បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ គម្រោងអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើង។ វិស័យសំណង់គឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ។
គម្រោងលំនៅឋានប្រណិតៗរាប់រយត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប លើផ្ទៃដីទំហំ ២០០ ហិកតា នៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ តម្លៃមានចាប់ពី ៣០០,០០០ ដុល្លារក្នុងមួយខ្នង សម្រាប់ផ្ទះអាជីវកម្មរហូតដល់ជាង ៤ លានដុល្លារសម្រាប់វីឡាមួយ។
ខេមបូចាបានឃើញផែនការមេរបស់ក្រុមហ៊ុនខាងលើនេះ មានវីឡាប្រណិតៗជាង ៦០ កំពុងសាងសង់។ យោងតាមភ្នាក់ងារលក់របស់ក្រុមហ៊ុនប៉េង ហួត គ្រុប តម្លៃ វីឡាមានចន្លោះពី ២ ទៅ ៤ លានដុល្លារ ហើយភាគច្រើនត្រូវបានលក់ចេញរួចហើយ។ លោកស្រី ទេព កន្និថា ប្រធានផ្នែកលក់នៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
នៅភាគខាងត្បូងនៃរាជធានីភ្នំពេញកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសការអភិវឌ្ឍអចលនទ្រព្យ រួមទាំងអគារពាណិជ្ជកម្ម មជ្ឈមណ្ឌលចែកចាយទំនិញ និងអចលនទ្រព្យប្រណិតៗដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុក។
ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលគ្រប់គ្រងអាជីវកម្មជាច្រើនរាប់ចាប់ពីធនាគារ សម្ភារៈសំណង់ ភេសជ្ជៈ និងអចលនៈទ្រព្យ ក៏កំពុងអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងតំបន់នោះផងដែរ រួមមានផ្ទះវីឡា ផ្ទះអាជីវកម្ម ផ្សារទំនើប និងខុនដូ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាហៅកាត់ថា (CVEA) បានប្រាប់ ខេមបូចា ថា ការកើនឡើងនៃតម្លៃ និងទំហំនៃវិស័យអចលនទ្រព្យគឺដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេស។
លោកបន្តថា ខណៈតម្លៃដីនៅតែមិនប្រែប្រួល ហើយវិស័យនេះមានស្ថិរភាព តម្លៃផ្ទះក៏នៅតែបន្តឡើងថ្លៃ។
លោក សុខនីម មានប្រសាសន៍ថា៖ «វីឡាប្រណិតតម្លៃរហូតដល់ ៣ លានដុល្លារត្រូវបានអភិវឌ្ឍន៍ដោយសារតម្រូវការកាន់តែច្រើនរបស់អ្នកដែលមានលុយច្រើន»។ លោកបន្ថែមទៀតថា ក៏មានគម្រោងអភិវឌ្ឍន៍វីឡាដែលមានតម្លៃរហូតដល់ជាង ៥ លានដុល្លារផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកថាអ្នកអភិវឌ្ឍអចលនទ្រព្យកំពុងសាងសង់តែសំណង់ប្រណិតៗ ដើម្បីបំពេញតម្រូវការអតិថិជនមួយក្រុមតូច ដោយសារអចលនទ្រព្យលំដាប់ខ្ពស់បែបនេះបានរួមចំណែកតិចជាង ១៥ ភាគរយប៉ុណ្ណោះនៃទីផ្សារអចលនទ្រព្យសរុប។
លោកបានបន្ថែមថា តាមពិតទៅអចលនទ្រព្យក្រោម ១០០,០០០ ដុល្លារមានច្រើនជាង ៥០ ភាគរយនៃទីផ្សារអចលនទ្រព្យសរុប។ លោកបានបន្តថា៖ «ទីផ្សារអចលនទ្រព្យនៅតែមានឱកាសក្នុងការរីកចម្រើនទៀត ខណៈតម្លៃនៅតែសមរម្យអាចទទួលយកបាន»។ លោកថាយ៉ាងហោចណាស់អាចកើនឡើងក្នុងអត្រា ៥០ ភាគរយធៀបនឹងតម្លៃបច្ចុប្បន្ន។
ក្នុងជំនួបជាមួយអ្នកគាំទ្រ ខ្មែរ-អាមេរិកាំង នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងនោះរួមទាំងវិស័យអចលនទ្រព្យផងដែរ ។ លោកបន្តថា តម្លៃលំនៅឋាននៅកម្ពុជាឥឡូវបានឡើងដល់ជាង ២លានដុល្លារហើយ។
លោកនាយករដ្ឋមន្រី្តបានមានប្រសាសន៍ថា ៖«ខ្ញុំបានសួរពីតម្លៃផ្ទះនៅសហរដ្ឋអាមេរិក ហើយតម្លៃគឺថោកជាងនៅកម្ពុជា។ ក្នុងប្រទេសកម្ពុជា ផ្ទះខ្លះមានតម្លៃពី ១លាន ទៅ ២លានដុល្លារ»។
រដ្ឋាភិបាលកម្ពុជាផ្តល់ការលើកលែងពន្ធសម្រាប់អ្នកទិញផ្ទះតម្លៃក្រោម ៧០,០០០ ដុល្លារ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «យើងលើកទឹកចិត្ត [ក្រុមហ៊ុន] ឱ្យអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យដើម្បីឱ្យអ្នកដែលមានប្រាក់ចំណូលទាបនិងមធ្យមអាចមានលទ្ធភាពទិញបាន»។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២១ របស់ក្រសួងរៀបចំដែនដី ដែលចេញផ្សាយក្នុងខែមករា ប្រទេសកម្ពុជាបានអនុម័តគម្រោងចំនួន ៤,៣០៣ ក្នុងឆ្នាំ ២០២១ ដែលមានតម្លៃជាទឹកប្រាក់ច្រើនជាង ៥.៣ ពាន់លានដុល្លារ ធៀបនឹង ៤,៨៤១ គម្រោងដែលមានតម្លៃជាង ៧.៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។
របាយការណ៍ក៏បង្ហាញផងដែរថា ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២១ អាជ្ញាធរកម្ពុជាបានអនុម័តការសាងសង់គម្រោងសរុបចំនួន ៥៧,៥៩០ នៅទូទាំងប្រទេស។
គិតត្រឹមឆ្នាំ ២០២១ មានគម្រោងលំនៅឋានចំនួន ៨១ ដែលត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍបុរីដែលមានតម្លៃ ១.៨ ពាន់លានដុល្លារ ក៏ដូចជាផ្ទះល្វែងចំនួន ៣១,៨៩៥ ដែលមានតម្លៃជាង ២.៣ ពាន់លានដុល្លារ។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជាកើនឡើង ៤,៥ ភាគរយក្នុងឆ្នាំ ២០២២ធៀបនឹង ២.២ ភាគរយក្នុងឆ្នាំ ២០២១។ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាសម្រាប់មនុស្សម្នាក់គឺ១,៥៤៣.៧០ ដុល្លារ ក្នុងឆ្នាំ ២០២១។ តួលេខនេះមានការកើនឡើងនៅ ឆ្នាំ២០២១ដែលមានតម្លៃប្រមាណ១,៨០០ ដុល្លារ ។
យោងតាមធនាគារពិភពលោក ការរីកចម្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យបានជំរុញកំណើនឥណទានក្នុងស្រុករបស់ប្រទេស ដែលជាហានិភ័យដ៏សំខាន់ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។
លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Keller William Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate Co., Ltd. បាននិយាយថា អចលនទ្រព្យតម្លៃទាប និងមធ្យមនៅតែបន្តគ្របដណ្តប់លើតម្រូវការទីផ្សារ។
លោកបានបន្តថា៖ «បើទោះជាតម្រូវការលំនៅឋានតម្លៃខ្ពស់មានការកើនឡើងក៏ដោយ ក៏វានៅមានកម្រិត។ អ្នកអភិវឌ្ឍន៍ខ្លះនឹងមិនសាងសង់ផ្ទះតម្លៃរាប់លានដុល្លារទេ រហូតដល់ពួកគេទទួលបានការបញ្ជាទិញពីអតិថិជន» ។
លោកបន្តទៀតថា អ្នកទិញផ្ទះភាគច្រើនជាអ្នក ដែលមានចំណូលទាប និងមធ្យម ដែលភាគច្រើនខ្ចីប្រាក់ពីធនាគារដើម្បីទិញអចលនទ្រព្យ ដោយបង់រំលស់មានរយៈពេលរហូតដល់២០ឆ្នាំ។
វិស័យសំណង់កម្ពុជាពឹងផ្អែកខ្លាំងលើការវិនិយោគរបស់ចិន ជាពិសេសនៅខេត្តព្រះសីហនុ។
យោងតាមការសិក្សាមួយរបស់អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ខេត្តព្រះសីហនុ «ត្រូវបានផ្លាស់ប្តូរតាមរយៈការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិន ទៅជាតំបន់ដែលព័ន្ធជុំវិញទៅដោយកាស៊ីណូ ភោជនីយដ្ឋាន អគារការិយាល័យខ្ពស់ៗ និងរោងចក្រថាមពល ហើយការកើនឡើងនេះបានក្លាយជា មជ្ឈមណ្ឌលផ្តុំដោយសេដ្ឋកិច្ចខុសច្បាប់ផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Boom in high-end residential projects in Phnom Penh, despite pandemic