សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាបិទច្រកព្រំដែនជាមួយវៀតណាម ខណៈមានការកើនឡើងការរាតត្បាតជំងឺកូវីដ១៩

ស្រ្តីម្នាក់ទទួលវ៉ាក់សាំងកូវីដ១៩ នៅក្រុងភ្នំពេញ។ រូបថតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ស្រ្តីម្នាក់ទទួលវ៉ាក់សាំងកូវីដ១៩ នៅក្រុងភ្នំពេញ។ រូបថតកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​-ចូល​ឆ្លង​កាត់​​ព្រំដែន​ជាមួយប្រទេស ​វៀត​ណាម​រយៈពេល​មួយ​ខែ​ ដើម្បី​ទប់ស្កាត់​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ខណៈ រដ្ឋាភិបាល​ក៏​បាន​ពន្យារ​ ​រយៈពេល​ចាក់​វ៉ាក់សាំង​ដូស​ទី​មួយ និង​ទីពីរ​នៃ​វ៉ាក់សាំង ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម​ ផលិត​នៅ​ចិនចាប់ពីពីរទៅបីសប្តាហ៍​ផង​ដែរ។

នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​អគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​វៀតណាម ក្រសួង​ការបរទេស​កម្ពុជា​ បានលើក ឡើង​ថា ដើម្បី​ការពារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ឆ្លងចូល​ពី​វៀតណាម​មក​កម្ពុជា រដ្ឋាភិបាល​បាន​សម្រេច​ដាក់​បម្រាម​បណ្តោះអាសន្ន​លើ​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​សម្រាប់​គ្រប់​បុគ្គលិក និង​កម្មករ​ជំនាញ​វៀតណាម ដែល​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​១៨ ខែ​កក្កដា ​ត​ទៅ។

លិខិត​ខាង​លើ​បាន​សរសេរ​ថា៖ «ចំពោះ​បុគ្គលិក និង​កម្មករ​ជំនាញ​របស់​ក្រុមហ៊ុន​វៀតណាម ដែល​បាន ​ចូល​ មក​កម្ពុជា​រួច​ហើយ ទាំង​អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក​រួច និង​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក មិន​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ទេ​ក្នុង​អំឡុងពេល​នៃ​ការ​ផ្អាក​ការ​ចេញ​ចូល​បណ្តោះអាសន្ន​នោះ»

ប៉ុន្តែ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​សម្រាប់​​អ្នក​ជំងឺ អ្នក​ការទូត​ មន្រ្តី​រាជការ ​ដែល​មាន​បេសកកម្ម​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​ និស្សិត សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គសិក្សា ក៏ដូចជាដំណើរការ​ដឹកជញ្ជូន​នាំ​ទំនិញ​ចេញចូល​ឆ្លង​ព្រំដែន។

លោក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បាន​និយាយ​ថា អាជ្ញាធរ​ប្រចាំ​ព្រំដែន​ត្រៀមលក្ខណៈ​ជា​ស្រេច​ដើម្បី​អនុវត្ត​វិធានការ​ខាង​លើ​នេះ។

លោក​បាន​ថ្លែង​ថា៖ «អាជ្ញាធរ​នឹង​អនុវត្ត​ការ​ដាក់បម្រាម​តឹងរ៉ឹង​លើ​កម្មករ និង​បុគ្គលិក​វៀតណាម​ទាំងអស់ លើកលែង​អ្នក​[ដែល​មាន​ករណី​លើកលែង]​ក្នុង​ការ​ចូលមក​កម្ពុជា​ប៉ុណ្ណោះ»

លោក​បាន​បន្ត​ថា ការ​បិទព្រំដែន​បណ្តោះអាសន្ន​នឹង​មិន​ប៉ះពាល់​ដល់​អាជីវកម្ម និង​ជំនួញ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ដោយសារ​តែ​ការ​ដឹកជញ្ជូន​ទំនិញ​ចេញ​-ចូល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ធម្មតា។ កម្ពុជា​​បាន​ដាក់​ការ​រឹតត្បិត​លើ​ការ​ចេញ-ចូល​ព្រំដែន​ជាមួយ​នឹង​ថៃ និង​វៀតណាម រួចហើយ​ចាប់​តាំង​ពី​ការ​រាតត្បាត​វីរុស ដោយ​អនុញ្ញាត​ត្រឹម​ការ​ដឹកជញ្ជូន​ទំនិញ​ចេញ-ចូល​តែ​ប៉ុណ្ណោះ។

គិត​មក​ត្រឹម​ថ្ងៃ​ទី១៣ ខែ​កក្កដា វៀតណាម​មាន​កំណត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ២.១៨៧ និង​ការ​ស្លាប់​ចំនួន​ពីរ​ករណី ដោយធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ ៣២.៦៦​៥ និង​ការ​ស្លាប់​ចំនួន​១២៥។ ករណី​ថ្មី​ចំនួន​រាប់រយ​ត្រូវបាន​រក​ឃើញ​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ថ្មីៗ​នេះ​នៅ​វៀតណាម ដោយសារ​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​កំណត់​ឃើញ​តាមរយៈ​ការ​ធ្វើតេស្ត​​នៅ​តាម​មន្ទីរពេទ្យ។

ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​ហូជីមិញ​បាន​ដាក់​ចេញ​វិធានការ​រក្សា​គម្លាត​រយៈពេល ១៥​ថ្ងៃ​ ជា​លើក​ទី​ពីរ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​សុក្រ ទី០៩ ខែ​កក្កដា ខណៈ​ក្រុង​ហូជីមិញ​ព្យាយាម​រឹតត្បិត​ការ​ឆ្លង​ជំងឺកូវីដ១៩ តាមរយៈ​ការ​តម្រូវ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ហើយ​ចេញ​ក្រៅ​សម្រាប់​ការ​សំខាន់​តែប៉ុណ្ណោះ​​ដូចជា ទិញ​អាហារ ឬ​ថ្នាំសង្កូវ ឬ​ទៅ​ធ្វើការ​នៅ​រោងចក្រ ឬ​តាមអាជីវកម្ម​ផ្សេងៗ​ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ។ ​

​លោក ញ៉ែម សំអឿន អភិបាល​រង​ខេត្ត​រតនគិរី បាន​មានប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា​​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​វៀតណាម​តាម​បណ្តោយ​ព្រំដែន​​រួចរាល់​ហើយ។ ​

លោក​មានប្រសាសន៍​ថា៖ «ប្រទេសទាំងពីរ ​និង​ខេត្តជាប់ព្រំដែន​គឺ ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ជុំវិញ​ការ​ការពារ​ប្រឆាំង​ នឹង​​ជំងឺ​កូវីដ១៩ ដូច្នេះ​ហើយ​បាន​ជា​យើង​ធ្វើការត្រួតពិនិត្យ​តឹងរ៉ឹង​តាម​ព្រំដែន។ ពី​មុន​មក អាជ្ញាធរ​បាន ​អនុញ្ញាត​ឲ្យ​តែ​អ្នក​ចាក់វ៉ាក់សាំង​រួច​ប៉ុណ្ណោះ​ដែល​អាច​ឆ្លង​ព្រំដែន ប៉ុន្តែ​ឥឡូវ​នេះ​នឹង​មាន​ការ​ហាមឃាត់​ ទាំងស្រុង»

លោក​សំអឿន​ បាន​លើកឡើង​ថា ទំនិញ​ដែល​ត្រូវ​បាននាំចូល​ ពីវៀតណាម​តាម​ខេត្ត​រតនគិរី ​​រួម​មាន​ អាហារ និង​គ្រឿងសំណង់ប៉ុណ្ណោះ ដោយ​កត់សម្គាល់​ថា មាន​ក្រុមហ៊ុន​កសិកម្ម​ធំ​មួយ​ឈ្មោះ Hoang Anh Andong Meas ដែល​ដាំដំណាំចេក និង​កៅស៊ូ។ ក្រុម​ហ៊ុន​ទទួលបាន​សម្បទានដីកសិកម្ម​ក្នុង​ខេត្ត​នេះ​ ​ប្រមាណ ១.០០០​ហិចតា។

លោក​បាន​បន្ថែម​ថា៖ «កម្មករ បុគ្គលិក​វៀតណាម និង​កម្មករ​ខ្មែរ ពួកគេកំពុង​នៅ​កម្ពុជា​ស្រាប់​ហើយ ដូច្នេះ​នេះ​មិនមែន​ជា​បញ្ហា​នោះ​ទេ។ ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចាកចេញ​អំឡុងពេល​នេះ​ទេ ពីព្រោះ​នឹង​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ»

ទោះបី​កម្ពុជា​មានអត្រា​ចាក់វ៉ាក់សាំង​ខ្ពស់​ជាង​គេ​បំផុត​មួយ​នៅ​អាស៊ាន​ក៏​ដោយ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ និង​អត្រា​ការ​ស្លាប់​នៅ​តែ​មាន​ខ្ពស់​នៅ​ឡើយ។ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី៦​នៅ​អាស៊ាន​សម្រាប់​អត្រា​ការ​ឆ្លង និង​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។

​កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន ៩១៥ កាល​ពី​ថ្ងៃ​ពុធ និង​ការ​ស្លាប់​ចំនួន ៣៣ ដោយ​ធ្វើ​ឲ្យ​ចំនួន​ការ​ឆ្លង​សរុប​កើន​ដល់ ៦៣.៦១៥​ករណី និង​ការ​ស្លាប់​ចំនួន ៩៨៦។

ដោយ​ចំនួន​ករណី​ឆ្លង​នៅ​មាន​ខ្ពស់ ក្រសួង​សុខាភិបាល​បាន​សម្រេច​ពន្យារ​បន្ថែម​រយៈ ពេល​ចាប់​ការ​ចាក់​ដូស​ទី​មួយ និង​ទីពីរ​សម្រាប់​វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) និង​ ស៊ីណូហ្វាម (Sinopharm) ពី​១៤ថ្ងៃ​ទៅ២១​ថ្ងៃ។ ទោះបីជា​ក្រសួង​មិនបាន​ផ្តល់​ការ​បកស្រាយ​ពី​ការ​ផ្លាស់ប្តូរ​នេះ​ក៏​ដោយ អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​ទុក​រយៈពេល​ពី​ពីរ​ទៅ​បួន​សប្តាហ៍​សម្រាប់​ដូស​វ៉ាក់សាំង ស៊ីណូវ៉ាក់ និង​បី​ទៅបួន​សប្តាហ៍​សម្រាប់​ដូស​វ៉ាក់សាំង ស៊ីណូហ្វាម។ ​

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ មិនអាច​ទាក់ទង​សុំ​យោបល់​បាន​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោកប្រចាំប្រទេសកម្ពុជា បាន​ប្រាប់ ខេមបូចា តាមរយៈ​អ៊ីម៉ែល​ថា សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​គឺ​ស្រប​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។ លោកស្រី​បាន​បន្ត​ថា វ៉ាកសាំង​ ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ស្ថិត​នៅ​លើ​បញ្ជី​ប្រើប្រាស់​បន្ទាន់ របស់​អង្គការ ​សុខភាព​ពិភពលោក។

​លោកស្រី​បាន​សរសេរ​ថា៖ «គ្រប់​វ៉ាក់សាំង​ដែល​ស្ថិត​នៅ​លើ​បញ្ជី​របស់​អង្គការ​សុខភាព​ពិភព លោក​គឺ​មាន​ ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់។ វ៉ាក់សាំង​ទាំង​នោះ​មាន​ប្រសិទ្ធភាព​ក្នុង​ ការ​កាត់បន្ថយ​ការ​តម្រូវ​ឲ្យ​ស្នាក់​នៅ​មន្ទីរពេទ្យ ហើយ​គ្មាន​វ៉ាក់សាំង​ណា​មាន​ប្រសិទ្ធភាព​១០០​ភាគរយ ​ប្រឆាំង​នឹង​ជំងឺ​ ការ​ឆ្លង​នោះ​ទេ… ជា​រឿង​មិន​រំពឹង​ទុក​មួយ​ដែល​នៅ​តែ​ឆ្លង​ជំងឺ​ បន្ទាប់​ពី​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។ នេះ​ជា​ហេតុផល​សំខាន់​ដើម្បី​បន្ត​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ និង​សង្គម ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ» ។

មក​ទល់​ពេល​នេះ​ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ផលិត​នៅ​ចិន​ចំនួន ១៧​លាន​ដូស ដោយ​ភាគច្រើន​ត្រូវ​ បាន​ទិញ​ដោយ​រដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវ​បាន​ចាក់​ជូន​ពលរដ្ឋ​ជាង ៥​លាន​នាក់។ រដ្ឋាភិបាល​ជប៉ុន​បាន ​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង AstraZeneca ចំនួន ១​លាន​ដូស​ទៅ​ឲ្យ​កម្ពុជា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia blocks Vietnam border amid growing COVID-19 outbreak

665 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម