ពលរដ្ឋម្នាក់បានត្អូញត្អែរថា៖ «ខ្ញុំជិះម៉ូតូទៅមណ្ឌលសុខភាពម្តងៗឈប់បីបួនដងឈឺពោះពេកទំរាំដល់ពេទ្យដោយសារផ្លូវរលាក់ហើយហុយ ដុំថ្មផុសមក ជួនកាលទៅហួសម៉ោងពេទ្យក៏មាន»។ នេះជាសំដីរបស់អ្នកស្រី គឹម ស្រ៊ៀង អាយុ៣៤ឆ្នាំ ដែលកំពុងពរពោះ៧ខែ រស់នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមុខរបរលក់អីវ៉ាន់ចាប់ហួយគ្រប់មុខ។
អ្នកស្រីបានបន្ថែមថា ផ្លូវឆ្លងកាត់ភូមិរបស់គាត់នេះរលាក់ហុយ ថ្មផុសស្រួចៗពិបាកធ្វើដំណើរណាស់ ហើយចម្ងាយផ្លូវពីផ្ទះរបស់គាត់ទៅមណ្ឌលសុខភាពប្រហែល១០គីឡូម៉ែត្រ ប៉ុន្តែត្រូវចំណាយពេលជិះយូរព្រោះមិនហ៊ានជិះលឿននោះទេ។
សូមបញ្ជាក់ថាផ្លូវមួយខ្សែខាងលើនេះប្រវែងប្រហែល១៧គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវលេខ៥៩ ដល់ភ្នំ១០០ ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែល ប្រជាពលរដ្ឋប្រាំភូមិ ក្នុងឃុំនេះធ្វើដំណើរឆ្លងកាត់និងដឹកជញ្ជូនកសិផលជាប្រចាំដែលមានភូមិត្រាង ភូមិកណ្តាល ភូមិអូរគគី ភូមិអូរចំបក់ និងភូមិភ្នំ១០០។
អ្នកស្រី គឹម ស្រ៊ៀង បានលើកឡើងថា ផ្លូវនេះមានការលំបាកថ្មផុសស្រួចៗ និងហុយខ្លាំងម៉ូតូ ឡានបើកឆ្លងកាត់ធ្លាប់ផ្លាតដួលច្រើននាក់ ហើយខ្លះបុកថ្មដែលផុសមកបែកកង់ម៉ូតូក៏មាន ជាក់ស្តែង កូននិងក្មួយរបស់គាត់ជិះម៉ូតូទៅសាលារៀនធ្លាប់រអិលដួលរងរបួសដេរច្រើនថ្នេរដោយសារផ្លាតថ្មដែលផុសមកស្រួចៗ។
អ្នកស្រី គឹម ស៊្រៀង បានបន្ថែមថា៖ «ឃើញមេឃុំអីមកវាស់ច្រើនដងដែរ តែស្ងាត់ឈឹងគ្រាន់តែលឺតៗគ្នាថា គេចាក់កៅស៊ូឱ្យជិត១០ឆ្នាំហើយ»។
កំពុងដើរសំដៅទៅថ្នល់ជាតិ អ្នកស្រី ឆែម ទូច អាយុ ៣៤ ឆ្នាំ រស់នៅភូមិអូរគគី ឃុំត្រាង បានឱ្យដឹងដែរថា ផ្លូវក្នុងភូមិពិតជាពិបាកក្នុងការធ្វើដំណើរណាស់ ហើយហុយខ្លាំងពេលរថយន្តម៉ូតូបើកកាត់។ អ្នកស្រីបន្តថា អ្នកជំងឺល្មមៗដឹកទំរាំដល់ពេទ្យចង់ផុតដង្ហើមដោយសាររលាក់ពេក ហើយម៉្យាងទៀតដោយសារផ្លូវពិបាកធ្វើឱ្យឈ្មួញចូលទិញកសិផលបានតម្លៃថោកដែរ។
អ្នកស្រី ឆែម ទូច ឱ្យដឹងថា៖ «ខ្ញុំសំណូមពរចង់ឱ្យអាជ្ញាធរ រឺក្រសួងអី ជួយជួសជុលផ្លូវនេះបានចាក់បេតុង រឺកៅស៊ូមកព្រោះផ្លូវក្រួសក្រហមមិនបានយូរទេ ដើម្បីលក់ដំណាំដាំដុះបានថ្លៃ និង ងាយស្រួលធ្វើដំណើរទៅមណ្ឌលសុខភាព និង សិស្សសាលាជិះទៅរៀនអីងាយស្រួលនិងលឿនជាងមុន»។
ថ្វីត្បិតតែរាជរដ្ឋាភិបាលបានដំឡើងថវិកាឃុំសង្កាត់ពីមួយឆ្នាំទៅមួយឆ្នាំដែលជាសញ្ញាមួយល្អក្តីក៏នៅមិនទាន់អាចឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅឡើយ ពិសេសលើតម្រូវការផ្លូវថ្នល់ លូ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នេះបើតាមការលើកឡើងពីពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិល។
លោក ម៉ឺន ម៉ាន់ ជំទប់ទី១ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានឱ្យដឹងថា បានទទួលស្គាល់ថាកំណាត់ផ្លូវខាងលើពិតជាមានការលំបាកមែន ដោយចាប់ផ្តើមជួសជុលពីផ្លូវដីភក់ មកជាផ្លូវក្រាលក្រួសក្រហមបណ្តើរៗតាំងពីឆ្នាំ២០០០មកម្លេះ ដែលមកទល់ពេលនេះជាង២០ឆ្នាំមកហើយ កន្លងមកជួសជុលជាបន្តបន្ទាប់ដែរ តែដោយសារផ្លូវនេះដឹកកសិផល ធ្ងន់ៗវាខូចទៅវិញដែរ។
លោកបន្តថា ថ្វីត្បិតផ្លូវមួយខ្សែនេះជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ឃុំនឹងជាផ្លូវអាទិភាពដែលពលរដ្ឋចូលរួមលើកឡើងនៅពេលដែលរៀបចំកសាងផែនការ ប៉ុន្តែមូលនិធិឃុំដែលផ្តល់ដោយរាជរដ្ឋាភិបាល ទម្លាក់មកមានកម្រិតមិនអាចយកលុយមូលនិធិទៅធ្វើផ្លូវបេតុង រឺផ្លូវកៅស៊ូ តាមសំណូមពរពលរដ្ឋបាននោះទេ គឺបានត្រឹមតែជួសជុលផ្លូវក្រួសក្រហមប្រើបណ្តោះអាសន្នប៉ុណ្ណោះ។
លោក ម៉ឺន ម៉ាន់៖ «ដោយសារឃុំគ្មានថវិការគ្រប់គ្រាន់ចាក់បេតុង រឺធ្វើកៅស៊ូបានទេ បានត្រឹមជួសជុលប្រើសិន ហើយឃុំក៏បានធ្វើសំណើរទៅខាងខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ វិស្វកម្ម ដើម្បីស្នើសុំចាក់កៅស៊ូជូនពលរដ្ឋដែរ តែស្ងាត់ឈឹងគ្រាន់តែឃើញមកមើល»។
ឃុំត្រាង មានទីតាំងជាប់ព្រំដែនកម្ពុជាថៃស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង មាន៩ភូមិដែលមានប្រជាជនរស់នៅ២០៩០គ្រួសារ មនុស្សរាយជិត១ម៉ឺននាក់ដែលភាគច្រើនប្រកបរបរកសិកម្ម ទីតាំងឃុំនេះមានចម្ងាយប្រមាណជាង១០០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
អង្គុយក្បែរគ្នាហ្នឹងដែរ លោក ភុំ សុផាន ស្មៀនឃុំត្រាង បានលើកឡើងថា លុយមូលនិធិឃុំឆ្នាំ ២០២២ដែលទម្លាក់ពីថ្នាក់ជាតិមកបានជាង២០០លានរៀលសម្រាប់អភិវឌ្ឍន៍ថវិកានេះ គឺជួសជុលផ្លូវក្រួសក្រហមបានតែ២ខ្សែប្រវែង ៦ ១០០ម៉ែត្រប៉ុណ្ណោះដែលត្រូវ ចំណាយថវិកា មូលនិធិឃុំអស់២០៨ លានរៀលនឹងទុនចូលរួមពីពលរដ្ឋ១លានរៀល និង ជួលជុលសាលាឃុំអស់ជាង៤លាន៧សែនរៀល។
លោកស្មៀនឃុំថ្លែងបន្តថា នៅឆ្នាំ២០២៣លុយមូលនិធិឃុំគ្រោងសម្រាប់ការអភិវឌ្ឍន៍បានកើនឡើងដល់ប្រមាណ៣៥១លានរៀលក៏នៅមិនគ្រប់គ្រាន់សម្រាប់ចាក់ផ្លូវបេតុង រឺកៅស៊ូតាមការលើកឡើងរបស់ពលរដ្ឋបានទេគឺកម្រិតបានត្រឹមធ្វើផ្លូវក្រួសក្រហមប៉ុណ្ណោះ។ លោកបន្ថែមថាថវិកានេះត្រូវធ្វើផ្លូវក្នុងភូមិណាដែលខូចខាតខ្លាំងមុន ចំណែកភូមិផ្សេងទៀត ចាំឆ្នាំក្រោយៗ តាមតម្រូវការអាទិភាពដែលប្រមូលមតិចូលរួមពីពលរដ្ឋ។
លោក ភុំ សុផាន បន្ថែមថា៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលអោយទម្លាក់ថវិកាមូលនិធិឃុំ ឱ្យបានច្រើនជាងនេះ ដើម្បី ឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានគ្រប់គ្រាន់ដែលអាចមានលទ្ធភាពចាក់បេតុង រឺកៅស៊ូលើផ្លូវនានាក្នុងឃុំ ដែលជាប់បានយូរជាងផ្លូវក្រួសក្រហម និងបំពេញតម្រូវការផ្សេងៗទៀត»។
លោក ជុន វិបុល អភិបាលរងស្រុកកំរៀងបានឱ្យដឹងថា ផ្លូវ១៧គីឡូម៉ែត្រក្នុងឃុំត្រាងខាងលើដែលខូចខាតនេះស្រុកពុំមានថវិការគ្រប់គ្រាន់សម្រាប់ស្ថាបនាកៅស៊ូរឺបេតុងជូនតាមសំណូមពរប្រជាពលរដ្ឋនោះទេ គឺមានតែស្នើទៅថ្នាក់ខេត្ត រឺក្រសួងពាក់ព័ន្ធ។
លោក ជុន វិបុល បញ្ជាក់ថា៖ «ស្រុកមានគម្រោងតែចាក់បេតុងនិងក្រាលក្រួសធម្មជាតិប៉ុណ្ណោះមិនមាន គ្រោងចាក់កៅស៊ូនោះទេ គឺយើងធ្វើតាមធនធានរបស់យើង បើលើសសមត្ថភាពមានតែស្នើទៅខេត្ត រឺក្រសួងពាក់ព័ន្ធ»។
លោកបន្ថែមថា ស្រុកកំរៀងមាន៥ឃុំគឺ ឃុំកំរៀង ឃុំអូដារ ឃុំបឹងរាំង ឃុំត្រាង និង ឃុំតាក្រី ក្នុងការអភិវឌ្ឍន៍មូលនិធិឃុំទាំងប្រាំនេះដោយសារតែថវិកាមានកម្រិតអាជ្ញាធរឃុំអភិវឌ្ឍន៍ផ្លូវបានត្រឹមតែ ក្រួសក្រហមប៉ុណ្ណោះនៅឆ្នាំ២០២២។ ចំណែកបញ្ជីគម្រោងវិនិយោគអាទិភាពដែលប្រើប្រាស់មូលនិធិឃុំសង្កាត់សម្រាប់ឆ្នាំ២០២៣ដល់២០២៥ គឺភាគច្រើនគម្រោងសាងសង់ផ្លូវចាក់ក្រួសធម្មជាតិ (ក្រួសក្រហម)បន្ថែមពីនោះមានដាក់លូ និងស្ពាន ។
លោកទទួលស្គាល់ថាផ្លូវក្រាលក្រួសក្រហមគុណភាពបានរយៈពេលខ្លីប៉ុណ្ណោះវាឆាប់ខូចវិញដែលត្រូវជួសជុលជាប្រចាំតាមគម្រោងបើសិនជាថ្ងៃមុខរាជរដ្ឋាភិបាលទម្លាក់ថវិកាបានច្រើន ជាងនេះអាជ្ញាធរ និងធ្វើការចាក់ផ្លូវបេតុងជូនពលរដ្ឋតាមសំណូមពរដើម្បីប្រើប្រាស់បានយូរនិងងាយស្រួលធ្វើដំណើរ មិនហុយប៉ះពាល់ដល់សុខភាព។
ទោះបីយ៉ាងណាលោកបញ្ជាក់ថាដោយសារការស្ថាបនាផ្លូវបេតុងត្រូវចំណាយថវិការច្រើន ហើយធ្វើ ផ្លូវបានខ្លី ក្នុងផែនការគម្រោងវិនិយោគអទ្ធិភាពដែលគ្រោងប្រើប្រាស់មូលនិធិស្រុកកំរៀង សម្រាប់ឆ្នាំ ២០២៣ដល់២០២៥ ស្រុកបានឆ្លៀតបញ្ចូលការសាងសង់ផ្លូវចាក់បេតុងនៅឃុំបឹងរាំងមួយខ្សែបានតែប្រវែង ៥០០ម៉ែត្រក្នុងតម្លៃប៉ាន់ស្មានអស់រហូតដល់ជាង៤០០លានរៀល និងក្នុងឃុំកំរៀង ប្រវែង ១ ២១១ម៉ែត្រតម្លៃប៉ាន់ស្មានអស់រហូតដល់៤៦០លានរៀលដែរ។
តាមការឱ្យដឹងពីអាជ្ញាធរឃុំមួយចំនួនក្នុងខេត្តបាត់ដំបង និងសង្គមស៊ីវិលដែលធ្វើការស្និទ្ធជាមួយអាជ្ញាធរឃុំបានឱ្យដឹងថាបច្ចុប្បន្នថ្វីត្បិតតែរាជរដ្ឋាភិបាលបានដំឡើងថវិកាឃុំសង្កាត់ពីមួយឆ្នាំទៅមួយឆ្នាំក្តីក៏មិនទាន់អាចឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅឡើយ។នៅឆ្នាំ២០២២ ថវិកាវិភាជដោយរាជរដ្ឋាភិបាលផ្តល់ដល់ឃុំ សង្កាត់ក្នុងមួយឆ្នាំបានប្រហែល១២ម៉ឺនដុល្លារប៉ុណ្ណោះ ដែលប្រើប្រាស់កសាង ហេដ្ឋារចនា សម្ព័ន្ធរូបវន្តផ្នែករដ្ឋបាល និងប្រាក់បៀវត្សន៍ជាដើម។ ប្រភពខាងលើបានបន្ថែមថាបើតាមការ ប៉ាន់ស្មានឃុំ សង្កាត់ ត្រូវការថវិកាចន្លោះពី២០ម៉ឺនដុល្លារដល់២៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំទើប អាចឆ្លើយតប តម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានបានសមរម្យ ។
លោក ហេង ហឿន មេឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក បានឱ្យដឹងថា ក្នុងស្រុកភ្នំព្រឹកមាន៩ភូមិទទួលថវិកាវិភាជពីរាជរដ្ឋាភិបាលនៅឆ្នាំ២០២២បានជាង៧០០លានរៀល ក្នុងនោះប្រាក់សម្រាប់អភិវឌ្ឍន៍មានតែជាង៣៧០លានរៀល(ប្រហែលជាង៩ម៉ឺនដុល្លារ) ក្រៅពីនោះជិតពាក់កណ្តាល សម្រាប់ការងាររដ្ឋបាលនិងប្រាក់បៀវត្សន៍។
លោកបញ្ជាក់ថា ថវិកាជាង៩ម៉ឺនដុល្លារនេះអភិវឌ្ឍន៍ផ្លូវបានតែ២ភូមិប៉ុណ្ណោះ ដែលអាជ្ញាធរប្រមូលមតិចូលរួមពីពលរដ្ឋដើម្បីចាត់ចំណាត់ថ្នាក់គម្រោងអទ្ធិភាព មុនពេលកសាងផែនការ អភិវឌ្ឍន៍ប្រចាំឆ្នាំ ចំណែកភូមិផ្សេងៗទៀតចាំធ្វើនៅឆ្នាំក្រោយៗបន្តបន្ទាប់ទៀត។
លោក ហេង ហឿន ថ្លែងថា៖ «ដោយសារកក្តាថវិការមានកម្រិតកន្លែងណាដែលខូចខ្លាំងចុះធ្វើមុន កន្លែងណាដែលខូចល្មមៗ សំបុកមាន់អី រៃអង្គាសពីពលរដ្ឋជួសជុលប្រើសិនកុំឱ្យស្ទះក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល»។
ទោះបីយ៉ាងណាលោកមេឃុំបញ្ជាក់ថាថ្វីត្បិតតែថវិការដែលទម្លាក់ដោយរាជរដ្ឋាភិបាលនៅមានកម្រិត អាជ្ញាធរឃុំបានកៀរគរពីសប្បុរសជន និងការចូលរួមពីប្រជាពលរដ្ឋបានធ្វើការស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រទាក់គ្នាពីភូមិមួយទៅភូមិមួយអស់ហើយ។ តែដោយសារផ្លូវក្រួសក្រហមងាយខូចខាតប្រើមិន បានយូរនៅឆ្នាំ២០២៣នេះឃុំបានគ្រោងថវិកាមូលនិធិប្រមាណជាង៤៥០លានរៀលសម្រាប់អភិវឌ្ឍន៍ផ្លូវបេតុងបានជាង៩០០ម៉ែត្រសិនប៉ុណ្ណោះ ក្នុងភូមិភ្នំតូចនិងភូមិសាមគ្គីនិងភូមិតាប៉ុនផ្លូវក្រួសក្រហម១ខ្សែប្រវែង២គីឡូម៉ែត្រ។
លោក ហេង ហឿន លើកឡើងថា៖ «ខ្ញុំដឹងថា ថវិកាដែលទម្លាក់មកមានកម្រិត មិនគ្រប់គ្រាន់ក្នុងការឆ្លើយតបតម្រូវ ការប្រជាពលរដ្ឋហើយ តែខ្ញុំមិនហ៊ានសំណូមពររឺទាមទាអ្វីថែមទេ ព្រោះរដ្ឋាភិបាលទទួលបន្ទុកធ្ងន់ ណាស់គឺគ្រប់ឃុំទូទាំងប្រទេស គឺយើងដោះស្រាយបណ្តើរៗតាមលទ្ធភាពជាក់ស្តែង»។
លោក ខឹម សុផាត ប្រធានការិយាល័យផែនការគាំទ្រឃុំ ក្នុងស្រុកភ្នំព្រឹកបានទទួលស្គាល់ថា ថវិការ មូលនិធិឃុំនាពេលបច្ចុប្បន្ននេះមិនទាន់ឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយពោលគឺបានប្រហែល៤៥ ភាគរយប៉ុណ្ណោះ។ លោកបន្តថា តម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានមានច្រើននៅពេលដែលអាជ្ញាធរកោះហៅពលរដ្ឋមកចូលរួមប្រជុំ រឺក៏ធ្វើវេទិកាសាធារណៈរាល់ឆ្នាំ ក្នុងនោះមានផ្លូវថ្នល់ដឹកជញ្ជូន ផ្នែកអប់រំនិងសុខភាពជាដើម និងបញ្ហាផ្សេងៗបើតាមការសិក្សាយើងត្រូវការថវិកា ចូលដល់ពាន់លានរៀលឯណោះក្នុងមួយឆ្នាំ សម្រាប់ឃុំនីមួយៗទើបអាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋបានសមរម្យ។
លោក សុផាត បន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ជាតិ បង្កើនវិភាជថវិកាឃុំ ឱ្យបានច្រើនជាងនេះបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រជាពលដ្ឋតាមឃុំឱ្យបានសមរម្យ»។
ដោយឡែកលោក ពែក គុំ មេឃុំអូរតាគី ស្រុកថ្មគោល វិញក៏ឱ្យដឹងដែរថាក្នុងឆ្នាំ២០២២ ឃុំអូរតាគី ទទួលបានថវិការវិភាជពីរដ្ឋាភិបាលចំនួន៦០០លានរៀលក្នុងនោះមានតែ៣០០លានរៀលទេសម្រាប់គម្រោងអភិវឌ្ឍន៍ ក្រៅពីនោះសម្រាប់ផ្នែករដ្ឋបាល។ លោកបន្តថា ដោយសារឃុំអូរតាគីមានរហូតដល់៨ភូមិ ហើយថវិការមូលនិធិឃុំ មានកម្រិត ឃុំមាន លទ្ធភាស្ថាបនាផ្លូវក្រួសក្រហមបានតែមួយភូមិប៉ុណ្ណោះក្នុងមួយឆ្នាំគឺបានផ្លូវប្រហែល៨គីឡូម៉ែតបើឆ្នាំខ្លះមានសល់កន្ទុយលុយអាចយកទៅកសាងផ្លូវភូមិផ្សេងខ្លះទៀត ។
លោកមេឃុំបញ្ជាក់ថា ឃុំអូតាគីមានភូមិច្រើនហើយស្ថិតនៅជនបទ យើងអាចត្រឹមកសាងផ្លូវលំក្រួសក្រហមពលរដ្ឋប្រើប្រាស់ទាំងប្រាំងទាំងវស្សា ធ្វើឱ្យផ្លូវវាខូចញឹកញាប់ ដូច្នេះថវិកាវាមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ។
លោក ពែក ឃុំ បន្ថែមទៀតថា៖ «បើតាមមហិច្ឆតាខ្ញុំចេះតែចង់បានថវិកាថែមហើយ តែវាអាស្រ័យលើប្រភពចំណូលរបស់ជាតិដែរ បើប្រភពចំណូលជាតិមានកម្រិតខ្ញុំមិនចង់បានលោភហួសប្រមាណដែរ តែបើបានថវិការច្រើនជាងនេះខ្ញុំកាន់តែអរហើយ»។
លោក វ៉ាន សុភ័ណ្ឌ មន្រ្តីគម្រោងរបស់អង្គការទ្រទ្រង់ភូមិ (VSG) ដែលកំពុងធ្វើការជាមួយបណ្តាឃុំក្នុងស្រុកចំនួន៤នៅខេត្តបាត់ដំបង គឺស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកបវេល ស្រុកឯកភ្នំ និងស្រុកសំឡូត បានអោយដឹងថាថវិកាឃុំសង្កាត់ដែលវិភាជន៍ពីរដ្ឋាភិបាលនៅឆ្នាំ២០២២ចន្លោះពី៧ម៉ឺនដល់១៥ម៉ឺនដុល្លារ ទាំងថវិកាសម្រាប់អភិវឌ្ឍន៍ និង ផ្នែករដ្ឋបាល។
លោកបន្ថែមថា ថវិកានេះមិនអាចឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ នីមួយៗបានគ្រប់ជ្រុងជ្រោយនោះឡើយព្រោះបើយកថវិកាទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (ផ្លូវ) មួយខ្សែរប្រវែងច្រើនគីឡូម៉ែត្រ គឺស្ទើតែអស់ថវិកាទៅហើយ។
លោក សុភ័ណ្ឌ បន្តថាយើងមិនបានធ្វើការវិភាគទិន្នន័យស៊ីជម្រៅអីទេ បើតាមបទពិសោធន៍ ដែលឃុំសង្កាត់ មុនរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនិងធ្វើការគម្រោងថវិកាប្រចាំឆ្នាំដើម្បីធ្វើការចាយវាយថវិការបស់ខ្លួន ដែលទាញចេញពីផែនការអភិវឌ្ឍន៍នៃអាណត្តិរបស់ខ្លួន។ លោកសង្កេតឃើញថា តម្រូវការរបស់ប្រជាពរដ្ឋច្រើនដែលពួកគាត់បានលើកឡើងស្របពេលដែលថវិកាឃុំសង្កាត់តិចតួច ។
លោកវ៉ាន់ សុភ័ណ្ឌ លើកឡើងថា៖ «បើសិនជាថ្នាក់ជាតិ តាមរយៈក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការបង្កើនចំនួនថវិកាវិភាជន៍ មកឃុំសង្កាត់ចន្លោះពី២០ម៉ឺនទៅ ២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ទើបសមល្មមនឹងឆ្លើយតបបញ្ហា និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ក្រុមស្រ្តី យុវជន និងក្រុមជនងាយរងគ្រោះ ប្រមាណប្រហែលប្រមាណ៦០ទៅ ៧០ភាគរយ ពោលគឺបានប្រសើរជាងមុនដើម្បីបំពេញសេចក្តីត្រូវការនៅមូលដ្ឋាន» ។
លោក សុភ័ណ្ឌ បានបន្តទៀតថា តម្រូវការលើវិស័យអាទិភាពមួយចំនួនដែលរដ្ឋបាលថ្នាក់ក្រោមជាតិមួយនេះ ត្រូវងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់បន្ថែមគឺ ការជួយគាំទ្រសកម្មភាពរបស់នានារបស់សហគមន៍មូលដ្ឋាន រួមមានសហគមនេសាទ សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ សមាគមមនុស្សចាស់ជាដើម ព្រោះពួកគាត់បានរួមចំណែកច្រើនក្នុងការស្ម័គ្រចិត្តជួយការពារ អភិរក្សធនធានធម្មជាតិ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធអេកូឡូស៊ី និងរួមចំណែកលើការអភិវឌ្ឍឃុំសង្កាត់ ។ ប៉ុន្តែកន្លងមកឃុំសង្កាត់ បែរជាមិនអាចដាក់បញ្ចូលសកម្មភាពរបស់សហគមន៍ ក្នុងខ្ទង់ណាមួយនៃលេខកូដសកម្មភាពថវិការបស់ឃុំសង្កាត់។
លោក សុភ័ណ្ឌ បញ្ជាក់ថា៖ «ដោយសាររដ្ឋបាលឃុំសង្កាត់ខ្វះខាតប៉ុន្តែរដ្ឋបាលនេះក៏បានយកថវិកាពីខ្ទង់ផ្សេងមកគាំទ្រសកម្មភាពនានារបស់សហគមន៍ ដូចជា ការផ្តល់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំ អង្ករ សាំង និងប្រេងម៉ាស៊ូតសម្រាប់ចុះល្បាត ព្រៃ។ល។ លើសពីនេះទៀតឃុំ សង្កាត់ ក៏ខ្វះខាតថវិកាដើម្បីជួយដល់តម្រូវការមូលដ្ឋានលើផ្នែកសេវាសង្គម និងការគាំទ្រសកម្មភាពផ្នែកអរូបវន្តផងដែរ»។
តាមរយៈការអនុវត្ដកម្មវិធីជាតិដំណាក់កាលទី២(២០២១-២០៣០) ឆ្នាំ២០២២ រាជរដ្ឋាភិបាល កម្ពុជាបានបង្កើនការវិភាជថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរដ្ឋបាលក្រុង-ស្រុក នីមួយៗទទួលបានជាមធ្យម៥៧ម៉ឺនដុល្លារ ក្នុង មួយឆ្នាំ និងឃុំ-សង្កាត់នីមួយៗទទួលបាន ១២៧ ០០០ដុល្លារក្នុងមួយឆ្នាំ។
នេះបើតាមលោក ចាន់ សុធា អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីដើមឆ្នាំ២០២២។
លោកបន្តថា ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានបង្កើតនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលការណ៍វិមជ្ឈការហិរញ្ញវត្ថុ ដូចជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ រដ្ឋបាលឃុំសង្កាត់ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលក្រុង-ស្រុក ដើម្បីគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព។
លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលថវិកាសរុប ១ ០៤៣លានដុល្លារ ក្នុងនោះសម្រាប់ឃុំ សង្កាត់ មានថវិកាចំនួន ២០៧លានដុល្លារ។ កាលពីឆ្នាំ២០០២ ឃុំ សង្កាត់នីមួយៗមានថវិកាជាមធ្យម ៤ ៥០០ដុល្លារក្នុងមួយឆ្នាំ ហើយនៅឆ្នាំ២០២២ មានថវិកា១២៧ ០០០ដុល្លារក្នុងមួយឆ្នាំ។
លោក សុធា បញ្ជាក់ថា៖ «ថវិកានេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ឆ្នាំ២០២២ នេះ ឃុំ-សង្កាត់នីមួយៗ ជាមធ្យមទទួលបានថវិការហូតដល់ ១២៧ ០០០ដុល្លារក្នុងមួយឆ្នាំ។ ក៏មានឃុំ-សង្កាត់ខ្លះដែលជាឃុំ-សង្កាត់ធំអាចទទួលបានថវិការហូតដល់ជាង២០ម៉ឺនដុល្លារ។ សម្រាប់ក្រុងស្រុកជាមធ្យម៥៧ម៉ឺនដុល្លារ ប៉ុន្ដែក្រុងស្រុកខ្លះ អាចកើនឡើងដល់ជាង៨០ម៉ឺនដុល្លារក្នុងមួយឆ្នាំ»។
យោងតាមនាយកដ្ឋានថវិកានីយកម្មអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានឱ្យដឹងថានៅឆ្នាំ២០២៣នេះរដ្ឋបានឧបត្ថម្ភធនបន្ថែមដល់ឃុំសង្កាត់នីមួយៗទទួលថវិកាជា មធ្យមចំនួន៦៣៣លានរៀល ឬសមមូល ១៥៦ ៤២០ដុល្លារអាមេរិក ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលនិធិឃុំសង្កាត់ ជាមធ្យម ៣៥៨លានរៀលឬសមមូល ៨៨ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ គឺកើនឡើង២២.២ភាគរយធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២២ ។
ជាមួយនឹងការបង្កើនចំណាយដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅរដ្ឋបាលថ្នាក់ក្រោយជាតិ អាទិភាពចំណាយត្រូវ បានផ្តល់ដល់ការដំឡើងប្រាក់បំណាច់ ជូនដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់និងមន្រ្តី ភូមិផងដែរ។ ចាប់ពីដើមឆ្នាំ២០២៣ប្រធានក្រុមប្រឹក្សាឃុំសង្កាត់នឹងទទួលបានប្រាក់ឧបត្ថម្ភកើនដល់ជាង១លាន២៤ម៉ឺនរៀល ជំទប់ទីមួយនិងទីពីរកើនដល់៩៣ម៉ឺនរៀល សមាជិកក្រុមប្រឹក្សាឃុំកើនដល់៨២ម៉ឺនរៀល និងមេភូមិកើនដល់៥១ម៉ឺនរៀល អនុភូមិទទួលបានប្រាក់ឧបត្ថម្ភកើនដល់៣៩ម៉ឺនរៀល ។
លោក អ៊ឹម ណូរិន នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជា បានថ្លែងថា ទោះបីថ្នាក់ជាតិបានបង្កើនចំនួន ថវិកាមូលនិធិឃុំសង្កាត់មានការកើនឡើងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែនក៏នូវមិនទាន់អាចឆ្លើយតបនូវតម្រូវការនៅមូលដ្ឋានបានគ្រប់គ្រាន់នូវឡើយ ព្រោះថវិកាក្នុងមួយឆ្នាំ បើឃុំ យកធ្វើផ្លូវបេតុងបានតែមួយខ្សែ រឺពីរខ្សែខ្លីៗប៉ុណ្ណោះគឺអស់ហើយមិនអាចមានថវិកាប្រើប្រាស់អ្វីផ្សេងបានទៀតទេ។
លោក អ៊ឹម ណូរិន បន្ថែមថា៖ «ក៏ប៉ុន្តែទន្ទឹមនោះក៏មានឃុំខ្លះគាត់ប្រើប្រាស់មូលនិធិឃុំនេះមិនអស់ដែរ ដោយសារតែសមត្ថភាពរបស់មន្រ្តីនៅមានកម្រិតក្នុងការគ្រប់គ្រងនិងប្រើប្រាស់ថវិកាឱ្យអស់ទៅតាមលក្ខខ័ណ្ឌរបស់ថ្នាក់ជាតិ»។
បែរមក អ្នកស្រី គឹម ស្រ៊ៀង ដែលកំពុងពរពោះ៧ខែបានថ្លែងថា ផ្លូវក្នុងភូមិរបស់គាត់នៅតែលំបាក ថ្វីត្បិតពីមុនផ្លូវភក់ ឥឡូវបានផ្លូវក្រួសក្រហមក្តីក៏វាហុយខ្លាំងពេលឡានម៉ូតូបើកបរឆ្លងកាត់ទោះបីពលរដ្ឋក្នុងភូមិបានលើកឡើងប្រាប់អាជ្ញាធរជារឿយៗទាំងក្នុងកិច្ចប្រជុំកសាងផែនការនិងវេទិការសាធារណៈក្តី។
អ្នកស្រី គឹម ស្រ៊ៀង បន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយៗអាជ្ញាធរនិងគិតគូរចាក់បេតុង រឺកៅស៊ូតាមសំណូមពររបស់ពលរដ្ឋក្នុងភូមិឱ្យបានស្អាតជាប់បានយូរងាយស្រួលធ្វើដំណើរ ព្រោះបច្ចុប្បន្នផ្លូវក្រាលក្រួសក្រហម ខូចផុសថ្មស្រួចៗមកពិបាកធ្វើដំណើរណាស់ ណាមួយហុយខ្លាំងប៉ះពាល់ដល់សុខភាពទៀតផង»៕