រដ្ឋាភិបាលកម្ពុជាបាននិយាយថា ខ្លួននឹងបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារ រួមជាមួយ សម្ភារវេជ្ជសាស្ត្រជាច្រើនទៀតដល់របបសឹកយោធាមីយ៉ាន់ម៉ា ដើម្បីជួយដល់កិច្ច ប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងលិខិតមួយច្បាប់ផ្ញើជូនមេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃអង្គារថា «ក្នុងស្មារតីមិត្តភាព និង សាមគ្គីភាពរវាងប្រទេសយើងទាំងពីរ» កម្ពុជានឹងបរិច្ចាគប្រាក់២០ម៉ឺនដុល្លារដល់ប្រ ទេសមីយ៉ាន់ម៉ា បន្ថែមលើការសន្យាផ្តល់ជំនួយជាទឹកប្រាក់ ១០ម៉ឺនដុល្លារសម្រាប់ជំនួយមនុស្សធម៌អាស៊ានដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។
លោកបានសរសេរថា៖ «ខ្ញុំបានតាមដានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះតាំងពីដំបូងមក»។ ដោយលោកបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង យើងនឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង»។
ក្នុងលិខិតនោះ លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាក៏នឹងបរិច្ចាគម៉ាស់ចំនួន ៣លានម៉ាស់ ឧបករណ៍ធ្វើតេស្តរហ័សចំនួន៥០ម៉ឺន និងសម្ភារផ្សេងៗទៀតដល់ប្រ ទេសមីយ៉ាន់ម៉ាផងដែរ។ លោកឲ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាលកម្ពុជានឹងដឹកនាំគណៈប្រតិភូបញ្ជូនសម្ភារទាំងនោះទៅប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ។
យោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិប តេយ្យនៅក្នុងអំពើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយចាប់ខ្លួនមេដឹកនាំកំពូលៗនិងបង្ក្រាប ដោយហិង្សាលើអ្នកតវ៉ាតាមទីសាធារណៈ។ ទោះបីជំងឺកូវីដកើនឡើងក្នុងរលកទី៣ ដ៏គួរឱ្យភ័យខ្លាចក៏ដោយ ក៏របបយោធានៅតែបន្តចាប់ខ្លួនវេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្តវេជ្ជ សាស្ត្រនិងធ្វើការល្បាតតាមមន្ទីរពេទ្យ ហើយត្រូវបានគេចោទប្រកាន់ថា រក្សាទុកអុកស៊ីសែននិងសម្ភារវេជ្ជសាស្ត្រ ដែលការធ្វើបែបនេះរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់វីរុសនេះ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាដែល បាន និងកំពុងធ្វើការជាមួយអង្គការសង្គមស៊ីវិលដទៃទៀតនៅក្នុងតំបន់ ដើម្បីតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ាបានមានប្រសាសន៍ថា កម្ពុជាគួរបរិច្ចាគប្រាក់តាមរយៈយន្តការជំនួយដែលមានស្រាប់។
លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា នេះគឺជាទឹកចិត្តរបស់កម្ពុជាក្នុងការជួយប្រទេសមួយដែលកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ »។ លោកស្រីបានបន្ថែមថា៖ «ប៉ុន្តែយើងគួរតែសម្លឹង មើលយន្តការអន្តរជាតិសម្រាប់ជំនួយមនុស្សធម៌របស់យើងជាជាង[បរិច្ចាគ]ដោយ ផ្ទាល់ទៅឲ្យរបបយោធា ដើម្បីធានាថា វាជួយដល់ប្រជាពលរដ្ឋមិនមែនដើម្បីពង្រឹងអំណាចយោធាទេ ខណៈដែលរបបនេះកំពុងត្រូវបានថ្កោលទោស ចំពោះ ការសម្លាប់ជនស៊ីវិល»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ជំនួយនេះគឺសម្រាប់តែប្រជាពលរដ្ឋមីយ៉ាន់ម៉ាប៉ុណ្ណោះ ហើយថាកម្ពុជារួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតនៅតែមិនទទួលស្គាល់របបយោធាថាជារដ្ឋាភិបាលស្របច្បាប់។
លោកបានមានប្រសាសន៍ថា៖ «វាមិនមែនជាផ្នែកនៃក្របខ័ណ្ឌនយោបាយទេ ហើយ នេះមិនមានន័យថា ជំនួយមនុស្សធម៌នេះនឹងគាំទ្រដល់របបណាមួយនោះឡើយ»។
លោក ស៊ីផាន បានកត់សម្គាល់ថា ប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ក្រោយមានន័យថា ប្រទេសនេះនឹងដើរតួនាទីសំខាន់ ក្នុងការចរចារកដំណោះស្រាយ បញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា។ លោកបន្តថា៖ «កម្ពុជាគ្មានអំណាចបង្ខំភាគីណា មួយឲ្យធ្វើអ្វីនោះទេ ហើយយើងនឹងព្យាយាមមិនសុំឲ្យភាគីទីបីណាមួយជ្រៀត ជ្រែកក្នុងបញ្ហានេះដែរ»។
កាលពីខែមេសា មេដឹកនាំអាស៊ានបានជួបប្រជុំពិសេសមួយនៅទីក្រុងហ្សាការតាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោងឡាំង ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយដែលកំពុងកើតមានរបស់ប្រទេសនេះ។
មេដឹកនាំប្រទេសនេះនិងតំណាងអាស៊ានបានឈានដល់ការមូលមតិគ្នាចំនួន៥ ចំណុចរួមទាំងការដោះស្រាយស្ថានភាពក្រោយរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ជំរុញឲ្យ «បញ្ឈប់អំពើហិង្សាជាបន្ទាន់» នៅក្នុងប្រទេសនេះ។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំកំពូលថា កម្ពុជានឹងជួយអាស៊ានក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅមីយ៉ាន់ម៉ា។
ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ របបយោធាមិនបានអនុវត្តតាមការឯកភាព៥ចំណុចនោះទេ ហើយការចាប់ខ្លួន ការវាយប្រហារ និងការសម្លាប់ជនស៊ីវិលនៅតែបន្ត។
លោក សេង សារី អ្នកស្រាវជ្រាវសង្គមបានឲ្យដឹងថាការផ្តល់ជំនួយមនុស្សធម៌គឺជារឿងគួរឲ្យកោតសរសើរ ដោយសារភាពធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដនៅមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «ទោះយ៉ាងណា សកម្មភាពរបស់កម្ពុជាអាចធ្វើឲ្យទស្សនៈសាធារណ ជនយល់ច្រឡំអំពីការគាំទ្ររបបយោធា ខណៈដែលរដ្ឋាភិបាលខ្លួនឯងមិនអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដប្រកបដោយប្រសិទ្ធភាព»។ លោកបន្ថែមថា៖ «ដើម្បីលុបបំបាត់ការយល់ច្រឡំរបស់សាធារណជន ដំបូងរដ្ឋាភិបាលត្រូវជួយដល់ប្រជាពលរដ្ឋ របស់ខ្លួនជាពិសេសពលករចំណាកស្រុកកម្ពុជាជាង២លាននាក់នៅប្រទេសថៃដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារនិងវ៉ាក់សាំង»។
កម្ពុជាបានផ្តល់ទាំងជំនួយហិរញ្ញវត្ថុនិងសម្ភារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសជិតខាងខ្លួនរួមទាំងឡាវ និងវៀតណាម។ កម្ពុជាក៏ទទួលបានជំនួយយ៉ាងច្រើនពីដៃគូបរទេសរួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩រាប់លានដូស។
បើទោះបីជាមកដល់ពេលនេះ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំង ការពារជំងឺដល់ប្រជា ពលរដ្ឋជាង ៨លាននាក់ដែលយ៉ាងហោចណាស់ទទួលបានដូសទី១ ហើយឥឡូវ នេះកំពុងចាក់វ៉ាក់សាំងការពារកុមារអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំក៏ដោយក៏ប្រទេសនេះនៅតែបន្តរកឃើញករណីឆ្លងថ្មីរាប់រយករណីជារៀងរាល់ថ្ងៃ។
កាលពីថ្ងៃអង្គារ កម្ពុជាបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៥៥៦ករណីក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៦៧ករណីនិងមានអ្នកស្លាប់ចំនួន ១៤នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៨៦.៥៩៧នាក់និងស្លាប់ចំនួន ១.៧១៨នាក់។ ក្រសួងក៏កត់ត្រាករណីជាសះស្បើយចំនួន ៨១.៩១៨ករណីផងដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia donates to Myanmar’s military junta to contain the COVID-19 pandemic