សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្រ្តីម៉ាស្សានៅខេត្តសៀមរាបត្អូញត្អែរថាទទួលបានចំណូលទាប ទោះបីជាកូវីដ-១៩បានធូរស្បើយ

ហាងម៉ាស្សា តាក់ ត្សាង នៅក្បែរផ្សារចាស់ក្នុងបរិវេណ ផាប់ស្រ្ទីត ជាកន្លែងដែលអ្នកស្រី សាង ផុស និងអ្នកស្រី ឈួន សឿម ធ្វើការ។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ទុយ អេងលី
ហាងម៉ាស្សា តាក់ ត្សាង នៅក្បែរផ្សារចាស់ក្នុងបរិវេណ ផាប់ស្រ្ទីត ជាកន្លែងដែលអ្នកស្រី សាង ផុស និងអ្នកស្រី ឈួន សឿម ធ្វើការ។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ទុយ អេងលី

សៀមរាប៖ បើទោះបីជារដ្ឋាភិបាលប្រទេសកម្ពុជាបានប្រកាសបើកប្រទេស និងទទួលភ្ញៀវ​ទេសចរ​ឡើង​វិញកាលពីចុងឆ្នាំ២០២១ យ៉ាងណាក៏ដោយប៉ុន្តែលំហូរភ្ញៀវទេសចរ​ហាក់ដូចជា​នៅតិចតួច​នៅឡើយ។ ការណ៍នេះ ធ្វើឱ្យអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានអ្នកម៉ាស្សា​ជាដើមនៅ​តែ​ត្អូញត្អែរ​ពីប្រាក់ចំណូលបើធៀបទៅនឹងមុនបរិបទកូវីដ១៩។

តាម​ក្រុម​អ្នកប្រកបរបរម៉ាស្សានៅក្នុងខេត្តសៀមរាប បានធ្វើ​ការ​កត់​សម្គាល់​ថាបច្ចុប្បន្ននេះ មាន​ភ្ញៀវ​ទេសចរមកខេត្តសៀមរាបហាក់មានការកើនឡើង ក៏ប៉ុន្តែអ្នកដែលចូលមកទទួល​សេវាកម្ម​ម៉ាស្សា​នៅមានតិចតួចនៅឡើយបើធៀបទៅនឹងមុនកូវីដ-១៩ ជាពិសេសគឺស្ទើរតែគ្មានតែម្តង នៅ​ពេលថ្ងៃ និង​ស្ទើរ​តែ​គ្មាន​ភ្ញៀវ​ជា​ជនជាតិ​បរទេស​ដែល​ជា​អតិថិជន​សំខាន់​ៗ របស់​ពួក​គាត់។

ផាប់​ស្រ្ទីត គឺជាតំបន់ទេសចរណ៍ដែលភ្ញៀវទេសចរមកពីគ្រប់ទិសទីម្តុំគ្នានាពេលរាត្រី និងស្វែងរក​សេវាកម្មម៉ាស្សា ក៏ដូចជាសេវាកម្មផ្សេងៗទៀត ហើយធ្លាប់តែជាទីកន្លែងដែលទទួលបានភ្ញៀវ​ទេសចរ​​​ណែនណាំតាន់តាប់ ស្ទើតែគ្មានផ្លូវដើរ តែនាពេលបច្ចុប្បន្ន ផាប់​ស្រ្ទីត ​បានប្រែក្លាយទៅជា​ទីកន្លែងដែលស្ងាត់​ទៅវិញ។ យូរៗម្តងគេឃើញមានភ្ញៀវដើរចូលក្នុងហាងម៉ាស្សា និងទទួលយក​សេវាកម្មម៉ាស្សា​ពី​ក្រុមស្រ្តីវ័យពី៤០ ទៅ៥០ឆ្នាំប្លាយដែលកំពុងតែអង្គុយរងចាំទទួលភ្ញៀវ។

មានសម្បុរខ្មៅស្រអែម ស្លៀកខោយឺតពណ៌ខ្មៅដែលមានក្រឡាឆ្នូតៗពណ៌ផ្ទៃមេឃទាំងសងខាង ពាក់អាវពណ៌ប្រផេះដៃវែង និងបួងសក់ឡើងលើ ក្នុងទឹកមុខញញឹមទទួលភ្ញៀវដែលបាន​ដើរចូល​ក្នុងហាងម៉ាស្សា។ ម៉ោងប្រមាណជា១១ថ្ងៃត្រង់ អ្នកស្រី ញួន សាវី ដែលកំពុងតែពពោះកូន៩ខែ​នៅក្នុងផ្ទៃបានផ្តល់បទសំភាសន៍មកកាន់ក្រុមអ្នកសារព័ត៌មានដោយភាពរួសរាយរាក់ទាក់ បើទោះបី​ជា​ការងាររបស់គាត់មិនសូវជាអាចរកចំណូលបានដូចមុនយ៉ាងណាក្តី។

អ្នកស្រី គឺជាបុគ្គលិកផ្តល់សេវាកម្មម៉ាស្សានៅហាង សំណាង ម៉ាស្សា ក្នុងបរិវេណ ផាប់​ស្រ្ទីត ខេត្ត​សៀមរាប ផ្តល់បទ​សម្ភាសន៍បណ្តើរ និងរៀបចំគ្រែម៉ាស្សាបណ្តើរ​ថា កាលពីមិនទាន់មានការរីក​រាល​ដាល​នៃជំងឺកូវីដ-១៩ មានភ្ញៀវ​បរទេសមកទទួលសេវាកម្មម៉ាស្សាច្រើន ជាហេតុ​អាច​ធ្វើឱ្យអ្នក​ស្រី​រក​ចំណូលប្រចាំថ្ងៃ និងប្រចាំខែខ្ពស់។ មក​ដល់​បច្ចុប្បន្ន បើទោះបីជាកូវីដ-១៩ បានធូរស្រាលក៏ពិតមែន ក៏ប៉ុន្តែនៅ​តែ​មិន​ទាន់​មាន​វត្តមាន​ក្រុមភ្ញៀវ​បរទេសចូលមក​ច្រើនដោយ​អ្នក​ស្រី​លើក​ឡើង​ថា ភ្ញៀវ​បរទេស​ហាក់ធ្លាក់ចុះទាំងស្រុង។

អ្នកស្រី ញួន សាវី និយាយថា៖ «ពីមុនសម្បូរជនជាតិ​ (ភ្ញៀវបរទេស) ដូចជាខ្ញុំមិនទាន់បើកហាងផង ភ្ញៀវមកចាំត្រៀបបាត់ហើយ ឥឡូវតែយើងអត់មានខ្មែរ​ (ភ្ញៀវ) អត់ហើយ»។

ស្ថានភាព​នេះ បានអូសទម្លាក់ប្រាក់ចំណូលរបស់ស្ត្រី​វ័យ ៣៦​ឆ្នាំរូបនេះ ឱ្យថយចុះស្ទើរពាក់​កណ្តាល ដោយធ្លាប់ទទួលបានចន្លោះ៣០០ដុល្លារអាមេរិក ធ្លាក់មកត្រឹមជាង១០០ដុល្លារអាមេរិក។ អ្នកស្រី ញួន សាវី បានឱ្យដឹងទាំង​ទឹកមុខក្រៀមក្រំ​ថា ការធ្លាក់ចុះនៃប្រាក់ចំណូលបែប​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្រី​មានជីវភាពរស់នៅកាន់តែតឹងតែង ដោយត្រូវជួបបញ្ហាលើការផ្គត់ផ្គង់ជីវភាពគ្រួសារ បង់​ថ្លៃ​បន្ទប់​ជួល ជាពិសសេស គឺត្រូវរ៉ាប់រងលើការសិក្សារបស់កូនចំនួន២នាក់ ខណៈអ្នកស្រី​ក៏ត្រូវសម្រាលកូន​ម្នាក់ទៀតនៅខែក្រោយនេះដែរ។

អ្នកស្រីបន្ថែមថា៖ «កាលលើកមុនប្រាក់ខែប៉ុណ្ណឹង (៣០០ដុល្លារ) ខ្ញុំអាចទ្ររួច ដល់ឥឡូវកូនខ្ញុំ​គាត់​រៀនដល់ថ្នាក់ធំហើយ ប្រាក់ខែយើងកាន់តែធ្លាក់ចុះ ដល់ពេលអញ្ចឹងយើងទ្រអត់រួច​ទេ»។

រីឯ​ស្ត្រី​ផ្តល់សេវាកម្មម៉ាស្សាម្នាក់ទៀត​អ្នក​ស្រី ឈួន សឿម គឺជាបុគ្គលិកធ្វើការនៅ​ហាងម៉ាស្សា​យីហោ តាក់ ត្សាង ក្បែរផ្សារ​ចាស់ បរិវេណផាប់ស្រ្ទីត ក៏បានឱ្យដឹងដូចគ្នាដែរថា ចំណូលរបស់គាត់​មានការធ្លាក់ចុះបើធៀបទៅនឹងមុនកូវីដ-១៩។ ស្ត្រី​វ័យ៤០ឆ្នាំដែល​ទើបចូលធ្វើការវិញរយៈ​ពេល​ជាង​មួយសប្ដាហ៍នេះ ប្រាប់​ថា បច្ចុប្បន្ន​អ្នក​ស្រីមិន​ទាន់​ទទួល​បានប្រាក់ខែពេញលេញនៅ​ឡើយ​ទេ។ មុន​បរិបទជំងឺកូវីដ-១៩ អ្នកភូមិគោកបេង សង្កាត់គោកចក រូបនេះ ទទួលបានប្រាក់​ខែ​ជា​មធ្យមពី ៧០​ដុល្លារ ទៅ ៨០ដុល្លារ និងលុយធីបពីភ្ញៀវចាប់ពី ១ម៉ឺនរៀល ទៅ៣ម៉ឺនរៀលក្នុងមួយថ្ងៃបន្ថែម​ពី​ប្រាក់​ខែ​របស់គាត់។

តែ​បច្ចុប្បន្ន អ្នកស្រី ឈួន សឿម ទទួលបានបៀវត្សរ៍​ត្រឹមតែ៥០ដុល្លារតែ​ប៉ុណ្ណោះ​ពី​ការងារ​ ដែល​ចូលធ្វើការនៅម៉ោង៥រសៀល ចេញម៉ោង១១យប់។ មិន​ត្រឹម​តែ​អ្នក​ប្រកប​របរ​ម៉ាស្សាម្នាក់នេះ​ត្អូញត្អែរនោះទេ ចំណែកឯបុគ្គលិក​ផ្សេង​ទៀត ក្នុង​អាជីវកម្ម​ម៉ាស្សាក៏​ជួប​រឿង​មិន​ខុស​គ្នា​ដែរ។

ដោយឡែក អ្នកស្រី សាង ផុស អាយុ៥១ឆ្នាំ​​ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ស្រុកសៀមរាប បុគ្គលិកសេវាកម្មម៉ាស្សា​នៅបរិវេណ ផាប់ស្រ្ទីត​ ខេត្ត​សៀមរាប​ដដែល​​​បាន​ឱ្យដឹងថា ចំនួនភ្លៀវដែល​មកម៉ាស្សាមានការថយចុះប្រហែល ៧០% បើធៀបនឹង​ពេល​មុនរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកស្រី សាង ផុស បញ្ជាក់ថា៖ «មុនកូវីដក្នុងមួយថ្ងៃអាចម៉ាស្សាឱ្យភ្ញៀវបានប្រហែល ៧នាក់ តែ​ឥឡូវ​បានតែមួយពីរទេ។ កត្តាធ្លាក់ចុះនៃភ្ញៀវបរទេស ក៏ដូចជាភ្ញៀវខ្មែរបានធ្វើឱ្យលុយធីប (ប្រាក់​លើ​ទឹកចិត្ត) និងលុយម៉ាស្សាតាមចំនួនម៉ោងប្រចាំថ្ងៃរបស់បុគ្គលិកក៏​ថយចុះដែរ»

អ្នកស្រី សាង ផុស បានបន្តដោយទឹកមុខក្រៀមក្រំថា៖ «មុនកូវីដប្រាក់ខែបានតែ៧០ក្នុងមួយខែ តែលុយធីប (ប្រាក់​លើ​ទឹកចិត្ត) ជួនកាលក៏បាន ១ម៉ឺន ជួនកាលក៏បាន២ម៉ឺន ៣ម៉ឺន…តាមនោះ​ទៅ ជួនកាលក៏ ៥ពាន់ទៅ! ក្រោយកូវីដ ប្រាក់ខែបាន៧០ដដែល តែ​ធីបថ្ងៃណាក៏បាន​ថ្ងៃណាក៏អត់​ទៅ​ទៀត»។

អ្នកស្រី ញួន សាវី មានផ្ទៃពោះ៩ខែ កំពុងតែម៉ាស្សាឱ្យភ្ញៀវនៅក្នុងហាង សំណាង ម៉ាស្សា​។ រូបថតថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ទុយ អេងលី

វិបត្តិកូវីដ-១៩ បានរុញច្រានឱ្យវិស័យបីសំខាន់ៗ នៅក្នុងប្រទេសកម្ពុជាទទួលរងការប៉ះទង្គិច​ខ្លាំង​ជាងគេ គឺវិស័យទេសចរណ៍ ឧស្សាហកម្មផលិតសម្រាប់នាំចេញ និងវិស័យសំណង់ជាង៧០​ភាគ​រយ​នៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃចំនួន ៣៩,៤ ភាគរយនៃការងារសរុប​នៅក្នុង​ឆ្នាំ​២០១៩។  ​វិស័យ​ទេសចរណ៍​​បាន​ដួល​រលំ​ក្នុង​រង្វង់ពេលជាង​២​ឆ្នាំ​កន្លង​មក​នេះ ចំណែកឯអ្នក​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍ក៏ត្រូវ​សម្រេចចិត្តបិទទ្វា បុគ្គលិកក៏ត្រូវបាត់បង់ការងារ​ស្ទើរតែ​ទាំង​ស្រុង។

ក្រោយ​ពី​​តស៊ូ​ទប់ទល់​នឹង​កូវីដ​-១៩ និង​អាច​គ្រប់​គ្រង​ស្ថានភាព​បាន កម្ពុជា​​បាន​ប្រកាស​បើក​ប្រទេស ដោយ​ដំណើរការ​គ្រប់​សកម្មភាព​សង្គម សេដ្ឋកិច្ច​វិញ កាល​ពី​ចុង​ឆ្នាំ២០២១ គោល​ដៅ​សំខាន់​ដើម្បី​ជួយឱ្យចរន្ត​សេដ្ឋកិច្ច​របស់​ប្រទេស​លើ​គ្រប់​វិស័យ​មាន​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ។ តាម​របាយការណ៍​​របស់ក្រសួងទេសចរណ៍ រយៈពេល៦ខែដើមឆ្នាំ ទេសចរបរទេសប្រមាណ​កន្លះ​លាន​នាក់បានចូលមកប្រទេសកម្ពុជាកើន​ឡើង​ ៣៩៤.១% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២១។

តែ​ទោះ​ជា​យ៉ាង​នេះ ​ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវ លីន មើល​ឃើញ​ថាចំនួន​នេះនៅស្ដួចស្ដើងនៅឡើយ ដែលធ្វើឱ្យចរន្តទេសចរណ៍តាមបណ្ដាខេត្តនៅមិនទាន់​រដាស់ខ្លាំងទេ ពោល គឺ​ការដើរកម្សាន្តនៅមានកម្រិតទាបនៅឡើយ។ ស្របពេលនេះ ម្ចាស់អាជីវកម្ម​ដូចជា​ហាង​ម៉ាស្សា​ជាដើម ក៏ខិតខំប្រឹងប្រែងប្រមូលធនធាន អ្នក​ជំនាញ និងបុគ្គលិកត្រឡប់មកវិញ តែស្ថិតក្នុង​ស្ថានភាពមួយដែលលំបាកនៅឡើយ ហើយប្រាក់ខែក៏មិនទាន់ពេញលេញដែរ។

ដូច្នេះ​ហើយ អ្នកស្រីបន្ថែមថា ចំណុចនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ រួមនិងបុគ្គលិកត្រូវ​អត់​ធ្មត់​បន្តិច​ទៀត។ លោកស្រី ឆាយ ស៊ីវ លីន បានលើកឡើងថា៖ «ដូច្នេះភ្ញៀវត្រឹមប៉ុណ្ណឹង គាត់មិន​ទាន់​​នទទួលបានអត្ថប្រយោជន៍បានទេ មានតែការខាតបង់…ដោយសារការងើបឡើងវិញរៀង​យឺត​ធ្វើឱ្យ​ពួកគេទទួលបានប្រាក់ខែមិនទាន់ពេញលេញ»

តាម​តួលេខ​ឆ្នាំ២០១៧ ខេត្តសៀមរាប មានភោជនីយដ្ឋាន១៨១កន្លែង កន្លែងម៉ាស្សាចំនួន៥៤​កន្លែង ខារ៉ាអូខេចំនួន១៨កន្លែង និងឌីស្កូតែតចំនួន៣កន្លែង។ សេវាកម្មទាំងអស់នេះ មានបុគ្គលិក​បម្រើ​សេវា​ជិត៦ពាន់នាក់ ដែល​បាននឹង​កំពុង​អាស្រ័យ​ផល​ក្នុង​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ។

​ស្តីពីស្ថានភាព​របស់​ក្រុមស្រ្តីផ្តល់សេវកម្មម៉ាស្សា​ ប្រធានសមាគមទេសចរណ៍កម្ពុជា​ដដែល​បាន​បញ្ជាក់ទៀត​ថាថ្មី​ៗ សមាគមបានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំ​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​បណ្ដុះ​បណ្ដាល​រំលឹកជំនាញ​ឡើង​វិញ ដល់បុគ្គលិកក្នុងវិស័យសណ្ឋាគារ និងបដិ​​សណ្ឋារកិច្ច ក្នុងនោះមានអ្នក​ម៉ាស្សាផង​ដែរ។

លោកស្រីបន្ថែមថា៖ «ដូច្នេះភ្ញៀវត្រឹមប៉ុណ្ណឹង គាត់មិនទាន់ទទួលបានអត្ថប្រយោជន៍បានទេ មាន​តែការខាតបង់…ដោយសារការងើបឡើងវិញរាងយឺត ធ្វើឱ្យពួកគេទទួលបាន​ប្រាក់ខែមិនទាន់​ពេញលេញ»។ 

ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​នា​ពេល​ខាង​មុខ​តាម​រយៈ​ផែន​ការ​មេ​នេះ ចំណូល​ទេសចរណ៍ នឹង​ត្រូវ​ចាត់​ចូល​ទៅ​ផ្នែក​សំខាន់​ៗ ​នៃ​វិស័យ​នេះ ក្នុង​នោះ​ក៏​មានសេវា​ម៉ាស្សា​ដែរ ដែល​ធានា​ថាគ្រប់​គ្នា​នៅ​ក្នុង​សេវាកម្ម​នេះនឹង​ទទួល​បានផល​ប្រយោជន៍​ច្រើន​បន្ថែម​ទៀត។

​ដោយឡែកលោក ទុយ ស៊ីធៀង ជាអគ្គលេខាធិការ នៃសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា​ បានបង្ហាញការយល់ឃើញពីការត្អូញត្អែរ​របស់ក្រុមស្រ្តីផ្តល់សេវាកម្ម​ម៉ាស្សា​ពិត​ជា​មានការធ្លាក់ចុះពិតប្រាកដមែន។ លោកថាពួកគាត់មិនត្រឹមតែធ្លាក់ចុះចំណូលនោះទេ គឺមាន​អ្នក​ខ្លះ​​ត្រូវបាត់បង់អាជីពជាអ្នកម៉ាស្សាទាំងស្រុងតែម្តង ចាប់តាំងពីប្រទេសកម្ពុជាមានវិបត្តិកូវីដ-១៩។

លោកសង្គេតឃើញថា បើទោះបីជាពួកគាត់បានជួបវិបត្តិបាត់បង់ការងារ ឬក៏ចំណូលធ្លាក់​យ៉ាងណា​ក្តី ក៏ប៉ុន្តែក្រុមស្រ្តីអ្នកម៉ាស្សាដែលស្ថិតនៅក្រោមឆ័ត្រតែមួយជាមួយនឹងវិស័យទេសចរណ៍ ក៏មិនអាច​ទទួល​បានកិច្ចគាំពារពីសង្គមដែលជាប្រាក់ឧបត្ថមពីរដ្ឋាភិបាល ៤០ដុល្លា​ក្នុងមួយខែដូចទៅនឹង​អ្នក​ធ្វើការ​ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ផ្សេងទៀត ដោយលោកសង្កត់ធ្ងន់ថា​សូម្បីតែ​អត្ថ​ប្រយោជន៍​កិច្ចគាំពារពីរបបសន្តិសុខសង្គមបេឡាជាតិក៏ត្រូវបានកាត់ផ្តាច់ផងដែរ។

លោក ទុយ ​ស៊ីធៀង បានថ្លែងថា៖ «បាត់បង់អត្ថប្រយោជន៍ដែលត្រូវទទួលបាន​ពីសេវាកិច្ច​គាំពារ​សង្គមរបស់គាត់ គឺមានន័យថាទុក្ខជាន់ទុក្ខនៅក្នុងដំណាក់កាលហ្នឹង បើទោះបីជាពួកគាត់ព្យាយាម​ស្រែកដង្ហៅហៅ ព្យាយាមដាក់លិខិតស្នើសុំទាំងអជ្ញាធរខេត្តសៀមរាប ទាំង (ប.ស.ស) ក្រសួង​ការងារ ក្រសួងសេដ្ឋកិច្ច។ ប៉ុន្តែយើងមើលឃើញថា គេហាក់ផាត់ពួកខ្ញុំចេញ មិនសូវយកចិត្ត​ទុកដាក់ មិន​មែន​​អត់សូវទេ! អត់យកចិត្តទុកដាក់តែម្តង គឺអត់មានដំណោះ​ស្រាយសមរម្យ​ណាមួយជូនគាត់»

ក្នុងនាមជាសហជីព និងធ្វើការងារជាមួយក្រុមស្រ្តីអ្នកម៉ាស្សា លោកចង់ឃើញរដ្ឋាភិបាល​មាន​ដំណោះ​ស្រាយសមរម្យសម្រាប់អ្នកធ្វើការនៅក្នុងវិស័យម៉ាស្សា ដោយផ្តល់ឱ្យពួកគាត់​នូវអត្ថ​ប្រយោជន៍ផ្សេងៗ ដូចជាសេវាកិច្ចគាំពារសង្គម ជាពិសេស គឺរបបសន្តិសុខសង្គម (ប.ស.ស)។ ក្រៅពីប្រាក់ចំណូល រដ្ឋាភិបាល ក៏ដូចជានិយោជក គួរតែយកចិត្តទុកដាក់លើបញ្ហាសុខភាព សុវត្តិភាព និងការបៀតបៀននៅកន្លែងធ្វើការរបស់ក្រុមស្រ្តីអ្នកផ្តល់សេវាកម្មម៉ាស្សា និងជំរុញ បង្កើនឱ្យមានការងារច្រើន លើកស្ទួ​យ លើកកម្ពស់ ផ្តល់តម្លៃ និងផ្តល់ប្រាក់ឈ្នួលសមរម្យ ព្រមទាំងលក្ខខណ្ឌ​ការងារ​ផងដែរ។

លោក ស៊ីធៀង បានឱ្យដឹងថា៖ «គួរតែមានគោលនយោបាយដែលលើកកម្ពស់ដល់ពួកគាត់ ព្រោះ​គាត់​ធ្វើការ​ដោយ​កម្លាំង កម្លាំងដៃដែលប្រឈមទៅនឹងបញ្ហាប៉ះពាល់ដល់សុខភាព ប៉ះពាល់​រឿង​ជាច្រើនទៀត​ ទាក់ទង់សុខភាព សុវត្តិភាពហ្នឹង ការបៀតបៀននៅកន្លែងធ្វើការរបស់ពួកគាត់» ។ លោក​បន្ត​ទៀត​ថា៖«គួរតែផ្តល់​បែង​ចែក​នូវប្រាក់ចំណេញដែលនិយោជកបានចំណេញហ្នឹង ជូន​ជា​ប្រាក់ខែ​ដ៏​សមរម្យមួយដល់ពួកគាត់ ហើយបញ្ឈប់ការកេងប្រវ័ញ្ជពួកគាត់ តាមរយៈ​ឱ្យធ្វើការ​ថែម​ម៉ោង តាមរយៈ​ការឱ្យប្រាក់ឈ្នួលតិច​ ប្រាក់ម៉ោងតិចអីហ្នឹងជាដើម»។

ភ្ញៀវទេសចរដើរកម្សាន្តនៅផ្សាររាត្រី Pub Street ក្នុងខេត្តសៀមរាប។ រូបថតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាបបានធ្វើការ​បដិសេធ​មិនផ្តល់បទ​សំភាសន៍​ជាមួយនឹងអ្នកសារព័ត៌មាន ដោយលោកកំពុងតែសម្រាកនៅក្នុងមន្ទីពេទ្យ និងបានចុច​ទូរស័ព្ទបិទ។

លោក ង៉ូវ សេងកាក់ បានថ្លែងថា៖ «ខ្ញុំកំពុងតែនៅពេទ្យ ព្យ្ជួរសេរ៉ូម [សម្លេងបិទទូរស័ព្ទ] »។  

រាជរដ្ឋាភិបាល​កម្ពុជាបាន​កំណត់​​យក​ខេត្ត​សៀមរាបធ្វើ​ជា​មេដែក​សម្រាប់​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​ចែង​ក្នុង​ផែន​ការ​មេ​អភិវឌ្ឍន៍​ខេត្ត​សៀមរាប​ឆ្នាំ២០២១-២០៣៥ ដោយ​ក្នុង​នោះ​ គ្រោង​ពង្រីក​បន្ថែម​នូវ​សកម្មភាព និង​ព្រឹត្តិការណ៍​កម្សាន្ត​នានា ដើម្បី​បង្កើន​ភាព​ពេញចិត្ត ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ឈាន​ទៅ​បង្កើន​រយៈ​ពេល​ស្នាក់​នៅ ក៏​ដូច​ជា​បង្កើន​ការ​ចំណាយ​របស់​ពួក​គេ​លើ​ដី​កម្ពុជា និង​ចាប់​យក​តម្លៃ​បន្ថែម​ពី​វិស័យ​ទេសចរណ៍​ខ្ពស់​ជាង​មុន ដើម្បី​បាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប និង​ប្រទេស​កម្ពុជា។

រដ្ឋាភិបាលប្រទេសកម្ពុជា​ជឿជាក់​ថា ការ​រៀប​ចំ​ផែនការ​មេដើម្បីអភិវឌ្ឍ​ទេសចរណ៍​ខេត្ត​សៀមរាប​នឹង​ក្លាយ​ជា​យន្តការ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ ក៏ដូច​ជាពេល​អនាគត។ ការសម្រេច​ឱ្យបាន​នូវ​ខេត្តសៀមរាប គឺ​ជា​ខេត្ត​ទេសចរណ៍​អន្តរជាតិ​ដ៏​គួរ​ឱ្យចាប់​អារម្មណ៍ ការ​ទទួល​ស្គាល់​លក្ខណៈជាសកល​លើ​ការ​អភិវឌ្ឍ និង​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ​បរិស្ថាន​ធម្មជាតិ។

របាយការណ៍ដដែលបានបង្ហាញថា រដ្ឋាភិបាលធានា​ឱ្យ​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ គឺ​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ តំបន់​ទីក្រុង​ដែល​មាន​ស្ទឹង​សៀមរាប តំបន់​ទន្លេសាប ឧទ្យាន​ជាតិ​ភ្នំគូលេន និង​តំបន់​ជន​បទ​ដែល​ជា​គោលដៅ​ទេសចរណ៍ ​ត្រូវ​តែ​ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ខេត្តសៀមរាប​ត្រូវ​តែ​ជាគោលដៅ​ទេសចរណ៍​​មាន​គុណភាព សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ម្ដង​ហើយ​ម្ដង​ទៀត ​ភ្ញៀវ​ទេសចរ​កម្រិតខ្ពស់​អាចបង្កើន​នូវ​ចំណូល​ជូន​ប្រជាពលរដ្ឋ មូលដ្ឋាន និង​កសាង​សេដ្ឋកិច្ច​ឱ្យបានល្អប្រសើរ។

បន្ថែម​ពី​លើ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​មិត្ត​ដែកថែប​ជាមួយ​​ចិន ក៏​មាន​ក្ដី​រំពឹង​ទទួល​ផល​ចំណេញ​ពី​​នយោបាយ​គ្មាន​កូវីដ-១៩ (Zero Covid-19) របស់​ចិន ដោយ​ជឿជាក់​ថា ភ្ញៀវ​ទេសចរ​ចិន ដែល​ធ្លាប់​ស្ថិត​នៅ​លំដាប់​កំពូល​​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​ជាង​គេ​ចូល​មក​កម្ពុជា​មុន​កូវីដ-១៩​ នោះ នឹង​កើន​ឡើង​ដល់ ៧លាន​នាក់​នៅ​ឆ្នាំ២០២៦។

បើទោះបីជាមិនអាចទទួលបានចំណូលដូចទៅនឹងពេលមុនកូវីដ-១៩ នឹងត្រូវការប្រាក់ដើម្បីជីវភាព និងចំណាយសម្រាប់ថ្នាំប្រចាំកាយជារៀងរាល់ខែ អ្នកស្រី សាង ផុស នៅតែខិតខំប្រឹងធ្វើការ​ជានិច្ច។

អ្នកស្រី សាង​​ ផុស បានស្នើទៅរាជរដ្ឋាភិបាលថា៖ «ខ្ញុំសូមសំណូមពរឱ្យ រដ្ឋាភិបាលជួយដោះ​ស្រាយ ជួយឱ្យភ្ញៀវចូលមកឱ្យច្រើនៗ ដើម្បីម៉ាស្សាយកលុយចិញ្ជឹមកូនទៀត»៕

1,217 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម