាការបានសម្រេចឃុំខ្លួនមានឈ្មោះ ឃុន ផាណូ អគ្គនាយកក្រុមហ៊ុន​អានស៊ីន អាវី សែនជ័យ និងម្នាក់ទៀតឈ្មោះ ធី រ៉ាវ៉ាន់ មានតួនាទីជាអ្នកគ្រប់គ្រងការលក់ទិញ គោ ពពែ មាន់ និងចំណីក្រុមហ៊ុននេះក្នុងចំណោមមនុស្ស៦នាក់ដែលពលរដ្ឋរងគ្រោះបាន​ប្តឹង។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអាយ្យការអមសាលាដំបូងខេត្តបាត់ដំបងមាន​ប្រសាសន៍​ថា បុរសពីរនាក់ខាងលើនេះត្រូវតំណាងអាយ្យការសម្រេចឃាត់ខ្លួនបញ្ជូនទៅចៅក្រម​ស៊ើប​សួរ​អស់ហើយនិងកំពុងមានចំណាត់ការបន្តទៀតចំពោះអ្នកដែលគេចខ្លួន។

លោកព្រះរាជអាជ្ញាបន្ថែមថា បច្ចុប្បន្ននេះតុលាការកំពុងស្រាវជ្រាវលើពាក្យបណ្តឹងផ្សេងទៀត​ដែលទាក់ទងសំណុំរឿងនេះ ដែលបច្ចុប្បន្ននេះឃើញមានពីរពាក្យបណ្តឹងហើយ បើសិនជា​ជនល្មើស ​និងគូកនមានឈ្មោះតែមួយអាចនឹងសម្រចច្របាច់ចូលគ្នាដើម្បីពន្លឿន ​នីតិវិធី ។

លោក សុជាតិ មានប្រសាសន៍ថា៖ «ឥឡូវនេះយើងកំពុងស្រាវជ្រាវពាក្យបណ្តឹងពីរនេះរឺមាន​ប៉ុន្មាន​ផ្សេងៗទៀត តើត្រូវបញ្ចូលរឿងតែមួយរឺដាច់ដោយឡែកបើប្រជាពលរដ្ឋច្រើន ជន​ល្មើស និងគូរកនមនុស្សតែមួយ សំណុំរឿងទីមួយក៏មានមនុស្សទាំងអស់ហ្នឹង ទីពីរ និង ទីបី មានមនុស្សទាំងអស់ហ្នឹង យើងអាច ប្រើនីតិវិធីបញ្ចូលរឿងដើម្បីឱ្យដំណើរការនីតិវិធីបាន​លឿននិងឆាប់រហ័ស»

ក្រុមហ៊ុនអានស៊ីន អាវី សែនជ័យ ឯ.ក (ANSHIN RV SENCHEY CO​.LTD)​ជាក្រុមហ៊ុន​ឯកជន​​មួយបង្កើតឡើងនៅថ្ងៃទី០៥ខែមករាឆ្នាំ២០១៩មានទីតាំងក្រុមទី១​ភូមិសាលាបាឡាត់ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង មុនដំបូងក្រុមហ៊ុននេះចុះបញ្ជីពាណិជ្ជកម្មនៅ​ក្រសួង​ពាណិជ្ជកម្ម និងមានលិខិតអនុញ្ញាតង្កើត​កសិដ្ឋានចិញ្ចឹមគោនិងមាន់ពូជក្នុងស្រុកដែល​ចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វផងដែរ។ ក្រុមហ៊ុន​អានស៊ីន​នេះ​ឃើញមានកសិដ្ឋានចិញ្ចឹមគោ ពពែ មាន់ធំៗពីរកន្លែង មួយកន្លែងជួលដី​ទំហំប្រហែលមួយ​ហិកតា នៅភូមិបត់សាលានិងមួយកន្លែងទៀតនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ លើផ្ទៃដីបីហិកតា។

ជនរងគ្រោះបានឱ្យដឹងថា លោក ធី រ៉ាវុធ និងបក្សពួកបានធ្វើសកម្មភាពផ្សព្វផ្សាយតាម​បណ្តាញ​ទូរទស្សន៍និង បណ្តាញសង្គមនិងតាមរយៈអ្នកណែនាំស្គាល់គ្នា​ជាបន្តបន្ទាប់​ស្តីពី​ការវិនិយោគបណ្តាក់ទុនរបស់ក្រុមហ៊ុនខ្លួនលើវិស័យចិញ្ចឹមសត្វគោមាន់ពពែនិងចែកចាយ​ផលិតផលកសិកម្មគ្រប់ប្រភេទដោយមានភ្ជាប់រូបភាពថ្នាក់ដឹកនាំ កំពូលៗដែលចុះមកមើល​ក្រុមហ៊ុនខ្លួននិងឈ្មោះឧកញ្ញ៉ាមួយចំនួនជាធ្នាក់ទៀតផង។

ដោយក្រុមនេះបានអូសទាញប្រជាពលរដ្ឋឱ្យចូលលុយវិនិយោគនឹងទទួលបានមកវិញនូវ​ប្រាក់ចំណេញជា ភាគលាភខ្ពស់ទៅតាមទំហំទឹកប្រាក់ដែលវិនិយោគ​ដោយអត្រាការ​ប្រាក់​ចាប់ពី​ជាងបីភាគរយដល់៦ភាគរយ។ ក្រោយពីមានការជឿជាក់ប្រជាពលរដ្ឋជាច្រើនតាម​បណ្តា​ខេត្តនានានិងក្រៅប្រទេសផងបានប្រមែប្រមូលលុយដាក់ទុនវិនិយោគជាមួយ​ក្រុមហ៊ុន​នេះ ខ្លះអស់រាប់ពាន់និងរាប់ម៉ឺនដុល្លារដែលសរុបខ្ទង់លានដុល្លារដោយទទួលបាន ការ​ប្រាក់​(ភាគលាភ)​ជាប្រចាំខែ ប្រចាំវគ្គរឺប្រចាំឆ្នាំបានមួយរយៈក្រុមហ៊ុនក៏បិទទ្វារ​ និងលែង​មាន​ការ​ទទួលខុសត្រូវចំពោះអ្នកដាក់វិនិយោគ។

លោក អាង សុផាន់ណា អាយុ៣២ឆ្នាំ តំណាងប្រជាពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ដែលឈរ​ឈ្មោះដាក់ ពាក្យបណ្តឹងបានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះដែល​ក្រុមលោក​ប្រមូលឈ្មោះ និងឯកសារបានជាង២០០នាក់ក្នុងចំណោមជនរងគ្រោះប្រហែល៣០០នាក់​ដែលចាញ់បោកក្រុមហ៊ុនខាងលើនេះជាងពីរលាន៧សែនដុល្លារ។

លោកបន្ថែមថា​ ក្នុង​ចំនួន​នេះមានតែប្រជាពលរដ្ឋរងគ្រោះចំនួន១១០នាក់ប៉ុណ្ណោះ​ដែល​ស្ម័គ្រ​ចិត្តចូលរួមដាក់ពាក្យបណ្តឹងដោយពួកគាត់ចំណាយលុយ១ភាគរយនៃប្រាក់ទុនដាក់វិនិយោគដើម្បីរត់ការក្តី។

លោកបានបញ្ជាក់ថា ក្នុងពាក្យបណ្តឹងដាក់ចូលសាលាដំបូងខេត្តបាត់ដំបងកាលពីខែកក្កដា ឆ្នាំ២០២២ គឺប្តឹងមនុស្សសំខាន់ៗក្នុងក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ៦នាក់ចោទប្រកាន់​ពីបទ​រំលោភលើសេចក្តីទុកចិត្ត មេក្លោងផ្តើមគំនិតក្នុងអំពើឆបោកនិងផ្សំគំនិត​ក្នុងអំពើ​ឆបោក​អំឡុង​ឆ្នាំ២០១៩ ។

លោកបញ្ជាក់ថា ជនជាប់ចោទដែលពលរដ្ឋប្តឹងទាំង៦នាក់មានឈ្មោះ ធី រ៉ាវុធ ភេទប្រុស​ប្រធាន​ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលលុយពីពលរដ្ឋផ្ទាល់ ឈ្មោះ វ៉ុន រស្មី ជាប្រធាន​គណនេយ្យ និងជាភរិយារបស់លោក ធី រ៉ាវុធ ឈ្មោះ ធី រ៉ាវ៉ាន់ អ្នកគ្រប់គ្រង​ការទិញលក់គោ ពពែ មាន់ និង​ចំណីត្រូវជាប្អូនបង្កើតលោក ធី រ៉ាវុធ និងឈ្មោះ សុខ ចិន្ថា អ្នកគ្រប់គ្រងទូទៅ​ត្រូវជា​ប្អូនថ្លៃ​លោក ធី រ៉ាវុធ​ និងឈ្មោះ ផាន់ ស៊ីណាត អ្នកគ្រប់គ្រងបច្ចេកទេសនិងឈ្មោះ ឃុន ផាណូ ជាអគ្គនាយកក្រុមហ៊ុន។

លោកបន្ថែមថា នៅថ្ងៃទី៧និងទី៨ ខែកញ្ញា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងខេត្ត​បាត់ដំបង​បានចេញដីកាកោះឱ្យចូលបំភ្លឺទាំងដើមចោទ និងចុងចោទដោយពេលនោះ​មានតែភាគីចុងចោទបួននាក់ប៉ុណ្ណោះចូល ខ្លួនបំភ្លឺដោយឈ្មោះ ធី រ៉ាវុធ ដែលជាអ្នកទទួល​លុយវិនិយោគពីពលរដ្ឋផ្ទាល់និងប្រពន្ធឈ្មោះ វ៉ុន រស្មី ជាប្រធានគណនេយ្យបានរត់គេច​ខ្លួនបាត់ ។

លោកបន្ថែមថា៖ «ក្នុងការបំភ្លឺពីរថ្ងៃនេះលោកព្រះរាជអាជ្ញារបានសម្រេចឃុំខ្លួនលោក ឃុន ផាណូ និង ធី រ៉ាវ៉ាន់ ចំណែកពីរនាក់ទៀតបានសម្រេចឱ្យនៅក្រៅឃុំ​បណ្តោះអាសន្ន»។ លោក​បន្ថែមថា៖ «ខ្ញុំលឺ ផ្ទាល់ត្រចៀកលោកព្រះរាជអាជ្ញារធំបានបញ្ជាឱ្យ​ព្រះរាជអាជ្ញាររង​ចេញ​ដីកាចាប់ខ្លួនអ្នករត់គេចខ្លួន គឺមិនអោយរួចខ្លួននោះទេដោយលោកថា​ស្អប់ណាស់​អ្នកបោកយកប្រាក់ប្រជាពលរដ្ឋ»

តាមមាត្រា៣៧៨នៃក្រុមព្រហ្មទណ្ឌ ទោសដែលត្រូវអនុវត្តនៃអំពើឆបោកត្រូវផ្តន្ទាទោស​ពី​ប្រាំមួយខែទៅបីឆ្នាំ និងពិន័យជាទឹកប្រាក់១លានរៀលដល់៦លានរៀល។ មាត្រា៣៩២​នៃ​ច្បាប់​ដដែលនេះ អំពើរំលោភលើទំនុកចិត្តត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​ពីប្រាំមួយខែទៅ​៣ឆ្នាំ និងពិន័យជាប្រាក់១លានរៀលទៅ៦លានរៀល។

កសិដ្ឋានចិញ្ចឹមគោ និងពពែ នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ នៅសល់តែដុំចំបើងក្នុងរោងកសិដ្ឋាន។ ខេមបូចា/ សុខ សាវី

អ្នកសារព័ត៌មានខេមបូចា បានធ្វើដំណើរទៅកាន់កសិដ្ឋានចិញ្ចឹមគោ ពពែ និង មាន់ មួយ​កន្លែង​របស់ក្រុមហ៊ុន អានស៊ីន ខាងលើជួលអ្នកភូមិចំនួនពីរនាក់ដែលមានផ្ទៃដីទំហំប្រហែល​១ហិកតាស្ថិតនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីចុង​សប្តាហ៍​នេះ។ ទីនេះប៉ុន្មានខែមុនធ្លាប់ឃើញមានពពែនៅសល់​ប្រហែល៣០ក្បាលដែរ តែ​បច្ចុប្បន្ននេះពុំមានឃើញទៀតនោះទេ គឺសល់មាន់ប៉ុន្មានក្បាល​និងដុំចំបើងដែលមានដុះផ្សិត​ខ្លះ​ដាក់គរ​ក្នុងរោងចិញ្ចឹម គោ ពពែ ចំនួនបីក្នុងសភាពស្ងាត់ជ្រងំ។

ទីនេះឃើញមានស្រ្តីម្នាក់ឈ្មោះ ធឿន ថុល អាយុ៣៨ឆ្នាំ ជាកូនម្ចាស់ដីដែលមានផ្ទះ​ក្នុង​កសិដ្ឋាននេះបាននិយាយថា គេលែងចិញ្ចឹមសត្វគោ ពពែ យូរខែមកហើយ​ មិនដែល​ឃើញ​ម្ចាស់ក្រុមហ៊ុនដែលជួលដីគាត់ចេញចូលទីនេះទៀតដែរ។

អ្នកស្រី ធឿន ថុល ឱ្យដឹងថា៖ «ខ្ញុំមិនដែលឃើញអ្នកណាមកទៀតទេ គេលែងចិញ្ចឹមសត្វ​ហើយ ខ្ញុំកំពុងដាក់ដាំបន្លែ និងដំណាំក្នុងកសិដ្ឋាននេះវិញចំណែករោងចិញ្ចឹមសត្វនេះ​រង់ចាំមើល​ថ្ងៃណាគេមករើចេញ»

លោក យិន ប៊ុននី នាយនគបាលប៉ុស្តិ៍អូរម៉ាល់បានបញ្ជាក់ថា លោកធ្លាប់បានទទួល​​ដីកាកោះហៅលោក ធី រ៉ាវុធ និងប្រពន្ធរបស់គាត់ពីរដងដែរតែគាត់បានគេចខ្លួនបាត់ទៅហើយ​មិនឃើញនៅមូលដ្ឋាននេះនោះទេ។

លោក ប៊ុននី បន្តថា៖ «គាត់បើកស្នាក់ការក្រុមហ៊ុននៅផ្ទះម្តាយឳពុកក្មេករបស់គាត់​នៅសង្កាត់​អូរម៉ាល់គាត់បានគេចខ្លួនបាត់ហើយខ្ញុំបានប្រាប់ទៅមន្រ្តីតុលាការវិញហើយនិងមិនទាន់បាន​ទទួលដីកាទៀតនោះទេពីរខែមកនេះ»

លោក អាង សុផាន់ណា តំណាងជនរងគ្រោះបាននិយាយថា​ក្រៅពីដាក់ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​ក្រុមលោកកំពុងស្រាវជ្រាវប្រមូលឯកសារស្តីពីទ្រព្យសម្បត្តិរបស់ជនជាប់ចោទ​ខាងលើ​ដើម្បី​ដាក់ពាក្យស្នើសុំដីការក្សាការពារទ្រព្យសម្បត្តិទាំងនោះពីតុលាការប្រយោជន៍​ដើម្បីបានទុនដែលវិនិយោគត្រឡប់មកវិញ។

លោកបញ្ជាក់ថា ក្រុមលោកបានរកឃើញលោក ធី រ៉ាវុធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​និងឈ្មោះ ធី រ៉ាវ៉ាន់ ជាប្អូនប្រុសមានឈ្មោះកាន់កាប់ដីច្រើនកន្លែងសរុបជាង៣០ហិកតា​និងមានតម្រុយជាច្រើនកន្លែងទៀតដែលកំពុងស្រាវជ្រាវបន្ត។

លោក សុផាន់ណា លើកឡើងថា៖ «ក្រុមខ្ញុំក៏បានស្រាវជ្រាវទ្រព្យសម្បត្តិលោក ឃុន ផាណូ អគ្គនាយកក្រុមហ៊ុននេះរកឃើញមានដីពីរកន្លែងបូករួមទាំងហាងមួយនៅក្រុងបាត់ដំបងដែលអាចលក់បានជាង២០ម៉ឺនដុល្លារ និងមានដីបើកកសិដ្ឋាននៅស្រុកបវេលបីហិកតាផងដែរយើង​កំពុងបន្តស្រាវជ្រាវទៀតដែរ»

ដោយឡែកលោក ស៊ឹម វុទ្ធា ជាជនរងគ្រោះម្នាក់ដែលចាញ់បោកក្រុមហ៊ុនចិញ្ចឹមសត្វខាងលើ​ប្រមាណជាង៥ម៉ឺនដុល្លារដែលបច្ចុប្បន្ននេះលោកក៏ជាតំណាងជនរងគ្រោះដែរ បាននិយាយ​ថា បច្ចុប្បន្ននេះគ្រួសារលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំងព្រោះលុយទាំងនេះ​សុទ្ធ​សឹង​តែ​ខ្ចីបុលគេមកដាក់វិនិយោគស្ទើរទាំងអស់។

លោក វុទ្ធា បានបន្តថា លុយដែលដាក់វិនិយោគនេះលោកខ្ចីពីឯកជនគេយកការប្រាក់​៣ភាគរយហើយយកមកដាក់វិនិយោគលើការចិញ្ចឹមមាន់បានការប្រាក់៦ភាគរយបានរយៈ​ពេលតែមួយឆ្នាំក៏លែងបាន។ ប៉ុន្តែការប្រាក់ដែលបានមកគឺបង្វិលដាក់វិនិយោគទៅវិញអស់​មិនមានសល់នោះទេ ហើយក៏មិនទាន់បានសងថ្លៃដើមដែលខ្ចីគេដែរ។

លោក វុទ្ធា ឱ្យដឹងថា៖ «ខ្ញុំកំពុងប្រឈមការលំបាកខ្លាំង​បច្ចុប្បន្ននេះ​មានបណ្ណាគារ​លក់​សៀវភៅ​តូច​មួយគ្រាន់បង្វិលលុយឡើងការប្រាក់ឱ្យគេ តែវាជិតអស់សៀវភៅលក់ទៅ​ហើយ​ព្រោះបង្វិលមិនទាន់ ពេលខ្លះនឹកឃើញរឿងនេះមាត់ធំតូចជាមួយគ្រួសារទៀត»

លោក សុទ្ធា សង្ឃឹមថា នៅពេលដែលប្រមូលឯកសារទាក់ទងទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុន​ខាងលើរួចពួកលោកឱ្យមេធាវីរៀបចំពាក្យដើម្បីស្នើសុំដីកា រក្សាការពារពីតុលាការក្រែងបានដើមទុនខ្លះត្រឡប់មកវិញ។

លោក រស់ ស៊ី ថាមេធាវីដើមចោទតំណាងឱ្យជនរងគ្រោះបានឱ្យដឹងថាលោកព្រះរាជអាជ្ញារ​គាត់សម្រេចឃុំខ្លួនពីរនាក់ក្នុងពន្ធនាគារនិងអនុញ្ញាតឱ្យនៅក្រៅឃុំពីរនាក់បណ្តោះអាសន្ន។តាមការគិតផ្ទាល់ខ្លួនរបស់លោក ពីរនាក់ដែលអនុញ្ញាតឱ្យនៅក្រៅឃុំនោះក៏សុទ្ធតែមាន​ការ​ពាក់ព័ន្ធ​រឿងក្តីនេះដែរ។

ដោយឡែកទាក់ទងការស្នើសុំដីការក្សាការពារលើទ្រព្យសម្បត្តិជនជាប់ចោទនោះលោកនឹងរៀបចំដាក់ពាក្យសុំទៅតុលាការបើសិនជាកូនក្តីរបស់លោកសំណូមពរនិងឯកភាពឱ្យស្នើសុំ ។

លោកមេធាវី បញ្ជាក់ថា៖ «យើងនឹងពិចារណារៀបចំធ្វើពាក្យបណ្តឹងរដ្ឋប្បវេណី​បន្ថែម​ដើម្បីឃាត់ទ្រព្យសម្បត្តិគាត់ ដាក់រក្សាការពារលើទ្រព្យសម្បត្តិទាំងនោះតាមការ​យល់ព្រម​ពីកូនក្តីរបស់ខ្ញុំបើគាត់ស្នើសុំ»

ទាក់ទងបញ្ហានេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត​បាត់ដំបង​មានប្រសាសន៍ថា

បទល្មើសខាងលើនេះទាក់ទងនឹងបទឆបោកវាជាហានិភ័យមួយតម្រូវឱ្យមានការស្រាវជ្រាវ​បន្ថែមតើគាត់បោកប្រាស់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយកទៅណា។

លោក កែវ សុជាតិ បញ្ជាក់ទៀតថា៖ «បើប្រជាពលរដ្ឋគាត់ចង់ដាក់ពាក្យស្នើសុំដាក់ដីកា​រក្សា​ការពារវាជា​សិទ្ធិរបស់គាត់ តែយើងបានដាក់លិខិតដល់អង្គភាពពាក់ព័ន្ធ​ដើម្បីស្រាវជ្រាវ​ទ្រព្យសម្បត្តិ​ពួក​គាត់រួចអស់ហើយ»

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបាត់ដំបងនិងប៉ៃលិនបាន​កត់​សម្គាល់ថា រយៈកាលកន្លងមកលោកសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបានចូលរួម​ផ្តល់​ទុនវិនិយោគជាមួយនឹងបណ្តាក្រុមហ៊ុនក្នុងស្រុកមួយចំនួនដើម្បីពង្រីកផលទុនផងនិង​បង្កើន​ប្រាក់ចំណូលផង តែចុងក្រោយពួកគាត់ក្លាយជាជនរងគ្រោះ។

លោក គង់ជិត បញ្ជាក់ថា៖ «ដោយពួកគាត់នឹកឃើញថាជាក្រុមហ៊ុនប្រកបមុខរបរដោយ​សុចរិត ព្រោះឃើញមានភ្ជាប់ខ្លួនជាមួយឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់​ និងមានអាជ្ញាបណ្ណ​ត្រឹមត្រូវចេញដោយក្រសួងមានសមត្ថកិច្ចច្បាស់លាស់បន្ទាប់មកបានលង់ខ្លួនជឿទុកចិត្តលើក្រុមហ៊ុនទាំងនោះព្រោះបានបង្កើតកិច្ចសន្យាច្បាស់លាស់និងគោរពកាតព្វកិច្ចសន្យាដោយខ្ជាប់ខ្ជួនពីដំបូងៗ»

មន្រ្តីសិទ្ធមនុស្សរូបនេះបានបន្តថានៅពេលដែលអតិថិជនបានផ្តល់មូលនិធិអស់ពីខ្លួន ក្រុមហ៊ុន​ទាំងនោះចាប់ផ្តើមមិនអនុវត្តកាតព្វកិច្ចនិងចាប់ផ្តើមគេចវេះពីកាតព្វកិច្ច​ឈានទៅ​រកការរំលោភលើទំនុកចិត្តរបស់អតិថិជនខ្លួន ដោយប្រើលេសមិនចេះអស់មិនចេះ​ហើយ និង​ធ្វើឲ្យអតិថិជនខ្លួនខាតបង់ផលប្រយោជន៍។ បន្ទាប់មកពួកគេចាប់ផ្តើមសប្បាយ និងមិនខ្វល់​ពីកង្វល់របស់អតិថិជនខ្លួនដោយគ្មានទំនួលខុសត្រូវដូចជាករណីរបស់ក្រុមហ៊ុន​អានស៊ីន អាវី សែនជ័យ ជាដើម។

លោក គង់ជិត បន្ថែមថា៖ «ប្រសិនបើតំណាងអយ្យការមិនមានវិធានការផ្លូវច្បាប់លើជនបង្កឱ្យ​បានធ្ងន់ធ្ងរទេនោះជនរងគ្រោះនឹងទទួលការខាតបង់ផលប្រយោជន៍កាន់តែធ្ងន់ធ្ងរ»

4,275 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម