បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ទទួលដំណោះស្រាយនៅឡើយ បន្ទាប់ពីតំណាងបុគ្គលិកបានចូលរួមប្រជុំជាមួយសាលាក្រុង ក្រសួងការងារ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃអង្គារនៅសាលាក្រុង ដោយសារក្រុមហ៊ុនមិនព្រមទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ។ ថ្ងៃពុធនេះ តំណាងភាគីទាំងអស់បានជួបប្រជុំគ្នាបន្តទៀតនៅក្រសួងការងារវិញម្តង។
កិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារទី២១ ខែធ្នូ រវាងតំណាងបុគ្គលិកជាមួយសាលាក្រុង ក្រសួងការងារ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ហាក់មានភាពតានតឹង ខណៈភាគីក្រុមហ៊ុនមិនទាន់ដោះស្រាយបញ្ហាណាមួយដាច់ស្រេចក្នុងចំណោមការស្នើរបស់កម្មករចំនួន៩ចំណុច ហើយកម្មករនៅតែរក្សាគោលជំហរក្នុងការធ្វើកូដកម្ម។
កញ្ញាស៊ុន ស្រីពេជ្រ ជាសកម្មជនសហជីពណាហ្គាវើលដ៍បាននិយាយថា ក្រសួងនៅតែទទួចឱ្យក្រុមកម្មកររំសាយកូដកម្ម ហើយរង់ចាំដំណោះស្រាយ តែខាងសហជីពមិនអាចសម្រេចចិត្តភ្លាមៗបានទេ ទាល់តែមានការបោះឆ្នោតសម្រេចពីកម្មករ។
ស្រីពេជ្រប្រាប់ថា៖ «ក្រសួងគាត់ប្រាប់ថាឱ្យកូដកររំសាយ ដើម្បីមានយន្តការហ្នឹង តែខាងសជីពគ្មានសិទ្ធិសម្រេចទេ បានត្រឹមតែពាំនាំការស្នើរបស់សាលាក្រុងទៅកម្មករទេ»។
ចំណែកសេចក្ដីប្រកាសរបស់សាលាក្រុង បានឱ្យដឹងថា តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានយល់ព្រមធ្វើបញ្ជីឈ្មោះកម្មករនិយោជិតចំនួន ៣៦៥នាក់ បែងចែកជាចំនួន២ក្រុម ទីមួយយល់ព្រមទទួលយកសំណង ដើម្បីបញ្ឈប់ពីការងារ ប៉ុន្តែស្នើសុំគោលការណ៍ទូទាត់ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ និងទីពីរអ្នកដែលស្នើសុំចូលបម្រើការងារវិញ។
ប៉ុន្តែខាងតំណាងសហជីពបានឆ្លើយតបថា មានតែក្រុមហ៊ុនទេ ដែលមានកម្មវិធីរក្សាទុកបញ្ជីឈ្មោះបុគ្គលិក ហើយសហជីពមិនមានបញ្ជីជាក់លាក់ដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមហ៊ុនទេ ទើបស្នើឱ្យក្រុមហ៊ុនយកបញ្ជីដើម្បីពិនិត្យមើលថាមានខុសឬត្រូវចំណុចណា។
សកម្មជនសហជីពដដែលបានលើកឡើងថា៖ «ម្ងៃហ្នឹងគឺគាត់និយាយតែរឿងគណនាលុយ ដែលប្រទាញប្រទង់រកចំណុចរួមអត់ឃើញ មានតែបន្ថែមបន្ទុក ព្រោះថាបញ្ជីអស់ហ្នឹងនៅក្រុមហ៊ុនមានទាំងអស់ស្អីក៏ក្រុមហ៊ុនមានដែរ ហើយសហជីពមិនមែនអ្នកកាន់ខាងPayroll ទេ»។
ទោះបីជាយ៉ាងណា ក្នុងចំណោមកម្មករនិយោជិតទាំង ៣៦៥នាក់ ក្នុងនោះមានចំនួន ៤៨នាក់លើចំនួន ៣០០នាក់ យល់ព្រមទទួលយកប្រាក់សំណង ដើម្បីឈប់ពីការងារនៅពេលទូទាត់ ត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ ចំណែក៦៥នាក់ទៀត មិនមានការឆ្លើយតបទេ។
ស្រីពេជ្រ បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំក្រុមហ៊ុនថានឹងយកតារាងបញ្ចប់កិច្ចសន្យាការងារមកគណនាម្ដងទៀត ដើម្បីបញ្ជាក់ពីភាពត្រូវឬខុស ឱ្យក្រសួងនិងតំណាងសហជីពបានឃើញទាំងអស់គ្នា។
ស្របជាមួយគ្នានេះដែរ ខាងសាលារាជធានីភ្នំពេញស្នើឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវយកបញ្ជីឈ្មោះការទូទាត់ប្រាក់សំណង របស់កម្មករនិយោជិតចំនួន ៣៦៥នាក់ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យផងដែរ។
ជាលទ្ធផលពីខាងក្រុមហ៊ុន៖ «នឹងយកបញ្ជីឈ្មោះបុគ្គលិកក្នុងកញ្ចប់កិច្ចសន្យានីមួយៗមកផ្ទៀងផ្ទាត់ តែបញ្ហារឿងទទួលបុគ្គលិកឱ្យចូលធ្វើការវិញ តំណាងក្រុមហ៊ុនថានឹងប្រជុំក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុនជាមុនសិន»។
- បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
- បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
តំណាងសហជីព មើលឃើញថា ខាងក្រុមហ៊ុនមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយរឿងទទួលយកកម្មកចូលធ្វើការវិញទេ។
តាមរយៈកិច្ចប្រជុំនេះ កញ្ញា ស្រីពេជ្រ ឲ្យដឹងថា ខាងសហជីពក៏បានប្រាប់ទៅសាលាក្រុងដែរថា៖ «ប្រសិនបើចំណុចទី១ក្រុមហ៊ុនដោះស្រាយបាន ចំណុចទី២ ឬទី៣ក៏ដោះស្រាយបានដូចគ្នា ព្រោះវាទាក់ទងនឹងការគណនាលុយដូចគ្នា»។
បុគ្គលិកណាហ្គាវើលដ៍បានទាមទារចំណុចសំខាន់ៗមួយចំនួនក្នុងនោះរួមមាន៖ ទាមទារឱ្យក្រុមហ៊ុន គិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារបង្រួបបន្ថែមឱ្យបានត្រឹមត្រូវសម្រាប់កម្មករនិយោជិតដែលត្រូវបានកាត់ចេញតាមគម្រោងកាត់បន្ថយបុគ្គលិក។ ទាមទារឱ្យក្រុមហ៊ុនអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្រួបបន្ថែមឱ្យបានត្រឹមត្រូវ។ ទាមទារឱ្យ ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវតាមច្បាប់សម្រាប់ឆ្នាំ២០២០ និង ២០២១។
ក្រៅពីនេះ ពួកគេក៏ទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់បន្ថែមស្មើនឹង៧% លើប្រាក់ឈ្នួលគោលបច្ចុប្បន្នឱ្យកម្មករនិយោជិតទាំងអស់ ដើម្បីបំពេញអតិផរណាតម្លៃទំនិញលើទីផ្សារ ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ការកេងប្រវ័ញ្ចតាមរយៈការប្រើប្រាស់កម្មករនិយោជិត ក្រោមស្លាកកម្មសិក្សា រួមនិងចំណុចសំខាន់ៗមួយចំនួនទៀត។
យោងតាមប្រកាសព័ត៌មានរបស់សាលាក្រុង ថ្វីបើខាងសាលាក្រុងបានទទូចឱ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រំសាយកូដកម្មជាដាច់ខាតក៏ពិតមែន។ តែជាលទ្ធផលបន្ទាប់ពីតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានយកស្មារតីអង្គប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ទៅផ្សព្វផ្សាយដល់កម្មករនិយោជិតរបស់ខ្លួនរួចមក និងឆ្លងកាត់ការពិភាក្សាគ្នានៅល្ងាចថ្ងៃទី២១ដដែល ជារួមកម្មករនិយោជិតនៅតែសម្រេចចិត្តបន្តធ្វើកូដកម្មដោយអហិង្សាដដែល ក្រោមហេតុផលក្រុមហ៊ុនមិនទាន់ដោះស្រាយបញ្ហាណាមួយក្នុងចំណោម៩ចំណុចដែលកម្មករស្នើសុំបានជោគជ័យនោះទេ។
ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់កម្មករនិយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការសំដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន។
បើតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទ ពីតំណាងអង្គការសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សនៅកម្ពុជា ថាកម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្មដោយសន្តិវិធីស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងផ្អែកតាមលក្ខន្តិក:របស់សហជីពដែលបានចុះបញ្ជីការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មន្ត្រីសាលាក្រុង និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍មិនអាចសុំការអត្ថធិប្បាយបានទេ៕