ជម្លោះកើនឡើងនៅមជ្ឈិមបូព៌ាកំពុងរំខានដល់ចរាចរណ៍នាវាតាមច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់មួយសម្រាប់ការដឹកជញ្ជូនចែកចាយប្រេង និងឧស្ម័នរបស់ពិភពលោក។ ស្ថានការណ៍នេះកំពុងជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កការព្រួយបារម្ភដល់ប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។
មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈក្នុងស្រុកនឹងបន្តអនុវត្តតាមតម្លៃទីផ្សារអន្តរជាតិ ខណៈអ្នកសេដ្ឋកិច្ចព្រមានថា ប្រសិនបើភាពអស្ថិរភាពបន្តយូរ វាអាចបង្កឱ្យមានអតិផរណា បង្កសម្ពាធលើការនាំចេញ និងបង្ខំឱ្យកម្ពុជាត្រូវឆ្លើយតបឬដោះស្រាយនឹងសម្ពាធភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។
ចរាចរណ៍នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកតូចមួយនៅមាត់ឈូងសមុទ្រពែក្ស និងជាផ្លូវដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃប្រេងពិភពលោក បានផ្អាកស្ទើរតែទាំងស្រុង បន្ទាប់ពីសង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ត្រូវបានពង្រីកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ប្រេងភាគច្រើនដែលឆ្លងកាត់ច្រកនេះមកពីប្រទេសផលិតប្រេងធំៗនៅឈូងសមុទ្រពែក្ស ត្រូវដឹកទៅតំបន់អាស៊ី។
បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារនាវាច្រើនគ្រឿងនៅក្នុងច្រកសមុទ្រនេះហើយព្រមាននាវាផ្សេងៗមិនឱ្យព្យាយាមឆ្លងកាត់ ខណៈក្រុមហ៊ុនធានារ៉ាប់រងបានដកការធានារ៉ាប់រងក្នុងការដឹកជញ្ជូនដែលធ្វើឱ្យផ្លូវដឹកជញ្ជូននេះត្រូវរាំងខ្ទប់ទាំងស្រុង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក នឹងផ្តល់ការធានាហានិភ័យនយោបាយ ហើយលោកក៏បានស្នើថាឱ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកអាចអមការពារនាវាដឹកទំនិញឱ្យឆ្លងកាត់បាន។
ប្រទេសកាតា ក៏បានផ្អាកការផលិតឧស្ម័នធម្មជាតិរាវ កាលពីថ្ងៃចន្ទផងដែរ ដែលស្មើប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់សកល។
សម្រាប់កម្ពុជាដែលពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងនិងឧស្ម័ន ដោយសារធនធានប្រេងនៅតំបន់សមុទ្ររបស់ខ្លួននៅមិនទាន់ត្រូវបានអភិវឌ្ឍ ភាពប្រែប្រួលខ្លាំងនៅទីផ្សារថាមពលពិភពលោកក្នុងរយៈពេលវែង ត្រូវបានព្យាករណ៍ថានឹងប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈក្នុងស្រុក។
ពាណិជ្ជករប្រេងបានឱ្យដឹងថា តម្លៃប្រេង Brent បានកើនឡើងប្រហែល១០ភាគរយ ដែលបានកើនតម្លៃដល់៨០ដុល្លារក្នុងមួយបារ៉ែល ក្នុងការជួញដូរប្រេងក្រៅទីផ្សារផ្លូវការកាលពីថ្ងៃអាទិត្យ។ អ្នកវិភាគបានបញ្ជាក់ថា តម្លៃប្រេងអាចកើនឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានលើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងកើនឡើងតាមទីផ្សារអន្តរជាតិ។ លោកបានបញ្ជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងរួចហើយចន្លោះពី ៥ ទៅ ២៥ភាគរយ ហើយការកើនឡើងនេះអាចបង្កសម្ពាធអតិផរណាក្នុងប្រទេសកម្ពុជា។
តាមទិន្នន័យរដ្ឋាភិបាល ការនាំចូលប្រេងម៉ាស៊ូត សាំង និងឧស្ម័នចំហេះ របស់កម្ពុជាក្នុងខែមករាមានតម្លៃសរុបជិត ២២០ លានដុល្លារ កើនឡើង ១.៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសសិង្ហបុរីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងចម្រាញ់រួចធំបំផុតឱ្យកម្ពុជា បន្ទាប់ពីកម្ពុជាបានផ្អាកការនាំចូលប្រេងពីប្រទេសថៃនៅឆ្នាំ២០២៥ ដោយសារការប៉ះទង្គិចតាមព្រំដែនរវាងប្រទេសទាំងពីរ មុនពេលភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឈប់បាញ់។
វៀតណាម ម៉ាឡេស៊ី ចិន និងប្រទេសផ្សេងៗទៀត ក៏នៅតែជាប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈសំខាន់សម្រាប់កម្ពុជាផងដែរ ជាពិសេសឧស្ម័ន LPG និងផលិតផលប្រេងផ្សេងៗ ដែលត្រូវបានដឹកជញ្ជូនមកតាមផ្លូវទន្លេ និងផ្លូវសមុទ្រ។
ក្នុងការកំណត់តម្លៃប្រេងឥន្ធនៈរយៈពេល ១០ថ្ងៃចុងក្រោយនេះ តម្លៃសាំង និងម៉ាស៊ូតនៅកម្ពុជា បានកើនឡើង ១០០រៀលក្នុងមួយលីត្រ ប្រហែល ០.០៣ដុល្លារ។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នឹងបន្តតាមដានការប្រែប្រួលតម្លៃប្រេងនៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល ១០ថ្ងៃបន្ទាប់។

ដើម្បីបន្ថយផលប៉ះពាល់ពីការឡើងថ្លៃ រដ្ឋាភិបាលបាននិយាយថា នឹងបន្តផ្តល់ជំនួយឧបត្ថម្ភ ១សេនក្នុងមួយលីត្រ ហើយកំពុងធ្វើការស្វែងរកប្រភពនាំចូលប្រេងឱ្យមានស្ថិរភាព ទោះបីមានការដាក់កំហិតខ្លះពីប្រទេសដៃគូក៏ដោយ។
លោក សុវិជាតិ បានថ្លែងថា៖ «យើងនឹងបន្តកិច្ចសន្យានាំចូលប្រេងពីប្រទេសទាំងនោះ ទោះបីស្ថានការណ៍លំបាកក៏ដោយ។ យើងត្រូវរក្សាប្រភពផ្គត់ផ្គង់ និងធានាឱ្យប្រជាពលរដ្ឋអាចទទួលបានប្រេងឥន្ធនៈក្នុងតម្លៃសមរម្យ»។
លោកបានបន្ថែមថា ប្រសិនបើការនាំចូលត្រូវបានរំខាន កម្ពុជាមានស្តុកប្រេងយ៉ាងហោចណាស់គ្រប់គ្រាន់សម្រាប់មួយខែ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋសន្សំសំចៃការប្រើប្រាស់ប្រេង និងផ្តល់អាទិភាពដល់តម្រូវការចាំបាច់ក្នុងអំឡុងពេលមានភាពអស្ថិរភាពបែបនេះ។
មន្ត្រីរដ្ឋាភិបាលមិនទាន់ប្រកាសវិធានការបន្ថែមទេ ប៉ុន្តែប្រព័ន្ធកំណត់តម្លៃប្រេងនៅកម្ពុជា ជាទូទៅកែប្រែតម្លៃលក់រាយស្របតាមការប្រែប្រួលនៅទីផ្សារអន្តរជាតិ។
លោក អៀ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ចនយោបាយជនជាតិអាមេរិកដើមកំណើតខ្មែរ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Arizona State បានឱ្យដឹងថា ហានិភ័យធំបំផុតដែលកម្ពុជាអាចប្រឈមពីសង្គ្រាមដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ គឺការរំខានដល់ការផ្គត់ផ្គង់ថាមពល និងផ្លូវដឹកជញ្ជូនតាមសមុទ្រ។
លោក សុផល បានបន្តថា កម្ពុជាអាចប្រឈមនឹងអតិផរណាកើនឡើង សម្ពាធលើហិរញ្ញវត្ថុពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចដែលអាចថយចុះ ប្រសិនបើជម្លោះនេះបន្តអស់រយៈពេលយូរ។
លោក សុផល បានបន្ថែមថា ក្នុងវិស័យនយោបាយការបរទេស អស្ថិរភាពដែលអូសបន្លាយអាចបង្ខំឱ្យកម្ពុជាត្រូវធ្វើជម្រើសយុទ្ធសាស្ត្រឱ្យកាន់តែមុតស្រួចថែមទៀត ខណៈដែលកម្ពុជាកំពុងព្យាយាមរកតុល្យភាពរវាងទំនាក់ទំនងជិតស្និទ្ធជាមួយចិន និងការរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអាស៊ាន។
លោក សុផល បានលើកឡើងថា៖ «សំណួរសំខាន់គឺថា តើកម្ពុជានឹងប្រើឱកាសនេះដើម្បីពឹងផ្អែកលើដៃគូធំតែមួយកាន់តែខ្លាំងឡើង ឬក៏កសាងដោយស្ងាត់ស្ងៀមនូវទំនាក់ទំនងសេដ្ឋកិច្ច និងការទូតរបស់ខ្លួនមានភាពចម្រុះនិងភាពធន់»។
អ្នកសេដ្ឋកិច្ចកម្ពុជា ក៏បានលើកឡើងពីក្តីព្រួយបារម្ភអំពីផលប៉ះពាល់ផ្សេងៗដល់សេដ្ឋកិច្ច ក្រៅពីការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នផងដែរ។

លោក គី សេរីវឌ្ឍន៍ ដែលជាសេដ្ឋកិច្ចវិទូម្នាក់នៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីក្រុងឌូបៃ និងប្រទេសផ្សេងៗនៅតំបន់ឈូងសមុទ្រពែក្ស អាចរងផលប៉ះពាល់ ខណៈចំនួនភ្ញៀវទេសចរពីតំបន់នោះមកកម្ពុជាក៏អាចធ្លាក់ចុះផងដែរ។
លោក ហុង វណ្ណៈ សេដ្ឋកិច្ចវិទូម្នាក់ទៀតនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បង្កើតយន្តការបន្ទាន់ជាមួយក្រុមហ៊ុននាំចូលប្រេង និងបង្កើនស្តុកប្រេងពីមួយខែទៅយ៉ាងហោចណាស់បីខែ ដើម្បីធានាការប្រើប្រាស់ និងតម្លៃមានស្ថិរភាព។
លោកបានលើកឡើងថា ប្រសិនបើមិនចាត់វិធានការយ៉ាងឆាប់រហ័ស កម្ពុជាអាចប្រឈមនឹងការឡើងថ្លៃប្រេងយ៉ាងខ្លាំង។
លោកបានលើកឡើងថា៖ «បញ្ហានេះមិនទាន់បង្ហាញផលប៉ះពាល់ភ្លាមៗទេ ប៉ុន្តែក្នុងរយៈពេលវែង តម្លៃប្រេងនឹងកើនឡើង ហើយផលប៉ះពាល់នឹងធ្ងន់ធ្ងរជាងមុន។ នៅពេលតម្លៃប្រេងកើនឡើង តម្លៃទំនិញក៏នឹងឡើងដែរ ដូច្នេះការប្រើប្រាស់ប្រេងដែលមិនមានប្រយោជន៍សេដ្ឋកិច្ចគួរត្រូវបានកាត់បន្ថយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Braces for Fuel Price Rise as Middle East War Disrupts Strait of Hormuz









