ក្រោយពីមានការប៉ះទង្គិចគ្នានៅព្រំដែនខេត្តព្រះវិហារ ដែលបណ្តាលឲ្យនាយទាហានខ្មែរម្នាក់ស្លាប់ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ បានជួបចរចាគ្នានៅរសៀលថ្ងៃព្រហស្បតិ៍នេះ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាលើបួនចំណុចធំៗ ដោយរួមទំាងរក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈយន្តការដែលមានស្រាប់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែឧសភា លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនៃប្រទេសកម្ពុជា និង លោក Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។ ក្នុងកិច្ចចរចានេះ ភាគីទាំងពីរបានយល់ព្រម ដោះស្រាយតាមគោលការណ៍ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ។
បើតាមសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ នឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣សប្ដាហ៍ខាងមុខនេះ ។
លើសពីនេះ ភាគីកម្ពុជាបានរក្សាជំហរថានឹងមិនដកថយ ឬឈរជើងកងទ័ពដោយគ្មានអាវុធ នៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ដោយកម្ពុជាបានអះអាងថាកងទ័ពរបស់ខ្លួនបានឈរជើងនៅទីនោះ តាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
មុនពេលដែលភាគីទាំងពីរជួបចរចាគ្នា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបន្ទោសមេទាហានថ្នាក់ក្រោមរបស់ថៃចំពោះហេតុការណ៍ប៉ះទង្គិចគ្នានេះ និងថាហេតុការណ៍នេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលថៃនោះទេ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន បានអំពាវនាវឲ្យមានភាពស្ងៀមស្ងាត់ និងបង្ហាញក្ដីសង្ឃឹមថាទំនាក់ទំនងយោធាប្រទេសទាំងពីរនឹងវិលទៅរកសភាពធម្មតាវិញបន្ទាប់ពីការចរចានៅថ្ងៃព្រហស្បតិ៍នេះ។
មុនប្រកាសពីកិច្ចចរចា នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានប្រាប់វិទ្យុអាស៊ីសេរីថាលោកស្រីបាននិយាយគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងបានចាត់ទុកហេតុការណ៍ប៉ះទង្គិចគ្នានេះថាជារឿងតូចតាច និងថាភាគីទាំងពីរបានឯកភាពគ្នាទប់ស្កាត់មិនឲ្យមានហេតុការណ៍ប៉ះទង្គិចកើតឡើងជាថ្មី។
រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា មានប្រសាសន៍ថាហេតុការណ៍ប៉ះទង្គិចគ្នានេះកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាទាបភ្លឺ ហើយអះអាងថាភាគីថៃជាអ្នកផ្ទុះអាវុធមុនមកលើលេណដ្ឋាន ដែលជាទីតាំងកងទ័ពកម្ពុជាឈរជើងជាយូរណាស់មកហើយស្ថិនៅក្នុងភូមិមរតកតេជោ ក្នុងខេត្តព្រះវិហារ ជាប់នឹងខេត្ត Ubon Ratchathani របស់ថៃ។
ចំណែកខាងភាគីយោធាថៃវិញ បានចេញមុខអះអាងថាទាហានកម្ពុជាទេជាអ្នកផ្ទុះអាវុធមុន ហើយការផ្ទុះអាវុធដាក់គ្នាមានរយៈពេលប្រហែល១០នាទី ក៏បានផ្អាកទៅវិញ។

ជម្លោះនៅតាមព្រំដែនរវាងកម្ពុជា-ថៃ មិនមែនជារឿងថ្មីនោះទេ។ ប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាមួយនឹងដីនៅជុំវិញតំបន់នោះអង្គការសហប្រជាជាតិបានកាត់ឲ្យកម្ពុជា ដែលការណ៍នេះបានធ្វើឲ្យមានហេតុការណ៍ប៉ះទង្គិចគ្នាជាច្រើនដងរវាងកម្ពុជា-ថៃ ជាពិសេសកើតឡើងរវាងឆ្នាំ២០០៨ និង២០១១។ តាំងពីពេលនោះមក និងរហូតមកដល់ថ្ងៃពុធ កន្លងទៅនេះបណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់។ ហេតុការណ៍ប៉ះទង្គិចគ្នាកន្លងមកមានលក្ខខណៈតូចតាច រួមទាំងការប្រឈមមុខដាក់គ្នាកាលពីខែកុម្ភៈផងរវាងទាហានការពារព្រំដែនប្រទេសទាំងពីរនៅតំបន់ប្រាសាទតាមាន់។
លោក ហ៊ុន សែន កាលនោះនៅជានាយករដ្ឋមន្ត្រី ពេលដែលមានហេតុការណ៍ប៉ះទង្គិចគ្នានៅឆ្នាំ២០០៨-២០១១។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងសារពេលប្រជុំព្រឹទ្ធសភាអំពីហេតុការប៉ះទង្គិចគ្នានេះ ក្រោយពីលោកបានបង្ហោះសារម្ដងរួចហើយលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃពុធ។
លោកបានបញ្ជាក់ច្បាស់ៗលើការតាំងចិត្តរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន។ លោកបានបញ្ជាក់ថា ទាហាន និងសព្វាវុធបន្ថែមត្រូវបានគេដាក់ពង្រាយទៅតាមព្រំដែនដោយថានេះជាវិធានការការពារដែលត្រូវប្រើបើសិនជាមានការបង្កហេតុណាមួយ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ Cambodia, Thailand to Hold Talks After Deadly Border Clash