សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងឃុំមួយខេត្តមណ្ឌលគិរីប្រឈមនឹងបាត់បង់​ដីសមូហភាព

ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមូលផ្ដុំគ្នាតវ៉ាលើដីសមូហភាព នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមូលផ្ដុំគ្នាតវ៉ាលើដីសមូហភាព នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋជនជាតិដើមភាគតិចពូនងក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​ កំពុងប្រឈមការបាត់បង់ដីសមូហភាពដែលធ្លាប់អាស្រ័យផលរបស់ពួកគេ បន្ទាប់ពី​រដ្ឋាភិបាល​បានកាត់ដីនោះលក់ឱ្យឧកញ៉ាម្នាក់។

យោងតាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាលចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានកាត់ដីរដ្ឋទំហំ​២៥៥ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយលក់ទៅឱ្យ​ឧកញ៉ាម្នាក់​ឈ្មោះ ជឹង ធាងសេង ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ។

អ្នកស្រី បើក រើប វ័យ៥៩ឆ្នាំ រស់នៅក្នុងភូមិពូរ៉ាងតាំងពីកំណើត បានប្រាប់ថា ដំឡូង ស្វាយចន្ទី ត្រប់ ម្ទេស និងស្រូវ របស់គាត់ជិត២ហិកតានឹងត្រូវខូចខាតទាំងស្រុង នៅពេល​ក្រុមហ៊ុនចាប់ផ្ដើមធ្វើការអភិវឌ្ឍ។

អ្នកស្រី រើប និយាយថា៖ «ពួកខ្ញុំកំណើតកើតជានៅទីនេះ ហើយលូវពួកគាត់​(ក្រុមហ៊ុនឯកជន)​យកម៉េច?។ ខ្ញុំអត់មានមុខរបរអ្វីទេ បើអក្សរអត់ចេះផងហ្នឹង ធ្វើតែស្រែចំការ»។

ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង១០០គ្រួសាររស់នៅភូមិពូរ៉ាង ត្រូវ​រង​ផលប៉ះពាល់ដោយអនុក្រឹត្យរបស់រដ្ឋ កត្តានេះនាំឱ្យមេឃុំសែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល ស្នើរដ្ឋាភិបាលបង្វិលពីការកាត់ដីឱ្យក្រុមហ៊ុនឯកជនទៅកាន់ពលរដ្ឋវិញ។

អ្នកស្រី ត្រែល ប្រាប់ថា៖ «ស្នើសុំឱ្យរដ្ឋាភិបាលសម្បទានឱ្យពលរដ្ឋទៅ ប្រសិនបើពួកគាត់មាន​អាស្រ័យផលជាក់ស្ដែង មានដំណាំដាំដុះអាស្រ័យផលជាក់ស្ដែង»។

ពលរដ្ឋជនជាតិដើមភាគតិចពូនងប្រមូលផ្ដុំគ្នាតវ៉ាលើដីសមូហភាព នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ក្រោយមិនទទួលបានដំណោះស្រាយពីអាជ្ញាធរ នៅចុងខែកក្កដា ឆ្នាំ២០២២នេះ ការប្រមូល​ផ្ដុំគ្នាដើម្បីតវ៉ាត្រូវបានធ្វើឡើងនៅលើដីដែលពលរដ្ឋចាត់ទុកថាជាកម្មសិទ្ធិសមូហភាព។

អ្នកភូមិម្នាក់ទៀត អ្នកស្រី លី សារឿន អាយុ៥៥ឆ្នាំ រស់នៅជាមួយកូនស្រី២នាក់ ដោយ​អាស្រ័យ​ផលលើដីដែលរដ្ឋលក់នោះ បានប្រាប់ថា គ្រួសារអ្នកស្រីពុំទាន់ដឹងទេ ថាតើនឹង ត្រូវធ្វើអ្វី ក្រោយបាត់បង់ដីស្រែ។

អ្នកស្រី​ សារឿន និយាយថា៖ «ខ្ញុំមានតែដីចម្ការហ្នឹង បើអត់ពីដីចម្ការហ្នឹងមិនដឹងរស់នៅ​យ៉ាងម៉េច​ដែរ ចឹងបានខំមកតវ៉ា គ្រាន់បានដីដាំដំណាំរស់នៅបីនាក់កូន»។

លិខិតពលរដ្ឋសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បាន​ឱ្យដឹងថា​ តាំងពីឆ្នាំ​១៩៨៦ ដល់បច្ចុប្បន្ន ដីទំហំ៧២៧ហិកតា ស្ថិតភូមិពូរ៉ាង ឃុំសែនមនោ​រម្យ ស្រុកអូររាំង ខេត្ត​មណ្ឌលគិរី ត្រូវបានប្រជាពលរដ្ឋដាំដំណាំចម្រុះគ្រប់ប្រភេទសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ ដូចជាដំណាំស្រូវ ពោត ម្នាស់ ដំឡូង ដើមប័រ ដើមខ្នុរ ដើមស្វាយចន្ទី និងសម្រាប់​ចិញ្ចឹមសត្វ​ផងដែរ។

អ្នកស្រី ភ្លឹក ភារម្យ អ្នកសម្របសម្រួលបណ្ដាញជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ប្រជាពលរដ្ឋធ្លាប់ដាក់ពាក្យស្នើសុំចុះបញ្ជីដីសមូហភាព​ដើម្បីឱ្យ​មាន​ឯកសារត្រឹមត្រូវ ប៉ុន្តែត្រូវអាជ្ញាធរបដិសេធ។

អ្នកស្រី ភារម្យ និយាយថា៖ «ប្រជាពលរដ្ឋសូមចុះបញ្ជីដីសមូហភាព មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃគាំទ្រ តែក្រសួងអភិវឌ្ឍន៍ជនបទអត់គាំទ្រ»។

អ្នកស្រី ភារម្យ បន្តថា ដីសមូហភាពនោះចំពោះដីវាលត្រូវបានជនជាតិដើមភាគតិចពូនង​ទុកឃ្វាលគោ និងកប់សាកសព។ ដោយឡែកដីដែលមានដើមឈើ គឺសម្រាប់ធ្វើចំការ រកទឹកឃ្មុំ បរបាញ់សត្វព្រៃ និងរកត្រីនៅតាមព្រែក ស្ទឹង។ល។

ដើមឈើហូបផ្លែផ្សេងៗលើដីសមូហភាពនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបថតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

លោក បូរ៉េត កំពី មន្រ្តីសមាគមឣាដហុដប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា អាជ្ញាធរពុំទាន់​មាន​ការឆ្លើយតបណាមួយទៅកាន់ពលរដ្ឋ បន្ទាប់ពីពួកគេ​បានដាក់ញត្តិទៅកាន់សាលាខេត្ត។

យោងតាមលិខិតរបស់ពលរដ្ឋសុំអន្តរាគមន៍ពីអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែ​ឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្រ្តីបានធ្វើអនុបយោគដីនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌគិរី ​ចំនួន២៥៥ហិកតា ដើម្បីលក់ឱ្យឈ្មោះ ជឹង ធានសេង ជាមួយតម្លៃ១៥០០ដុល្លារក្នុងមួយហិកតា។ អនុក្រឹត្តនេះ  ក៏ធ្វើអនុបយោគដី​ជាង​៧៩ហិកតា នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយលក់ក្នុង​តម្លៃ២០០០ដុល្លារ ក្នុងមួយហិកតាឱ្យឈ្មោះ ជឹង ធានសេង នេះដែរ។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងការពារចំពោះការលក់ដីឱ្យ​ក្រុមហ៊ុន​ឯកជន ដោយសម្អាងថាដីនោះជាដីរបស់រដ្ឋ។

លោក ម៉េងហ៊ាង បញ្ជាក់ថា៖ «នេះជាសិទ្ធិរបស់រដ្ឋាភិបាល ព្រោះជាដីរបស់រដ្ឋ»។

អភិបាលរងរូបខេត្តនេះ បានច្រានចោលការអះអាងរបស់ពលរដ្ឋ​ដែលថាដីនោះមាន​ដាំដំណាំ​ផ្សេងៗ និងស្នើឱ្យពលរដ្ឋបង្ហាញឯកសារនាៗដើម្បីបញ្ជាក់កម្មសិទ្ធិ។

លោក ម៉េងហ៊ាង ថ្លែងថា៖ «ដីនោះគឺពិតប្រាកដអត់មានដាំអីទេ គ្មានផ្ទះសម្បែងទេកន្លែង​ហ្នឹង​នោះ មានតែដើមស្រល់។ សំខាន់ឱ្យខាងប្រជាពលរដ្ឋគាត់ដាក់ឯកសារមកសិន គាត់មាន​អី​ខ្លះ ដីគាត់ហ្នឹងក្បាលរបៀបម៉េច?»។

ទោះបីពុំមានឯកសារសម្រាប់បញ្ជាក់ជាដីសមូហភាពក្ដីតែអ្នកស្រី បើក រើប ទទូចឱ្យអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់កុំលក់ដីឱ្យក្រុមហ៊ុនឯកជន។

អ្នកស្រី រើប​ បន្ថែមថា៖ «សំណូមពរឱ្យអាជ្ញាធរភូមិឃុំស្រុកខេត្ត និងរដ្ឋមន្រ្តីឱ្យជួយដោះ​ស្រាយ​ និងឆ្វៀលដីឱ្យប្រជាពលរដ្ឋ ហើយកុំលក់ឱ្យក្រុមហ៊ុន បើលក់ឱ្យ​[ក្រុមហ៊ុន] ប្រជាពលរដ្ឋ​ដាំដំណាំនៅណា? ហើយគោក្របីឃ្វាលទុកនៅណា?»។

674 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម