ប្រជាពលរដ្ឋជាអតិថិជនមួយចំនួនអះអាងថា ពួកគាត់រងការដាក់សម្ពាធបង្ខិតបង្ខំពីបុគ្គលិកស្ថាប័នផ្តល់កម្ចីទាំងអំឡុងពេល និងក្រោយពេលផ្ទុះឆ្លងរាលដាលខ្លាំងនៃមេរោគកូវីដ១៩។ ការដាក់សម្ពាធនេះផ្ទុយពីគោលការណ៍របស់ធនាគារជាតិ និងស្ថាប័នផ្តល់កម្ចីដែលបញ្ជាក់ថា មានការបន្ទូរបន្ថយឬសម្របសម្រួលដល់ពលរដ្ឋជាអតិថិជនមានការលំបាក។
នៅខែកុម្ភៈឆ្នាំ២០២០ជាពេលនៃការឆ្លងរាលដាលខ្លាំងដំបូង ធនាគារជាតិណែនាំឱ្យមានការរៀបចំឥណទានឡើងវិញឬបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់សង។ ការបន្ធូរបន្ថយនោះរួមមានបន្ថយចំនួនបង់សង បង់សងតែការប្រាក់ ឬ ផ្អាកការសងទាំងស្រុងក្នុងរយៈពេល៦ខែជាដើម។
នៅក្នុងខែមេសាឆ្នាំ២០២១ ពេលដែលមានការបិទខ្ទប់រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននោះ ធនាគារជាតិណែនាំឱ្យបង្កើនការបន្ធូរបន្ថយលក្ខខណ្ឌបន្ថែមរហូតដល់លុបឥណទានចោលឬឈប់ឱ្យសងបើសិនជាអ្នកពាក់ព័ន្ធស្លាប់ ហើយកម្រិតឥណទានត្រូវបានស្ថាប័នផ្តល់កម្ចីនោះមានចំនួនតិច។
ប៉ុន្តែអតិថិជនមួយចំនួនដែលជាអាជីវករ កសិករ និងអ្នកធ្វើការងារក្នុងវិស័យឯកជននោះ បានប្រាប់សារព័ត៌មានខេមបូចាថា ក្នុងពេលនៃការឆ្លងរាលដាលវិបត្តិកូវីដខ្លាំងនោះពួកគេរងសម្ពាធផ្លូវចិត្តខ្លាំងដោយសារ បាត់បង់ចំណូលហើយត្រូវស្ថាប័នផ្តល់កម្ចីបង្ខំ ឬ ប្រើលក្ខខណ្ឌដាក់សម្ពាធឱ្យបង់សងរៀងរាល់ខែ។
អាជីវករជាម្ចាស់ហាងលក់ស្បែកជើង និងបើកកន្លែងកែសម្ផស្សផងនោះលោក ប៉ោ មករា ឱ្យដឹងថា លោកបានខ្ចីលុយធនាគារក្នុងកម្រិតទ្រង់ទ្រាយធំមួយតែលោកសូមមិនបង្ហាញតួលេខខ្ចី។ អាជីវករនៅក្នុងរាជធានីភ្នំពេញរូបនេះ បញ្ជាក់ថា គោលការណ៍ធនាគារជាតិ និងស្ថាប័នផ្តល់កម្ចីមើលទៅហាក់មានការអនុគ្រោះ ប៉ុន្តែជាក់ស្តែងស្ថិតនៅក្នុងការកៀបសង្កត់។
លោកបន្តថា ការកៀបសង្កត់នោះគឺបុគ្គលិកធនាគារនៅតែជំរុញឱ្យលោកបង់សងធម្មតា ព្រោះថា បើស្នើឱ្យមានការរៀបចំឥណទានឡើងវិញអាចប្រឈមខូចឈ្មោះ ក្នុងការខ្ចីលុយលើកក្រោយទៀត ឬ បើស្នើពន្យារការបង់សង ខាងធនាគារនឹងតម្រូវឱ្យបង់ការប្រាក់ចំនួនច្រើននៅពេលចុងបញ្ចប់នៃរយៈពេលស្នើពន្យារនោះ។
លោក ប៉ោ មករា ថ្លែងថា៖«ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានទៅជជែកទៅសួរនាំជាមួយភ្នាក់ងារធនាគារហ្នឹង។ គាត់មានចម្លើយមកថា គេឱ្យជម្រើសយើង២គឺទី១គេឱ្យយើងពន្យារប៉ុន្តែការពន្យារហ្នឹងវាមានហានិភ័យមួយចំនួនដែរគឺធ្វើឱ្យខូចឈ្មោះ មួយទៀតនៅពេលដែលយើងពន្យារក្នុងរយៈណាមួយដូចជា ៣ខែឬ៦ខែអ៊ីចឹង ដល់ពេលចប់គឺយើងត្រូវសរុបការបង់ទាំងអស់»។
លោក ប៉ោ មករា បញ្ជាក់ថា លោកមានការអស់សង្ឃឹមនៅពេលដែលជួបបញ្ហាទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនមិនបានជួយបន្ធូរបន្ថយ។
លោក ប៉ោ មករា ថ្លែងថា៖«ក្នុងនាមខ្ញុំជាអាជីវករខ្នាតតូចមួយ មានអារម្មណ៍អស់សង្ឃឹម គឺអស់សង្ឃឹមត្រង់ថា នៅពេលដែលយើងផ្តើមរកស៊ី ផ្តើមធ្វើអាជីវកម្ម យើងពឹងទុនពីធនាគារ ប៉ុន្តែនៅពេលមានបញ្ហា ទាំងធនាគារឯកជន ធនាគាររដ្ឋ ទាំងរដ្ឋផ្ទាល់ គ្មានដំណោះស្រាយសម្រាប់ឱ្យយើងមានសេចក្តីសុខ មានទំនុកចិត្ត»។
អតិថិជនម្នាក់ទៀតនៅខេត្តសៀមរាបអ្នកស្រីអ៊ុង ម៉ី ថ្លែងថា រូបគាត់ និងក្រុមគ្រួសារបានខ្ចីលុយពីធនាគារប្រមាណ១០ម៉ឺនដុល្លារ អំឡុងឆ្នាំ២០១៨ ដើម្បីប្រើប្រាស់ក្នុងការម៉ៅការសំណង់ និងធ្វើបន្ទប់សម្រាប់ជួល។ អ្នកស្រីថ្លែងថា មុនពេលកូវីដចូលមកដល់រូបគាត់ មិនដែលជួបបញ្ហាក្នុងការបង់សងទៅធនាគារនោះទេ។
ប៉ុន្តែអ្នកស្រីថា នៅពេលកូវីដចូលមកដល់កម្ពុជានៅឆ្នាំ២០២០ធ្វើឱ្យរូបគាត់បាត់បង់ចំណូលគឺរបរម៉ៅការសំណង់មិនមានអ្នកសាងសង់ ចំណែកបន្ទប់ជួលត្រូវបន្ថយតម្លៃ និងបន្ទប់ខ្លះមិនមានអ្នកស្នាក់នៅជាហេតុធ្វើឱ្យរូបគាត់ជួបការលំបាកខ្លាំងក្នុងការបង់សងទៅធនាគារ។
អ្នកស្រី អ៊ុន ម៉ីថ្លែងថា៖«នៅសៀមរាបពឹងផ្អែកលើវិស័យទេសចរណ៍ ហើយនៅផ្ទះខ្ញុំមានបន្ទប់ជួល ហើយអ្នកជួលហ្នឹងក៏ពឹងលើវិស័យទេសចរណ៍ដែរ និយាយរួមប៉ះពាល់ទាំងអស់គ្នា»។
អ្នកស្រីបន្តថា ខាងធនាគារនៅតែបង្ខំឱ្យរូបគាត់សងតាមការកំណត់ ហើយក៏មានការគំរាមប្តឹងទៅតុលាការផងដែរ។ ប៉ុន្តែអ្នកស្រីថា ដោយសាររូបគាត់បានដឹងគោលការណ៍ពីធនាគារជាតិ ទើបបានតវ៉ាហើយឈានដល់ការបន្ធូរបន្ថយសម្រាប់រូបគាត់។
អ្នកស្រី ពេញ សុនីម ជាម្ចាស់ហាងព្យាបាលដោយចលនាមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ថ្លែងថា ឥទ្ធិពលកូវីដពិសេសអំឡុងពេលបិទខ្ទប់ធ្វើឱ្យរូបគាត់ជួបការលំបាកខ្លាំង រហូតដល់បិទហាង ហើយនាំកូន៣នាក់ទៅរស់នៅជាមួយឪពុកម្តាយនៅក្នុងស្រុកស្អាងខេត្តកណ្តាលមួយរយៈ។
អ្នកស្រី ពេញ សុខនីម៖«ខ្ញុំយ៉ាប់ជាងគេខ្ទង់ឆ្នាំ២០២១ ខ្ទង់ខែ៤ ការបិទខ្ទប់វគ្គក្រោយ កាលហ្នឹង បិទអាជីវកម្មទាំងស្រុងតែម្តង។ បិទហើយទៅនៅស្រុកធ្វើចម្ការសម្រាប់តែមួយរស់។ ពេលហ្នឹងខ្ញុំជំពាក់ទាំងធនាគារ និងឯកជនកើនឡើងច្រើនណាស់»។
ចំពោះលក្ខខណ្ឌបន្ធូរបន្ថយតាមគោលការណ៍ធនាគារជាតិរូបគាត់មិនបានដឹងទេ ហើយចំណែកស្ថាប័នដែលគាត់ខ្ចីលុយនោះ បានបង្ខំឱ្យគាត់រកលុយបង់ រហូតដល់គាត់ខ្ចីលុយអ្នកផ្សេងជាបុគ្គលឯកជន ការប្រាក់រហូតដល់៣០ភាគរយក្នុង១ខែ។
អ្នកស្រីថា មុនផ្ទុះកូវីដគាត់ជំពាក់ធនាគារជាង១ម៉ឺនដុល្លារ និងបុគ្គលឯកជន៥លានរៀលប៉ុណ្ណោះ ប៉ុន្តែក្រោយមកបំណុលគាត់កើនឡើងច្រើនទាំងគាត់គ្មានចំណូល។
អ្នកស្រីរំឮកថា នៅពេលនោះ គាត់គ្មានចំណូលទាំងស្រុងហើយបានសុំផ្អាកសងទាំងដើមទាំងការទៅទាំងធនាគារ និងឯកជន ធ្វើឱ្យការប្រាក់ចេះតែគុណឡើងឥតឈប់។
អ្នកស្រីពេញ សុខនីម៖«ការប្រាក់អត់ធ្លាក់ចុះទេ គេគុណឡើងរហូតបញ្ចូលធ្វើជាប្រាក់ដើមហើយគិតការទៀតគឺជាក់ស្តែងខ្ចីពីបុគ្គលឯកជន១លានការប្រាក់៣០ម៉ឺនរៀលក្នុង១ខែ»។
រហូតដល់ពាក់កណ្តាលឆ្នាំ២០២២នេះ គឺស្ថានភាពតានតឹងដោយសារកូវីដកន្លងទៅ១ឆ្នាំហើយក៏ដោយ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចរបស់អ្នកស្រីពេញ សុខនីម ជាស្ត្រីមេម៉ាយនៅតែខ្វះមុខខ្វះក្រោយ មិនមានលុយគ្រប់គ្រាន់សម្រាប់បង់សងបុគ្គលឯកជន និងធនាគារដដែល ដោយសារបំណុលឡើងខ្ពស់ ហើយចំណូលពីការព្យាបាលដោយចលនានៅតែមានភាពមិនទៀងទាត់។
កសិករនៅស្រុកកោះធំ ខេត្តកណ្តាល អ្នកស្រី សុខ ពៅ ឱ្យដឹងថា រូបគាត់ធ្វើស្រែកទំហំប្រមាណ១០ហិកតា និងទិញម៉ាស៊ីនច្រូតស្រូវផងនោះ បានខាតបង់ច្រើននៅក្នុងអំឡុងពេលកូវីដ។ ការខាតបង់នោះ ដោយសារបញ្ហាស្រូវ និងផលដំណាំផ្សេងៗទៀតមិនមានទីផ្សារ។
ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះឱ្យដឹងថា នៅដើមឆ្នាំ២០២២ គាត់បានលក់ដីស្រែអស់៣ហិកតា បានលុយជាង១០ម៉ឺនដុល្លារ ទូទាត់ការសងហើយនៅជំពាក់ប្រមាណ២ម៉ឺនដុល្លារទៀត។
អ្នកស្រីថា រូបគាត់បាត់បង់ប្រភពចំណូល ដោយលក់ម៉ាស៊ីនច្រូតស្រូវ ផលដំណាំមិនមានទីផ្សារ ធ្វើឱ្យគាត់នៅតែជួបការលំបាកក្នុងការបង់សងធនាគារ។ ចំណែកបុគ្គលិកធនាគារនៅតែបន្តដាក់សម្ពាធលើរូបគាត់ នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២២នេះ។
អ្នកស្រី សុខ ពៅ៖«ខ្ញុំប្រាប់ហ៊ាឯង តាមត្រង់ខ្ញុំអត់មែនទែនរកអីអត់បានសោះ។ មកគំរាមខ្ញុំ ហើយខ្ញុំថា គំរាមអីក៏គំរាមទៅ អូសខ្ញុំទៅណា អូសទៅ»។
អ្នកស្រីថា មិនមានបំណងគេចវេះទេ ប៉ុន្តែត្រូវការពេលបន្ថែមទៀតក្នុងការរកលុយយកមកសង។
អ្នកស្រី សុខ ពៅ៖«ខ្ញុំមិនមែនថា អត់សងទេ ខ្ញុំសងតើស តែថា ទុកឱ្យត្រដរខ្យល់បន្តិចសិនទៅ ព្រោះថា រកមិនបាន»។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ថ្លែងថា កន្លងមកសមាគមលោកក៏ទទួលបានបណ្តឹងខ្លះដែរជុំវិញករណីថា មានការគំរាមកំហែងដល់អតិថិជននេះ ប៉ុន្តែលោកថា ក្រោយពេលមានការសម្របសម្រួលហើយគឺស្ទើរតែទាំងអស់សុទ្ធតែជាករណីភាន់ច្រឡំហើយក៏សម្របសម្រួលគ្នាបានទៅ។
លោកថា ចំពោះអ្នកដែលនៅតែមានបញ្ហាសេដ្ឋកិច្ចក្រោយកូវីដរាលដាល ឬ ចាប់ពីឆ្នាំ២០២២នេះគឺនៅតែអាចស្នើសុំពន្យារពេលសង ឬ រៀបចំឥណទានឡើងវិញដដែលប៉ុន្តែត្រូវខូចឈ្មោះ ឬ ជួបការលំបាកក្នុងដំណើរការស្នើខ្ចីលើកក្រោយទៀត។
លោក កាំង តុងងី បានមានប្រសាសន៍ថា៖«បើសិនជាអតិថិជនហ្នឹងគាត់ស្នើសុំរៀបចំឥណទានម្តងហើយ ឬ ២ដងហើយ គាត់ស្នើសុំទៀត គាត់នៅតែស្នើសុំបាន ប៉ុន្តែប្រភេទឥណទានត្រូវបានគេដូរប្រភេទហើយ ទៅជាឥណទានមានហានិភ័យ»។
លោក សុខ ចាន់ ប្រធានផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ និងហិរញ្ញប្បទាននៃសមាគមធនាគារកម្ពុជាក៏លើកឡើងប្រហាក់ប្រហែលជាមួយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរគឺការស្នើពន្យារតាមការប្រកាសរបស់ធនាគារជាតិបានបញ្ចប់ហើយ។ ប៉ុន្តែលោកថាបើអតិថិជនជួបការលំបាកនៅតែអាចចរចាជាមួយជាមួយស្ថាប័នដែលពួកគាត់ខ្ចីនោះបានដដែល ដើម្បីស្វែងដំណោះស្រាយ។
ចំពោះការលើកឡើងថា មានការគំរាមកំហែងពីមន្ត្រីផ្តល់ប្រាក់កម្ចីលើអតិថិជននោះ លោកថា ថ្នាក់លើមិនមានគោលការណ៍នេះទេ។
លោក សុខ ចាន់ បានថ្លែងថា៖«យើងទទួលស្គាល់ថា មានការឆកល្វែងចំពោះមន្ត្រីឥណទានដែលគាត់អត់មានការយល់ដឹងច្រើន។ ប៉ុន្តែបើមានការគំរាមកំហែងដូច្នេះ ខាងសមាគមនឹងចាត់វិធានការ»។
កាលពីខែមេសាឆ្នាំ២០២២កន្លងទៅ សមាគមធនាគារ និងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរួមគ្នាចេញក្រមប្រតិបត្តិមួយ។ ក្រមប្រតិបត្តិនោះក៏មានការចែងពីក្រមសីលធម៌របស់បុគ្គលិកធនាគារ និងស្ថានប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនឱ្យមានការគំរាមកំហែងដល់អតិថិជនទេ។
ក្នុងក្រមប្រតិបត្តិក៏បានណែនាំ៤ចំណុចដែលអតិជនដែលរងការគំរាមកំហែងពីមន្ត្រីឥណទានគឺអាចប្តឹងថ្នាក់ដឹកនាំស្ថាប័នដែលគាត់ខ្ចីនោះ ប្តឹងទៅសមាគម ប្តឹងទៅធនាគារជាតិ និងអាចប្តឹងទៅតុលាការតែម្តង។
កាលពីខែឧសភាឆ្នាំ២០២២ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា បានធ្វើជាដើមបណ្តឹងតំណាងឱ្យអ្នកខ្ចីប្រាក់ ដាក់លិខិតទៅស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ដើម្បីប្តឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានាគារចំនួន៦ថា បានរំលោភបំពានសិទ្ធិធ្ងន់ធ្ងរដល់អ្នកខ្ចីប្រាក់។ ស្ថាប័នទាំង៦រួមមាន ធនាគារអេស៊ីលីដា ធនាគារហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាតមានប្រសាសន៍ថា តាមនីតិវិធីក្រោយពេលដាក់ពាក្យទៅ IFC នឹងជួបភាគីពាក់ព័ន្ធ ហើយនឹងចេញសេចក្តីសម្រេចមួយព្រោះស្ថាប័ននេះក៏ជាសមាជិកមួយរបស់ធនាគារពិភពលោកដែរ។
បើតាមលោក អំ សំអាត រហូតដល់ចុងខែកក្កដា ឆ្នាំ២០២២នេះ IFC កំពុងធ្វើការងារនៅក្នុងដំណាក់កាលជួបភាគីពាក់ព័ន្ធ។
លោក អំ សំអាត បានមានប្រសាសន៍ថា៖«នៅក្នុងនីតិវិធីគេធ្វើឡើងនៅក្នុងការសម្ងាត់ នៅពេលគេជួបក៏គេមិនឱ្យយើងដឹងដែរ ប៉ុន្តែនីតិវិធីគេគឺគេកំពុងជួបភាគីដែលពាក់ព័ន្ធ»។
លោក អំ សំអាត បន្តថា ស្ថានប័នផ្តល់កម្ចីនៅកម្ពុជាកំពុងរំលោភសិទ្ធិមនុស្សដែលចាំបាច់ត្រូវមានចំណាត់ការ។
លោក អំ សំអាត បានបន្ថែមថា៖«ជនដែលរងផលប៉ះពាល់បានលើកឡើងគឺទី១រងការបំភិតបំភ័យគំរាមកំហែងពីមន្ត្រីឥណទានក្នុងការឱ្យលក់ដីអីជាដើម។ ទី២ការខ្ចីទៅអត់ត្រូវតាមគោលការសាជីវកម្មអន្តរជាតិឬ គោលការណ៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ»។
លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ជាស្ថាប័នមួយក្នុងចំណោម៦ដែលរងការប្តឹងនេះ បានច្រានចោលការលើកឡើងនៅក្នុងពាក្យបណ្តឹង។ លោកបន្តថា រាល់បញ្ហាកន្លងមកជាមួយអតិថិជនគឺដោះស្រាយតាមគោលការណ៍ច្បាប់ដោយមានអាជ្ញាធរពាក់ព័ន្ធចូលរួម។
លោក អ៊ិន ចាន់នី បានមានប្រសាសន៍ថា៖«យើងមាននីតិវិធីរបស់យើងត្រឹមត្រូវមិនចេះតែធ្វើការផ្តេសផ្តាស់ដូចគេចោទប្រកាន់គ្មានមូលដ្ឋានចឹងទេ ហើយយើងបដិសេធថា មិនបានធ្វើដូចគេចោទចឹងទេ»។
លោក អ៊ិន ចាន់នី ឱ្យដឹងទៀតថា រហូតដល់ចុងខែកក្កដា នេះលោកមិនបានទទួលការទាក់ទងសុំជួបពីស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនោះទេ។
របាយការណ៍របស់ធនាគារជាតិកម្ពុជាឆ្នាំ២០២១បង្ហាញថា នៅកម្ពុជាមានស្នាក់ការកណ្តាល និងសាខា ស្ថានប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្តមានចំនួន២៦០០កន្លែង។ របាយការណ៍ដដែលនេះបញ្ជាក់ថា ទ្រព្យសកម្មរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនឡើង១៦ភាគរយ ស្មើនឹង៦៨,២ ពាន់លានដុល្លារអាមេរិក។
រយៈពេលកន្លះខែមកហើយដែលខេមបូចា ព្យាយាមទាក់ទងលោកស្រី ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តែមិនអាចទាក់ទងបានដោយទូរសព្ទមិនមានអ្នកទទួល ហើយតាមសារអេឡិចត្រូនិចមិនមានការឆ្លើយតប។
របាយការណ៍របស់សមាគមធនាគារកម្ពុជាបង្ហាញថា ក្នុងអំឡុងវិបត្តិកូវីដឆ្នាំ២០២០ និង២០២១ ធនាគារចំនួន៧៥ បានរៀបចំឥណទានឡើងវិញ ឬ ហៅថា ការបន្ធូរបន្ថយលក្ខខណ្ឌដល់អតិថិជនចំនួន ៦២ម៉ឺននាក់ ក្នុងទឹកប្រាក់៧ពាន់៣រយលានដុល្លារ។ ក្នុងអំឡុងពេលដូចគ្នានេះ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញចំនួន៣៧ម៉ឺននាក់ក្នុងទឹកប្រាក់ ១ពាន់៧រយលានដុល្លារ៕