សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់កុមារអាយុ១២ឆ្នាំឡើង ព្រមទាំងប្រកាសចាក់ដូសទី៣ដល់ពលរដ្ឋ

កុមារអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ទទួលវ៉ាកសាំងបង្ការកូវីដ១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ នៅភ្នំពេញថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កុមារអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ទទួលវ៉ាកសាំងបង្ការកូវីដ១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ នៅភ្នំពេញថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រាជរដ្ឋាភិបាលកម្ពុជា​កាលពី​ថ្ងៃអាទិត្យ​បាន​ចាប់​ផ្ដើម​យុទ្ធ​នាការ​ចាក់វ៉ាក់សាំង​បង្ការកូវីដ១៩ ដល់​កុមារ​មានអាយុ​ចន្លោះពី​១២ ទៅ​១៧​ឆ្នាំ ដោយ​ផ្ដើម​ពីទីក្រុង​ភ្នំពេញ ព្រម​ជាមួយ​គ្នា​នោះដែរ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នឹង​អាច​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​​៣ ដែល​ជាដូសជំរុញពង្រឹងប្រព័ន្ធភាពស៊ាំ ប្រភេទ​ AstraZeneca ដល់​អ្នក​ដែល​បាន​ចាក់វ៉ាក់សាំង Sinopharm ឬSinovac រួច​ហើយ​ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃអាទិត្យ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​នាំ​កូន​ទៅ​ទទួល​វ៉ាក់សាំង​ ហើយ​ថា​លោក​ និ​ង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀតបាន​នាំសមាជិកគ្រួសារ​ក្មេងៗ​មក​ទទួល​វ៉ាក់សាំង​រួច​ហើយ​។

លោក មាន​ប្រ​សាសន៍​ថា៖ «ចៅៗ​របស់​ខ្ញុំ​ខ្លះបាន​ចាក់វ៉ាក់សាំង ​បានមកចាក់វ៉ាក់សាំង ចៅៗ​របស់​ ម៉ែន សំអន [ឧបនាយក​រដ្ឋមន្ត្រី​]…​និង​ចៅៗ​ទាំង​១០​របស់​សម្ដេច​ក្រឡាហោម [ស ខេង] បាន​មក​ចាក់​វ៉ាក់សាំង​ដែរ»។​

លោក បន្ថែម​ថា ប្រ​សិន​បើ​ទាំង​គ្រូ និង​កូនសិស្ស បាន​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​គ្នា រដ្ឋាភិបាល​អាច​បើកសាលាចាប់ពី​អនុវិទ្យាល័យ​ឡើង​វិញនៅ​ពេល​បើកបវេសនកាល​ខាង​មុខ​ អាច​ខែ​កញ្ញា ឬ​តុលា​។ លោក​បន្ត​ថា លោក​ក៏​សង្ឃឹង​ថា​នឹង​អាច​ចាក់​វ៉ាក់សាំងឲ្យ​ក្មេង​ៗមាន អាយុ​តិច​ជាង​នេះ​បន្ត​ទៀត ប៉ុន្តែ​ត្រូវរងចាំការស្រាវជ្រាវរបស់​អង្គការ​សុខភាព​ពិភព​លោក និង​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​។​

លោកក៏​បាន​លើក​ឡើង​ដែរថា រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ចាក់​បញ្ជូលលគ្នា ជា​ដូសជំរុញ ដល់​ប្រ​ជា​ពល​រដ្ឋ​ទូ​ទៅ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ទៀតថា​៖ «អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm ឬSinovac រួច​ហើយ ពួកគាត់​ត្រូវ​ទទួល​វ៉ាក់សាំង​ប្រភេទ​ AstraZeneca ជា​ដូសជំរុញប្រព័ន្ធភាពស៊ាំ​»។ លោក​បន្ត​ថា៖ «ចំពោះ​អ្នក​ដែល​បាន​ចាក់​ AstraZeneca ពីរ​ដូស​នឹង​ត្រូវ​ទទួល​ដូស​ទី​៣ ប្រភេទ Sinopharm ឬSinovac »។ លោក​ពន្យល់​ថា យូរ​ទៅ​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​បាន​ចាក់​ពីរ​ដូស​នឹង​អាច​ថយ​ចុះបន្តិចម្តងៗ ដែល​នេះ​ហើយ​ជាមួល​ហេតុគេ​គួរ​ចាប់​ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​។ ដូស​ជំរុញ​ប្រព័ន្ធភាពស៊ាំនេះ គួរ​តែ​ធ្វើ​ឡើង​មុន​គេ​នៅ​តាម​ខេត្ត​ជាប់ព្រំដែន ដែល​កំពុង​តែ​ព្យាយាម​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​វីរុសបំប្លែង​ថ្មី Delta ខណៈ​ប្រទេស​ថៃកំពុង​តែ​រង​គ្រោះ​ខ្លាំងពី​វីរុស​ប្រភេទនេះ។​

លោកនាយក​រដ្ឋមន្ត្រី លើក​ឡើង​ថា៖ «​ខ្ញុំ​បាន​បញ្ជា​ទៅ​ឯកឧត្តម វង្សី វិស្សុត

[រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រ​សួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ] ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ AstraZeneca តាម​រយៈ​​ COVAX ឬ​​ទាក់ទង​ទៅ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​ផ្ទាល់​ ដើម្បី​​យក​មក​ចាក់​ដូស​ទី​៣ ជូន​ប្រ​ជា​ពល​រដ្ឋ»។​

លោក បន្ថែម​ទៀត​ថា ដូស​ទី​៣ នឹង​ត្រូវ​ចាប់​ផ្ដើម​ដំបូង​លើ​អ្នក​ធ្វើ​ការ​ជួរ​មុខ​មាន​ដូច​ជា​គ្រូពេទ្យ និង​អ្នក​ទាំង​ឡាយ​ណា​ធ្វើ​ការ​នៅ​តាម​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ក្រុម​អាទិភាព​ផ្សេងៗទៀត ដែល​រួម​មាន​ចន្លោះពី​៥០០ ០០០​ទៅ​១ ០០០ ០០០​នាក់​​។​

លោក​ក៏​មាន​ប្រសាសន៍​ផង​ដែរថា វ៉ាក់សាំង​ប្រភេទ​ Johnson & Johnson ដែល​ចាក់​តែ​មួយ​ដូស​ នឹង​បញ្ជូន​ទៅ​កាន់​សហគមន៍​ជនជាតិ​ដើមភាគ​តិច​ក្នុង​ខេត្ត​ក្រចេះ ស្ទឹង​ត្រែង​ មណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​កន្លែង​ផ្សេង​​ទៀត ហើយ​វ៉ាក់សាំង​ដែល​នៅ​សល់​នឹង​​ត្រូវ​បញ្ជូន​​ទៅ​ចាក់​ឲ្យ​ពល​ករ​មក​ពី​ប្រទេស​ថៃ​។ កាល​ពី​សប្ដាហ៍​កន្លង​ទៅ វ៉ាក់សាំង​ Johnson & Johnson របស់អាមេរិក បាន​ដឹក​មក​ដល់​កម្ពុជា សម្រាប់​ជើង​ទី​១ ក្នុង​ចំណោម​វ៉ាក់សាំង​សរុប​ចំនួន​១ ០៦០ ១០០​ដូស ដែល​ជាជំនួយ​របស់​សហរដ្ឋអាមេរិក តាម​រយៈ​យន្ត​ការ COVAX ។​​

លោកនាយក​រដ្ឋ​មន្ត្រីថា​ គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​សរុប​ចំនួន​១៩​លាន​ដូស និងថាជាង​​ប្រាំពីរ​លាន​ដូស​ផ្សេងទៀត​នឹង​មក​ដល់​នៅខែ​សីហា​។

​វ៉ាក់សាំង​ភាគ​ច្រើន​នៃ​វ៉ាក់សាំង​ទាំងនេះ​បាន​មកពី​ជំនួយ​ និង​ការ​បញ្ជាទិញ​ពីប្រទេស​ចិន ហើយ​លោក​ ហ៊ុន សែន ពន្យល់​ថា​យុទ្ធសាស្រ្តយ​របស់​លោក​គឺ​ធ្វើយ៉ាង​ណា​ចាក់វ៉ាក់សាំង​ដល់​ពល​រដ្ឋ​ឲ្យ​បាន​លឿន​តាម​ដែល​អា​ចធ្វើ​ទៅ​តាម ជាមួយ​នឹង​វ៉ាក់សាំង​របស់​ចិន និង​វ៉ាក់សាំង​ជំនួយ​បន្ថែម​ផ្សេង​ទៀតរបស់​ប្រទេស​ដទៃ​។​

​លោកមានប្រសាសន៍​ថា៖ «យើង​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ជាបង្អែក​ផ្គត់ផ្គង់​សំខាន់ និង​វ៉ាក់សាំង​ពីប្រភព​ផ្សេង​ទៀតសម្រាប់​ជំនួយ​បន្ថែម»។​

កុមារអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ទទួលវ៉ាកសាំងបង្ការកូវីដ១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ នៅភ្នំពេញថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កុមារអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ទទួលវ៉ាកសាំងបង្ការកូវីដ១៩ ដូសទី១ ប្រភេទស៊ីណូវ៉ាក់ នៅភ្នំពេញថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក ងី មានហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍ថា​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ១៩ លើ​កុមារនេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី១ ដល់ទី​១៤ ខែសីហា សម្រាប់​ដូស​ទី​១ និង​ដូស​ទី​២​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃទី​២២ ខែសីហា បន្ត​ទៀត​។​

អ្នកស្រី លឹម វណ្ណា រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ១ ខណ្ឌពោធិ៍​សែន​ជ័យ លើក​ឡើង​ថា​អ្នក​ស្រីមាន​ក្ដីបារម្ភ​ចំពោះកូនៗ​ក្នុងពេ​ល​ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត​នេះ។

អ្នកស្រី បន្ថែម​ថា៖ «​ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​​រដ្ឋាភិបាល​យើង​​សម្រាប់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ ហើយ​ខ្ញុំ​ក៏​បាន​ចូល​រួម​ក្នុងការទប់​ស្កាត់​ និង​ការពារ​គ្រួសារ​ខ្ញុំ​ដែរ​។ ខ្ញុំ​មិន​ដែល​ឲ្យកូនៗ​ចេញ​ក្រៅទេ ហើយ​ខ្ញុំ​ពាក់​ម៉ាស និង​លាង​សម្អាត​ដៃ​ជាមួយ​អាល់​កុល​គ្រប់ពេល ដើម្បី​ប្រាកដ​ថាខ្ញុំ​មិន​អី ពេល​ត្រឡប់​មក​ផ្ទះវិញ»។​

​អ្នក​ស្រី ឲ្យ​ដឹង​ដែរថា បងស្រី​អ្នក​ស្រី​ជា​វេជ្ជបណ្ឌិត ​បាន​ណែ​នាំ​ថា​វ៉ាក់សាំង​មាន​សុវត្ថិភាព​ចំពោះ​កុមារ។​

អ្នក​ស្រី​បន្ត​ថា៖ «ខ្ញុំ​ជឿ​គាត់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បារម្ភ​អំពីកូន ព្រោះ​ពួកគេ​ជា​ជីវិត​របស់​ខ្ញុំ»។ អ្នក​ស្រី​បន្ថែម​ទៀត​ថា អ្នក​ស្រី​នឹង​នាំ​កូនៗ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ឲ្យ​ពួកគេ​អាច​ទៅ​រៀន​វិញ​បាន​។​

ចំណែក​អ្នក​ស្រី ផុន ម៉ាលី វិញក៏​បាន​ឲ្យ​ដឹង​ដែរថា អ្នកស្រី​មាន​ការ​បារម្ភ​ពីការ​រាល​ដាល​វីរុស​កូវីដ១៩ ជាពិសេស​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta។​

អ្នក​ស្រីនិយាយ​ថា៖ «​ដើម្បី​បញ្ឈប់​កូវីដ១៩ យើង​ត្រូវ​ការពារ​ ប្រុងប្រយ័ត្ន​ខ្ពស់ រក្សា​អនាម័យ​ក្នុងការរស់នៅ​ជា​ប្រចាំ និង​បើ​សិន​ជា​យើង​បាន​ចាក់​វ៉ាកសាំង វានឹង​កាន់​តែ​ជួយ​បាន​ច្រើន ពីព្រោះ​វា​អាច​ប្រឆាំងជំងឺ​បាន។ យ៉ាងណា ខ្ញុំ​នៅ​មិន​ច្បាស់ពីប្រសិទ្ធភាព​វា​ពេល​ចាក់​លើក្មេងៗ។ ពួកគេនៅ​តូច ដូចនេះហើយ​ ខ្ញុំ​នៅ​តែបារម្ភ។ ប៉ុន្តែ​ខ្ញុំ​សង្ឈឹម​ថា​កូវីដ១៩ នឹង​ថយ​ចុះ​វិញ​ឆាប់ៗ»។​​

ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​កណ្ដាល លោក គួយ ប៊ុនធឿន មាន​ប្រសាសន៍​ថា​ខាង​ខេត្ត​កណ្ដាល​ចាប់​ផ្ដើម​ចាក់វ៉ាក់សាំង​ឲ្យ​កុមារ​នៅ​ថ្ងៃទី១ ខែសីហា នេះដែរ​។

លោក ឲ្យ​ដឹងថា៖ «យើង​ចាក់​ឲ្យ​ក្មេង​អាយុ​១២ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុង​យុទ្ធនាការ​១៤​ថ្ងៃ។ យើង​គ្រោង​ចាក់​ឲ្យ​ក្មេង​ចំនួន​១៧១ ១៣០ នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល និង​នៅ​ក្នុង​ស្រុក​ខ្លះ​អាច​មាន​កន្លែង​ចាក់ពី​បី​ទៅ​បួន​ទីតាំង​។ ខ្ញុំ​សង្ឃឹម​ថា​ប្រ​ជាពល​រដ្ឋ​យើង​នឹង​នាំកូន​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាលដាល​កូវីដ១៩ ​ទៅ​ក្នុង​សហគមន៍»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​ថា វា​ជា​សញ្ញា​ល្អ​ដែល​កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូសទី៣ និង​វ៉ាក់សាំង​លើ​ក្មេងៗ​ ដែល​អាច​ជួយ​ការពារ និង​អាច​បើក​សាលា​ក្នុង​ប្រទេស​ឡើង​វិញ​។​

លោក​មានប្រសាសន៍​ថា៖ «ប្រហែល​ជា​រដ្ឋាភិបាល​ចង់​បើក​សាលា​សម្រាប់​ក្មេងៗ​ឡើង​វិញ ដែល​ហេតុ​នេះ ហើយ​ពួកគេ​ត្រូវ​តែ​ចាក់វ៉ាក់សាំង។ បើ​សិនជា​កូវីដ១៩ កើត​មាន​ក្នុង​សាលា វានឹង​កាន់តែ​ធ្ងន់ធ្ងរ ដូច​នេះការ​ចាក់វ៉ាក់សាំង​ឲ្យ​កុមារ គឺជា​ជម្រើស​ល្អ»។

នៅ​ថ្ងៃចន្ទ ក្រ​សួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ចំនួន​ករណី​ឆ្លង​កូវីដ១៩ មាន ​៥៦០​ករណី​ថ្មី ក្នុង​នោះ​មាន​ ១៦៩ ជា​ករណី​នាំចូល ដែលធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លងឡើង​ដល់ ​៧៨ ៤៧៤​ករណី គិត​ចាប់ពី​ដើម​ឆ្នាំ​២០២០​មក។  ចំនួន​ករណី​ឆ្លង​ភាគ​ច្រើន មាន​ចាប់​ពី​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍​២០ កុម្ភៈ។ ក្រ​សួងឲ្យ​ដឹង​ដែរថា ចំនួន​អ្នក​ជា​សះស្បើយ​មានចំនួន ​៧១ ៥១៧​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​១ ៤៤២​នាក់​។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian government begins vaccinating children as young as 12, while prime minister announces third dose campaign

297 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម