កម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ–១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac)របស់ចិនដល់កុមារអាយុប្រាំមួយឆ្នាំ ទោះបីជាក់ស្តែងវ៉ាក់សាំងបង្ការកូវីដ–១៩នេះ មិនទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកឲ្យចាក់លើកុមារអាយុក្រោម១២ឆ្នាំក្ដី។ ជំហានបន្ទាប់ រដ្ឋាភិបាក៏មានគម្រោងចាក់វ៉ាក់សាំងលើកុមារចាប់ពីអាយុបីឆ្នាំឡើងទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននាំចៅៗទៅចាក់វ៉ាក់សាំងនៅថ្ងៃដំបូងនៅវិមានសន្ដិភាពដែរនោះ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពីប្រាំមួយឆ្នាំដល់១២ឆ្នាំ គឺជាការស្ម័គ្រចិត្តសុទ្ធសាធ។
លោកមានប្រសាសន៍ទៀតថា ប្រទេសជាច្រើនបានចាក់បែបនេះរួចហើយ រួមមានប្រទេសចិន គុយបា ប្រទេសអារ៉ាប់រួម ប៉េរ៉ូ អាល្លឺម៉ង់ និងបារ៉ែន ខណៈសហរដេ្ឋអាមេរិក និងអ៊ីស្រាអ៊ែល លោកថាកំពុងរៀបចំសិក្សាពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការកូវីដ–១៩ លើកុមារ។
លោកមានប្រសាសន៍ថា៖ «ចឹងយើងត្រូវបោះជំហានទៅមុនការពារកុមាររបស់យើង ដើម្បីឲ្យពួកគេទទួលបានការថែទាំងសុខភាព និងឲ្យពួកគេបានចូលសាលា ដោយមានសុវត្ថិភាពទាំងគ្រូ ទាំងសិស្សនៅបឋមសិក្សា»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុមារអាយុចន្លោះពីប្រាំមួយទៅ១២ឆ្នាំ មានចំនួនប្រហែល១,៩លាននាក់ ដែលត្រូវទទួលវ៉ាក់សាំង ដែលនាំ ឲ្យចំនួនអ្នកត្រូវចាក់វ៉ាក់សាំងឡើងដល់ជាង១៤,៦លាននាក់ ឬ៩១ភាគរយនៃប្រជាជនសរុបចំនួន១៦លាននាក់។
ក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ប្រជាពលរដ្ឋជាង១១,៥លាននាក់បានទទួលវ៉ាក់សាំងបង្ការកូវីដ–១៩ យ៉ាងតិចចំនួនមួយដូស និងមានជាង១០លាននាក់ បានចាក់គ្រប់ដូស។ ក្រៅពីនេះ នៅមានមនុស្សជាង៨០ម៉ឺននាក់ បានទទួលវាក់សាំងបង្ការកូវីដ–១៩ ដូសទីបី ឬដូសជំរុញ ដែលលោកនាយករដ្ឋមន្ត្រីចាត់ទុកថាជារឿងគួរឲ្យស្ញប់ស្ញែង បើធៀបទៅនឹងប្រទេសផ្សេងទៀត។
លោកបន្ថែមថា៖ «នេះមិនត្រូវចាត់ទុកថាជាការប្រជែងលើវ៉ាក់សាំងទេ តែកម្ពុជាមានកាតព្វកិច្ចការពារជីវិតពលរដ្ឋរបស់ខ្លួន និងធ្វើឲ្យសង្គមសេដ្ឋកិច្ចត្រូវបានស្តារឡើងវិញក្នុងរាប់ទាំងវិស័យអប់រំដែលជាវិស័យអទិភាព»។
លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា រដ្ឋាភិបាលនឹងរៀបចំយុទ្ធសាស្រ្តដែលអាចអនុញ្ញាតឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយអាចមកលេងកម្ពុជាបាន។
លោក ចៅ សុធី ដែលបាននាំកូនអាយុប្រាំបីឆ្នាំមកចាក់វ៉ាក់សាំងបង្ការកូវីដ–១៩ នៅសង្កាត់ដង្កោ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថាលោកព្រួយបារម្ភពីផលរំខានរបស់វ៉ាក់សាំងមកលើកកូនខ្លះដែរ។
លោកបន្ថែមថា៖ «និយាយាដោយស្មោះត្រង់ទៅ ខ្ញុំពិតជាបារម្ភរឿងចាក់វ៉ាក់សាំងឲ្យកូន ប៉ុន្តែខ្ញុំត្រូវតែនាំកូនមកចាក់ ដើម្បីឲ្យពួកគេអាចបានចូលរៀនវិញ»។
ចំណែកលោក វង់ ម៉ាប់ ដែលមានកូនចំនួនប្រាំមួយនាក់ បាននិយាយថាកូនៗលោកចំនួនប្រាំនាក់បានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយ ដោយថានៅសល់តែម្នាក់ចុងក្រោយគេអាយុ១១ឆ្នាំ ដែលត្រូវចាក់នៅថ្ងៃសុក្រនេះ។
លោកនិយាយថា៖ «ពេលគ្រប់គ្នាបានចាក់វ៉ាក់សាំង យើងក៏ត្រូវចាក់ដូចគេដែរហើយខ្ញុំមិនបារម្ភទេ ពីព្រោះក្មេងៗមានប្រព័ន្ធភាពស៊ាំរឹងមាំជាងមនុស្សធំ»។
ទាំងអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ លើកឡើងថាគិតមកដល់ពេលនេះ មានតែវ៉ាក់សាំងបង្ការកូវីដ–១៩ ប្រភេទPfizer តែមួយទេដែលបានត្រួតពិនិត្យដោយក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក និងអាចប្រើលើក្មេងអាយុ១២ឆ្នាំឡើង។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថា ការសិក្សាលើផលរំខានរបស់វ៉ាក់សាំងបង្ការកូវីដ–១៩ រយៈពេលខ្លី និងវែងលើកកុមារ ក៏ដូចជាសុវត្ថិភាពរបស់វ៉ាក់សាំងលើកុមារ គឺកំពុងនៅបន្តនៅឡើយ។
លោកស្រីមានប្រសាសន៍ថា៖ «យើងដឹងថាប្រទេសចិនបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការកូវីដ–១៩ លើក្មេងអាយុបីឆ្នាំទៅ១៧ឆ្នាំ»។ លោកស្រីបន្តថា៖ «ការសិក្សាជាច្រើនលើវ៉ាក់សាំងកំពុងបន្តធ្វើ និងភស្តុតាងបញ្ជាក់នឹងអាចមានកាន់តែច្រើនទៅថ្ងៃខាងមុខ»។
លោកស្រីឲ្យដឹងដែរថា អង្គការសុខភាពពិភពលោកបានណែនាំឲ្យកុមារ និងក្មេងជំទង់មានបញ្ហាសុខភាពប្រចាំកាយគួរត្រូវបញ្ចូលឲ្យចាក់វ៉ាក់សាំងដែរ បើពួកគេនៅកន្លែងមានហានិភ័យឆ្លងខ្លាំង។
លោកស្រីបញ្ជាក់ថា៖ «ក្នុងករណីនេះ មនុស្សពេញវ័យក្នុងក្រុមមនុស្សអាទិភាព គួរតែត្រូវបានទទួលវ៉ាក់សាំងមុនក្មេងៗដែលមានបញ្ហាសុខភាពប្រចាំកាយ»។
ចំណែកលោកស្រី Foroogh Foyozat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថាការធ្វើតេស្តសាកល្បងលើកុមារកំពុងបន្តនៅឡើយ ដូចនេះគិតមកដល់ពេលនេះអ្នកជំនាញអង្គការសុខភាពពិភពលោកបានពិនិត្យរួចរាល់តែលើវ៉ាក់សាំងប្រភេទ Pfizer/BionTech ដែលអាចប្រើសម្រាប់ក្មេងអាយុ១២ឆ្នាំ និងអាយុលើសពីនេះ។
លោកស្រីបន្ថែមថា៖ «ចំពោះវ៉ាក់សាំងផ្សេងទៀត ដូចជាស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ត្រូវបានអនុញ្ញាតឲ្យប្រើបន្ទាន់នៅប្រទេសមួយចំនួនលើក្មេងអាយុចន្លោះពី១២ទៅ១៧ឆ្នាំ រួមមានចិន ឥណ្ឌូនេស៊ី និងថ្មីៗនេះកម្ពុជាផងដែរ»។ លោកស្រីបន្តថា៖ «ការធ្វើតេស្តលើក្មេងៗកំពុងបន្តនៅឡើយ វាអាចថាត្រូវការពេលច្រើនខែបន្តទៀតដើម្បីបានព័ត៌មានកាន់តែច្រើនទាក់ទងនឹងកុមារ និងក្មេងជំទង់ និងដើម្បីបានភស្តុតាងគ្រប់គ្រាន់នាំឲ្យអាចឈានដល់ការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងផ្សេងៗទៀត»។
លោកស្រី Foyozat ឲ្យដឹងទៀតថា កុមារអាយុចន្លោះពី១២ទៅ១៥ឆ្នាំ ដែលមានហានិភ័យខ្ពស់នឹងការឆ្លងជំងឺ គឺអាចនឹងត្រូវចាក់វ៉ាកសាំងឲ្យដូចទៅនឹងក្រុមមនុស្សអាទិភាពដែរ និងថាអង្គការសុខភាពពិភពលោកនឹងធ្វើបច្ចុប្បន្នភាពលើសេចក្ដីណែនាំរបស់ខ្លួនពេលមានភស្តុតាង ឬក៏ស្ថានភាពនៃជំងឺរាតត្បាតនេះអាចធ្វើឲ្យមានការកែប្រែគោលនយោបាយ។
លោកស្រី សង្កត់ធ្ងន់ថាភស្តុតាងជាសកលបង្ហាញថាតាំងពីមានការផ្ទុះរាលដាលមក ជំងឺកូវីដ–១៩ មិនបង្កហានិភ័យខ្ពស់លើកុមារនោះទេ និងថាសាលារៀនមិនមែនជាកន្លែងចម្លងជំងឺចូលក្នុងសហគមន៍នោះដែរ។
លោកស្រីបញ្ជាក់ថា៖ «ជាសកល ក្មេងៗមានករណីតិចតួចប៉ុណ្ណោះដែលមានឆ្លងជំងឺកូវីដ–១៩…ក្មេងៗនៅអាយុត្រឹមកម្រិតបឋមសិក្សា និងក្មេងជាងនេះ ជាក្រុមមនុស្សដែលមានករណីឆ្លងតិចបំផុត»។
គិតមកដល់ពេលនេះ សាលារៀនចំនួន២.៦៤១ បានបើកដំណើរការឡើងវិញនៅទូទាំងប្រទេសនៅក្នុងខែកញ្ញានេះ។ ក្រសួងអប់រំបានប្រកាសនៅថ្ងៃសុក្រនេះ ឲ្យផ្អាកដំណើរការថ្នាក់រៀនមួយចំនួន នៅក្នុងសាលាចំនួនប្រាំនៅទីក្រុងភ្នំពេញចំនួន១៤ថ្ងៃ បន្ទាប់បានរកឃើញកូនសិស្សវិជ្ជមានកូវីដ–១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងដែរថាកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់សរុបចំនួន៩លាននៅខែកញ្ញានេះ រួមមានបីលានដូសជាជំនួយរបស់ចិន និងប្រាំមួយលានដូសផ្សេងទៀតជាការបញ្ជាទិញ។ លោកបន្ថែមថា ប្រទេសអូស្រ្តាលី ក៏បានសន្យាផ្ដល់វ៉ាក់សាំងប្រភេទPfizer ចំនួន២,៣លានដូសផងដែរ។
ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះបានឲ្យដឹងថាអ្នកឆ្លងកូវីដ–១៩ មានចំនួន៦៩៨ករណីថ្មី និងមានអ្នកស្លាប់ចំនួន១១នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់១០២.៨៣៤ករណី និងស្លាប់២.០៨៩នាក់ និងចំនួនអ្នកជាសះស្បើយមាន៩៦.២៧៥ ករណី៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia starts vaccinating six-year-olds with Chinese vaccine