សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

វីរុសកូវីដ១៩ បំប្លែងថ្មី Delta ឆ្លងដល់សហគមន៍ ខណៈមានករណីនាំចូលច្រើនក្នុងចំណោមពលករត្រឡប់មកពីប្រទេសថៃ

ទាំងប្រជាពលរដ្ឋមូលដ្ឋាន និងពលករត្រឡប់ពីប្រទេសថៃកំពុងសម្រាកព្យាបាលនៅវិទ្យាល័យមួយក្នុងក្រុងបាត់ដំបង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ទាំងប្រជាពលរដ្ឋមូលដ្ឋាន និងពលករត្រឡប់ពីប្រទេសថៃកំពុងសម្រាកព្យាបាលនៅវិទ្យាល័យមួយក្នុងក្រុងបាត់ដំបង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈនៅ​បន្ត​​រក​ឃើញ​មាន​ករណី​ឆ្លង​វីរុសកូវីដ១៩ បំប្លែង​ថ្មី​Delta​ នៅក្នុង​សហគមន៍​។​

ករណី​ឆ្លង​ថ្មី​ដោយ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី Delta​ ត្រូវ​បាន​រកឃើញ​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​ទើប​ត្រឡប់​ពីប្រទេស​ថៃ​។ វីរុស​កូវីដ១៩ បំប្លែង​ថ្មី Delta មាន​សមត្ថភាព​ចម្លង​១៥​ដង​ខ្ពស់​ជាង​វីរុស​កូវីដ​១៩ ដែល​រក​ឃើញ​ដំបូងៗ។​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារកន្លង​ទៅបានឲ្យដឹងថា ២១ករណី​ក្នុង​ចំណោម​៣៩​ករណី​ថ្មី នៃ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មីDelta ជា​ពល​ករ​ទើប​មក​ពីប្រទេស​ថៃ​។ ពួកគេត្រូវបាន​បញ្ជូនទៅមណ្ឌល​ព្យាបាលជាប់ព្រំ​ដែន​។​

យ៉ាងណា ករណី​ឆ្លង​ផ្សេង​ពី​នេះ ត្រូវ​បាន​រកឃើញ​លើ​ប្រជា​ពល​រដ្ឋ​ដែល​មិនមែន​ជា​អ្នក​ទើប​មកពីប្រទេស​ថៃ​ ដែល​ធ្វើ​ឲ្យ​ក្រ​សួងចេញ​ការ​ព្រមាន​លើ​ករណី​នេះ។​

​ប៉ុន្តែ​នៅពេល​នេះ ជាមួយ​នឹង​ករណី​ឆ្លង​មួយ​ចំនួន​មាន​នៅ​ខេត្ត​កំពង់ធំ វាក៏ទំនង​ជា​វីរុស​កូវីដ១៩ បំប្លែង​ថ្មីDelta ដែល​ការណ៍​នេះ​បង្ហាញ​ថា​វីរុស​ប្រភេទ​នេះកំពុង​ចូល​ជ្រៅ​មក​ក្នុង​ប្រទេស​កម្ពុជា​។​

លោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​ប្រាប់​ខេមបូចា ថាអង្គការ​អន្តរ​ជាតិ​មួយ​នេះ «បារម្ភខ្លាំង» អំពី​ការ​អាច​រាលដាល​នៃវីរុសកូវីស១៩ បំបប្លែង​ថ្មីDelta។​

លោកស្រីសរសេរ​ក្នុង​អ៊ីម៉ែល​ថា៖ «បើ​ពេល​មួយ​វីរុសកូវីដ១៩បំប្លែង​ថ្មីDelta ឆ្លងចូល​ក្នុង​សហគមន៍ នោះ​វានឹង​អាច​ពិបាក​ក្នុង​ការ​គ្រប់​គ្រង ដោយហេតុ​ល្បឿន​នៃការ​ចម្លង​របស់​វា​គឺ​លឿន​ខ្លាំង»។ លោក​ស្រី​សរសេរ​ទៀតថា៖ «យើង​កំពុង​ប្រណាំង​ជាមួយ​នឹង​វីរុស​នេះ។ យើង​ត្រូវ​តែមាន​វិធានការ​ចាប់ពីថ្ងៃនេះ ដូច​នេះ​ទើប​មិន​មាន​ការ​ស្ដាយ​ក្រោយ​នៅ​ថ្ងៃស្អែក​។ គ្រប់​គ្នា​ត្រូវ​តែ​មាន​វិធានការ​ឲ្យ​បាន​រហ័ស រួម​និង​ការ​ប្រុង​ប្រយ័ត្នខ្ពស់»។​

តំណាង​អង្គការ​សុខភាព​ពិភព​លោក​​រូប​នេះបន្ថែម​ថា អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​នៅ​ពេល​នេះ គួរ​តែ​កំណត់​វិធានការ​ចាំ​បាច់​ផ្សេង​ទៀត​ ក្រៅពី​វិធានការ​សុខាភិបាល ដូច​ជាការ​រក្សា​គម្លាត​សង្គម និង​ការ​ស្ម័គ្រ​ចិត្ត​ចាក់វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស​ជា​ដើ​ម។​

ថ្នាក់​ដឹក​នាំ​ខេត្ត​មួយ​ចំនួន​បាន​ប្រាប់ខេមបូចា ថា​ប្រជា​ពល​រដ្ឋ​គួរ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​ការ​ចម្លង​តគ្នា​វីរុសបំប្លែង​ថ្មី Delta។ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ អង្វរ​ក​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​អនុវត្ត​តាម​វិធានការ​​របស់​ក្រ​សួង​សុខាភិបាល និង​បាន​បញ្ជាក់​ថា​មាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ចំនួន​បី​ករណី​​លើ​ប្រ​ជាពល​រដ្ឋ​នៅ​ស្រុក​ប្រាសាទបល្ល័ង្ក។

លោក​មាន​ប្រ​សាសន៍​ថា​អ្នក​ទាំង​បី​កំពុង​ធ្វើ​ការព្យាបាល ហើយ​ថា​មន្ត្រី​ក៏​កំពុង​តាម​ដាន​មនុស្ស​ប្រហែល​៣០​នាក់​បន្ថែម​ទៀត ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លង​វីរុសកូវីដ១៩ បំប្លែង​ថ្មី​ទាំង​នោះ​។​ លោក​ថា​អ្នក​ប៉ះពាល់​ទាំង​នោះ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ហើយ​ដែរ​។​

លោក​បន្ថែម​ថា៖ «ស្ថានភាព​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ ហើយ​យើង​នឹង​បន្ត​រក​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត»។​

លោក​ ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរមានជ័យ មាន​ប្រសាសន៍​ដែរ​ថា មណ្ឌល​សម្រាក​ព្យាបាលជំងឺ​កូវីដ១៩ របស់​លោក​បាន​ពេញ​អស់​ហើយ ដោយ​សារ​តែ​ពលករ​ចំណាក​ស្រុក​បន្ត​ត្រឡប់​មកពី​ប្រទេស​ថៃច្រើន​ ដែល​មាន​ខ្លះ​មាន​ឆ្លង​វីរុស​កូវីដ១៩​។ លោក​ថា អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​កន្លែង​ព្យាបាល​នៅ​ខេត្ត​ប៉ៃលិន​។​

លោក​​បន្ថែម​ថា៖ «យើង​កំពុង​អនុវត្ត​តាមការណែនាំ​របស់​ក្រ​សួង​សុខាភិបាល ដោយ​បាន​ត្រួត​ពិនិត្យ​លើ​អ្នក​ឆ្លង​ដែន​គោក​មក​កម្ពុជា ដោយ​វាស់កម្ដៅ បាញ់អាល់កុល និង​ធ្វើ​តេស្ត​រហ័ស រក​មើល​ថា​មាន​វីរុស​កូវីដ១៩ ឬ​អត់»។

លោក​ ស៊ុំ ចាន់គា អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយ​មានជ័យ មាន​ប្រសាសន៍​ថា លោក​មាន​​ក្ដី​បារម្ភអំពី​ការ​ប្រឈម​ក្នុងការ​គ្រប់​គ្រង​វីរុសបំប្លែង​ថ្មី ដែល​មាន​សមត្ថភាព​ចម្លង​លឿននេះ ជាពិសេស​ក្នុង​បរិបទ​ដែល​ប្រជា​ពល​រដ្ឋកំពុង​តែ​ពិបាក​ក្នុង​ការ​រក​ចំណូល​ចិញ្ចឹមគ្រួសារ​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​។​

លោក​​បន្ថែម​ថា៖ «​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ក្រៅតែពី​ការ​បិទខ្ទប់ រដ្ឋាភិបាលគួរ​តែ​បញ្ចេញ​ថវិកា​បន្ថែមទៀត ជួយ​ដល់អ្នក​ទាំង​នោះ ពីព្រោះ​ពួកគេ​មិន​អាច​នៅ​ផ្ទះ​ដោយ​គ្មាន​អាហារ​នោះទេ​»។​

កាល​ពី​ថ្ងៃពុធ ក្រ​សួង​សុខាភិបាល​បាន​ឲក្យ​ដឹង​ថា​ករណី​ឆ្លង​កូវីដ១៩ មាន​ចំនួន​ ៧៦៦ករណី​ថ្មី ក្នុង​នោះ​មាន​៣០៧​ករណី ជា​ករណី​នាំ​ចូល ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ ៧៥ ១៥២​ករណី គិត​ចាប់ពី​មានការ​រាលដាល​វីរុស​កូវីដ១៩ នៅ​ដើម​ឆ្នាំ២០២០ មក​។ ចំនួន​ករណី​ឆ្លង​ទាំង​នេះ ភាគ​ច្រើន​កើន​ឡើង​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​២០ កុម្ភៈ ពេល​ដែល​មានការ​ផ្ទុះ​ឡើង​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​ចាប់​ផ្ដើម​នៅ​ក្នុង​ប្រទេស​។ ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ជាសះស្បើយ​សរុប​មានចំនួន​៦៧ ៦៩២​នាក់ និង​អ្នក​ស្លាប់​ចំនួន​១ ៣៣៩​នាក់​។ ​

​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ចំនួនករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង បាន​អនុញ្ញាត​ឲ្យ​ឱសថស្ថានឯកជន អាច​ដាក់​សំណើរ​នាំចូល​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Delta variant spreads to community as imported cases rise among returning migrant workers

302 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម