សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក Blinken ទទូចឲ្យលោក ហ៊ុន សែន ផ្តល់សិទ្ធិនយោបាយដល់មេដឹកនាំបក្សប្រឆាំងនិងសកម្មជនដែលកំពុងជាប់ពន្ធនាគារ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken ថ្លែងទៅកាន់បណ្តាញព័ត៌មាន អំឡុងសន្និសីទកាសែតនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken ថ្លែងទៅកាន់បណ្តាញព័ត៌មាន អំឡុងសន្និសីទកាសែតនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken បាន​មានប្រសាសសន៍កាល​ពី​ថ្ងៃសុក្រ​ថា លោក​បានជួបជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​ទទូច​ឲ្យ​មេដឹកនាំកម្ពុជាដែល​កាន់អំណាចដ៏យូរអង្វែងរូបនេះ​ «បើកលំហនយោបាយ​និង​សិទ្ធិសង្គមស៊ីវិលឡើងវិញ» នៅមុន​ការ​បោះឆ្នោតជាតិឆ្នាំ​ក្រោយ។

ប្រមុខការទូតកំពូល​អាមេរិករូបនេះ​បានថ្លែងនៅក្នុងសន្និសីទកាសែត​នៅក្រៅជំនួបជាមួយនឹង​មេដឹកនាំ​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងទីក្រុងភ្នំពេញ​។

លោកបាន​មាន​ប្រសាសន៍ថា៖ «បញ្ហាមួយនៅក្នុងចំណោម​បញ្ហា​ដែល​រាំងស្ទះដល់ដំណើរការពង្រឹងទំនាក់ទំនងរវាងប្រទេសរបស់យើងទាំងពីរគឺការបារម្ភរបស់យើងអំពីការបាត់បង់ការគោរពចំពោះសិទ្ធិមនុស្សនិងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យជាបណ្តើរនៅក្នុងប្រទេសកម្ពុជា»។

អំឡុង​ជំនួប​រវាងថ្នាក់ដឹកនាំទាំងពីរ​កាលពីថ្ងៃព្រហស្បតិ៍ លោក Blinken បាន​ទទូច​ឲ្យ​លោក ហ៊ុន សែន អនុញ្ញាតឲ្យ​មេដឹកនាំប្រឆាំង​គឺលោក កឹម សុខា ដែល​កំពុងស្ថិតនៅក្នុងដំណើរការសវនាការលើបទចោទសន្និដ្ឋិភាព​ជាមួយបរទេសជុំវិញ​អ្វីដែលជឿជាក់ជាទូទៅថា ជា​ការ​ចោទប្រកាន់​បែបប្រឌិត​នោះ​ ឲ្យ​ចូល​រួម​នៅក្នុង​ដំណើរការនយោបាយ​ឡើងវិញ​។ លោក Blinken បន្ទាប់មក​បាន​ជួបជាមួយ​លោក សុខា កាល​ពីថ្ងៃសុក្រ​។

យោងតាមកំណត់ហេតុ​របស់​ក្រសួងការបរទេសអាមេរិក​ដែល​ចេញផ្សាយ​បន្ទាប់ពី​ជំនួប​នេះ​បាន​ឲ្យ​ដឹងថា លោក Blinken ក៏អំពាវនាវឲ្យ​ដោះ​លែង​សកម្មជនដែល​កំពុងជាប់ពន្ធនាគារនិង​កញ្ញា សេង ធារី ជាពលរដ្ឋអាមេរិក​ដើមកំណើតខ្មែរ​ផងដែរ​។ កញ្ញា សេង ធារី ត្រូវ​បាន​ចាប់ដាក់ពន្ធនាគារ​ជាមួយ​នឹង​សកម្មជនបក្ស​ប្រឆាំង​រាប់សិបនាក់ផ្សេងទៀត​ បន្ទាប់ពី​សវនាការដែល​ពាក់ព័​ន្ធមនុស្សដ៏ច្រើនកាលពីខែមិថុនា​។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony J. Blinken ចាប់ដៃជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​ជំនួប​មួយ​នៅវិមានសន្តិភាព​ក្នុងទីក្រុងភ្នំពេញ​ កាលពីថ្ងៃទី​៤ ខែ​សីហា​ ឆ្នាំ២០២២។ រូបភាព​ពីទំព័រហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ដែល​ជា​បក្សប្រឆាំង​ បាន​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​មាន​ន័យថា ប្រទេសកម្ពុជា​មាន​កាតព្វកិច្ច​គោរពលទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ ហើយ​សហគមន៍អន្តរជាតិ​នឹង​បន្ត​ទាមទារឲ្យ​ប្រទេសកម្ពុជាគោរព​។​

លោក​មាន​ប្រសាសន៍ថា៖ «ដូចយើងបានឃើញ​កន្លងមក មិនមែនមានតែ​រដ្ឋមន្ត្រីការបទេសអាមេរិកប៉ុណ្ណោះទេ ដែល​អំពាវនាវឲ្យ​ប្រទេសកម្ពុជា​ស្តារលទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស​ឡើងវិញ សូម្បី​សហភាពអឺរ៉ុបក៏អំពាវនាវដែរ»។

ប៉ុន្តែ​លោក សាម អ៊ីន អគ្គលេខាធិការគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​មាន​ប្រសាសន៍ថា ដោយ​សារតែគ្មាន​វិធានការឬទណ្ឌកម្មជាក់លាក់ពីរដ្ឋាភិបាល​សហរដ្ឋអាមេរិក លោក ហ៊ុន សែន ទំនងជាមិន​អើពើនឹងប្រសាសន៍​របស់​លោក Blinken នោះទេ។

លោក​មាន​ប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថា សហរដ្ឋអាមេរិកមិន​បាន​ដាក់លក្ខខណ្ឌហ្មត់ចត់ណាមួយ​ (លើប្រទេសកម្ពុជាក្នុងការធ្វើឲ្យ​បញ្ហា​សិទ្ធិមនុស្សប្រសើរឡើងទេ) ដូច្នេះ​រដ្ឋាភិបាល​មិន​ទំនងជា​ឆ្លើយ​តបនោះទេ»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី​បាន​ពន្យល់​ទៅ​លោក Blinken អំឡុង​ជំនួប​នោះថា «កម្ពុជាកំពុងពង្រឹងនិង​កែទម្រង់​និតិរដ្ឋ»។

លោក​បាន​បន្ថែមថា សហរដ្ឋអាមេរិក​មិន​យល់ច្បាស់​អំពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុជា​ ពីព្រោះ​មន្ត្រីដូចជា​លោក Blinken បានទទួល​របាយការណ៍​ស្តីពីប្រទេសកម្ពុជា​ពីបណ្តាញព័ត៌មាន​លម្អៀង​។

នៅក្នុង​សំណុំរឿងរបស់​លោក កឹម សុខា លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា «រដ្ឋាភិបាល​មិន​បាន​ជ្រៀតជ្រែក​» ខណៈសំណុំរឿងនេះកំពុងដំណើរការនៅក្នុងតុលាការនៅឡើយ។

លោក សឹង សែនករុណា ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​នៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា លោកសង្ឃឹមថា មេដឹកនាំកម្ពុជានឹងស្តាប់តាមសហរដ្ឋអាមេរិក ដោយសារតែ «បញ្ហាដែលត្រូវបានលើកឡើងនេះមិនមែនស្ថិតនៅក្នុង​ផល​ប្រយោជន៍របស់អាមេរិកទេ ប៉ុន្តែ​ស្ថិតនៅក្នុង​ផលប្រយោជន៍របស់​ប្រជាជនកម្ពុជា»។

លោកមាន​ប្រសាសន៍ថា ប្រសិនបើ​រដ្ឋាភិបាល​បន្ត​ធ្វើមិន​ដឹងមិនឮចំពោះការបារម្ភដែល​លើកឡើងដោយ​ទីក្រុងវ៉ាស៊ីនតោន​ នោះសហគមន៍អន្តរជាតិ​ទំនងជា​បង្កើន​ការគាបសង្កត់ផ្នែកសេដ្ឋកិច្ចនិងការទូតមកលើប្រទេសកម្ពុជា។​

លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការសម្រេចព្រមានលោកឱ្យឈប់ធ្វើសកម្មភាពនយោបាយ។ រូបថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីតុលាការសម្រេចព្រមានលោកឱ្យឈប់ធ្វើសកម្មភាពនយោបាយ។ រូបថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក ឯម សុវណ្ណារ៉ា ជាអ្នកវិភាគនយោបាយ​បាន​មាន​ប្រសាសន៍ថា ខណៈលោក​គិតថា លោក​ ហ៊ុន សែន នៅពេលនេះប្រហែលជាពិចារណា​ដោះលែងសកម្មជនខ្លះ ប៉ុន្តែ​លោក ហ៊ុន សែន​ នឹង​មិន​ធ្វើ​បែបនេះ​ទេនៅក្នុងករណីរបស់​លោក កឹម សុខា ពីព្រោះ​មេដឹកនាំ​បក្សប្រឆាំង​ដ៏មាន​ប្រជាប្រិយភាពរូបនេះ​បង្ក​ការ​គំរាមកំហែង​ចំពោះលោក។

លោក​ សុវណ្ណារ៉ា មាន​ប្រសាសន៍ថា៖ «​សម្រាប់ករណីរបស់​លោក​ កឹម សុខា វាប្រហែលជាមិនអាចទេ ពីព្រោះគណបក្សកាន់អំណាចចង់ធ្វើឲ្យប្រាកដថា ពួកគេឈ្នះ​ការ​បោះ​ឆ្នោតជាតិ​»

ក្រៅពីបញ្ហាសិទ្ធិមនុស្ស​និង​ការបារម្ភអំពី​លំហប្រជាធិបតេយ្យ​កាន់តែរួមតូចនៅក្នុងប្រទេសកម្ពុជា​ លោក Blinken ក៏បាន​ជជែកជាមួយ​លោក ហ៊ុន សែន ទាក់ទង​នឹងបញ្ហា​ភូមិសាស្ត្រនយោបាយ​ផងដែរ រួម​ទាំង​ឥទ្ធិពលរបស់​ប្រទេសចិន​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិចជាយុទ្ធសាស្ត្រ។

យោងតាម​ក្រសួងការបរទេសអាមេរិក​បាន​ឲ្យ​ដឹងថា រដ្ឋមន្ត្រីការបរទេសរូបនេះ​បាន​ស្នើទៅលោកនាយករដ្ឋមន្ត្រីត្រូវតែ «មាន​តម្លាភាពពេញលេញ​អំពីសកម្មភាព​របស់​សាធារណរដ្ឋប្រជាមានិតចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹករាមដោយសង្កត់ធ្ងន់ថា វត្តមានផ្តាច់មុខរបស់ចិនអាចនឹងធ្វើឲ្យប៉ះពាល់អធិបតេយ្យភាពកម្ពុជា សន្តិសុខក្នុងតំបន់ និងសាមគ្គីភាពអាស៊ាន» ។

លោក Blinken បាន​បញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក Joe Biden នឹង​ចូល​រួមជំនួប​កំពូល​មេដឹកនាំអាស៊ាន​នៅកម្ពុជានៅខែវិច្ឆិកា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Blinken Presses Hun Sen on Jailed Opposition Leader, Activists

669 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម