សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជាណែនាំពលករចំណាកស្រុកបន្តស្នាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានការផ្ទុះជាថ្មីវីរុសកូវីដ១៩

រថយន្តនគរបាលដឹកពលករចំណាកស្រុកពីច្រកទា្វរអន្តរជាតិអូស្មាច់ ក្នុងខេត្តឧត្តរមានជ័យទៅកាន់មណ្ឌលចត្តាឡីស័កនៅថ្ងៃចន្ទនេះ។ រូបភាពដោយ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រថយន្តនគរបាលដឹកពលករចំណាកស្រុកពីច្រកទា្វរអន្តរជាតិអូស្មាច់ ក្នុងខេត្តឧត្តរមានជ័យទៅកាន់មណ្ឌលចត្តាឡីស័កនៅថ្ងៃចន្ទនេះ។ រូបភាពដោយ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​​​ពលករ​ចំណាក​ស្រុក​កម្ពុជា​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ឬ​ក៏​ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ បើ​អ្នក​ទាំង​នោះ​ត្រឡប់​មក​កម្ពុជា ដែល​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​ឡើងជា​ថ្មី​ជំងឺ​កូវីដ១៩​ នៅភាគ​ខាង​ត្បូងនៃប្រទេស​ថៃ គឺខេត្តសាមុត​សាខន​។​

ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លងកូវីដ១៩​​ថ្មីជាង​៥០០​ករណី​នៅ​ខេត្ត​សាមុតសាខន ដែល​បន្ទាប់​មក​អាជ្ញាធរ​កម្ពុជា​ក៏​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​តាម​ព្រំ​ដែន​ភាគខាង​លិច​លើ​ការ​វិល​ត្រឡប់​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន តាម​រយៈសារជាសំឡេងដែលបង្ហោះលើ​ហ្វេស​ប៊ុក របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ បានស្នើ​ឲ្យ​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​គួរ​បន្ត​ស្នាក់​នៅ​ប្រទេ​សថៃ​ និង​ថា​ត្រូវ​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព​អាជ្ញាធរ​ថៃលើ​ការ​គ្រប់​គ្រង​ការ​ឆ្លង​វីរុស​កូវីដ១៩ និង​ថា​បើ​អ្នក​ទាំងនោះ​មក​កម្ពុជា​វិញ នឹង​ត្រូវបញ្ជូនទៅ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ​។​​

លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ពល​ករ​យើង​នៅ​ក្នុង​ប្រទេស​ថៃ​ជឿ​លើ​សមត្ថភាព​អាជ្ញាធរ ហើយ​មិន​គួរ​ត្រឡប់​ពី​ប្រទេស​ថៃ​នោះទេ ក្នុង​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ជួបស្ថានភាព​លំបាក»។​

លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​​រដ្ឋា​ភិបាល​បាន​បញ្ជូន​រថយន្ត​យោធា​ចំនួន​៧០​គ្រឿង ដើម្បី​ត្រៀម​ដឹក​ជញ្ជូន​ពល​ករ​ដែល​ត្រឡប់​មក​ពី​ថៃទៅ​កាន់​បណ្ឌល​ធ្វើ​ចត្តាឡីស័ក​ផ្សេងៗ​ទៀត ក្រែង​ថា​មាន​ចំនួន​ពល​ករ​ត្រឡប់​​មក​ច្រើន​ភ្លាមៗ​នៅ​តាម​ច្រក​អន្តរជាតិ​ធំៗទាំងបី​មាន​ច្រក​ដូង ច្រក​អូស្មាច់ និង​ច្រក​ប៉ោយ​ប៉ែត​។​

លោកនាយក​រដ្ឋ​មន្ត្រី​មានប្រសាសន៍ថា៖ «​ដូច​នេះ យោធា​ត្រូវ​តែ​ឆ្លើយ​តប និង​ដឹក​ជញ្ជូន​ពល​រដ្ឋ ហើយ​ពួកគេ​ត្រូវ​តែ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នៅ​តាម​ព្រំ​ដែន ជាមួយ​នគរបាល ជាមួយ​កងរាជអាវុធហត្ថ»

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ព្រមាន​ពី​ការ​វិល​ត្រឡប់​របស់​ពល​ករ​តាម​ច្ររបៀង​ផ្សេងៗ និង​បាន​បញ្ជា​ទៅ​កាន់​មន្ត្រី​ខេត្ត​ជាប់​ព្រំ​ដែន​ឲ្យ​រឹត​បន្តឹង​សន្តិសុខ​នៅទី​នោះ​។​ លោក​មាន​ប្រ​សាសន៍​ទៀត​ថា រដ្ឋមន្ត្រី​ក្រ​សួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ លោក ស ខេង បាន​ត្រៀម​រៀប​ចំមណ្ឌល​ចត្តាឡីស័ក និង​ថា​បាន​ផ្ដល់​ថវិកា​៥០លាន​រៀល​ទៅ​កាន់​ខេត្ត​ជាប់​ព្រំ​ដែន​ថៃ​​រួច​ហើយ​ផង​ដែរ​។​

​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ចេញ​ផ្សាយ​កាល​ថ្ងៃអាទិត្យ​ បាន​រំឭក​ដល់​ពលរ​ខ្មែរ​ថា​អាជ្ញាធរខេត្ត​សាមុតសាខន​បាន​ដាក់​បំរាមគោចរ​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​៥​ព្រឹក​ពីថ្ងៃទី​២០ ខែ​ធ្នូ ដល់ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២១​។​

លោកនាយក​រដ្ឋ​មន្ត្រី​បន្ថែមថា៖ «​ខ្ញុំ​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រ​សួង​សុខាភិបាលថា​ក្រៅពី​ផ្ដល់​ថវិកា​ ក្រ​សួង​ត្រូវ​បញ្ជូន​ម៉ាស​ទៅ​កាន់​ខេត្ត​ទាំង​នោះ​ផង​ដែរ»។​

លោកនាយក​រដ្ឋ​មន្ត្រីថា​កម្ពុជា​ធ្លាប់​មាន​បទ​ពិសោធន៍​ការ​វិល​ត្រឡប់​របស់​ពល​ករ​ប្រហែល​១២​ម៉ឺនាក់​ពី​ប្រទេស​ថៃ​កាល​ពី​ផ្ទុះ​​ជំងឺ​កូវីដ១៩​លើក​ទី​មួយ​ក្នុង​តំបន់។ នៅពេលនោះ ពលករ​បាន​ធ្វើចត្តាឡីស័ក​នៅ​តាម​ផ្ទះ ហើយ​មន្ត្រី​តាម​ខេត្ត​បាន​តាម​ដានសុខភាព​អ្នក​ទាំង​នោះជាប្រចាំ។​

​តួលេខជំរឿន​នៅ​កម្ពុជា​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោចណាស់​មាន​ពល​ករ​ចំណាក​ស្រុក​ធ្វើ​ការ​នៅប្រទេស​ថៃចំនួន​១,១លាន​នាក់ និង​ថា​មាន​១០​ភាគ​រយ​បាន​វិល​មក​ប្រទេស​កំណើត​វិញ​ក្នុង​ខែ​មីនា និង​មេសា​។​

លោក​ លី សុវណ្ណារិទ្ធ អភិបាល​ស្រុក​អូជ្រៅ ខេត្តបន្ទាយ​មានជ័យ​មាន​ប្រ​សាន៍ថា​ជាមធ្យម​មាន​ពលករ​កម្ពុជា​​ប្រហែលជា​២០០​នាក់​បាន​ត្រឡប់មក​វិញ​ក្នុង​មួយ​ថ្ងៃៗតាម​ច្រក​អន្តរជាតិ​អូបីជាន់​។​

លោកមានប្រសាសន៍ថា៖ «​កាលពី​ថ្ងៃអាទិត្យ​មានពលករ​ខ្មែរ​​ជិត​២០០​នាក់បាន​ត្រលប់​មក​វិញ…​ឥឡូវ​នេះ​១០០​ភាគ​រយ​នៃ​ពល​ករ​ត្រឡប់​មក​វិញ​ទាំងអស់​ត្រូវ​ធ្វើ​ចត្តាឡីស័ក​​១៤​ថ្ងៃ»។​

លោក​បន្ថែមថាមាន​រថយន្ត​យោធា​ចំនួន​ប្រាំ​គ្រឿង​បាន​មក​ដល់​ច្រក​ព្រំ​ដែននៅ​ថ្ងៃចន្ទ​នេះ ដើម្បី​ត្រៀម​ដឹក​ពល​ករ​ទៅធ្វើ​ចត្តាឡីស័ក​ និង​ថា​មន្ត្រី​ព្រំ​ដែន​បាណែនាំ​ខ្លះៗពីនិតិវិធី​ធ្វើ​តេស្ត​កូវីដ១៩​ដល់​ពល​ករ​ទាំង​នោះ​ផង​ដែរ​។​

អភិបាល​រង​ខេត្ត​បាត់ដំបង លោក សឿម ប៊ុនរិទ្ធិ មាន​ប្រសាសន៍​ថា​មណ្ឌលធ្វើ​ចត្តាឡីស័ក​ចំនួន​បី​កន្លែង​បានរៀប​ចំរួច​ហើយ សម្រាប់​ពល​ករ​ត្រឡប់​ពីប្រទេស​ថៃ ដែល​លោក​ថា​ក្នុង​មួយ​ថ្ងៃមាន​ពលករ​ប្រហែល​៥០​នាក់​ត្រឡប់​មកវិញ។ លោក​បន្ថែមថា រថយន្ត​យោធាចំនួន​៣០គ្រឿ​បាន​មក​ដល់​ច្រកទ្វារអន្តរជាតិ​ដូង​រួច​ហើយ​ដែរ​។​

លោក ​ប៊ុនរិទ្ធិ ឲ្យ​ដឹង​ថា៖ «​យើង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក​ពិភាក្សា​ជាមួយ​អាជ្ញា​ធរ​ថៃ និង​ជួយ​សម្រប​សម្រួលឲ្យ​ពល​ករ​ខ្មែរ​ឆ្លង​កាត់​ព្រំ​ដែន​តែ​តាម​ច្រក​ដូង​មួយ​ប៉ុណ្ណោះ»។​

លោក ឌី រ៉ាដូ អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ដែរ​ថា​តាំងពី​ខែ​មីនា​មក មាន​ពលករ​ខ្មែរ​ចំនួន​៤៧ ៦៨៣​ នាក់​បាន​ឆ្លង​កាត់​ច្រកទ្វារអន្តរជាតិ​អូស្មាច់​ចូល​មក​កម្ពុជា​វិញ។​

លោក ​ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​នៃ​អង្គការ​សង់ត្រាល់ មាន​ប្រ​សាសន៍​ថា​ពល​ករ​បរទេស​ភាគច្រើន​នៅ​ខេត្ត​សាមុតសាខន​ជា​ជនជាតិ​ភូមា និង​ថា​មាន​តិចតួច​ប៉ុណ្ណោះ​ជា​ពលករ​ខ្មែរ ដែលធ្វើ​ការ​នៅ​ខេត្ត​ភាគខាង​ត្បូងនេះ។​

លោក ថេហូយ៉ា ថា​ពល​ករ​កម្ពុជា​មិន​គួរ​ចាកចេញ​ទេ​ ហើយ​ថា​គួរតែ​នៅ​ផ្ទះ និង​ទៅ​ធ្វើការ​​របស់ពួកគេ​បាន​ហើយ​។​

លោក​បន្ថែមថា៖ «​ពេល​ពួកគេ​ត្រឡប់​មក​កម្ពុជា ការ​ដើរចុះឡើង​​ធ្វើ​ឲ្យ​មាន​ឱកាស​ឆ្លង​ជំងឺ ហើយ​ពេល​ពួកគាត់ត្រឡប់​មក​វិញ គឺមានឱកាស​ខ្ពស់​ក្នុង​ការ​ចម្លង​ទៅ​អ្នក​ផ្សេង»​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia recommends migrant workers remain in Thailand after COVID-19 outbreak

289 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម