សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវកម្មកំពុងជម្នះដើម្បីរស់ ខណៈរលកទី៣ កូវីដ-១៩ វាយលុកខ្លាំងមកលើប្រទេសកម្ពុជា

អំឡុងពេលអាហារថ្ងៃត្រង់ដ៏ស្ងប់ស្ងាត់នៅឯផាកកាហ្វេក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ចំពេលមានការផ្ទុះឡើងនៃជំងឺ Covid-១៩លើកទី៣ ។ ខេមបូចា/បញ្ញា ឆព័ណ្ណ
អំឡុងពេលអាហារថ្ងៃត្រង់ដ៏ស្ងប់ស្ងាត់នៅឯផាកកាហ្វេក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ចំពេលមានការផ្ទុះឡើងនៃជំងឺ Covid-១៩លើកទី៣ ។ ខេមបូចា/បញ្ញា ឆព័ណ្ណ

វាជាពេលអាហារថ្ងៃត្រង់ ប៉ុន្តែមានអ្នកទទួលទានអាហារតែពីរបីនាក់ប៉ុណ្ណោះនៅក្នុង​ហាង​ ផាកកាហ្វេ (Park Café ) តាមបណ្តោយមហាវិថីម៉ៅសេទុង។

នៅច្រកចូលភោជនីយដ្ឋាន បុគ្គលិកពាក់ម៉ាសកំពុង​រង់ចាំ​ត្រួតពិនិត្យវាស់​កម្តៅ និង​បាញ់​អាល់កុល​ដល់ មុនពេលអនុញ្ញាតឲ្យពួកគេចូល។

លោក ហេង សេងលី នាយកគ្រប់គ្រងហាងផាកកាហ្វេ ដែលមានភោជនីយដ្ឋានចំនួន ១៦ទីតាំងនៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តកំពង់ចាមបាននិយាយថា ចំនួន​ភ្ញៀវដែលមកទទួលទានអាហារបានធ្លាក់ចុះទ្វេរដង បើប្រៀបធៀបនឹង អំឡុងពេលផ្ទុះឡើងកាលពីលើកមុនៗ។

លោកមានប្រសាសន៍ថា៖ «ពេលនេះ អ្វីៗកាន់តែអាក្រក់ជាងមុន។ ការផ្ទុះឡើងលើកទី៣នៃជំងឺ Covid-១៩គឺធ្ងន់ ធ្ងរជាងមុន»

ដោយមានបុគ្គលិកសរុបប្រហែល ៥០០ នាក់ ក្រុមហ៊ុនកំពុងតែព្យាយាម​ស្វែង​រក​វិធីសាស្ត្រ​បង្កើនការលក់​ចៀសវាងការកាត់បន្ថយបុគ្គលិក។

លោកបានមានប្រសាសន៍ថា៖ «យើងកំពុងព្យាយាមរកវិធី ដើម្បីបង្កើនការលក់របស់យើង​ឲ្យស្របតាមគន្លងថ្មីនៃសម័យCovid-១៩»

សេវាកម្មដឹកជញ្ចូនបានក្លាយជាស្នូលក្នុងការរក្សាអាជីវកម្មដំណើរការទៅបាន ជួយប៉ះប៉ូវការខាតបង់ ខណៈការបរិភោគក្នុងហាងធ្លាក់ចុះខ្លាំង។

លោកបានលើកឡើងថា៖ «ប្រជាពលរដ្ឋមិនចង់ប៉ះពាល់ក្រដាសប្រាក់ទេ ដូច្នេះយើងមានការទូរទាត់តាមប្រព័ន្ធឌីជីថល ដែលផ្តល់នូវជម្រើសប្រកបដោយសុវត្ថិភាព»

ចាប់តាំងពីការរាតត្បាតជាសកលដែលបានចាប់ផ្តើមនៅខែមករា ឆ្នាំ២០២០ ប្រទេសកម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩ សរុប១.៼៦៣២ នាក់ ដែលក្នុងនោះ ១៼៼.១១៥ករណីទាក់ទងទៅនឹងការឆ្លងចង្កោមក្នុងសហគមន៍ ហើយបណ្តាលឲ្យម​នុស្ស ០៣នាក់ស្លាប់ ដែលបានចាប់ផ្តើមផ្ទុះឡើងកាលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ហើយនៅតែបន្តកើនឡើង។

លោក ទេព វីរៈ អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Express Food Group (EFG) ដែលប្រតិបត្តិការនៅយីហោចំនួន៦ ក្នុងចំណោមហាងចំនួន៧០នៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុននេះកំពុងពិចារណាបិទហាងមួយចំនួនដោយសារការផ្ទុះជំងឺនៅតែបន្ត។

លោក វីរៈ បានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយនេះ ក្រុមអ្នកគ្រប់គ្រងនឹងចាប់ ផ្តើមវាយតំលៃហាងចំនួន៧០កន្លែង ដើម្បីសម្រេចថា តើត្រូវបិទទ្វារហាងចំនួនប៉ុន្មាន។

លោកមានប្រសាសន៍ថា៖ «យើងរកចំណូលមិនបាន​១០០ដុល្លារ​ផង​ក្នុងមួយថ្ងៃ​សម្រាប់​ហាង​ខ្លះ ។​ វាគឺជាពេលដ៏ពិបាក»

លោកបានបន្ថែមថា៖ «យើងនឹងសម្រេចជាមួយក្រុមអ្នកគ្រប់គ្រង ដើម្បីសម្រេចថា តើហាងមួយណាគួរត្រូវបានបិទ ដោយសារយើងមិនអាចទប់នឹងការខាតបង់ដ៏ច្រើនបែបនេះ យើងត្រូវតែបិទ ដើម្បីកាត់បន្ថយការចំណាយ​»

លោកបាននិយាយថា អាជីវកម្មទូទៅបានធ្លាក់ចុះជាង៨០ភាគរយ ចាប់តាំងពីការផ្ទុះឡើងចុងក្រោយបានចាប់ផ្តើម។

យីហោទាំង០៦របស់ក្រុមហ៊ុន EFG រួមមានPizza Company Swensen’s  Dairy Queen  Krispy Kreme  Bar BQ Plaza និង the Coffee Club។

ក្រុមហ៊ុន EFG មានបុគ្គលិកជាង១.២៥០នាក់។ បើយោងតាមលោក វីរៈ ការកាត់បន្ថយការងារ គឺជាជម្រើសចុងក្រោយរប់សក្រុមហ៊ុន។

លោកថ្លែងថា៖ «យើងត្រូវមើលស្ថានភាពជាក់ស្តែងថា តើយើងអាចផ្ទេរបុគ្គលិកខ្លះទៅសាខាផ្សេងឬថា តើយើងត្រូវកាត់បន្ថយពួកគេ ដែលជាជម្រើសចុងក្រោយឬយ៉ាងណា»

លោកបន្តថា៖ «សម្រាប់សាខា ដែលមិនអាចរកប្រាក់ចំណូលបាន យើងត្រូវបិទវា។ ទោះយ៉ាងណា យើងមិនចង់កាត់បន្ថយបុគ្គលិកទេ ពីព្រោះវានឹងប៉ះពាល់ដល់ជីវភាព រស់នៅរបស់ពួកគេ ព្រោះពួកគេអាចនឹងពិបាកទទួលបានការងារថ្មីក្នុងពេលមានជំងឺ រាតត្បាតនេះ»

រដ្ឋាភិបាលបានផ្តល់ការលើកលែងពន្ធសម្រាប់អាជីវកម្មឬសេវាកម្មទាក់ទងនឹងទេសចរណ៍ទាំងអស់ ចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនិងបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីជួយដល់កម្មករកាត់ដេរ និង​បុគ្គលិក​ទេសចរណ៍ ដែលបានបាត់បង់ការងារ ក៏ដូចជាប្រជាពល រដ្ឋក្រីក្រផងដែរ ប៉ុន្តែការឧបត្ថម្ភនេះគ្រោងនឹងចប់នៅខែនេះ បន្ទាប់ពីត្រូវបានបន្ត​រយៈពេល​បីខែទៀត​កាលពីខែមករា។

សន្តិសុខម្នាក់អង្គុយនៅមុខហាងភីហ្សាខមផេនី (Pizza Company ) នៅភ្នំពេញថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ ។ ខេមបូចា/ព្រីង សំរាំង
សន្តិសុខម្នាក់អង្គុយនៅមុខហាងភីហ្សាខមផេនី (Pizza Company ) នៅភ្នំពេញថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ ។ ខេមបូចា/ព្រីង សំរាំង

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)មាន ប្រសាសន៍ថា ប្រតិបត្តិករទេសចរណ៍បានចាប់ផ្តើមដំណើរឡើង​វិញ​សន្សឹមៗ កាលពីចុងឆ្នាំមុនដោយផ្តោតលើភ្ញៀវក្នុងស្រុកជាជាងភ្ញៀវទេសចរបរទេស។

លោកស្រីមានប្រសាសន៍ថា៖ «វិស័យនេះ ត្រូវបានជួយដោយប្រជាពលរដ្ឋក្នុងស្រុក។ ប៉ុន្តែចាប់តាំងពីការផ្ទុះឡើងលើកទី៣ អ្វីៗបានបាត់បង់ម្តងទៀត ហើយប្រតិបត្តិករទេសចរណ៍មួយចំនួនអស់ទុនបំរុង។ ឥឡូវ វិស័យនេះបានស្លាប់ហើយ»

លោកស្រី ស៊ីវលីន បានមានប្រសាសន៍ថា ទីភ្នាក់ងារទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍ជាង៣០០ ដែលជាសមាជិករបស់ CATA បានបិទទ្វារកាលពីឆ្នាំមុន។

តួលេខរបស់ក្រសួងទេសចរណ៍បានបង្ហាញថា អាជីវកម្មនិងសេវាកម្មទាក់ទងនឹងវិស័ យទេសចរណ៍ចំនួន ២​ ៨៣០ កន្លែង ត្រូវបានបិទឬផ្អាកប្រតិបត្តិការកាលពីឆ្នាំមុន ។

យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី ការរីករាលដាលនៃជំងឺនេះបានធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកប្រឈមនឹងការបាត់បង់ការងារដែលមានទឹកប្រាក់ប្រហែល៧០លានដុល្លារនិងខាតបង់១,១ ទ្រីលានដុល្លារនៃផលិតផលក្នុងស្រុកសរុប គឺច្រើនជាងតំបន់ដទៃ ទៀតនៅក្នុងពិភពលោក។ បណ្តាប្រទេសដូចជាប្រទេសកម្ពុជា ដែលសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។

លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (Fasmec)បានមានប្រសាសន៍ថា ក្រុមហ៊ុនទេសចរណ៍កំពុងជាប់បំណុលកាន់តែច្រើនឡើងៗក្នុងការរក្សាអាជីវកម្មរបស់ពួកគេឱ្យដំណើរការនៅដដែល។

លោកមានប្រសាសន៍ថា៖ «ធនាគារសហគ្រាសធុនតូចនិងមធ្យម ដែលគ្រប់គ្រងដោយរដ្ឋមានប្រាក់កម្ចីតិចតួចប៉ុណ្ណោះ ដូច្នេះធនាគារនេះមិនអាចផ្គត់ផ្គង់សហគ្រាសធុនតូចនិងមធ្យមទាំងអស់នៅទូទាំងប្រទេសបានទេ។ ឥឡូវនេះ សហគ្រាសធុនតូចនិងមធ្យមមួយចំនួនកំពុងដាក់ពាក្យសុំប្រាក់កម្ចីពីធនាគារពាណិជ្ជដែលមានអត្រាការ ប្រាក់ខ្ពស់ជាងនេះ»

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា៖ «រដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់សេដ្ឋកិច្ចនេះ។ ប៉ុន្តែយើងមិនគួរវិនិច្ឆ័យស្ថានភាពឆាប់ពេកទេ ហើយយើងត្រូវទុកឲ្យរដ្ឋាភិបាលវាយ តម្លៃថា តើវិស័យណាជាវិស័យអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសពី ព្រោះយើងមិនអាចជួយគ្រប់វិស័យបានទេ»

លោកបន្តថា កម្ពុជានឹងត្រៀមថវិកាជាង៨០០លានដុល្លារសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនៅឆ្នាំ២០២១ នេះ ចំពេលដែលមានការរាតត្បាត។ លោកបានមានប្រសាសន៍ថា កញ្ចប់ថវិកាជាង១,១៤ ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ឆ្នាំ២០២០ភាគ ច្រើនត្រូវបានប្រើប្រាស់ហើយ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវផ្នែកធុរកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រ សាសន៍ថា ក្នុងអំឡុងពេលផ្ទុះឡើងចុងក្រោយ សហគ្រាសខ្នាតតូចនិងមធ្យមរួមទាំងគ្រួសារនីមួយៗកំពុងប្រឈមនឹងបន្ទុកប្រាក់កម្ចីច្រើនជាងមុន ដោយសារអាជីវកម្មនិងការងាររបស់ពួកគេរងផលប៉ះពាល់ដោយសារ Covid-19 ។

លោកបន្ត​ថា៖ «នៅពេលដែលស្ថានភាពអាជីវកម្មត្រូវបានខូចខាត វានឹងជះឥទ្ធិពលដល់កម្លាំងពលកម្មនិងការបង្កើតការងារ ដូច្នេះវានឹងធ្វើឱ្យខាតបង់ចំណូលបុគ្គល គ្រួសារនិងចំណូលសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងវិស័យសេវាកម្មទេសចរណ៍»

លោក វណ្ណៈ មានប្រសាសន៍ថា ប្រទេសកម្ពុជាមិនទំនងជាអាចសម្រេចបានកំណើន ៤ភាគរយដូចការព្យាករណ៍នោះទេ។

លោកបានបន្ថែមថា៖ «ផលិតកម្មរោងចក្រ វិស័យសំណង់ និងអចលនទ្រព្យបានរងផលប៉ះពាល់ដោយសារការរីករាលដាលនេះ ដូច្នេះផលិតផលសរុបក្នុងស្រុករបស់ប្រទេសកម្ពុជានឹងមិនឈានដល់អត្រាដែលបានព្យាករនោះទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Businesses struggle to survive as the third wave of Covid-19 hits Cambodia

577 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម