មន្រ្តីជាន់ខ្ពស់កម្ពុជាបាននិយាយថា កម្ពុជាបានធ្វើកិច្ចព្រមព្រៀងដើម្បីទិញឬទទួលវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ២០លានដូស ដែលនឹងជួយផ្គត់ផ្គង់ដល់ប្រជាជន ១០លាននាក់ ឬ ពីរភាគបីនៃចំនួនប្រជាជនសរុប។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដូចនេះនៅអំឡុងពេលវេទិកាសាធារណៈកាលពីថ្ងៃពុធ ទី២៧ ខែមករា។ លោកបានលើកឡើងថា នៅក្នុងចំណោមវ៉ាក់សាំងចំនួន ២០លានដូស វ៉ាក់សាំងចំនួន ១១លានដូសនឹងផ្តល់ឲ្យដោយឥតគិតថ្លៃពីសំណាក់បណ្តាប្រទេសដៃគូ និងកម្មវិធីកូវ៉ាក់ (Covax) របស់អង្គការសុខភាពពិភពលោក។
លោកបានថ្លែងថា៖ «យើងនឹងទទួលវ៉ាក់សាំង៧លានដូសតាមរយៈយន្តការកូវ៉ាក់ ១លានដូសពីចិន និង៣លានដូសទៀតក្រោមជំនួយរបស់ប្រទេសអូស្រ្តាលី»។
យន្តការកូវ៉ាក់នឹងផ្តល់ឲ្យវ៉ាក់សាំងមិនលើសពី ២០ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសមួយ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីធានាការចែកចាយវ៉ាក់សាំងដោយស្មើភាព ទោះបីជាយន្តការនេះមិនបានបញ្ចេញវ៉ាក់សាំងនៅឡើយមកទល់ពេលនេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា កម្ពុជានឹងទទួលវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនចំនួន ៣,២លាននាក់ពីគម្រោងអភិវឌ្ឍវ៉ាក់សាំងកូវ៉ាក់។
លោកស្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលរំពឹងថា នឹងផ្តល់វ៉ាក់សាំងដល់យ៉ាងហោចណាស់ ៨០ភាគរយនៃចំនួនប្រជាជនសរុប ដែលមានប្រហែល ១៣លាននាក់។
លោកស្រីបានថ្លែងថា៖ «យើងនៅតែរង់ចាំ ខណៈអង្គការសុខភាពពិភពលោកកំពុងធ្វើការលើវ៉ាក់សាំងនិងពិនិត្យវ៉ាក់សាំងមួយចំនួន។ យើងសង្ឃឹមថា ព័ត៌មានថ្មីពីវ៉ាក់សាំងរបស់កម្មវិធីកូវ៉ាក់នឹងមាននៅខែមីនាឆ្នាំនេះ ប្រសិនបើដំណើរការវាយតម្លៃប្រព្រឹត្តទៅដោយរលូន»។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ពីប្រទេសចិនចំនួនមួយលានដូស។ ពីមុនមក លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជានឹងប្រើវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ប៉ុន្តែលោកបានលើកឡើងថា អង្គការសុខភាពពិភពលោកប្រើពេលយូរនៅក្នុងការអនុម័តលើវ៉ាក់សាំង។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា អូស្ត្រាលីសន្យានឹងផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២៨លានដុល្លារដល់កម្ពុជាដើម្បីទិញវ៉ាក់សាំងចំនួន ៣លានដូស។ ជាមួយនឹងកញ្ចប់ថវិកានេះ កម្ពុជានឹងត្រូវទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Oxford AstraZeneca ឬវ៉ាក់សាំងដទៃទៀតក្នុងតម្លៃ ៥ដុល្លារក្នុងមួយដូស។
លោកបានបន្តថា កម្ពុជាក៏បានទាក់ទងឥណ្ឌា និងរុស្ស៊ីផងដែរសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។
អ្នកនាំពាក្យប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជាបានប្រាប់ CamboJA កាលពីថ្ងៃពុធថា ស្ថានទូតនឹងប្រកាសពីជំនួយលើផ្នែកវ៉ាក់សាំងដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។
ស្ថានទូតអូស្រ្តាលីបានលើកឡើងថា៖ «រដ្ឋាភិបាលអូស្ត្រាលីកំពុងធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ជាមួយរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងជំនួយផ្នែកវ៉ាក់សាំង»។
លោកវិស្សុតបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានកំណត់នូវកញ្ចប់ថវិកាជាតិ និងថវិកា ៥៧លានដុល្លារពីការឧបត្ថម្ភពីសាធារណជន ដើម្បីទិញវ៉ាក់សាំងបន្ថែមចំនួន ៩លានដូសដើម្បីសម្រេចគោលដៅ ២០លានដូស។
លោកបានថ្លែងថា៖ «នេះជាសញ្ញាល្អនៃការងើបសេដ្ឋកិច្ចឡើងវិញ។ វ៉ាក់សាំងគឺជា ផ្នែកមួយនៃយុទ្ធសាស្រ្តដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា និងផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគ និងធុរជន»។
លោក ហូ វណ្ណឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា ការចាក់វាក់សាំងក្នុងទ្រង់ទ្រាយធំនឹងជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ ដែលរងការប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «ការណ៍នេះនឹងផ្តល់ជំនឿទុកចិត្តដល់ប្រជាជន ជាពិសេសអ្នកទេសចរណ៍ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ ប្រជាជននឹងលែងភ័យខ្លាចពីជំងឺកូវីដ១៩ ហើយនេះនឹងជួយឲ្យវិស័យទេសចរណ៍ងើបឡើងវិញឆាប់រហ័សជាងមុន»។
កម្ពុជារំពឹងថា នឹងទទួលបានវ៉ាក់សាំងដំបូងចំនួន ៣សែនដូសក្នុងចំណោមវ៉ាក់សាំង ១លានដូសពីប្រទេសចិននៅខែកុម្ភៈ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia has sourced 20 million doses of COVID-19 vaccine: MEF official