ប្រជាពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនជាប់បំណុលកាន់តែធ្ងន់ក្រោយពេលខ្ចីលុយពីបុគ្គលឯកជនក្នុងអត្រាការប្រាក់ខ្ពស់ចន្លោះពី១០ទៅ ដល់៣០ភាគរយ ដើម្បីយកទៅបង្គ្រប់ចំនួនបង់សងធនាគារ ប្រចាំខែនាំឱ្យអ្នកភូមិមួយចំនួនលក់ដី និងផ្ទះរត់ចោលស្រុកកំណើត។
ពលរដ្ឋម្នាក់នៅខេត្តត្បូងឃ្មុំ លោក ស្តើង ទើត ឱ្យដឹងថា អំឡុងវិបត្តិកូវីដឆ្នាំ២០២០ និង២០២១ លោកបានលក់ដីបន្តបន្ទាប់អស់៥ហិកតាដើម្បីសងបំណុល។ បុរសវ័យ៥១ឆ្នាំរូបនេះ ឱ្យដឹងទៀតថា រូបលោកនៅសល់តែដីផ្ទះសម្រាប់រស់នៅទំហំ១៣គុណ៣០ម៉ែត្រប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ។
លោក ស្តើង ទើត ឱ្យដឹងទៀតថា បច្ចុប្បន្នលោក និងប្រពន្ធស៊ីឈ្នួលគេគ្រប់បែបយ៉ាង ឱ្យតែបានលុយសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់កូន២នាក់កំពុងរៀន។
លោក ស្តើង ទើត បន្តរៀបរាប់ទាំងស្តាយស្រណោះថា លោកខាតបង់ធ្ងន់ធ្ងរលើចម្ការកៅស៊ូ ទើបខ្ចីលុយពីបុគ្គលឯកជនដែលមានអត្រាការប្រាក់ពី១០ទៅ៣០ភាគរយ ពីបុគ្គលផ្សេងគ្នាច្រើននាក់ ដើម្បីយកទៅសងធានាគារ។
លោក ស្តើង ទើត បញ្ជាក់ថា៖«មានកន្លែងខ្លះគាត់ក៏យោគយល់ គេយក១៥ភាគរយ កន្លែងខ្លះក៏គាត់យក៣០ភាគរយ។ អត់ថេរទេណាអាហ្នឹងហា៎! ហឺ! បើនិយាយពីពិបាកវាអស់ពីពិបាកម៉ងហ្នឹងហា៎។ និយាយរួមថាថ្លែងវាមិនចេញឡើយ។ ថ្លែងវាអត់ចេញ រត់វាអត់រួច បានលក់ចោលហ្នឹងលោកគ្រូ។ ងើបឡើងលើមកខ្លាខាំ ចុះទឹកក្រពើដេញទៀត»។
បច្ចុប្បន្នលោក ស្តើង ទើត កំពុងជាប់បំណុលធនាគារប្រមាណ២០លានរៀល និងកម្ចីឯកជន ប្រមាណជិត៣លានរៀលទៀត ប៉ុន្តែលោកបានផ្អាកសងទាំងអស់៣ឆ្នាំហើយដោយសារអស់លទ្ធភាព ហើយសុខចិត្តឱ្យអ្នកពាក់ព័ន្ធទាំងនោះប្តឹងទៅតុលាការ។
កសិករនៅខេត្តត្បូងឃ្មុំម្នាក់ទៀត លោក ផុន សុផល ធ្លាប់ខ្ចីលុយឯកជនក្នុងអត្រាការប្រាក់១០ភាគ រយដែរ ដើម្បីយកទៅបង់សងធនាគារ។ លោកបន្តថា នៅតំបន់លោក អ្នកខ្ចីលុយឯកជនក្នុងអត្រាការប្រាក់ខ្ពស់ពី១០ទៅ២០ភាគរយមានចំនួនច្រើនគ្នា។
លោក ផុន សុផល៖«អូយ! សឹងតែគ្រប់តែគ្នាហ្នឹង! ជាក់ស្តែងអ្នកជំពាក់លុយធនាគារគាត់ខ្លាចការគំរាមកំហែងរបស់ធនាគារ ការរឹបអូសអីផ្សេងៗ។ អ៊ីចឹងដោយសារតែពាក់ព័ន្ធនឹងសេដ្ឋកិច្ចយើងវាមានបញ្ហាផងគាត់ក៏ទៅរកលុយរាប់មកដោះធនាគារសិន ដល់ចុងក្រោយលក់ដីសងតែលុយរាប់ លុយធនាគារនៅដដែល»។
អតីតកម្មកររោងចក្រម្នាក់នៅក្រុងសំពៅពូន ខេត្តកណ្តាល អ្នកស្រី រឿន នី ឱ្យដឹងថា រូបគាត់បាត់បង់ការងារកាលពីខែកក្កដា ទើបមិនមានលុយបង់សងធនាគារ។ អ្នកស្រីថា ក្រុមបុគ្គលិកធនាគារបានទៅរករឿងអ្នកស្រីរាល់ថ្ងៃរួមទាំងព្រមានរឹបអូសយកម៉ូតូ និងគោរបស់អ្នកស្រី។
បើតាមអ្នកស្រី រឿន នី គឺពលរដ្ឋស្ទើរគ្រប់គ្នានៅតំបន់អ្នកស្រី សុទ្ធតែជំពាក់បំណុល ហើយដោយសារការភ័យខ្លាចការគំរាមកំហែងពីបុគ្គលិកធនាគារ ទើបអ្នកភូមិភាគច្រើននាំគ្នាខ្ចីលុយពីបុគ្គលឯកជនក្នុងអត្រាការប្រាក់ប្រមាណ១០ទៅ២០ភាគរយ។
អ្នកស្រី រឿន នី៖«ខ្លះ១លានរៀលគេយក១០ម៉ឺន ខ្លះគេយក២០ម៉ឺនរៀលទៅលុយឯកជន។ ពេលយើងកុនខ្លាំងទៅរកគេទៅ គេថាបើ២០ម៉ឺនបានគេឱ្យចឹង ហើយដល់ពេលខ្លាចធនាគារ ម្នាក់ៗខ្លាចធនាគារគេទារខ្លាំងចឹងក៏រត់រកឯកជនបង់ធនាគារ បានវាធ្ងន់ទៅៗ។ គិតទៅសេដ្ឋកិច្ចយើងឥឡូវពិបាករកចង់ងាប់ សូម្បីខោអាវម្នាក់ៗ[ដេរស៊ីគីប]ធ្លាប់[ទទួលបានប្រាក់]ពីរបីរយ[ដុល្លារ] ឥឡូវនេះរកមួយរយអត់បានផង»។
តំណាងសហគមន៍សាមគ្គីរមាសហែក នៅស្រុករមាសហែក ខេត្តស្វាយរៀង អ្នកស្រី ខៀវ សារុន ឱ្យដឹងថា នៅក្នុងសហគមន៍អ្នកស្រីពលរដ្ឋជាង៤រយគ្រួសារ ស្មើនឹងជាង១ពាន់នាក់។ អ្នកស្រី ឱ្យដឹងថា នៅក្នុងសហគមន៍នេះ ពលរដ្ឋ៩៥ភាគរយជាប់បំណុល ក្នុងនោះមួយចំនួនបានលក់ផ្ទះ រត់ចោលស្រុក ខណៈមួយចំនួនទៀត បានបន្ថយអាហារ និងឱ្យកូនឈប់រៀន។
តំណាងសហគមន៍រូបនេះឱ្យដឹងថា វិបត្តិបំណុលធ្ងន់ធ្ងរកើតឡើងនៅពេលដែលពលរដ្ឋបាត់ចំណូល ហើយនាំគ្នាខ្ចីលុយឯកជនដែលមានការប្រាក់ខ្ពស់ប្រមាណពី១០ទៅ២០ភាគរយ។
លោកស្រី ខៀវ សារុន៖«វាមានទាំងពីរលោកគ្រូ! នៅពេលដែលគាត់យកនៅធនាគារហើយ ហើយនៅពេលដែលរកអត់ទាន់ ចឹងគាត់តែងតែទៅយកពីឯកជន យកពីឯកជនមក។ និយាយថាអូសពីកន្លែងមួយយកមកដាក់កន្លែងមួយទៀតចឹងហា៎លោកគ្រូ។ ហើយដល់ពេលអាដើមហ្នឹងវានៅតែនៅ ហើយបង់តែការហ្នឹងមិនគ្រប់ផង អ៊ីចឹងហើយវាធ្វើឱ្យពួកគាត់អាធនាគារក៏ជាប់ ឯកជនក៏ជាប់ ហើយឯកជនគ្រូដឹងស្រាប់ហើយអត្រាការប្រាប់របស់គាត់ខ្ពស់មែនទែន»។
ក្រុមប្រឹក្សាឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ លោក ណូង លុច ឱ្យដឹងថា ពលរដ្ឋជាច្រើននៅក្នុងឃុំនេះជាប់បំណុល បានយក ម៉ូតូ គោយន្ត និងឧបករណ៍ធ្វើកសិកម្មផ្សេងៗទៀតទៅបញ្ចាំ។ លោកបន្តថា កសិករមួយចំនួនទៀតបានខ្ចីលុយពីបុគ្គលឯកជន ក្នុងការប្រាក់២០ទៅ៣០ភាគរយយកទៅសងធនាគារព្រោះខាងបុគ្គលិកធនាគារគំរាមប្តឹង។
លោក ណូង លុច បន្តថា៖«បើជាប់ត្រឹមធនាគារវាអត់អីទេ កម្រពីណារត់ដោយសារធនាគារណាស់ រត់ភាគច្រើនអាលុយចឹងឯង អាលុយ២០ ៣០ភាគរយហ្នឹងធ្ងន់ជាងគេ ប៉ុន្តែដើមហេតុមកដោយសារតែជំពាក់ធនាគារហ្នឹងដែរ ធនាគារចេះតែគំរាមប្តឹងទៅតុលាការ គំរាមអ៊ីចេះ គំរាមអ៊ីចុះក៏ហក់ទៅយកអា២០ ៣០ភាគរយហ្នឹងទៅ។ បាទ! ដោយសារអាហ្នឹងហើយ»។លោកបន្តថា៖ «ពីដើមឡើយ អ្នកស្រែអ្នកចម្ការអត់ជំពាក់ធនាគារទេ ទើបចេះជំពាក់ចាប់ផ្តើមដល់អត់ទៅធនាគារគេថាអត់ចេះយកៗ ហើយយើងគិតថាដើរដែរ ជាពិសេសជំពាក់ត្រឹមពី២០១៨ ១៩ ខ្លាំងជាងគេ»។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ដែលកំពុងស្រាវជ្រាវលើបញ្ហាបំណុលឱ្យដឹងថា ករណីកម្ចីឯកជនមានការប្រាក់១០ទៅ៣០ភាគរយមានចំនួនច្រើន ហើយក៏មានករណីខ្លះការប្រាក់ច្រើនជាងនេះទៀតក៏មាន។ លោក អៀង វុទ្ធី ជំរុញឱ្យរដ្ឋាភិបាល ពន្លឿនដោះស្រាយបញ្ហាវិបត្តិបំណុល ដោយសារពលរដ្ឋកំពុងរងទុក្ខខ្លាំងឈានដល់ការប៉ុនប៉ងសម្លាប់ខ្លួនក៏មាន។
លោក អៀង វុទ្ធី ថ្លែងថា៖«ធ្វើសកម្មភាពមួយចំនួនគឺគាត់ធ្វើបាបខ្លួនគាត់ ក្រុមគ្រួសាររបស់គាត់។ យ៉ាងម៉េច? បានន័យថា ទី១ គាត់បញ្ឈប់ឱ្យកូនគាត់រៀន គាត់ឱ្យកូនគាត់ធ្វើការបន្ថែម អាហ្នឹងវាប៉ះទៅដល់ការអប់រំរបស់កុមារ [ទី២] កាត់បន្ថយការហូបចុក អ៊ីចឹងវាប៉ះពាល់ទៅដល់សុខភាពចឹងហា៎ [ទី៣] ធ្វើការលើសម៉ោង [ទី៤] ចំណាកស្រុក ទាំងអស់នេះសុទ្ធតែជាផលប៉ះពាល់ [ទី៥] បង្ខំលក់ដីធ្លីរបស់គាត់ហ្នឹង ដើម្បីសងបំណុលហ្នឹង ហើយមានគ្រួសារខ្លះតាមរបាយការណ៍ហ្នឹង គាត់មានបញ្ហាវិបត្តិគ្រួសារ រហូតដល់គាត់មានបញ្ហាផ្លូវចិត្ត មានការព្យាយាមសម្លាប់ខ្លួនអីជាដើម។ល។ រឿងបំណុលនេះរឿងធំមែនទែន ហើយមែនគ្រួសារខ្លះត្រូវបានគេរឹបអូសផ្ទះសម្បែងដោយសារគាត់អត់អាចសង[បំណុល]បាន»។
ប្រកាសស្តីពីអត្រាការប្រាក់ដែលត្រូវបានកម្រិត ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ របស់ក្រសួងយុត្តិធម៌ ដោយអនុលោមក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់អត្រាការប្រាក់មិនឱ្យលើសពី១៨ភាគរយ ក្នុងមួយឆ្នាំ ហើយដែលស្មើប្រមាណ១,៥ភាគរយក្នុងមួយខែ។
ប្រជាពលរដ្ឋឱ្យដឹងថា ការដែលពួកគេសម្រេចទៅខ្ចីលុយ ពីបុគ្គលឯកជនក្នុងអត្រាការប្រាក់ខ្ពស់នេះ ដោយសារតែមានការគំរាមកំហែងពីបុគ្គលិកស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ការគំរាមកំហែងដោយបញ្ជាក់ថា អាចប្តឹងទៅតុលាការរឹបអូសផ្ទះ រឹបអូសទ្រព្យសម្បត្តិផ្សេងៗ ឬប្តឹងឱ្យជាប់ទោសដោយចោទថា មានចេតនាគេចវេះមិនព្រមសង។
ការផ្សព្វផ្សាយរបាយការណ៍ស្ទង់មតិរបស់អង្គការ លីកាដូ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋជាកូនបំណុលភាគច្រើនមិនយល់ពីសិទ្ធិរបស់ពួកគេនោះទេ។ ការស្ទង់មតិនោះបង្ហាញថា មានកូនបំណុលតែ១,៤ភាគរយតែប៉ុណ្ណោះដែលដឹងថា ដីរបស់ពួកគេ ធនាគារអាចរឹបអូសបានលុះត្រាតែត្រូវឆ្លងកាត់ការប្តឹងទៅតុលាការ។
ចំពោះបញ្ហាកម្ចីដែលមានការប្រាក់ខ្ពស់ពីបុគ្គលឯកជននេះ លោកមេធាវី សេក សោភណ្ឌ ពន្យល់ថា បើមានការព្រមគ្នាហើយភាគីកូនបំណុលសុខចិត្តបង់ក្នុងអត្រាការប្រាក់ខ្ពស់នេះគឺ មិនមានបញ្ហាអ្វីកើតឡើងទេ។ ប៉ុន្តែលោកថា បើសិនជាមានជម្លោះកើតឡើងកូនបំណុល អាចប្តឹងទារប្រាក់ដែលខ្លួនបង់លើសការកំណត់ដោយច្បាប់នោះមកវិញបាន។
លោក សេក សោភណ្ឌ បន្តថា៖«គាត់មានសិទ្ធិប្តឹងតើ! មានន័យថាប្តឹងសូមធ្វើការកំណត់[អត្រាការប្រាក់] ដោយសារតែកន្លងមកហ្នឹង។ ឧបមាថា កាត់បង់ទៅការប្រាក់ច្រើនជាងដើមអ៊ីចឹងទៅណា អ៊ីចឹងទេ គាត់មានសិទ្ធិប្តឹងក្នុងករណីដែលគាត់ចង់ប្តឹង។ ប្តឹងទៅតុលាការគេនឹងសម្រេចតាមអង្គហេតុជាក់ស្តែងហ្នឹងហើយ»។
អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ គឺធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគ្មានសិទ្ធិរឹបអូសទ្រព្យបញ្ចាំ របស់អតិថិជនដោយមិនឆ្លងកាត់តុលាការនោះទេ។ លោកបន្តថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មិនមានគោលការណ៍ឱ្យបុគ្គលិកទៅគំរាមកំហែងអតិថិជនដែលមានលទ្ធភាពបង់សងដែរ។
លោក កាំង តុងងី អំពាវនាវ ឱ្យប្រជាពលរដ្ឋប្តឹងទៅសមាគមមីក្រូហិរញ្ញវត្ថុ (CMA) សមាគមធនាគារកម្ពុជា (ABC) និងអាជ្ញាធរពាក់ព័ន្ធរួមទាំងតុលាការផង បើសិនជាមន្ត្រីឥណទានបានគំរាមកំហែងដល់អតិថិជនដូចការលើកឡើងមែន។
លោក កាំង តុងងី បន្ថែមថា៖«ក្នុងករណី មានបញ្ហាអសកម្មណាមួយកើតឡើង អតិថិជនអាចរាយការណ៍ មកលេខហតឡាញសមាគម តាមយៈលេខទូរសព្ទ ០១៥ ៣៦៥ ២២២ នោះក្រុមការងារសមាគមនឹងពិនិត្យ ឬអន្តរាគមន៍ជូន »។
ក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញរបាយការណ៍សិក្សាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋកម្ពុជាប្រមាណ៣លាននាក់កំពុងជំពាក់បំណុលក្នុងនោះ ពលរដ្ឋចំនួន ១៦ម៉ឺន៧ពាន់នាក់ បាន និងកំពុងលក់ដីសងបំណុលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍បញ្ជាក់ថា គិតជាមធ្យមរយៈពេល១៦នាទីម្តងមានពលរដ្ឋខ្មែរ១គ្រួសារលក់ដីសងបំណុល។ ការសិក្សានេះ បញ្ជាក់ទៀតថា ការលក់ដីសងបំណុលនេះ ជាបញ្ហាបង្ខំធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។
របាយការណ៍សិក្សាសរសេរថា៖ «ការរីករាលដាលនៃការជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន»។
ទន្ទឹមមានការលើកឡើងបន្តបន្ទាប់ពីបញ្ហាបំណុល និងការគំរាមកំហែងផ្សេងនោះ គឺមិនទាន់ឃើញ មានការបកស្រាយណាមួយពីធនាគារជាតិកម្ពុជានៅឡើយ។ នៅពាក់កណ្តាលឆ្នាំ២០២៣ ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានថ្លែងក្នុងសិក្ខាសាលាមួយដោយរំលឹកពលរដ្ឋកុំឱ្យខ្លីលុយទៅប្រើប្រាស់ដើម្បីភាពហ៊ឺហា។
លោកស្រី ជា សិរី ថ្លែងថា៖«សំខាន់ពេលដែលយើងទៅខ្ចីលុយគេ យើងដឹងថាយកលុយហ្នឹងយកទៅប្រើអីពិតប្រាកដ? បើយើងដឹងថាយើងជំពាក់គេ ហើយយើងយកលុយហ្នឹងទៅរកស៊ីជួញដូរ ដើម្បីបានចំណូល ដើម្បីបង្កើនចំណូលយើង ហើយយើងសងគេវិញ នោះជាការល្អ។ តែបើសិនជាយើងទៅខ្ចីលុយគេ ហើយយើងយកទៅចាយវាយខុសគោលដៅ យកទៅដូរស៊ែរីម៉ូតូ យកទៅតម្លើងស៊ែរីទូរសព្ទថ្មី អាហ្នឹងខុសហើយ»។
បញ្ហាពលរដ្ឋជាប់បំណុលនេះ ពួកគាត់អះអាងថា មិនមែនខ្ចីដើម្បីភាពហ៊ឺហាទេ គឺដោយសារតែបញ្ហាកសិផលមិនមានទីផ្សារ និងការបាត់បង់ការងារ។ បញ្ហាបំណុលនេះមិនមែនកើតមានតែស្រទាប់ពលរដ្ឋក្រីក្រទេ គឺក្រុមឧកញ៉ាមួយចំនួនក៏កំពុងជួបញ្ហានេះដែរ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រឹងប្រែងសម្របសម្រួល ជាមួយស្ថាប័នផ្តល់កម្ចីដើម្បីជួយបន្ធូរបន្ថយការលំបាកដល់ពលរដ្ឋ។ លោកបន្តថា ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានក្រមសីលធម៌ មិនមានការគំរាមកំហែងអតិថិជនដូចការលើកឡើងទេ។
លោក ប៉ែន បូណា៖«ធនាគារមានក្រមសីលធម៌របស់គេមិនអាចទៅគំរាមកំហែងអតិថិជនទេ។ គេមានកិច្ចសន្យាតាមផ្លូវច្បាប់ត្រឹមត្រូវដូច្នេះបើទៅគំរាមដូចលើសហើយ»។
នៅពាក់កណ្តាលខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានលើកឡើងពីការបន្តវិធានការ មួយចំនួនសម្រាប់អនុវត្តនៅឆ្នាំ២០២៤ ដើម្បីជួយសង្គ្រោះវិស័យធនាគារ និងអតិថិជននៅក្នុង ស្ថានភាពកម្ពុជាកំពុងរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«វិធានទាំងនោះរួមមានទី១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តអនុបាតទ្រនាប់ដើមទុន ត្រឹមកម្រិត១,២៥ភាគរយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទី២ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តអត្រាប្រាក់បម្រង់កាតព្វកិច្ចជារូបិយបណ្ណត្រឹមកម្រិត៧ភាគរយរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទី៣ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាបជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសម្បទានធនរយៈពេល១២ខែ»។
កាលពីខែសីហាឆ្នាំ២០២៣ការិយាល័យស៊ើបអង្កេត និងដោះស្រាយបណ្ដឹងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបើកការស៊ើបអង្កេតលើស្ថាប័នផ្តល់កម្ចីចំនួន៦រួមមាន អេស៊ីលីដា អម្រិត ហត្ថា LOLC ប្រាសាក់ និងធានាគារស្ថាបនា។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពី ទទួលពាក្យបណ្តឹងពីអង្គការ លីកាដូ និងអង្គការសមធម៌កម្ពុជា ដែលបានចោទប្រកាន់ស្ថាប័ន ផ្តល់កម្ចីទាំងនេះ ថា បោកបញ្ឆោត និងជញ្ជក់ឈាម ពលរដ្ឋជាកូនបំណុល។
លោក អៀង វុទ្ធី បញ្ជាក់ថា ការដាក់សម្ពាធនានាពីមន្ត្រីឥណទាន បានធ្វើឱ្យពលរដ្ឋ ទៅស្វែង រកកម្ចីពីបុគ្គលឯកជន ដែលជាការបង្កើនបំណុល ខណៈចំណូលថយចុះធ្វើឱ្យពលរដ្ឋជាប់វិបត្តិ បំណុលធ្ងន់ធ្ងររកច្រកចេញមិនឃើញ៕