សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រួសារដែលត្រូវបានបណ្ដេញចេញដោយបង្ខំដើម្បីអភិវឌ្ឍន៍ផ្លូវល្បឿនលឿនស្ទាក់ក្នុងការនិយាយព្រោះខ្លាចបាត់បង់សំណង

កម្មករប្រមូលបំណែកអេតចាយពីផ្ទះដែលត្រូវបានអាជ្ញាធរវាយកម្ទេចចោលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា / ព្រីង សំរាំង
កម្មករប្រមូលបំណែកអេតចាយពីផ្ទះដែលត្រូវបានអាជ្ញាធរវាយកម្ទេចចោលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា / ព្រីង សំរាំង

ខណៈ​ពេល​ផ្លូវល្បឿនលឿនលើកដំបូង​របស់កម្ពុជាចាប់ផ្តើមលេចចេញជារូប​រាង ប្រជាពលរដ្ឋ​រស់នៅ​តំបន់មួយចំនួន​​ក្នុងរាជធានីភ្នំពេញបាន​រងប៉ះពាល់ដែល​កើតចេញពី​ការអភិវឌ្ឍនេះ​។

កាល​ពី​សប្តាហ៍​មុន ប្រជាពលរដ្ឋ​ប្រមាណ៣០​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​ដោយ​មាន​ការ​ជូន​ដំណឹង​ជា​មុន​ក្នុងរយៈពេលខ្លី ​ដើម្បី​បើកផ្លូវ​​សម្រាប់គម្រោង​​អភិ​វឌ្ឍន៍​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ត្រូវ​បាន​​ប្រាប់​​ឲ្យ​ចាក​ចេញ ប្រជាពលរដ្ឋ​បានត្រឹមតែ​ឈរ​មើល​កម្លាំង​កម្មករនិង​មន្ត្រី​ប្រ​មាណ២០០​នាក់ធ្វើការ​វាយ​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។

ផ្ទះទាំងនោះគឺ​ជាកម្មសិទ្ធិរបស់ប្រជា​ពល​រដ្ឋ​ដែលបដិសេធមិនព្រម​ទទួល​យក​សំ​ណងជា​ថ្នូរ​នឹង​​ការ​ដកហូត​យក​អចលនទ្រព្យ​របស់ពួកគាត់។ សំណងនេះត្រូវ​បាន​​​ផ្តល់​ដោយ​រដ្ឋាភិបាល ដែលជំទាស់ទៅនឹងតួលេខនៃ​គ្រួសារដែលត្រូវបានបណ្តេញចេញទាំងនោះ​​ ហើយអះអាងថា មានតែ១០​គ្រួសារប៉ុណ្ណោះ។

ឥឡូវនេះ គ្រួសារមួយចំនួនក្នុងចំណោម​គ្រួសារទាំងនេះ​ ដែលកំពុងរស់នៅក្នុងតង់ក្បែរគំនរ​បាក់​បែក​​នោះ​ មាន​ការបារម្ភ​ថា ពួកគេប្រហែលជា​មិនបាន​ទទួលសំ​ណង​​ពេញលេញសម្រាប់​ផ្ទះ​ដែលត្រូវបានគេវាយ​កម្ទេចចោល​នោះទេ​ បន្ទាប់ពីពួកគាត់​ត្រូវបាន​បណ្តេញ​ចេញ​រួចហើយ​នោះ។

​គ្រួសារ​មួយដែល​ឥឡូវ​នេះ​ កំពុង​បោះ​តង់​​នៅ​ក្បែរគំនរ​ផ្ទះ​បាក់បែក​របស់​ពួក​គាត់​ ​ដែល​ត្រូវ​បាន​វាយ​កម្ទេច​​កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលានោះ​ បាន​បដិសេធ​មិន​ផ្តល់​បទ​​​សម្ភាសន៍ទេ។ គ្រួសារ​ផ្សេង​ទៀត​បាន​យល់​ព្រម​និយាយ​ជាមួយខេមបូចា ប៉ុន្តែ​ពួកគាត់​សុំ​​មិន​បញ្ចេញ​ឈ្មោះ ដោយ​សារ​តែ​បារម្ភ​ទាំង​សុវត្ថិភាព​ផ្ទាល់​ខ្លួននិង​ខ្លាច​ថា​ អាជ្ញាធរ​នឹង​មិន​ផ្តល់​សំណង​សម្រាប់​ផ្ទះ​ដែល​បាន​បាត់​បង់​ជាថ្នូរនឹង​​ការ​សង​សឹក។

បុរស​វ័យ៦៤ឆ្នាំ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ផ្ទះ​របស់​គាត់​ពីមុន​មាន​ទំហំ​សរុប២៦០ម៉ែត្រការ៉េ។ ឥឡូវ​នេះ ​ប្រហែល​ពាក់​កណ្តាល​នៃ​ទំហំ​នោះ​ ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល ដោយ​ទុក​ឲ្យគាត់​​ត្រឹម​តែ១៣៦ម៉ែត្រការ៉េ​ប៉ុណ្ណោះ​។

បុរសរូប​​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​បណ្ណ​កម្មសិទ្ធិ​ដី ហើយ​ខ្ញុំ​មិន​ដែល​គិត​ថា ​នឹង​ជួប​ថ្ងៃ​នេះ​ទេ​»

លោក​បាន​បន្ត​ថា ប៉ុន្មានថ្ងៃមុនការវាយ​កម្ទេច​ អាជ្ញាធរបានមកបង្ខំប្រជាពលរដ្ឋឲ្យទទួលយក​ការផ្តល់សំណង។ ក្រុម​មន្ត្រី​និយាយ​ថា បើ​គ្រួសារពលរដ្ឋ​​មិនព្រមទទួល​យក​សំណង​ទេ ពួកគេ​​នឹង​ចាត់​វិធានការ​រដ្ឋបាល។

លោក​បាន​និយាយថា៖ «ពួកគេ​គ្រាន់តែ​គំរាម​យើង​ឲ្យ​ទទួល​យក​សំណង​តែប៉ុណ្ណោះ។ យើង​មិន​ទាន់​​ទទួលបាន​​​សំណងណាមួយនៅឡើយ​​ទេ»

លោកបាន​និយាយ​ថា អ្នក​ភូមិ​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​នោះ​ទេ ប៉ុន្តែ​ត្រូវ​ការ​​សំណង​ប្រសើរ​ជាង​អ្វី​ដែល​រដ្ឋាភិបាល​ផ្តល់ជូន។ លោកបាន​និយាយថា បើទោះជាតម្លៃដី​នៅលើ​ទីផ្សារបច្ចុប្បន្នគឺប្រហែល​ ១.២០០​ដុល្លារក្នុង១ម៉ែត្រការ៉េក៏ដោយ ក៏ក្រុម​មន្ត្រីបានផ្តល់​តម្លៃត្រឹមតែ៣៥០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

កម្មករប្រមូលបំណែកអេតចាយពីផ្ទះដែលគេវាយ​កម្ទេចចោល​ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង​
កម្មករប្រមូលបំណែកអេតចាយពីផ្ទះដែលគេវាយ​កម្ទេចចោល​ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង​

កូនស្រី​របស់​បុរស​វ័យ​៦៤​ឆ្នាំ​រូប​នេះ​បាន​​ប្រាប់ខេមបូចា​តាម​ទូរសព្ទ​ថា នាង​កំពុង​រស់​នៅ​ជាមួយ​មិត្ត​ភក្តិ​របស់​នាង។ ម្ដាយ​និង​បងប្អូន​ស្រី​របស់​នាង​ស្នាក់​នៅ​ផ្ទះ​សាច់​​ញាតិ​បណ្តោះអាសន្ន​​ក្នុង​រាជធានី​ភ្នំពេញ។

នាងបាន​និយាយថា៖ «សំណង​មិន​សមរម្យ​ទេ ត្រឹម​តែ៩ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ ខ្ញុំ​​បាត់​​បង់​ផ្ទះនិង​មុខ​របរ​របស់​ខ្ញុំ។ នៅ​ទី​នេះ ​ផ្ទះ​និង​ដី​ថ្លៃ​ ​ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ពី​រាជធានី ដូច្នេះ​គេ​មិន​បាន​ផ្តល់​តម្លៃ​តាមទីផ្សារ​ទេ​»

នាង​បន្ត​​ថា កម្លាំង​ប្រមាណ២០០​នាក់បាន​មកដល់​​ប្រហែល​ម៉ោង៣​ទៀប​ភ្លឺ ​ថ្ងៃ​ទី​២៧តុលា ដើម្បី​បិទ​ផ្លូវ​មុន​នឹង​វាយ​កម្ទេច​ផ្ទះ​ចោល។ នាង​បាន​និយាយ​ថា ផ្ទះ​​ពីរជាន់​​របស់​នាង​ត្រូវ​បាន​បំផ្លាញ​អស់​ពាក់កណ្តាល។

ស្ត្រីរូបនេះ​បាន​និយាយថា៖ «​បន្ទាប់​ពី​ខ្ញុំ​ភ្ញាក់​ពី​ដំណេក ខ្ញុំ​បាន​រៀបចំ​ធ្វើ​ការ​ដូច​ធម្មតា ហើយ​ពួក​គេ​បានមក​​ឡោមព័ទ្ធ​ផ្ទះ​ខ្ញុំនិង​ភូមិ​ខ្ញុំ។ ខ្ញុំ​ឃើញ​ពួកគេ​វាយ​កម្ទេច​​ផ្ទះ​អ្នក​ជិត​ខាង​ខ្ញុំ»

នាងបន្ថែមទៀតថា៖ «ខ្ញុំ​រន្ធត់​ចិត្ត​ជា​ខ្លាំង​ដែល​ឃើញ​នគរបាល​ទាំង​នោះ​នៅ​ជុំវិញ​ភូមិ​របស់​យើង ធ្វើ​​ដូចយើង​​ជា​ឧក្រិដ្ឋជន។ ខ្ញុំ​គ្មាន​ពាក្យនឹង​ថ្លែង​​ពី​អារម្មណ៍​របស់​ខ្ញុំ​ ជាពិសេស​ពេល​ឃើញ​​ត្រាក់ទ័រកម្ទេច​ផ្ទះរបស់​​ខ្ញុំ។ ខ្ញុំ​បាន​ត្រឹម​តែ​យំ​ទាំង​​ឈឺ​ចាប់ហើយ​ស្រណោះ​​ផ្ទះ​របស់​យើង»

នាងបាននិយាយថា ផ្ទះរបស់នាងមានពីរជាន់ ហើយក្រៅពីជាកន្លែង​ស្នាក់​នៅ​សម្រាប់គ្រួសារ ក៏មានតូប​លក់គ្រឿងអគ្គិសនី និងហាងជួលចំនួនពីរទៀត ដែលផ្តល់សេវាលាងរថយន្ត​និង​អាហារផងដែរ។ កន្លែងជួលទាំងនោះ​ រកចំណូល​បានប្រ​ហែល៦០០ដុល្លារក្នុងមួយខែ។

ស្ត្រី​រូបនេះ​បាន​និយាយ​ថា៖​ «គ្រួសារ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ដែរ ​ព្រោះ​ពួកគាត់​​បារម្ភ​ពី​សុវត្ថិភាព​របស់​យើង​។ អាជ្ញាធរ​អាច​បង្កក​​សំណង​របស់​យើង​ ​ព្រោះ​យើង​ជា​ពលរដ្ឋ​ធម្មតា​មិន​អាច​តវ៉ា​ប្រឆាំង​ពួក​គេ​បាន»

អ្នកនាង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិចារណា​ឡើង​វិញ​នូវ​សំណង​សមរម្យ ជាជាង​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​សំណងតិចតួច​។

ក្មេងប្រុសអង្គុយ​លេងនៅការដ្ឋានសាងសង់មួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការដ្ឋាន​នេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ដែលកំពុងបន្ត​និង​ដំបូងគេនៅ​ប្រទេសកម្ពុជា ដែលភ្ជាប់​ពី​រាជធា​នី​ទៅ​ខេត្តព្រះសីហនុ។ រូបភាព​ថតថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង
ក្មេងប្រុសអង្គុយ​លេងនៅការដ្ឋានសាងសង់មួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការដ្ឋាន​នេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ដែលកំពុងបន្ត​និង​ដំបូងគេនៅ​ប្រទេសកម្ពុជា ដែលភ្ជាប់​ពី​រាជធា​នី​ទៅ​ខេត្តព្រះសីហនុ។ រូបភាព​ថតថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៉ាង លីដា ជា​អភិបាល​រងខណ្ឌ​បានបដិសេធធ្វើអត្ថាធិប្បាយដោយបង្វែរសំណួរ​ទៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា រដ្ឋាភិបាល​ផ្តោត​លើ​ការ​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ។

លោក​មាន​ប្រសាសន៍​ថា នៅ​រាជធានី​ភ្នំពេញ ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រហែល ៥០០​គ្រួសារ ប៉ុន្តែ​អ្នក​ទាំង​អស់​​បានយល់​ព្រម​ទទួល​យក​សំណង​រួច​ហើយលើ​កលែងតែ​ប្រជាពលរដ្ឋ​១០​គ្រួសារ​ប៉ុណ្ណោះ។

លោក មាសភក្តី បាន​មាន​ប្រសាសន៍​ថា៖​ «ប្រសិនបើលោក​ប្រៀបធៀបជា​ភាគរយ ពួកគាត់​មិនលើសពីមួយភាគរយទេ» ​ដោយ​លោកបាន​បន្ថែមថា គណៈកម្មការ​អន្តរក្រសួង​បាន​ចរចា​ជាមួយ​គ្រួសារនៅសេសសល់​ច្រើន​លើកមកហើយ។

លោក មាសភក្តី​ បាន​មាន​ប្រសាសន៍ថា៖ «វាមិនមែនជាពេលវេលាល្អនោះទេដែលយើងត្រូវរង់ចាំតទៅ​ទៀត​ ព្រោះសំណង់​ភាគច្រើនកំពុងត្រូវ​បានសាងសង់ ហើយតំបន់ខ្លះត្រូវ​បានបញ្ចប់ហើយ​។ ចំណែក​ឯ​កន្លែង​នៅ​សល់​ដែល​គ្មាន​ជម្រើស យើង​ត្រូវ​បង្ខំ​​ចិត្ត​ចាត់​វិធានការ​រដ្ឋបាល»

លោក​បដិសេធ​មិន​ពន្យល់​ឲ្យ​បាន​ច្បាស់​ពី​របៀប​នៃ​ការ​ផ្តល់​សំណង​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ ​ដោយ​បញ្ជាក់​ថា ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (MEF) កំពុង​ដោះស្រាយ​បញ្ហា​នេះ។

ផ្ទុយ​ទៅ​វិញ លោក​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ជា​ផ្លូវ​ដំបូង​គេ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ហើយ​នឹង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។

ការសាងសង់ផ្លូវល្បឿនលឿនដែលកំពុងត្រូវបានសាងសង់ក្រោមឆ័ត្រដ៏​ទូលំទូ​លាយ​នៃគំនិត​ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន ហើយនឹងតភ្ជាប់ពីរាជធានីភ្នំ​ពេញទៅខេត្តព្រះសីហនុបាន​ចាប់ផ្តើម​កាល​ពី​ខែ​មីនា។ ផ្លូវនេះនឹងលាតសន្ធឹងប្រវែង១៩០គីឡូម៉ែត្រដែលមាន​ទទឹង​២៤,៥​ម៉ែត្រ​។ មាន​គំនូសកណ្តាល​ពណ៌​បៃតងនិង​រនាំង​​សងខាង ​ដើម្បី​ការពារ​មនុស្សនិង​សត្វ​មិន​ឲ្យ​ឆ្លងកាត់​។

គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ២​ពាន់​លាន​ដុល្លារ ដែល​ផ្តល់​ដោយ​ក្រុម​ហ៊ុន​សាជីវកម្ម​ផ្លូវនិង​ស្ពាន​របស់​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway។

ក្រុមហ៊ុន​អភិវឌ្ឍន៍ផ្លូវល្បឿនលឿនមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua បានរាយការណ៍កាលពីខែមេសាថា ផ្លូវនេះកំពុងត្រូវបាន​សាងសង់តាមគំរូហិរញ្ញប្បទានសាងសង់អាជីវកម្ម​និង​​ផ្ទេរ​។ ក្រោយ​ពី​បញ្ចប់​ការ​សាងសង់ ការ​ធ្វើ​ដំណើរ​រវាងទីក្រុង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសី​ហនុ​នឹង​ប្រើ​ពេល​ប្រមាណ​២​ម៉ោង ​បើ​ធៀប​នឹង​រយៈ​ប្រហែល​៥​ម៉ោង​នា​ពេល​បច្ចុប្បន្ន​។

លោក វ៉ាន់ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា (CCHR) បានរិះគន់ចំពោះការប្រើប្រាស់វិធានការបណ្តេញចេញដោយបង្ខំ និងវាយ​កម្ទេច​ផ្ទះដោយគ្មានសំណងសមរម្យ។

លោក​បាន​មាន​ប្រសាសន៍ថា៖ «យើង​ចាត់ទុកការ​វាយ​កម្ទេច​​ផ្ទះ​របស់​ពួកគាត់ ​គឺជា​សំណង​មិន​យុត្តិធម៌​ ដែល​ផ្ទះ​ខ្លះ​ត្រូវ​បាន​សាងសង់​ដែល​មាន​តម្លៃ​រហូត​ដល់​ ១០ម៉ឺន​ដុល្លារ​»

លោក​ សុផាត​ បានបន្តថា៖ «​យើង​បាន​ឃើញ​សកម្មភាព​នោះ គឺអមនុស្សធម៌ ហើយ​វា​គួរ​ឲ្យ​សោកស្ដាយ»

លោក សុផាត បានចង្អុលបង្ហាញថា ការបណ្តេញចេញដោយបង្ខំ គឺផ្ទុយនឹងច្បាប់​អស្សាមិករណ៍​របស់កម្ពុជា​ដែលចែងថា ការផ្តល់សំណងដោយត្រឹមត្រូវនិង​យុត្តិធម៌គឺត្រូវ​តែមាន​សម្រាប់អចលនទ្រព្យ​របស់​បុគ្គលណាម្នាក់​ ដែលត្រូវបានរឹប​អូសសម្រាប់ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬស្តារឡើងវិញ ដើម្បីផលប្រយោជន៍សាធារណៈនិងជាតិ។

លោក សុផាត បាន​មាន​ប្រសាសន៍​អំពី​ដំណើរ​ការ​បណ្តេញ​ចេញ​សម្រាប់សាងសង់​​ផ្លូវល្បឿនលឿន​​ថា៖ «វា​ជា​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគាត់​​ចំពោះ​ដីធ្លី និង​លំនៅដ្ឋាន»​។

លោក​បាន​បន្ត​ថា CCHR បាន​សង្កេត​ឃើញ​មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មិន​ពេញ​ចិត្ត​​នឹង​ផល​ប៉ះពាល់​ដោយ​សារផ្លូវ​ល្បឿន​លឿន​មក​លើ​អចលនទ្រព្យ​​របស់​ពួកគាត់​។

លោក សុផាត បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ​ ប្រជាពលរដ្ឋ​ភ័យខ្លាច​ក្នុង​ការ​សម្តែង​​មតិ​»  ដោយ​បន្ថែម​ថា ​អំពើ​ហិង្សា​និង​សម្ពាធ​ផ្លូវ​ច្បាប់​ដែល​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋ​បាន​បំបិទ​មតិ​ជំទាស់​។

កម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការងារ​​នៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ រូបភាព​ថតថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង
កម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើការងារ​​នៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ រូបភាព​ថតថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា​/ ព្រីង សំរាំង

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រ​សាសន៍ថា ផ្លូវល្បឿនលឿននេះ សាងសង់បានប្រហែល​៦៧ភាគរយ ហើយគ្រោង​នឹងបញ្ចប់នៅត្រឹម​ខែកញ្ញា ឆ្នាំ២០២២។

លោក ស៊ីមសូរិយា បានមាន​ប្រសាសន៍ថា៖ «យើង​មិន​មាន​របាយការណ៍​នៃ​ដំ​ណោះស្រាយ​សម្រាប់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​នោះ​ទេ» ។ លោក​ក៏​បាន​ពន្យល់ផងដែរ​​ថា ក្រសួង​សាធារណការ​មិន​មាន​តួលេខ​បែប​នេះ​ទេ ព្រោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​អន្តរក្រសួង​ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ គឺ​ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​។

លោក​សុំមិនធ្វើ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​បណ្តេញ​​​គ្រួសារ​ប្រជាពលរដ្ឋនៅ​ភ្នំ​ពេញនោះ​​ទេ។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺបានពិនិត្យមើល​​​ពី​ផលប៉ះពាល់​និង​​អត្ថប្រយោជន៍នៃផ្លូវ​ល្បឿន​លឿននេះ។

សរុបមក លោកជឿជាក់ថា គម្រោងដែលឆ្លងកាត់ខេត្តរបស់លោកនឹងក្លាយ​ជា​គម្រោង​ប្រកបដោយ​​ផ្លែផ្កា។

លោក សំណាង បាន​មាន​ប្រសាសន៍​ថា៖ «ផល​ប៉ះពាល់​មិន​អាច​ជៀស​ផុត​​នោះ​ទេ ប៉ុន្តែ​វា​តូច​ជាង​អត្ថប្រយោជន៍ ដូច្នេះ​យើង​ត្រូវ​ទទួល​យក​ផល​ប៉ះពាល់​នេះ ហើយ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាពរបស់​យើង​»

លោក​បន្ត​ថា គម្រោង​នេះ​បាន​លាតសន្ធឹង​កាត់​ដី​ស្រែ​របស់​កសិករ និង​ប៉ះពាល់៦​គ្រួសារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​ផ្តល់​សំណង​តាម​តម្លៃ​ទីផ្សារ​ជូន​ពួក​គាត់​។ ទោះជា​យ៉ាង​ណា​​ក៏ដោយ ជាទូទៅ តម្លៃដីនៅកំពង់ស្ពឺមានតម្លៃថោក​ជាងតម្លៃដី​នៅភ្នំពេញ ប៉ុន្តែ​លោក សំណាង មិនបានបង្ហាញពីអត្រាតម្លៃ​ពិតដែលផ្តល់​ជូនពលរដ្ឋ​សម្រាប់ថ្លៃដីនោះទេ។

លោក​បាន​បន្ត​ថា៖ «អ្វី​ក៏ដោយ​មិន​អាច​ធ្វើ​ឲ្យមនុស្ស​គ្រប់គ្នា​​សប្បាយចិត្ត​នោះ​​ទេ ហើយ​ការ​ផ្តល់​សំណង​ក៏​ដូច​គ្នា​ដែរ​ពួកគាត់​ភាគច្រើនទទួលយក​ ប៉ុន្តែមានចំនួន​តូច​ដែលជឿ​លើការឃោសនានយោបាយ និងការលោភលន់។ ពួកគាត់​ចង់​បាន​ច្រើន​ជាង​អ្វី​ដែលសំណងផ្តល់ឲ្យ»

លោក សំណាង បាន​បន្ថែម​ថា៖​ «ឧទាហរណ៍ ដី​របស់​ពួកគាត់​​ត្រូវ​បាន​លក់​​ក្នុង​តម្លៃ១ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ពួកគាត់​ចង់​បាន​រហូត​ដល់១០ដុល្លារ ដែល​​ធ្វើ​តាម​អ្នក​ញុះញង់​»៕ (រាយការណ៍​បន្ថែម​ដោយ សំ សុពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Families forcibly evicted for expressway development reluctant to speak out for fear of losing compensation

600 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម